អង្គការសហគមន៍ឥន្ទធនូកម្ពុជា អំពាវនាវ​ឱ្យ​លុបបំបាត់នូវរាល់ទម្រង់នៃការរើសអើងលើអ្នកស្រឡាញ់ភេទដូចគ្នា និងស្នើដល់​​គណៈកម្មាធិការ​សិទ្ធិមនុស្សកម្ពុជា ធ្វើ​កិច្ច​អន្ដរាគមន៍​ជាមួយ​លោក​ អ៊ូ ​ប៉ុណ្ណារ៉ា​ត់​ (ហៅនាមក្រឹម) ដើម្បី​​បំភ្លឺ​លើម​តិ​យោបល់​របស់​គាត់​កាលពីពេលថ្មីៗនេះ ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងសេច​ក្តីថ្លៃថ្នូររបស់អ្នកស្រឡាញ់ភេទដូចគ្នា។​

ការអំពាវនាវនេះ បានធ្វើឡើង​ក្រោយពីអង្គការនេះ បានទស្សនានូវវីដេអូនៃការប្រឡងរបស់បេក្ខជនមួយរូប ក្នុងកម្មវិធី Cambodia’s Got Talent រដូវកាលទី៣​ កាលពីរាត្រីថ្ងៃទី២៨​ ខែតុលា ឆ្នាំ​២០២៣ ដោយក្នុងកម្មវិធីនោះ លោក ​ អ៊ូ ​ប៉ុណ្ណារ៉ា​ត់​ ដែលជាគណៈកម្មការមួយរូប បានបញ្ចេញមតិដែលមានលក្ខណៈរើសអើង និងធ្វើឱ្យប៉ះពាល់សិទ្ធិ និងសេចក្តីថ្លៃថ្នូរ របស់បេក្ខជនរូបនោះផ្ទាល់ ក៏ដូចជាដល់បុគ្គល និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា នៅក្នុងប្រទេស​កម្ពុជា​ផងដែរ។ 

ក្នុងកម្មវិធីនោះ លោក​ អ៊ូ​ ប៉ុណ្ណា​រ៉ាត់ ​​បាន​ផ្តល់​មតិយោបល់​ទៅ​កាន់បេក្ខជន​មួយរូប​​​ដែល​ជាអ្នកស្រឡាញ់​ភេទ​ដូចគ្នាថា ​លោក​មិនចង់​ឱ្យមាន​អ្នកស្រឡាញ់​ភេទ​ដូចគ្នា​ច្រើនទេ ព្រោះ​ធ្វើ​​ឱ្យ​បាត់​បង់​​ធន​ធាន​​មនុស្ស។​

លោកថា៖ ​«ចិត្ត​ខ្ញុំក៏​មិនចង់​ឱ្យមាន[អ្នកស្រឡាញ់ភេទដូចគ្នា]​ច្រើនដែរ​ បើមាន​ប៉ុន្មាន​ប៉ុណ្ណឹងទៅ​ កុំឱ្យលើស ព្រោះបាត់​ធនធាន​មនុស្ស​»។​

យោងតាមលិខិតរបស់អង្គការសហគមន៍ឥន្ទធនូកម្ពុជា ផ្ញើជូនលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ បាន​លើកឡើង​ពីក្តីបារ​ម្ភចំពោះការយល់ឃើញរបស់លោក​ អ៊ូ ​ប៉ុណ្ណារ៉ា​ត់​ ក្នុងកម្មវិធីនោះ​ថា ​អាច​បង្កើត​​ឱ្យ​មាន​​ការ​ភាន់​ច្រឡំ​​ដល់​​​សាធារ​ណ​មតិ​​ ជំរុញ​ការរើស​អើង ប៉ះពាល់​សេចក្តី​ថ្លៃថ្នូ​រ​ ជា​ពិសេស​សុខភាពផ្លូវចិត្ត​របស់​បុគ្គល​​ និង​សហគមន៍​អ្នកស្រ​ឡាញ់​ភេទ​ដូចគ្នាយ៉ា​ង​ធ្ងន់ធ្ងរ​។

ដោយមានក្តីបារម្ភពីទំហំនៃផលប៉ះពាល់តាមរយៈពាក្យសម្តីរបស់លោក អ៊ូ ប៉ុណ្ណារ៉ាត់ ដែលជា​សិល្បករ និង​ជាបុគ្គលសាធារណៈរូបនេះចំពោះសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងប្រទេសកម្ពុជា អង្គការ​សហគមន៍ឥន្ទធនូកម្ពុជា ស្នើ​សុំ​អន្តរាគមន៍​ពីប្រ​ធាន​គណៈកម្មា​ធិការ​សិទ្ធិមនុស្ស​កម្ពុជា ធ្វើកា​រលើកកម្ពស់​ការគោ​រព​សិទ្ធិ​មនុស្ស​​ អប់រំ​ផ្សព្វផ្សាយ​ និង​អំពាវនាវ​លុបបំបាត់​រាល់​ទម្រង់នៃ​ការរើស​អើង​លើអ្នក​ស្រឡាញ់ភេ​ទដូចគ្នា​​។

​​ប្រធានសម្របសម្រួលអង្គការសហគមន៍ឥន្ទធនូកម្ពុជា កញ្ញា លី ពិសី សុំមិនធ្វើអត្ថាធិប្បាយ​បន្ថែមលើលិខិត ដោយបញ្ជាក់យ៉ាងខ្លីថា៖ «យើងទុកពេលឱ្យ គ.ស.ម.ក [គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា]ធ្វើការសមស្របតាមពេលវេលា និងដំណើរការ»។

ចំណែក មន្ត្រីសម្រប​សម្រួល​គម្រោង​និន្នាការភេទ​​ និង​អត្តសញ្ញាណយេ​នឌ័រ​ នៃមជ្ឈម​ណ្ឌល​សិទ្ធិ​មនុស្សក​ម្ពុជា​​ លោក លឹម បូរិន បានជំរុញឱ្យមានការសម្របសម្រួលមួយ ក្នុងការ​​​​ជជែក​ពិភាក្សា និងមានការបំភ្លឺពីលោក អ៊ូ ប៉ុណ្ណារ៉ាត់ ជុំវិញការលើកឡើងរបស់គាត់ ដើម្បីជៀសវាងការយល់ច្រឡំណាមួយ ដែលអាចបង្កជាផលប៉ះពាល់ដល់​សហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។

លោក​ថា៖ «វាជា​រឿងល្អដែលអាចមានការ​ជជែកពន្យល់​បន្ថែម ហើយឱ្យគាត់យល់​អំពី​ធម្មជាតិអ្នកស្រឡាញ់ភេទដូចគ្នា​ ហើយ​ពាក្យមួយចំនួនដែលបានលើកឡើងនោះ វាមិនត្រូវជាមួយនឹងសហគមន៍​អ្នកស្រឡាញ់​ភេទដូចគ្នា​ទេ» ។

Newsroom Cambodia មិនអាចសុំការឆ្លើយតបជុំវិញការស្នើនេះ ពី​ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានទេ នៅថ្ងៃទី៣០ ខែតុលានេះ ដោយលោកប្រាប់ថា ជាប់ប្រជុំ។

តែយ៉ាងណា​ កាលពីថ្ងៃ​ទី២៩ ខែតុលា លោក កែវ រ៉េមី បាន​ចែករំលែកសារនៅលើ​​បណ្តាញសង្គមឆ្លើយតបទៅនឹងលិខិតរបស់សហគមន៍ឥន្ទធនូកម្ពុជា​ថា លោក​បាន​ទទួល​លិខិត​របស់ស​ហគមន៍​នេះ​រួចហើយ​ ហើយ​​លោកក៏បាន​បង្កើត​ក្រុមកា​រងារមួយ ដើម្បី​​ធ្វើកិច្ចការ​នេះ។​

ទាក់​ទិន​នឹងករណីនេះ លោក អ៊ូ ប៉ុណ្ណារ៉ាត់ បានប្រាប់ Newsroom Cambodia ថា លោកនឹងធ្វើការ Live លើបណ្តាញសង្គម​​បកស្រាយនៅ​ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។

លោកថ្លែងថា៖​​ «ចាំថ្ងៃសៅរ៍ ចាំខ្ញុំនិយាយតាមឡាយ(Live)ប្រាប់» ។

​យោងតាមគេហទំព័រការិយាល័យឧត្តម​ស្នងការសិទ្ធិមនុស្ស​​នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា ស្ថិត​ក្រោម​​​ច្បាប់​ជាតិ ​និង​ច្បាប់​អន្ដរ​ជាតិ ​បុគ្គល​គ្រប់​រូប ​រាប់​ទាំង​ម​នុស្សប្តូរភេទ (អ្នក​​​ស្រ​ឡាញ់​ភេទ​ដូច​គ្នា) ​មាន​សិទ្ធិ​ទ​ទួល​បានសិទិ្ធ​ដូ​ច​បុគ្គល​ដ​ទៃ​ទៀត​ដែរ។ ​ប្រភពដដែល បន្តថា មា​ត្រា១ ​នៃ​សេ​ច​ក្តីប្រ​កាស​ជា​ស​កលស្តី​ពីសិទិ្ធ​ម​នុស្ស ​អះ​អាង​ថា ​ម​នុស្ស​​ទាំង​អស់​កើត​មក​មាន​សេ​រី​ភាព ​និង​សម​ភាព​ក្នុង​ផ្នែក​សេ​ចក្ដី​ថ្លៃ​ថ្នូរ ​និង​​សិទ្ធិ ​ហើយ​​ម​នុស្សម្នាក់ៗ​មាន​សិទ្ធិ​សេ​រី​ភាព​គ្រប់​យ៉ាង​ដោយ​មិ​នប្រ​កាន់​បែង​ចែក​ណា​មួយ។ ​គោល​កា​រណ៍​ទាំង​នេះ ស្តី​ពី​ស​កល​ភាព ​ភាព​ស្មើ​គ្នា ​និង​ការ​មិ​ន​រើស​អើង ​ដែល​មាន​ចែង​ផង​ដែរ ​នៅ​ក្នុងធម្ម​នុញ្ញ​អង្គ​កា​រស​ហប្រ​ជា​ជាតិ​និង​សន្ធិ​សញ្ញា​សិទ្ធិ​ម​នុស្ស។

ចំណែក រដ្ឋធម្ម​នុញ្ញ​នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុ​ជា ​មា​ត្រា៣១ បញ្ជាក់​ជា​ថ្មីអំ​ពី​គោល​កា​រណ៍​ទាំង​នេះ ​ដោយ​ការ​ទ​ទួល​ស្គាល់ ​និង​ការ​គោរព​សិទ្ធិ​ម​នុស្ស ​ដូច​មាន​ចែង​ក្នុង​សន្ធិ​សញ្ញា​អន្តរ​ជាតិ ​ដោយ​ចែង​ថា ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​គ្រប់​រូប​មាន «ភាព​សិទ្ធិ​ស្មើ​គ្នា​ចំ​ពោះ​មុខ​ច្បាប់ ​មាន​សិទ្ធិ​សេ​រី​ភាព ​និង​ក​រ​ណី​យ​កិច្ច​ដូច​គ្នា​ទាំង​អស់» ​ដោយ​មិន​គិត​ពី​ឋា​នៈ​សង្គម​ផ្សេង​គ្នា ​ហើយ «​មាន​សិទ្ធិ​ចូល​រួម​យ៉ាងស​កម្ម​ក្នុង​ជីវ​ភាព​ន​យោ​បាយ ​សេដ្ឋ​កិច្ច ​សង្គ​ម​កិច្ច ​និង​វប្ប​ធម៌​របស់ប្រ​ទេស​ជាតិ»។ 

អង្គការ​សហប្រជាជាតិ​ បន្តថា បើ​ទោះ​បី​ជា​ទំ​នាក់​ទំនង​ផ្លូវ​ភេទ​ដូច​គ្នា ​មិន​ត្រូវ​បាន​ដាក់​ជា​ទោ​សព្រ​ហ្ម​ទណ្ឌ​ក្តី ​អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា​ទាំង​នោះ ​មិន​ត្រូវ​បាន​ការ​ពារ ឬ​ទ​ទួល​ស្គាល់​ដោយ​ច្បាប់​កម្ពុ​ជា​ដែរ។ ​ច្បាប់​ដែល​មាន​ជាធរ​មាន​មិន​បាន​ហាម​ឃាត់​ជាពិ​សេស​លើ​ការ​រើស​អើង ​ដោយ​ផ្អែក​លើ​ទំនោរ​ផ្លូវ​ភេទ ​និង​អត្ត​សញ្ញា​ណ​យេនឌ័រ ​ហើ​យ​ក៏​មិន​មាន​ដែរ​នូវ​ការ​ដាក់​ទណ្ឌ​កម្ម​ចំ​ពោះ​អ្នក​ដែល​រំ​លោភ​សិទ្ធិ​ម​នុស្ស​របស់​ម​នុស្សស្រ​ឡាញ់​ភេទ​ដូច​គ្នា។

​ដោយ​ហេ​តុ​នេះ​ហើយ ​ទើប​ជា​ញឹក​ញយ ​ម​នុស្សស្រ​ឡាញ់​ភេទ​ដូចគ្នា​ ​ត្រូវ​ប្រ​ឈម​នឹង «​ស្លាកស្នាមទុ​យស៍ ​ការ​រើស​អើង ​និង​ការ​ផាត់​ចេញ ​កម្រិត​ខ្ពស់ ​នៅ​កន្លែង​ផ្សេងៗ ​ដូច​ជា ​នៅ​លំ​នៅ​ឋាន ​សា​លា​រៀន ​កន្លែង​ធ្វើ​ការ ​មណ្ឌល​សុខ​ភាព ​និង​នៅ​ទីសា​ធា​រ​ណ»។ ​

តែយ៉ាងណា កាល​ពី​ពេល​ថ្មីៗ​នេះ ​​រដ្ឋាភិ​បាល​កម្ពុ​ជា ​បាន​បង្ហាញ​ការប្តេជ្ញា​ចិត្ត ​និង​គំ​និតផ្តួចផ្តើម ​ដើម្បី​រួមបញ្ចូល​ម​នុស្សស្រ​ឡាញ់​ភេទ​ដូច​គ្នា ​ក្នុង​ផែន​ការ ​និង​កម្ម​វិ​ធី​ផ្សេងៗផងដែរ៕