រដ្ឋបាលរាជធានីភ្នំពេញកោះហៅពលរដ្ឋដែលទិញផ្ទះពីក្រុមហ៊ុនបុរីពិភពថ្មីក្នុងខណ្ឌកំបូល មកជួបប្រជុំរកដំណោះស្រាយ ក្រោយពួកគេផ្ទុះការតវ៉ាប្រឆាំងនឹងការរឹបអូសលំនៅឋានពីក្រុមហ៊ុននេះអស់រយៈពេល១​​០​​​ថ្ងៃកន្លងទៅ។

ការកោះហៅនេះ ធ្វើឡើងក្រោយប្រជាពលរដ្ឋប្រមាណ២០០នាក់ តវ៉ាជារៀងរាល់ថ្ងៃ នៅមុខកា​​រិយាល័​យលក់ផ្ទះរបស់បុរីពិភពថ្មី ក្នុងខណ្ឌកំបូល ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។កាតវ៉ានេះ ដោ​​យ​​ពួកគេ អះអាងថា ក្រុមហ៊ុនបុរីពិភពថ្មី មិនបានគោរពតាមការសន្យាថា នឹងទិញផ្ទះត្រលប់វិញ​ ប្រ​​សិ​នបើពួកគេអស់លទ្ធភាពបង់។

តាមរយៈការ​កោះអញ្ជើញដែលចេញដោយសាលារាជធានីភ្នំពេញនេះគ្រោងនឹងជួបជុំនៅថ្ងៃទី ៣១ ខែតុ​​លា​ ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។នៅក្នុងខ្លឹមសារលិខិត ឱ្យដឹងថា ការប្រជុំរកដំណោះស្រាយឱ្យពលរដ្ឋដែលទិញលំនៅឋាននៅបុរីពិ​ភ​ព​​ថ្មី ស្ថិតក្នុងភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានមន្រ្តីពាក់ព័ន្ធចូលរួមជិត២​​០​​នាក់។ក្រៅពីនេះ មានទាំងតំណាងពលរដ្ឋ និងតំណាងក្រុមហ៊ុនបុរីពិភពថ្មីចូលរួមដែរ។

គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោ​​ក ម៉េត មាសភក្តី បានទេ នៅថ្ងៃនេះដោយលោកប្រាប់ថា ជាប់រវល់ប្រជុំ។

តំណាងពលរដ្ឋមួយរូប ក្នុងចំណោមតំណាងពលរដ្ឋបីនាក់ ដែលមានឈ្មោះចូលរួមកិច្ចក្នុងប្រជុំ លោក ហេង តារា មានប្រសាសន៍ថា មានប្រជាពលរដ្ឋជាច្រើននាក់ដែលទិញលំនៅឋាននៅបុរីពិភពថ្មីនេះ បានធ្លាក់ចុះប្រាក់ចំណូលដោយសារបញ្ហាសេដ្ឋកិច្ច ជាហេតុបណ្ដាលឱ្យពួកគេលែងមានប្រាក់បង់រំលោះបន្តទៀត។

សម្រាប់ការប្រជុំនៅថ្ងៃស្អែកនេះ ក្នុងនាមជាតំណាងអតិថិជនបុរីពិភពថ្មីលោក តារា និយាយថា លោក នឹងទាមទារឱ្យក្រុមហ៊ុនរក្សាគោលការណ៍ ដោយប្រគល់ប្រាក់៥០ភាគរយនៃប្រាក់បង់រំលោះប្រចាំខែ និងប្រា​​ក់​​ដើម(ប្រាក់កក់ទិញដំបូង) ឱ្យពលរដ្ឋដែលលែងមានលទ្ធភាពបង់បន្ត ទាំងដែលផ្ទះបានរឹបអូស និងកំ​​ពុ​ង​​រឹប​​អូស។លោកបន្តស្នើឱ្យក្រុមហ៊ុនបុរីពិភពថ្មី បន្ថយអត្រាការប្រាក់ពី ១២ភាគរយ មក៧,៥ភាគរយក្នុងមួយឆ្នាំ ព្រមទាំងអនុគ្រោះពលរដ្ឋបង់រំលោះប្រចាំខែ៥០ភាគរយនៃប្រាក់សរុបក្នុងមួយខែ ដោយមានរយៈពេល៨ឆ្នាំ។

លោកបន្តថា៖ «យោងតាមសេដ្ឋកិច្ចពិភពលោក ដែលមានវិបត្តិកូវដ និងមានសង្រ្គាមពិភពលោក ប្រជាពរដ្ឋលោក បាត់បង់ចំណូលប៉ះពាល់ពីជីវភាពរបស់ប្រជាពលរដ្ឋរាល់ថ្ងៃនេះ ធ្វើឱ្យប្រជាពលរដ្ឋយើងបាត់បង់នូវប្រាក់ចំណូលច្រើន ខ្លះក៏បាត់បង់ការងារ ខ្លះរកស៊ីទៅមិនបាន ខាត ឬចំណូលបានតិច»។

បើតាមលោក តារា ជឿថា មានអតិថិជនបុរីពិភពថ្មីក្នុងខណ្ឌកំបូល អាចមានជាង១៥០០នាក់ ដែលរងផ​​ល​​ប៉ះពាល់ពីការរឹបអូសលំនៅឋាននេះ ប៉ុន្តែលោក ថាមានប្រជាពលរដ្ឋជាង២០០នាក់ បាននាំគ្នាតវ៉ាប្រ​​ឆាំ​​ងនឹងក្រុមហ៊ុនជារៀងរាល់ថ្ងៃ។


ពលរដ្ឋមួយរូបដែលប្រឈមនឹងការរឹបអូសលំនៅឋានពីក្រុមហ៊ុនបុរីពិភពថ្មីដែរ គឺអ្នកស្រី ព្រាប ស្រីខួច និ​​យា​​យថា អ្នកស្រីបានខកខានក្នុងការបង់រំលោះផ្ទះចំនួន៤ខែមកហើយ ដែលស្ថិតក្នុងបុរីកំបូល២ ក្រោយប្រាក់ចំណូលអ្នកស្រី ធ្លាក់ចុះរហូតដល់ពាក់កណ្ដាល។

អ្នកស្រី បន្តថា ក្រោយអ្នកស្រីអស់លទ្ធភាពក្នុងការបង់បន្ត និងចង់លក់ផ្ទះទៅក្រុមហ៊ុនវិញ ភាគីក្រុមហ៊ុនបានអះអាងថា ក្រុមហ៊ុននេះលែងមានគោលការណ៍ក្នុងការទិញលំនៅឋានត្រលប់មកវិញពីប្រជាពលរដ្ឋទៀតក្នុងតម្លៃ៥០ភាគរយនៃប្រាក់បង់សរុបទៀតនោះទេ។ប្រភពដដែល ឱ្យដឹងថា អ្នកស្រី បង់ប្រាក់ចំនួន៤​​២៥ដុល្លារជារៀងរាល់ខែ និងអស់ប្រាក់សរុបជាង៤ម៉ឺន៤ពាន់ដុល្លារ ដែលមានរយៈពេល៥ឆ្នាំមកហើយ។

អ្នកស្រីបន្តថា៖ «ខ្ញុំទុកចិត្តលើបុរីពិភពថ្មី ព្រោះបុរីធំ គាត់មានឈ្មោះល្បីល្បា ទោះបីអត់មានចារក្នុងកិច្ចសន្យា [ទិញវិញ៥០ភាគរយនៃប្រាក់បង់សរុប] មែនតែយើងជឿជាក់លើបុរី ថាគាត់នឹងធ្វើបានតាមកិច្ចស​​ន្យារបស់គាត់»។

ជុំវិញករណីនេះ លោកបណ្ឌិត  ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាល អាចស្នើទៅភាគីក្រុមហ៊ុនដើម្បីពន្យាពេលការរឹបអូសលំ​​នៅឋានហើយរកដំណោះស្រាយតាមរយៈស្ថាប័នហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ទាបជាងការបង់រំលោះ​ពីបុរីដោយផ្ទាល់។

លោក​បន្តថា៖«ស្នើទៅខាងបុរីកុំឱ្យទាន់មានការរឹបអូសទុកពេលវេលាដើម្បីការដោះស្រាយ រកច្រកតាមរយៈបុរី ឬក៏តាមធនាគារឬមីក្រូហិរញ្ញវត្ថុណាដែលមានកម្រៃការប្រាក់ទបជាងជាដើម»

កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានពីវិបត្តិសេដ្ឋកិច្ចនៅកម្ពុជានឹងកើតមានឡើង ប្រសិនបើម្ចាស់បុរីសម្រេចរឹបអូសលំនៅឋានរបស់ប្រ​​ជាពលរដ្ឋណាដែលគ្មានលទ្ធភាពបង់ប្រាក់បន្ត។

ការព្រមាននេះធ្វើឡើង ស្របពេលមានការព្យាករណ៍ថាសេដ្ឋកិច្ចសកលនឹងដាំក្បាលចុះក្នុងឆ្នាំ២០២៣។

ទាំងអ្នកស្រាវជ្រាវ និងអតីតនាយករដ្ឋមន្រ្តីរូបនេះ បានលើកឡើងដូចគ្នាថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី បានបណ្ដាលឱ្យប្រ​​ទេសជាច្រើនជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចរាប់ទាំងកម្ពុជាផងដែរ។

របាយការណ៍វាយតម្លៃចុងក្រោយរបស់ធនាគារពិភពលោក បង្ហាញថាកំណើនសេដ្ឋកិច្ចសកលត្រូវបានព្យា​ករណ៍ថានឹងថយចុះពី ៣,១% ក្នុងឆ្នាំ២០២២ មកត្រឹម ២,១% ក្នុងឆ្នាំ ២០២៣។

ទន្ទឹមនេះសារព័ត៌មានក្នុងស្រុកបានចេញផ្សាយកាលពីពេលថ្មីៗនេះថា រយៈពេល៤ខែនៃដើមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មអ​ន្ត​រជាតិកម្ពុជាបានធ្លាក់ចុះ១៤,១% បើប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕