របាយការណ៍របស់យូនីសេហ្វ (UNICEF) និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានបង្ហាញថា ក្មេងជំទង់ម្នាក់ក្នុងចំណោម ៧ នាក់ ដែលមានអាយុពី ១០ ទៅ ១៩ ឆ្នាំ ទទួលរងវិបត្តិផ្លូវចិត្តនៅទូទាំងសកលលោក បានធ្វើអត្តឃាតគឺជាមូលហេតុនាំមុខគេទីបួននៃការស្លាប់ក្នុងចំណោមមនុស្សវ័យក្មេងដែលមានអាយុពី ១៥-១៩ឆ្នាំ។
នៅក្នុងឆ្នាំ ២០២២ មនុស្សយ៉ាងតិច ៨៧៣ នាក់ បានស្លាប់ដោយសារការធ្វើអត្តឃាតដែលភាគច្រើនមានអាយុចន្លោះពី ១៥ ទៅ ១៩ ឆ្នាំ។ ប្រជាជនកម្ពុជាប្រមាណកន្លះលាននាក់ ទទួលរងផលប៉ះពាល់ដោយវិបត្តិបាក់ទឹកចិត្ត ឬការថប់បារម្ភ ដែលជាកត្តារួមចំណែកដ៏ធំចំពោះការធ្វើអត្តឃាត។
Newsroom Cambodia បានសម្ភាសន៍ពលរដ្ឋនិងនិស្សិតចំនួន ៧នាក់អំពីទស្សនៈរបស់ពួកគេទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្តដែលកើតមានឡើងចំពោះយុវជននាពេលបច្ចុប្បន្ន៖
កញ្ញា ធីតា
កញ្ញា ធីតា មានអាយុ២៥ឆ្នាំ បច្ចុប្បន្នធ្វើការនៅអង្គការមិនមែនរដ្ឋាភិបាលមួយកន្លែង នៅរាជធានីភ្នំពេញបានលើកឡើងថា យុវជនមានសក្តានុពល និងភាពខ្លាំងច្រើន ប៉ុន្តែការថែរក្សាសុខភាពផ្លូវចិត្តនៅមានកម្រិតនៅឡើយ។
កញ្ញានិយាយថា៖ «ជាពិសសឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញគាត់ដូចជា ទាក់ទងនឹងគ្រួសារ កន្លែងធ្វើការ ឬក៏ការទំនាក់ទំនងផ្សេងៗជុំវិញខ្លួនគាត់។ ហើយមួយផ្នែកទៀតទាក់ទងជាមួយសម័យឌីជីថលដែរ គឺ Social media [បណ្តាញសង្គម] វាមានព័ត៌មានមួយចំនួនដែល Effect [មានឥទ្ធិពល] ផ្លូវចិត្តគាត់ច្រើនមែនទែន អ៊ីចឹងទោះបីជាយើងមានភាពខ្លាំង ឬពូកែប៉ុណ្ណាក៏ដោយ បើសិនជាយើងមានផ្លូវចិត្តអត់ល្អគឺវាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃខ្លាំង»។
កញ្ញា ផាន់ នី
កញ្ញា ផាន់ នី មានអាយុ ២១ឆ្នាំ និស្សិតឆ្នាំទី៤នៃសាកលវិទ្យាល័យមួយកន្លែងក្នុងរាជធានីភ្នំពេញយល់ថា ឱកាសការងារ និងថវិការសម្រាប់ផ្គត់ផ្គង់ការសិក្សា បានក្លាយជាបញ្ហាសុខភាពផ្លូវចិត្តសម្រាប់យុវជនជានិស្សិតដែលមកពីបណ្ដាខេត្ត។
កញ្ញាបន្ថែមថា៖ «សម្រាប់គ្រួសាររបស់និស្សិតដែលមានជីវភាពធូរធារ ពួកគេមិនបានជួបប្រទះនឹងបញ្ហាទាំងនេះទេ ប៉ុន្តែសម្រាប់និស្សិតដែលមានជីវភាពក្រីក្រពួកគេពិតជាប្រឈមនឹងបញ្ហាទាំងនេះ»។
កញ្ញា ស្រី ល័ក្ខ
ចំណែកកញ្ញា ស្រី ល័ក្ខ អាយុ ២០ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា៖ «ខ្ញុំគិតថា សុខភាពផ្លូវចិត្តរបស់យុវជននាពេលបច្ចុប្បន្ននេះ ពិតជាពិបាកយ៉ាងខ្លាំងព្រោះពួកគាត់ត្រូវរស់នៅក្នុងសង្គមមួយ ហើយត្រូវសម្របខ្លួនជាមួយមនុស្សផ្សេងៗទៀតដែលរស់នៅក្នុងសង្គម»។
កញ្ញាបានបន្ថែមថា៖ «យុវជនមួយចំនួនត្រូវរស់នៅដើម្បីតម្រូវចិត្តរបស់គ្រួសារ និង មនុស្សនៅជុំវិញខ្លួនរបស់ពួកគេ»។
លោក ចាន់ កុសល
លោក ចាន់ កុសល អាយុ ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់ភាសាជប៉ុននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា៖ «ខ្ញុំយល់ឃើញថា នាពេលបច្ចុប្បន្នបញ្ហាផ្លូវចិត្តពិតជាសំខាន់ មិនថាយុវជន ឬមនុស្សដែលមានវ័យចំណាស់ទេ នៅពេលដែលពួកគាត់មានវិបត្តិផ្លូវចិត្តអាចធ្វើឲ្យពួកគាត់គិតអ្វីមិនចេញដែលជាហេតុបង្កឲ្យពួកគាត់មានបញ្ហាផ្លូវចិត្ត»។
កញ្ញា សិន បូរី
កញ្ញា សិន បូរី ជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា៖ «ទាក់ទងនឹងបញ្ហាសុខភាពផ្លូវចិត្ត នៅពេលដែលយើងជួបនូវបញ្ហាអ្វីមួយគឺយើងត្រូវការការលើកទឹកចិត្តពីមនុស្សដែលនៅជុំវិញខ្លួន»។
កញ្ញាបន្ថែមថា៖ «សូមកុំឱ្យក្រុមគ្រួសារ ឬមនុស្សនៅជុំវិញខ្លួនស្ដីបន្ទោសឱ្យយុវជនដែលកំពុងតែមានបញ្ហាសុខភាពផ្លូវចិត្តដើម្បីការពារយុវជនដែលកំពុងមានបញ្ហាសុខភាពផ្លូវចិត្តឈានទៅដល់ការធ្វើអត្តឃាតសម្លាប់ខ្លួន»។
កញ្ញា មឿន ម៉ារី
កញ្ញា មឿន ម៉ារី ជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ជំនាញរដ្ឋបាលសាធារណៈ បានលើកឡើងថា សុខភាពផ្លូវចិត្តរបស់យុវជននាពេលបច្ចុប្បន្នរងផលប៉ះពាល់ ដោយសារមានករណីសម្លាប់ជាញឹកញាប់។
កញ្ញាបន្តថា៖ «វិបត្តិផ្លូវចិត្តទាំងអស់នោះមកពីកត្តាគ្រួសារ បាត់បង់មនុស្សជាទីស្រឡាញ់ដូចជាសង្សារអីហ្នឹង ហើយមួយទៀតគាត់គិតច្រើនអំពីគាត់ធ្វើការងារផងរៀនផង ចឹងទៅវាអាចថាគាត់ស្រ្តេស គាត់អត់បានលំហែរខួរអ៊ីចឹងទៅ ក៏អាចថាជាកត្តាមួយដែលគាត់ចង់សម្លាប់ខ្លួន»។
កញ្ញាបន្ថែមថា៖ «ខ្ញុំឃើញពីភាពខ្លាំងរបស់ពួកគាត់ ហើយខ្ញុំគិតថាពួកគាត់នៅតែមានទទួលរងគ្រោះនូវការមានជម្ងឺផ្លូវចិត្តហ្នឹង ឬក៏មានជម្ងឺធ្លាក់ទឹកចិត្ត ដែលវាអាចផ្តល់ជាផលវិបាកដល់គាត់បើសិនជាគាត់មិនបានយល់ដឹងអំពីវិធីសាស្រ្តក្នុងការថែទាំខ្លួនឯង ការស្រលាញ់ខ្លួនឯង ឬការការពារពីការជាជនរងគ្រោះ»។
លោក ច្រឹង សំណាង
ចំណែកលោក ច្រឹង សំណាង ជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ លើកឡើងថា៖ «ខ្ញុំមើលឃើញថាយុវជនភាគច្រើនប្រឈមនឹងជំងឺបាក់ទឹកចិត្ត ទាក់ទងនឹងបញ្ហាការសិក្សា ស្នេហា និងជីវភាពផ្ទាល់ខ្លួន»៕