របាយការណ៍របស់យូនីសេហ្វ (UNICEF) និង​មូលនិធិ​សហប្រជាជាតិ​សម្រាប់​ប្រជាជន (UNFPA) នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ បានបង្ហាញ​ថា ក្មេង​ជំទង់​ម្នាក់​ក្នុង​ចំណោម ៧ ​នាក់ ដែលមានអាយុពី ១០ ទៅ ១៩ ឆ្នាំ ទទួល​រង​វិបត្តិ​ផ្លូវចិត្ត​នៅ​ទូទាំង​សកល​លោក បាន​ធ្វើ​អត្តឃាត​គឺជា​មូលហេតុ​នាំ​មុខ​គេ​ទីបួន​នៃ​ការស្លាប់​ក្នុង​ចំណោម​មនុស្ស​វ័យក្មេង​ដែល​មាន​អាយុ​ពី ១៥-១៩​ឆ្នាំ​។

នៅក្នុងឆ្នាំ ២០២២ មនុស្សយ៉ាងតិច ៨៧៣ នាក់ បានស្លាប់ដោយសារការ​ធ្វើ​អត្តឃាត​ដែល​ភាគច្រើន​មាន​អាយុ​ចន្លោះពី ១៥ ទៅ ១៩ ឆ្នាំ​។ ប្រជាជន​កម្ពុជា​ប្រមាណ​កន្លះ​លាន​នាក់ ​ទទួល​រង​ផល​ប៉ះពាល់​ដោយ​វិបត្តិ​បាក់​ទឹកចិត្ត ឬ​ការ​ថប់​បារម្ភ ដែល​ជា​កត្តា​រួម​ចំណែក​ដ៏​ធំ​ចំពោះ​​ការ​ធ្វើ​អត្តឃាត។

Newsroom Cambodia បានសម្ភាសន៍ពលរដ្ឋនិងនិស្សិតចំនួន ៧នាក់​អំពី​ទស្សនៈ​របស់ពួក​គេ​​ទាក់ទង​នឹងបញ្ហាសុខភាពផ្លូវចិត្តដែលកើតមានឡើងចំពោះយុវជននាពេលបច្ចុប្បន្ន៖​

កញ្ញា ធីតា

កញ្ញា ធីតា មានអាយុ២៥ឆ្នាំ បច្ចុប្បន្នធ្វើការនៅអង្គការ​មិនមែន​​រដ្ឋាភិបាលមួយកន្លែង  នៅ​រាជធានីភ្នំពេញ​បានលើកឡើងថា​ យុវជន​មាន​សក្តានុពល និង​ភាព​ខ្លាំង​ច្រើន ប៉ុន្តែ​ការថែរក្សា​សុខភាពផ្លូវចិត្តនៅមានកម្រិតនៅឡើយ។

កញ្ញានិយាយ​ថា៖ «ជាពិសសឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញគាត់ដូចជា ទាក់ទងនឹងគ្រួសារ កន្លែង​ធ្វើការ ឬក៏ការទំនាក់ទំនងផ្សេងៗជុំវិញខ្លួនគាត់។ ហើយ​មួយ​ផ្នែក​ទៀត​ទាក់ទង​ជាមួយ​សម័យ​ឌីជីថល​ដែរ គឺ Social media [បណ្តាញ​សង្គម] វាមានព័ត៌មានមួយចំនួនដែល Effect [មាន​​ឥទ្ធិពល] ផ្លូវចិត្តគាត់ច្រើនមែនទែន អ៊ី​ចឹងទោះបីជាយើងមានភាពខ្លាំង ឬពូកែប៉ុណ្ណាក៏ដោយ បើសិនជាយើងមានផ្លូវចិត្តអត់ល្អគឺវាប៉ះពាល់ដល់ការរស់នៅប្រចាំថ្ងៃខ្លាំង»។

កញ្ញា ផាន់ នី

កញ្ញា ផាន់ នី មានអាយុ ២១ឆ្នាំ ​​​និស្សិត​ឆ្នាំទី៤​នៃ​សាកល​វិទ្យាល័យ​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញយល់​ថា ឱកាសការងារ និងថវិការ​សម្រាប់ផ្គត់ផ្គង់ការសិក្សា បាន​ក្លាយ​ជា​បញ្ហា​សុខភាព​ផ្លូវចិត្តសម្រាប់យុវជនជានិស្សិតដែលមកពីបណ្ដាខេត្ត​។

កញ្ញា​បន្ថែមថា៖ «សម្រាប់គ្រួសារ​របស់និស្សិត​ដែល​មាន​ជីវភាព​ធូរធារ ពួកគេ​មិន​បាន​ជួប​ប្រទះ​នឹងបញ្ហាទាំងនេះទេ ប៉ុន្តែ​សម្រាប់​និស្សិត​ដែល​មាន​ជីវភាព​ក្រីក្រ​ពួកគេ​ពិតជា​ប្រឈម​នឹង​បញ្ហា​ទាំង​នេះ»។

កញ្ញា ស្រី ល័ក្ខ

ចំណែក​ក​ញ្ញា ស្រី ល័ក្ខ អាយុ ២០​ឆ្នាំ រស់នៅរាជធានីភ្នំពេញ បានលើកឡើងថា៖ «ខ្ញុំគិតថា សុខភាពផ្លូវចិត្តរបស់យុវជននាពេលបច្ចុប្បន្ននេះ  ពិតជា​ពិបាក​យ៉ាង​ខ្លាំង​ព្រោះពួ​ក​គាត់​ត្រូវ​រស់នៅ​ក្នុង​សង្គ​មមួយ ហើយ​ត្រូវ​សម្រប​ខ្លួន​ជាមួយ​មនុស្ស​ផ្សេងៗ​ទៀត​ដែល​រស់នៅ​ក្នុង​សង្គម»។

កញ្ញាបានបន្ថែមថា៖ «យុវជនមួយចំនួនត្រូវរស់នៅដើម្បីតម្រូវចិត្តរបស់គ្រួសារ និង មនុស្ស​នៅ​ជុំវិញ​ខ្លួនរបស់ពួកគេ»។

លោក ចាន់ កុសល

លោក ចាន់ កុសល អាយុ ២៣​ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃ​ដេប៉ាតឺម៉ង់​ភាសា​ជប៉ុន​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានលើកឡើងថា៖ «ខ្ញុំយល់ឃើញថា នាពេល​បច្ចុប្បន្ន​បញ្ហា​ផ្លូវ​ចិត្ត​ពិត​ជា​សំខាន់​ មិនថាយុវជន ឬមនុស្សដែលមានវ័យចំណាស់ទេ នៅ​ពេល​ដែល​ពួកគាត់​មាន​វិបត្តិ​ផ្លូវចិត្ត​អាច​ធ្វើ​ឲ្យ​ពួកគាត់​គិត​អ្វី​មិន​ចេញ​ដែល​ជា​ហេតុ​បង្ក​ឲ្យ​ពួកគាត់មានបញ្ហាផ្លូវចិត្ត»។

កញ្ញា សិន បូរី

កញ្ញា សិន បូរី ជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញបានលើកឡើងថា៖ «ទាក់ទង​នឹង​បញ្ហា​សុខភាព​ផ្លូវចិត្ត នៅពេល​ដែល​យើង​ជួប​នូវ​បញ្ហាអ្វី​មួយ​គឺ​យើង​ត្រូវ​ការ​ការលើកទឹកចិត្ត​ពី​មនុស្ស​ដែល​នៅ​ជុំវិញ​ខ្លួន»។

កញ្ញាបន្ថែម​ថា៖ «​សូមកុំ​ឱ្យ​ក្រុម​គ្រួសារ ឬ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ស្ដី​បន្ទោស​ឱ្យ​យុវជន​ដែល​កំពុង​តែ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ដើម្បី​ការពារ​យុវជន​ដែល​កំពុង​មាន​បញ្ហា​សុខភាព​ផ្លូវចិត្ត​ឈាន​ទៅ​ដល់​ការ​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន»។

កញ្ញា មឿន ម៉ារី

កញ្ញា មឿន ម៉ារី ជានិស្សិតឆ្នាំទី១ នៃវិទ្យាស្ថានជាតិសង្គមកិច្ច ជំនាញរដ្ឋបាលសាធារណៈ បាន​លើកឡើងថា សុខភាពផ្លូវចិត្តរបស់យុវជននាពេលបច្ចុប្បន្ន​​រងផលប៉ះពាល់ ដោយសារ​មាន​ករណី​​សម្លាប់​ជាញឹកញាប់។​

កញ្ញា​បន្តថា៖ «​វិបត្តិផ្លូវចិត្តទាំងអស់នោះមកពីកត្តា​គ្រួសារ បាត់បង់​មនុស្ស​ជា​ទីស្រឡាញ់​ដូចជា​​សង្សារ​អី​ហ្នឹង ហើយ​មួយ​ទៀត​គាត់​គិត​ច្រើន​អំពី​គាត់​ធ្វើកា​រងារ​ផង​រៀន​ផង ចឹង​ទៅ​វា​អាច​ថា​គាត់​ស្រ្តេស គាត់អត់បានលំហែរខួរអ៊ីចឹងទៅ  ក៏​អាច​ថា​ជា​កត្តា​មួយ​ដែល​គាត់​ចង់​សម្លាប់​ខ្លួន»។

កញ្ញាបន្ថែម​ថា៖ «ខ្ញុំឃើញពីភាពខ្លាំងរបស់ពួកគាត់ ហើយ​ខ្ញុំ​គិតថា​ពួកគាត់​នៅ​តែ​មាន​ទទួល​រងគ្រោះ​នូវ​ការមា​នជ​ម្ងឺ​ផ្លូវ​ចិត្ត​ហ្នឹង ឬ​ក៏​មាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ត ដែល​វាអាច​ផ្តល់​ជា​ផល​វិបាក​ដល់​គាត់​បើ​សិនជា​គាត់​មិន​បាន​យល់ដឹងអំពីវិធីសាស្រ្តក្នុង​ការថែទាំខ្លួនឯង ការស្រលាញ់ខ្លួនឯង ឬ​ការការពារពីការ​ជាជនរងគ្រោះ»។

លោក ច្រឹង សំណាង

ចំណែក​​លោក ច្រឹង សំណាង ជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ លើកឡើងថា៖ «ខ្ញុំមើល​ឃើញ​ថា​យុវជន​ភាគច្រើន​ប្រឈម​នឹង​ជំងឺ​បាក់​ទឹក​ចិត្ត ទាក់ទង​នឹង​បញ្ហា​ការសិក្សា ស្នេហា និង​ជីវភាព​ផ្ទាល់ខ្លួន»៕​