រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បើក​ដំណើរការ​ស្ពាន​កោះពេជ្រ-​កោះ​នរា​ឱ្យ​ពលរដ្ឋ​ឆ្លង​កាត់​បណ្ដោះអាសន្ន​ នៅ​ល្ងាច​ថ្ងៃ​ទី​២៣​ ខែ​តុលា​ ឆ្នាំ​២០២៣ ​ក្នុង​បំណង​កាត់​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ព្រះ​មុនីវង្ស។​

ញូវស៍​រូម​ខេមបូឌា​(Newsroom ​Cambodia)​ បាន​សម្ភាសន៍​ប្រជាពលរដ្ឋ​មួយ​ចំនួន ​នៅ​ម្ដុំ​ស្ពាន​កោះពេជ្រ-​កោះ​នរា​ អំពី​ការ​យល់​ឃើញ​របស់​ពួក​គេ​ជុំវិញ​ការ​បើក​ឱ្យ​ដំណើរការ​ស្ពាន​នេះ។​

លោក​ ជា​ យាត​ អាយុ​ ៣០ឆ្នាំ​ ជា​បុគ្គលិក​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ ​រស់​នៅតំបន់​​អ្នកលឿង​បាន​ប្រាប់​ញូវស៍​រូម​ខេមបូឌា​ (Newsroom Cambodia) ​ថា​ ការ​បើក​ដំណើរការ​ស្ពាន​នេះ​វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​លោក​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​មក។​

លោក​ ជា​ យាត​

លោក​បាន​បន្ថែមថា​៖ «ពី​មុន​ពេល​ខ្ញុំ​ជិះ​ម៉ូតូ​ពី​ផ្ទះ​មក​ធ្វើ​ការ ​ខ្ញុំ​ជិះ​កាត់​ស្ពាន​ច្បារអំពៅ​ វា​ប្រើ​រយៈពេល​យូរ​ តែ​ពេលគេ​បើក​ស្ពាន​កោះ​នរា​នេះ ​ធ្វើ​ឱ្យ​ខ្ញុំ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​បាន​​លឿន​ជាង​មុន ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើ​ការ ​និង​ពី​កន្លែង​ធ្វើ​ការ​ទៅ​ផ្ទះ​​ ជា​ពិសេស​ចំណេញ​ពេល​ពេលវេលា​ និង​ការ​ចំណាយ​ប្រចាំ​ថ្ងៃ»។​

អ្នកស្រី​ រស់​ សាវឿន​ អាយុ​៣៥ឆ្នាំ​ រស់​នៅ​សង្កាត់​វាលស្បូវ​ ជា​បុគ្គលិក​ម្នាក់​ធ្វើ​ការ​នៅ​សាលា​រៀន​ឯកជន​មួ​យ​នៅ​ម្តុំ​កោះនរា ​បាន​និយាយ​ថា ​​ការ​បើក​ដំ​ណើរការ​ស្ពាន​នេះ​​វា​ល្អ​ ព្រោះ​វា​កាត់​បន្ថយ​​ការ​ស្ទះបាន​ច្រើន​ជាង​មុន​។

លោកស្រី​ រស់​ សាវឿន​

អ្នកស្រី​បាន​បន្ត​ថា​​៖ «ការ​បើក​ដំណើរការ​ស្ពាន​ឃើញ​ថា​ល្អ ព្រោះ​ពី​មុន​វា​ពិបាក​ក្នុង​ការ​ធ្វើដំណើរ​​ស្ទះ​ខ្លាំង​ តែ​ពេល​គេ​បើក​ស្ពាន​នេះ​វា​កាត់​បន្ថយ​ការ​ស្ទះ​ជាង​មុន​ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​ពេល​ដែល​រដ្ឋាភិបាល​បើក​ឱ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ពាន​នេះ»។​

លោក កឹម បញ្ញា

លោក​ កឹម ​បញ្ញា ​អាយុ ​៣០ឆ្នាំ ​ជា​ម្សាស់​ហាង​បញ្ចាំ​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ​យល់​ឃើញ​ថា​ ការ​បើក​ដំណើរការ​ស្ពាន​កោះនរា​គឺ​ល្អ ​ដោយ​លោក​សង្កេត​ឃើញ​ថា​ស្ពាន​នេះ​ជួយ​បន្ថយ​ដល់​ការ​កក​ស្ទះ​ចរាចរណ៍​នៅ​ម្ដុំ​ស្ពាន​ច្បារអំពៅ។​

លោក​បាន​បន្ថែម​ថា៖​ «វា​ជួយ​ច្រើន​ដែរ​បង​ ជួយ​គឺ​ថា​ប្រជាពលរដ្ឋ​ដែល​គាត់​រស់​នៅ​ខាង​ស្ពាន​ខាង​កោះនរា​ក៏​ល្អ​ដែរ​ តាំង​ពី​ការ​ធ្វើ​ដំណើរ​ អាច​និយាយ​បាន​ថា​អចលន​ទ្រព្យ​គាត់​ក៏​ល្អ​ប្រសើរ​ដែរ»។​

អ្នកស្រី ​ណា ​វួចលាង​ ជា​ស្ត្រី​មេផ្ទះ​ដែល​បាន​មក​លេង​នៅ​កោះ​នរា​ថា ​គ្មាន​អ្វី​ស្រួល​ជាង​ការ​មាន​ស្ពាន​ប្រើ​ទេ ​វា​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​ព្រោះ​ធ្វើ​ដំណើរ​បាន​លឿន។​

អ្នកស្រី ​ណា ​វួចលាង​

អ្នកស្រី​បន្ត​ថា៖​ «ពេល​ធ្វើ​ពេល​ស្ពាន​ហើយ​ស្រួល​ជិះ​មក​ ហើយ​លឺ​ក្មេងៗ​និយាយ​ថា​ស្រួល​ ដល់​ពេល​មក​ដល់​ស្រួល​មែន​ អ៊ីចឹង​ក៏​ហួស​មក​លេង​នៅ​និង​តែ​ម្តង»។​

លោក​ យឿន ​ស ​អាយុ ​៤៣ឆ្នាំ​ ជា​អ្នក​លក់​នំ​និង​ភេសជ្ជៈ ​បាន​និយាយ​ថា​ ការ​បើក​ស្ពាន​កោះ​ពេជ្រ-​កោះ​នរា​នេះ ​គឺ​ល្អ​ មិន​មាន​ការ​កក​ស្ទះ​ចរាចរណ៍ ​និង​ស្ពាន​នេះ​មាន​សោភ័ណ្ឌភាព។​

លោក​ យឿន ​ស​

លោក​បាន​បន្ថែម​ថា៖​ «ផ្ដល់​ប្រយោជន៍​ច្រើន​ណាស់ ​ណា​មួយ​ពូ​មក​លក់​ហ្នឹង​រាល់​ថ្ងៃ​លក់​រញ៉េរញ៉ៃ​ពេញ​ហ្នឹង​លក់​អត់​បាន​ មក​លក់​នៅ​ហ្នឹង​ពូ​លក់​បាន​ មួយ​ថ្ងៃ​១០​ម៉ឺន​ជាង​ ២០ម៉ឺន​ […]​ លក់​ដាច់ ​ល្ងាច​ឡើង​មនុស្ស​ច្រើន​មែនទែន ​គេ​ដើរ​លេង​ ស្ពាន​ហ្នឹង​ល្អ​មែនទែន​ ស្អាត»។​

អ្នកស្រី ​សឹម​ សារ៉ា ​អាយុ​៤០ឆ្នាំ​ ជា​អ្នក​មើល​ថែទាំ​ក្មេង​ក្នុង​សាលា​មួយ​ម្តុំ​ស្ពាន​កោះ​នរា​ថា​ វា​ជា​រឿង​​ដ៏​ល្អ​មួយ​ជា​ពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ម្តុំ​ច្បារអំពៅ ​អាច​ជិះ​​ទៅ​ក្នុង​ក្រុង​បាន​លឿន​ជាង​មុន។​

អ្នកស្រី ​សឹម ​សារ៉ា ​

អ្នកស្រី​បាន​បន្ត​ថា៖ ​«វា​មាន​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជាជន​រស់​នៅ​ក្បែរ​ហ្នឹង​​គាត់​អាច​ប្រកប​អាជីវកម្ម​ដូច​ជា​លក់​ដូរ​អី​បាន​ច្រើន​ជាង​មុន​ បង្កើន​នូវ​ចំណូល​សម្រាប់​ពួក​គាត់​ថែម​បាន​មួយ​កម្រិត​ទៀត ​ហើយ​បង្កើត​ស្ពាន​នៅ​កន្លែង​ហ្នឹង​​អាច​ឱ្យ​ប្រជាពលរដ្ឋ​មក​លេង​បាន​ច្រើន»៕