រដ្ឋបាលរាជធានីភ្នំពេញបានបើកដំណើរការស្ពានកោះពេជ្រ-កោះនរាឱ្យពលរដ្ឋឆ្លងកាត់បណ្ដោះអាសន្ន នៅល្ងាចថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ក្នុងបំណងកាត់បន្ថយការកកស្ទះចរាចរណ៍នៅការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស។
ញូវស៍រូមខេមបូឌា(Newsroom Cambodia) បានសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួន នៅម្ដុំស្ពានកោះពេជ្រ-កោះនរា អំពីការយល់ឃើញរបស់ពួកគេជុំវិញការបើកឱ្យដំណើរការស្ពាននេះ។
លោក ជា យាត អាយុ ៣០ឆ្នាំ ជាបុគ្គលិកនៅស្ថានីយប្រេងឥន្ធនៈ រស់នៅតំបន់អ្នកលឿងបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ការបើកដំណើរការស្ពាននេះវាមានភាពងាយស្រួលសម្រាប់លោកក្នុងការធ្វើដំណើរទៅមក។
លោក ជា យាត
លោកបានបន្ថែមថា៖ «ពីមុនពេលខ្ញុំជិះម៉ូតូពីផ្ទះមកធ្វើការ ខ្ញុំជិះកាត់ស្ពានច្បារអំពៅ វាប្រើរយៈពេលយូរ តែពេលគេបើកស្ពានកោះនរានេះ ធ្វើឱ្យខ្ញុំមានភាពងាយស្រួលក្នុងការធ្វើដំណើរបានលឿនជាងមុន ពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការទៅផ្ទះ ជាពិសេសចំណេញពេលពេលវេលា និងការចំណាយប្រចាំថ្ងៃ»។
អ្នកស្រី រស់ សាវឿន អាយុ៣៥ឆ្នាំ រស់នៅសង្កាត់វាលស្បូវ ជាបុគ្គលិកម្នាក់ធ្វើការនៅសាលារៀនឯកជនមួយនៅម្តុំកោះនរា បាននិយាយថា ការបើកដំណើរការស្ពាននេះវាល្អ ព្រោះវាកាត់បន្ថយការស្ទះបានច្រើនជាងមុន។
លោកស្រី រស់ សាវឿន
អ្នកស្រីបានបន្តថា៖ «ការបើកដំណើរការស្ពានឃើញថាល្អ ព្រោះពីមុនវាពិបាកក្នុងការធ្វើដំណើរស្ទះខ្លាំង តែពេលគេបើកស្ពាននេះវាកាត់បន្ថយការស្ទះជាងមុន ហើយខ្ញុំសប្បាយចិត្តពេលដែលរដ្ឋាភិបាលបើកឱ្យធ្វើដំណើរឆ្លងកាត់ស្ពាននេះ»។
លោក កឹម បញ្ញា
លោក កឹម បញ្ញា អាយុ ៣០ឆ្នាំ ជាម្សាស់ហាងបញ្ចាំមួយកន្លែងនៅរាជធានីភ្នំពេញយល់ឃើញថា ការបើកដំណើរការស្ពានកោះនរាគឺល្អ ដោយលោកសង្កេតឃើញថាស្ពាននេះជួយបន្ថយដល់ការកកស្ទះចរាចរណ៍នៅម្ដុំស្ពានច្បារអំពៅ។
លោកបានបន្ថែមថា៖ «វាជួយច្រើនដែរបង ជួយគឺថាប្រជាពលរដ្ឋដែលគាត់រស់នៅខាងស្ពានខាងកោះនរាក៏ល្អដែរ តាំងពីការធ្វើដំណើរ អាចនិយាយបានថាអចលនទ្រព្យគាត់ក៏ល្អប្រសើរដែរ»។
អ្នកស្រី ណា វួចលាង ជាស្ត្រីមេផ្ទះដែលបានមកលេងនៅកោះនរាថា គ្មានអ្វីស្រួលជាងការមានស្ពានប្រើទេ វាជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាជនព្រោះធ្វើដំណើរបានលឿន។
អ្នកស្រី ណា វួចលាង
អ្នកស្រីបន្តថា៖ «ពេលធ្វើពេលស្ពានហើយស្រួលជិះមក ហើយលឺក្មេងៗនិយាយថាស្រួល ដល់ពេលមកដល់ស្រួលមែន អ៊ីចឹងក៏ហួសមកលេងនៅនិងតែម្តង»។
លោក យឿន ស អាយុ ៤៣ឆ្នាំ ជាអ្នកលក់នំនិងភេសជ្ជៈ បាននិយាយថា ការបើកស្ពានកោះពេជ្រ-កោះនរានេះ គឺល្អ មិនមានការកកស្ទះចរាចរណ៍ និងស្ពាននេះមានសោភ័ណ្ឌភាព។
លោក យឿន ស
លោកបានបន្ថែមថា៖ «ផ្ដល់ប្រយោជន៍ច្រើនណាស់ ណាមួយពូមកលក់ហ្នឹងរាល់ថ្ងៃលក់រញ៉េរញ៉ៃពេញហ្នឹងលក់អត់បាន មកលក់នៅហ្នឹងពូលក់បាន មួយថ្ងៃ១០ម៉ឺនជាង ២០ម៉ឺន […] លក់ដាច់ ល្ងាចឡើងមនុស្សច្រើនមែនទែន គេដើរលេង ស្ពានហ្នឹងល្អមែនទែន ស្អាត»។
អ្នកស្រី សឹម សារ៉ា អាយុ៤០ឆ្នាំ ជាអ្នកមើលថែទាំក្មេងក្នុងសាលាមួយម្តុំស្ពានកោះនរាថា វាជារឿងដ៏ល្អមួយជាពិសេសសម្រាប់ប្រជាពលរដ្ឋដែលរស់នៅម្តុំច្បារអំពៅ អាចជិះទៅក្នុងក្រុងបានលឿនជាងមុន។
អ្នកស្រី សឹម សារ៉ា
អ្នកស្រីបានបន្តថា៖ «វាមានភាពងាយស្រួលសម្រាប់ប្រជាជនរស់នៅក្បែរហ្នឹងគាត់អាចប្រកបអាជីវកម្មដូចជាលក់ដូរអីបានច្រើនជាងមុន បង្កើននូវចំណូលសម្រាប់ពួកគាត់ថែមបានមួយកម្រិតទៀត ហើយបង្កើតស្ពាននៅកន្លែងហ្នឹងអាចឱ្យប្រជាពលរដ្ឋមកលេងបានច្រើន»៕