គណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន២៧ ទៀតបានសម្រេចឯកភាពចុះហត្ថលេខាចងសម្ព័ន្ធភាពជាមួយគ្នា និងបានព្រមព្រៀងគ្នាលើចំណុចចំនួន៨ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការថែរក្សាសន្តិភាពនៅកម្ពុជា។
បើតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងចងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយទាំង២៨នៅកម្ពុជា ចេញនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ដែល Newsroom Cambodia ទទួលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាដែលដឹកនាំដោយលោក ហ៊ុន សែន ជាប្រធានគណបក្ស និងជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា ព្រមទាំងគណបក្សនយោបាយចំនួន២៧ផ្សេងទៀត បានសម្រេចចងសម្ព័ន្ធភាពជាមួយគ្នាក្នុងន័យជំរុញការអនុវត្តនយោបាយបង្រួបបង្រួមជាតិ ស្ថិរភាពនយោបាយ សំដៅធានាភាពសុខសាន្ត និងការអភិវឌ្ឍប្រទេសយូរអង្វែង។
គណបក្សទាំង២៨ រួមមានគណបក្សប្រជាជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ ពន្លឺថ្មី សញ្ជាតិកម្ពុជា ខ្មែរក្រោក សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ រស្មីខេមរា ខ្មែរសាធារណរដ្ឋ ខ្មែរអភិវឌ្ឍសេដ្ឋកិច្ច យុវជនកម្ពុជា ធម្មាធិបតេយ្យ ជនជាតិដើម្បីប្រជាធិបតេយ្យកម្ពុជា ខ្មែរតែមួយ ឯកភាពជាតិខ្មែរ កម្លាំងប្រជាធិចតេយ្យ កសិករ ស្រ្តីដើម្បីស្រ្តី បំណងប្រជាពលរដ្ឋ ខ្មែរអភិរក្ស មហាសាមគ្គីជាតិខ្មែរ នគរប្រជាធិបតេយ្យ អំណាចប្រជាពលរដ្ឋ ខ្មែរអង្គរ សេរីឯករាជ្យប្រជាធិបតេយ្យ ម៉ូលីណាកា ចលនាប្រជាធិបតេយ្យ អភិវឌ្ឍន៍កម្ពុជា និងគណបក្សមហានគរ។
ក្នុងកិច្ចព្រមព្រៀងដដែលបានបន្ថែមថា៖ «ការសម្រចចងសម្ព័ន្ធភាពជាមួយគ្នានេះផ្តោតលើ៨ចំណុច រួមមាន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា ប្តេជ្ញាគោរពការពាររដ្ឋធម្មនុញ្ញ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការពារសន្តិភាព ស្ថិរភាពនយោបាយ រួមគ្នាកំចាត់នូវនយោបាយជ្រុលនិយម គោរពអនុវត្តដោយភាពស្មោះត្រង់ និងយកប្រយោជន៍ជាតិជាធំជាដើម»។
បើតាមចំណុចទី៨ នៃកិច្ចព្រមព្រៀងដដែលបញ្ជាក់ថា៖ «បើកចិត្តទូលាយសម្រាប់គណបក្សនយោបាយស្របច្បាប់ផ្សេងទៀតដែលគាំទ្រ និងមានបំណងចង់ចូលរួមកិច្ចសហប្រតិបត្តិការ និងសម្ព័ន្ធភាពរវាងបណ្តាគណបក្សនយោបាយនៅកម្ពុជាតាមស្មារតីនៃកិច្ចព្រមព្រៀង»
កញ្ញាលី ស្រីស្រស់ ប្រធានក្រុមអ្នកវិភាគវ័យក្មេង បានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ផ្អែកលើគោលការណ៍ពហុបក្ស គឺត្រូវមានគណបក្សច្រើនចូលរួមប្រកួតប្រជែងគ្នា ដូច្នេះការចងសម្ព័ន្ធភាពនេះធ្វើឱ្យបាត់បង់សម្ព័ន្ធភាពក្នុងការប្រកួតប្រជែង។
កញ្ញាបន្តទៀតថា៖ «ខ្ញុំមើលឃើញថាការធ្វើបែបនេះវាកាន់តែធ្វើឱ្យគណបក្សកាន់អំណាចមានឥទ្ធិពលខ្លាំងឡើងៗទៅលើគណបក្សទាំង២៧ទៀត ក្នុងការដឹកនាំពួកគាត់ អ៊ីចឹងវាហាក់ដូចជាទៅតែមួយដូចគណបក្សទាំង២៧ទៅជាមួយគណបក្សកាន់អំណាច តែមិនមានតួនាទីនៅក្នុងការសម្រេចចិត្តជាផ្លូវការទេ ចឹងចំណុចនេះវាប៉ះពាល់គោលនយោបាយពហុបក្សនៅកម្ពុជា»។
ខណៈដែលគណបក្សនយោបាយចំនួន២៨ប្រកាសចងសម្ព័ន្ធភាពហ្នឹងគ្នា គណបក្សនយោបាយចំនួន៤ផ្សេងទៀត ដូចជាគណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុជាបាននិងកំពុងគ្រោងរួមគ្នាបង្កើតគណបក្សនយោបាយថ្មីមួយដើម្បីប្រកួតប្រជែងនឹងគណបក្សកាន់អំណាច៕