សាលាដំបូងខេត្តកំពង់ធំ គ្រោងប្រកាសសាលក្រម លើបណ្ដឹងប្រឆាំងតំណាងជនជាតិដើមភាគតិចកួយជាង ១០០គ្រួសារ នៅស្រុកសណ្ដាន់ ពាក់ព័ន្ធនឹងទំនាស់ដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកៅស៊ូមួយ នៅខែក្រោយ។

នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ សាលាដំបូងខេត្តកំពង់ធំ បានបើកសវនការលើសំណុំរឿង​តំណាងជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន និងអ្នកស្រី ចាន់ ឡាយហាគ ទាក់ទិននឹងបទចោទ«ប្រើហិង្សាលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត» ដែលប្រព្រឹត្តទៅកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២។ 

អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ធំ លោក សូ សុវណ្ណារ៉េត មានប្រសាសន៍ថា ក្រោយបញ្ចប់ការសួរដេញដោលក្នុងសំណុំរឿងនេះ ចៅក្រមជំនុំជម្រះ លោក សុខ ឧត្តម បានសម្រេចកំណត់​យកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីប្រកាសសាលក្រមជុំវិញបណ្ដឹងប្រឆាំងនឹង​ អ្នកស្រី ហេង សាភេន និង​អ្នកស្រី ចាន់ ឡាយហាគ។

លោកបញ្ជាក់ថា៖ «សវនាការព្រឹកមិញ[ថ្ងៃទី២៤ ខែតុលា]នេះ ចៅក្រមជំនុំជម្រះគាត់បានបញ្ចប់នីតិវិធីអស់ហើយ។ លោកលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩ព្រឹក»។

បើតាមជនរងការចោទប្រកាន់ អ្នកស្រី ហេង សាភេន ឱ្យដឹងថា ក្នុងសវនាការព្រឹកនេះ ក្រោយស្ដាប់សាក្សីចំនួន ៦នាក់ ចៅក្រមបានប្រកាសថា ដើមបណ្ដឹង លោក ឆេង ផាន់ តំណាង​​ឱ្យ​ក្រុម​​ហ៊ុន​សម្បត្តិ ផ្លេធីណឹម បានសម្រេចដកពាក្យបណ្ដឹងវិញ។

តំណាងជនជាតិដើមភាគតិចកួយរូបនេះ បានបដិសេធចំពោះការចោទប្រកាន់ថា អ្នកស្រី និងកូនស្រី ឈ្មោះ ចាន់ ឡាយហាគ បានប្រើហិង្សាលើម្ចាស់អចលវត្ថុ ដោយអះអាងថា ពួកគាត់គ្រាន់តែអាស្រ័យផលលើដីសហគមន៍របស់ខ្លួនប៉ុណ្ណោះ។

អ្នកស្រីនិយាយថា៖ «សំណូមពរឱ្យតុលាការបញ្ឈប់ការចោទប្រកាន់ ព្រោះអីការចោទប្រកាន់ខ្ញុំវាមិនពិត»។

តំណាង​ជនជាតិដើមភាគតិចកួយ អ្នកស្រី ហេង សាភេន ត្រូវបានតុលាការឃុំខ្លួនបណ្តោះ​អាសន្ន​ កាលពី​ថ្ងៃទី​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ទៅតាម​បណ្តឹង​របស់​ក្រុមហ៊ុន ដែលចោទអ្នកស្រីថាបានរំលោភយកដីរបស់ក្រុមហ៊ុន ប៉ុន្តែត្រូវបានដោះលែងឱ្យនៅក្រៅឃុំវិញ នៅថ្ងៃទី៣០ ខែមិថុនា។

ក្នុងអំឡុងពេលតុលាការខេត្តកំពង់ធំ កំពុងបើកសវនការជំនុំជម្រះ គេសង្កេតឃើញមានប្រជាពលរដ្ឋប្រមាណ ៥០នាក់ បានប្រមូលផ្ដុំគ្នានៅមុខសាលាដំបូង​ខេត្តនេះ ដើម្បីគាំទ្រដល់តំណាង​​ពួក​គេនៅក្នុងសវនការ។

អ្នកគាំទ្រម្នាក់ក្នុងចំណោមពលរដ្ឋដែល​រងចាំនៅមុខសាលាដំបូងខេត្តកំពង់ធំ​ លោក ហ៊ាន ហ៊ាក វ័យ៤៤ឆ្នាំ អះអាងថា ជនជាតិដើមភាគតិចកួយ ពុំបានរំលោភយកដីក្រុមហ៊ុនដូចការចោទ​ប្រកាន់នោះទេ។

លោកនិយាយថា៖ «សម្រាប់ជនជាតិដើមភាគតិចពួកខ្ញុំនេះ គឺចង់ថា ដីនេះទុកឱ្យទៅជាសម្បតិ្តរបស់ជនជាតិដើមភាគិតចពួកគាត់វិញ[…] យើងជាជនជាតិដើមភាគតិច មិនចង់ឱ្យបាត់នូវអត្តសញ្ញាណទំនៀមទម្លាប់របស់ពួកគាត់»។ 

គេហទំព័រ Newsroom Cambodia ពុំអាចសុំការបកស្រាយពីដើមបណ្តឹង គឺ​​លោក ឆេង ផាន់ តំណាងឱ្យ​ក្រុមហ៊ុន សម្បត្តិ ផ្លេធីណឹម បានទេគិតត្រឹមល្ងាចថ្ងៃអង្គារម្សិលមិញ។

អភិបាលរង​​ខេត្តកំពង់ធំ លោក សុក ហៃ បានបដិសេធក្នុងការអត្ថាធិប្បាយជុំវិញករណីនេះ ដោយប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅកាន់តុលាការវិញ។

លោក​បញ្ជាក់ថា៖ «រឿងរបស់តុលាការសួរទៅកាន់អ្នកនាំពាក្យរបស់សាលាដំបូងទៅ[…] រឿងតុលាការសម្រេចទៅខាងណាខាងណីខ្ញុំម៉េចដឹង»។

របាយការណ៍​របស់​ប្រជាសហគមន៍ ​បង្ហាញ​ថា ​កាល​ពី​ដើម​ឆ្នាំ២០២១​ ក្រុមហ៊ុន​សម្បត្តិផ្លេធីណឹម បាន​បោះបង្គោល​រំលោភ​យក​ដី​សមូហភាព​សហគមន៍​ និង​ឈូសឆាយ​ផល​ដំណាំ​របស់​អ្នកភូមិ ​អស់​ជាច្រើន​ហិកតា ហើយ​ពលរដ្ឋ​បាន​ស្នើសុំ​កិច្ច​អន្តរាគមន៍ពីអាជ្ញាធរខេត្ត និងក្រសួងរៀបចំ​ដែនដី ប៉ុន្តែនៅមិនទាន់មានដំណោះស្រាយសមរម្យនៅឡើយ​។

កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ២០២២ ជន​ជាតិ​ដើម​ភាគ​តិច​កួយ​ចំនួន ១០៤គ្រួសារ នៅ​ភូមិ​ងន ឃុំ​ងន ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ​ក៏បាន​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ​ខេត្ត​ជាថ្មីទៀត​​ សុំ​ឱ្យ​​​អន្តរា​គមន៍​​ជួយ​បញ្ឈប់​ក្រុម​ហ៊ុន​ កុំ​​ឱ្យ​​ឈូស​ឆាយ​លើ​ដី​របស់​ខ្លួន និង​កំណត់​ព្រំ​ដែន​ឱ្យ​​បាន​ច្បាស់លាស់​រវាង​ដី​ពួកគេនិងដីក្រុមហ៊ុន ក្រោយ​មាន​ជម្លោះជាង១០ឆ្នាំ។

បើតាមផែនទីសម្គាល់ទីតាំងរបស់​រដ្ឋាភិបាល កាលពីឆ្នាំ២០១១ ក្រុមហ៊ុន​សម្បត្តិ ផ្លេធីណឹម (SAMBATH PLANTINUM Co., LldTD) ជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍លើវិស័យកសិកម្ម ឧស្សាហកម្ម និងដំណាំកៅស៊ូ ទទួលបានសិទ្ធិវិនិយោគពីរដ្ឋាភិបាលលើផ្ទៃដីទំហំ ២ ៤៩៦ហិកតា ស្ថិតនៅដែនជម្រកសត្វព្រៃបឹងពែរ ក្នុងភូមិសាស្ត្រឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ៕