គណបក្សភ្លើងទៀន មានសុទិដ្ឋិនិយមថា នឹងចូលរួមបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាសម្រាប់នីតិការទី៥ ឆ្នាំ២​​០​​២៣ តាមយន្តការដែលកំពុងតែដំណើរការដូចបានព្រមព្រាងក្នុងសម្ព័ន្ធភាពឆ្ពោះទៅអនាគត ដែល​គ​​ណ​​ប​ក្សនយោ​​​បាយនៅក្រៅដ្ឋាភិបាលទាំង៤ បានពិគ្រោះគ្នារួច​ដើម្បីជំរុញ​​ឱ្យ​​មានដំណើរការប្រជាធិបតេយ្យ​​មួយដ៏​​ពិ​​ត​​ប្រា​​ក​​​​ដនៅកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញ។

អ្នកនាំពាក្យគណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ ប្រាប់ Newsroom Cambodia ថា​ ប្រសិនបើគណបក្សក្រៅ​​រដ្ឋាភិបាលមួយនេះ មិនអាចចូលរួមក្នុងការបោះ​​ឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានដោយផ្ទាល់ទេ មាន​​ន័​យ​​ថា​ ការចង់សម្ព័ន្ធភាពនៃគណបក្សនយោបាយទាំង៤ នៅតែជាផ្នែកមួយដែល​​អាចចូលរួមបោះឆ្នោ​​តបាន​ដូ​​ចគ្នា​​​។លោកបន្តថា គណបក្សភ្លើងទៀននឹងគាំទ្រជានិច្ច ចំពោះសម្ព័ន្ធភាពរបស់ខ្លួន ដែលអាចជ្រើសរើសគណ​​បក្ស​​ណា​​មួយ​​ក្នុងចំណោមសម្ព័ន្ធភាពនេះ ឱ្យធ្វើជាគណបក្សតំណាងសម្រាប់ចូលរួមប្រកួត ក្នុងន័យដើម្បី​​លើកកម្ពស់​ឱ្យ​មា​​នដំណើរការប្រជាធិបតេយ្យឡើងវិញ តាមយន្តការសភា។

លោកបន្ថែមថា៖« ថ្វីត្បិតតែគណបក្សភ្លើងទៀនមិនអាចចូលរួមដោយផ្ទាល់ គណបក្សភ្លើងទៀននៅតែដើតួនាទីយ៉ាងសំខាន់ដើម្បីជាពន្លឺបំភ្លឺផ្លូវដល់គណបក្សផ្សេងៗនៅក្នុងសម្ព័ន្ធភាពឆ្ពោះទៅគោលដៅស្តាឡើងវិញលិទ្ធិប្រជាធិបតេយ្យ»។

ក្រៅពីនេះ បើតាមលោក គីមសួរ ភីរិទ្ធ ការចង់សម្ព័ន្ធភាពគណបក្សនយោបាយចំនួន ២៨ផ្សេងទៀត ជាមួយនិង​​គ​​ណបក្សប្រជាជនកម្ពុជាថ្មីៗនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីដំណើរការប្រជាធិបតេយ្យ ហើយការអនុវត្តរបៀបនេះ វា​​មិន​មែនជារឿងអីដែលថ្មីទេសម្រាប់បរិបទនយោបាយ នៅកម្ពុជា។ម្យ៉ាងវិញទៀត ការចរន្តនេះ បង្ហាញថាស្ថានភា​​ព​​នយោបាយនៅកម្ពុជា កំពុងប្រកាន់គោលនយោបាយស្តាំនិយម និងឆ្វេងនិយម ហើយក៏ងាយនឹ​​ងធ្វើឱ្យ​​អ្នក​​បោះ​​​ឆ្នោត ងាយស្រួ​​ល​​ក្នុងការកត់ចំណាំដែរ។

លោកបន្តបន្តថា៖« ការចងសម្ព័ន្ធនៃគណបក្សចំនួន២៨ រួមទាំងគណបក្សប្រជាជនកម្ពុជាផងនោះ លោកយល់ថាមិនមានអ្វីចម្លែកឡើយព្រោះការនេះគឺស្របទៅតាមច្បាប់ និងតាមសង្គមមួយដែលមានលិទ្ធិប្រជាធិបតេយ្យ​​​សេ​​រីហើយការចងសម្ព័ន្ធនេះមានផលវិជ្ជមានផងដែរចំពោះគណបក្សម្ខាងទៀត(សម្ព័ន្ធឆ្ពោះទៅអណាគត) ព្រោះ​​​បញ្ជាក់យ៉ាងច្បាស់ថានយោបាយនៅក្នុងស្រុកយើងមើលទៅមានពីរច្បាស់ គឺស្តាំ ឬក៏ឆ្វេង[…]អញ្ជឹងការច​​ង​​​​សម្ព័ន្ធបានធ្វើឱ្យអ្នកបោះឆ្នោតងាយស្រួលក្នុងសម្រេចចិត្ត »។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ គណបក្ស​នយោ​បាយ​ចំនួន​៤ ​រួម​មាន​គណបក្ស​ភ្លើង​ទៀន គណបក្ស​ឆន្ទៈ​ខ្មែរ គ​​ណបក្ស​ប្រជា​ធិប​តេយ្យ​មូលដ្ឋាន និង​គណ​បក្ស​កែទម្រង់​កម្ពុជា បាន​បង្កើត​សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត​រួម​គ្នា ក្នុង​គោល​បំណង​ដើម្បី​ស្ដារ​លទ្ធិ​ប្រជា​ធិបតេយ្យ​ឡើង​វិញ​នៅ​កម្ពុជា។គេសង្កេតឃើញថាក្រោយសម្ព័ន្ធរបស់​​គ​​​ណ​​បក្សនៅក្រៅរដ្ឋាភិបាលទាំងនេះ បង្កើតសម្ព័ន្ធភាពបាន១៥ថ្ងៃ ពោលកាលពីថ្ងៃ២៥ ខែតុលា គ​​ណបក្សន​​យោ​​​បាយចំនួន២៨ ផ្សេងទៀត ក៏បានចូលរួមចង់ជាសម្ព័ន្ធភាពដែរ ជាមួយនិង​គណបក្សប្រជាជនកម្ពុជា។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលធ្វើឡើងតាមបែបអសកលនេះ នឹងប្រព្រឹត្តទៅ៦ឆ្នាំម្តង។

ដោយឡែក លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា ការចងសម្ព័ន្ធរបស់គណបក្សនយោ​​បា​​យ​​គឺជាសិទ្ធិសេរីភាពទូលំទូលាយដែលមាននៅកម្ពុជា។ផ្ទុយទៅវិញ ការចង់សម្ព័ន្ធភាព​​របស់គណប​​ក្សន​យោ​​​​បាយទាំង៤ កាលពីពេលថ្មីៗនេះ លោកចាត់ទុកថា វាគឺជាចរន្តប្រឆាំង។មួយវិញទៀត បើទោះជាកម្លាំងរួម​​គ្នា​​​នេះ ក៏មិនប្រាកដថាអាចមានប្រៀបជាមួយគណបក្សប្រជាជនកម្ពុជាបានដែរ ព្រោះគណបក្សនេះ​​ជាគណ​ប​​ក្ស​​​​​ដែលចាស់វស្សា និងមានគណបក្សជាសម្ព័ន្ធមួយចំនួនដែរ ចូលរួមជាគណបក្សកាន់អំណាចនេះ។

លោកបញ្ជាក់ថា៖ «ដូចនេះខ្ញុំយល់ថាសម្ព័ន្ធភាពគណបក្ស២៨ រួមទាំងគណបក្សប្រជាជនកម្ពុជានៅក្នុងនោះជា​សម្ព័ន្ធភាពដែលជាកម្លាំងនយោបាយដ៏រឹងមាំ បើប្រៀបធៀបនៅក្នុងសង្គមកម្ពុជាដែលមានគណបក្សនយោបាយជាងសែសិបគណបក្សដែលបានចុះបញ្ជីជាផ្លូវការនៅក្រសួងមហាផ្ទៃ គឺសម្ព័ន្ធទាំង២៨គណបក្សគឺជាសម្លេងគ ណ បក្សដ៏ច្រើនលើសលុប »។

និសិត្សផ្នែកច្បាប់ប្រាប់ លោក វ៉ន ចាន់ឡូត ប្រាប់គេហទំព័រ Newsroom Cambodia ថាចំពោះករណីនេះលោកមើលឃើញថា ការចងសម្ព័ន្ធឆ្ពោះទៅអនាគត ធ្វើឱ្យមានការចាប់អារម្មណ៍ពីសំណាក់ពលរដ្ឋដែលជាម្ចាស់ឆ្នោ​​ត  គឺគណបក្សទាំងបួនមិនព្រមទទួលផលប្រយោជន៍ពីគណបក្សកាន់អំណាច បែជាចងសម្ព័ន្ធជាមួយគ្នាក្នុងកាលៈទេសៈដែលលំ​បាកនេះទាំងការទទួលរងសម្ពាធ និងការគៀបសង្គត់គ្រប់ទម្រង់។

លោកបន្តថា៖«ជារួមខ្លឹមសារនៃការរួបរួមនេះល្អប្រសើរ ប៉ុន្តែរនៅមានឧបសគ្គមួយចំនួន ទីមួយគឺទាក់ទិនទៅនឹងគណបក្សភ្លើងទៀន ដូចបានដឹងហើយថាគណបក្សភ្លើងទៀន មុនមានការប៉ោះឆ្នោតសភាជាតិគណបក្សនេះមិនអាចចូលរួមបោះឆ្នោតបានទេដោយសាបញ្ហារដ្ឋបាល […]មួយវិញទៀតឃើញថាសម្ព័ន្ធភាពនេះ គឺគណបក្សបីផ្សេងទៀតមានតែទម្រង់គឺសំបក គណបក្សដែលមានកម្លាំងគាំទ្រពិតប្រាកដជាក់លាក់មិនមានទេ  ម្លោះសំបកបីគ្របលើខ្លឹមមួយ ខ្លឹមសំដៅលើគណបក្សភ្លើងទៀនដែលមាននៅអ្នកគាំទ្រ។ នេះជាមូលហេតុនេះខ្ញុំមើលឃើញថាសម្ព័ន្ធភាពនេះមិនអាចនៅជាយូអង្វែងនោះទេ »។

បើតាមលោក វ៉ន ចាន់ឡូត ក្នុងករណីសម្ព័ន្ធភាពនេះមិនជួបឧបសគ្គដោយប្រការណាមួយទេ ពិតណាស់ថាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសសភានៅពេលខាងមុខនឹងនាំឱ្យសម្ព័ភាពឆ្ពោះទៅអនាគត អាចទទួលបានអាសនៈនៅក្នុងព្រឹទ្ធសភា ហើយអាចនឹងឈានទៅទទួលបានអាសនៈនៅសមាជិកក្រុមប្រឹក្សាស្រុក ​រាជធានី ខេ​ត្ត​​​ថែមទៀត។

បើទោះបែបណា នៅ​ក្នុងការ​បោះ​ឆ្នោតជ្រើសតាំងតំណាងរាស្រ្ត កាលពីខែ កក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ គ​​ណ​​​បក្សភ្លើងទៀន ត្រូវបានបិទទ្វារក្រោយហេតុផលថា ខ្វះឯកសាររដ្ឋបាល៕ការបិទផ្លូវមិនឱ្យគណ​​បក្សប្រឆាំង​​បា​​​​នចូលរួមបោះឆ្នោតនេះ ត្រូវរង់ការរិះគន់ថាសិទ្ធិនយោបាយនៅកម្ពុជា ត្រូវបានរឹតត្បិត និងជំរុញឱ្យដំ​​ណើរកា​​រ​​ប្រ​​ជាធិបតេយ្យកាន់តែរួមតូច៕