តំណាងអតិថិជនបុរីពិភពថ្មី ដែលកំពុងប្រឈមការរឹបអូសលំនៅឋានពីក្រុមហ៊ុននេះ ឱ្យដឹងថា កិច្ចប្រជុំត្រីភាគីដើម្បីស្វែងរកដំណោះស្រាយ ក្នុងវិវាទលំនៅឋាន ភាគីតំណាងដោយក្រុមហ៊ុន បុរីពិភពថ្មីបានសម្រេចចិត្តទទួលយកគោលការណ៍មួយចំនួន ដូចការតវ៉ារបស់ពលរដ្ឋក្នុងពេលកន្លងទៅ។
ក្រោយកិច្ចប្រជុំបានបិទបញ្ចប់ នៅថ្ងៃទី ៣១ ខែតុលានេះ តំណាងពលរដ្ឋដែលបានចូលរួមប្រជុំ ក្រោមការសម្របសម្រួលដោយសាលារាជធានីភ្នំពេញ បានបញ្ជាក់ថា ភាគីក្រុមហ៊ុន បុរីពិភពថ្មី យល់ព្រមទទួលយកសំណើរចំនួន៣ចំណុចតាមការទាមទាររបស់ពលរដ្ឋ ក្នុងចំណោមការស្នើសុំ៥ចំណុចដើម្បីឱ្យក្រុមហ៊ុនដោះស្រាយ។
តំណាងពលរដ្ឋដែលមានវត្តមានក្នុងអង្គប្រជុំ លោក ហេង តារា ថ្លែងប្រាប់អ្នកសារព័ត៌មាននៅមុខសាលារាជធានីភ្នំពេញ ថាតំណាងក្រុមហ៊ុន បុរីពិភពថ្មី សម្រេចទទួលសំណើរចំនួន៣ចំណុចពីអតិថិជនរបស់ខ្លួនដើម្បីយកទៅពិភាក្សាជាមួយក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុននេះ។
បើតាមលោក ហេង តារា សំណើរទាំង៣ចំណុចនោះរួមមាន ក្រុមហ៊ុនត្រូវចេញលិខិតធានាទិញលំនៅឋានពីពលរដ្ឋដែលនៅបន្តបង់រំលោះ និងទទួលទិញផ្ទះក្នុងតម្លៃ៥០ភាគរយនៃប្រាក់ដែលបានបង់រំលោះជារៀងរាល់ខែសរុប បូកទាំងប្រាក់ដើម[១០០ភាគរយនៃប្រាក់កក់ទិញដំបូង] ឱ្យពលរដ្ឋដែលលែងមានលទ្ធភាពបង់បន្ត ទាំងដែលផ្ទះបានរឹបអូស និងប្រឈមការរឹបអូស។
ប្រភពដដែលបន្តថា ផ្ទុយទៅវិញភាគីក្រុមហ៊ុនបានបដិសេធក្នុងការទទួលយកការស្នើសុំពីអតិថិជនឱ្យបន្ថយអត្រាការប្រាក់ពី ១២ភាគរយ មក៧,៥ភាគរយក្នុងមួយឆ្នាំ ព្រមទាំងបង់រំលោះប្រចាំខែប្រមាណ៥០ភាគរយនៃប្រាក់ត្រូវបង់សរុបក្នុងមួយខែ ដោយមានរយៈពេល៨ឆ្នាំ។
លោកបន្តថា៖«ខ្ញុំមិនទាន់ជឿជាក់មានដំណោះស្រាយណាមួយនោះទេ។ តែយើងចាំស្ដាប់ ការដោះស្រាយចេញពីសាលារាជធានីភ្នំពេញ» ។
បើតាមតំណាងពលរដ្ឋរូបនេះ ក្រុមហ៊ុនសន្យាថា នឹងឆ្លើយតបទៅចំពោះការទាមទារទាំង៣ចំណុច នៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខនេះ។ជាងនេះទៀតលោក ហេង តារា បញ្ជាក់ថាបើតាមក្រុមហ៊ុនមានផ្ទះចំនួន១៥០០ខ្នង ក្នុងខណ្ឌកំបូល ត្រូវក្រុមហ៊ុនរឹបអូស ក្រោយអស់លទ្ធភាពបង់បន្ត។
គេហទំព័រ Newsroom Cambodia នៅពុំទាន់អាចស្វែងរកការអត្ថាធិប្បាយពីខាងភាគីក្រុមហ៊ុន បុរីពិភពថ្មី បានទេ គិតត្រឹមល្ងាចនេះថ្ងៃអង្គារនេះ។
ក្រោយប្រជាពលរដ្ឋ២០០នាក់ផ្ទុះការតវ៉ាប្រឆាំងនឹងការរឹបអូសលំនៅឋានពីក្រុមហ៊ុនបុរីពិភពថ្មី ក្នុងខណ្ឌកំបូល អស់រយៈពេលជាច្រើនថ្ងៃជាប់ៗគ្នាដោយទាមទារឱ្យក្រុមហ៊ុននេះគោរពតាមការសន្យាក្នុងការទិញផ្ទះត្រលប់វិញ ប្រសិនបើពួកគេអស់លទ្ធភាពបង់ រដ្ឋបាលរាជធានីភ្នំពេញបានចេញលិខិតមួយ កាលពីថ្ងៃទី៣០ ខែតុលា ដោយកោះហៅពលរដ្ឋដែលប្រឈមការរឹបអូស មកជួបប្រជុំនៅសាលារាជធានីភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយ។
ដោយឡែក អភិបាលរងរាជធានីភ្នំពេញ លោក សុខ ពេញវុធ ដែលចូលរួមក្នុងកិច្ចប្រជុំនេះ បានបដិសេធក្នុងការអត្ថាធិប្បាយ ដោយលោកតម្រូវឱ្យក្រុមអ្នកកាសែតទាក់ទងទៅភាគីក្រុមហ៊ុន បុរីពិភពថ្មីជំនួសវិញ។
លោកបន្តថា៖ «រឿងហ្នឹង អាចសួរទៅតំណាងប្រជាពលរដ្ឋនិងតំណាងបុរីបាន ខ្ញុំជាប់ប្រជុំ» ។
នៅក្នុងថ្ងៃតែមួយ នៃកិច្ចប្រជុំត្រីភាគីនេះដែរ គេសង្កេតឃើញក្រុមប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នានៅមុខការិយាល័យលក់ផ្ទះរបស់ក្រុមហ៊ុន បុរីពិភពថ្មី ក្នុងខណ្ឌកំបូល។ យ៉ាងណាក៏ដោយ លោក ហេង តារា ដែលជាតំណាងម្នាក់បានចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ បញ្ជាក់ថា នៅរសៀលនេះ ក្រុមអ្នកតវ៉ា បានបំបែកគ្នាវិញ ដោយរង់ចាំការដោះស្រាយពីភាគីក្រុមហ៊ុនក្នុងសប្ដាហ៍នេះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក ស៊ឹងសែនករុណា អំពាវនាវឱ្យក្រុមហ៊ុន និងប្រជាពលរដ្ឋធ្វើការសម្របសម្រួលគ្នាតាមដែលអាចធ្វើទៅបាន។
លើសពីនេះទៀត អ្នកការពារសិទ្ធិមនុស្សរូបនេះ ណែនាំឱ្យពលរដ្ឋគួរដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នតុលាការ ប្រសិនបើពួកគេពុំអាចទទួលយកដំណោះស្រាយពីភាគីក្រុមហ៊ុនបានទេ។
លោកបន្តថា៖ «បើសិនជាការសម្របសម្រួលអត់បាន […]មធ្យោបាយមានតែតុលាការទេដែលមានសិទ្ធិសម្រេច។ ថាសម្រេចដោយរបៀបម៉េចថា អ្នកណាទទួលបានប៉ុណ្ណាៗ គឺតុលាការ»។
កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ លោក ហ៊ុន សែន ដែលកាលនោះជានាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានពីវិបត្តិសេដ្ឋកិច្ចនៅកម្ពុជានឹងកើតមានឡើង ប្រសិនបើម្ចាស់បុរីសម្រេចរឹបអូសលំនៅឋានរបស់ប្រជាពលរដ្ឋណាដែលគ្មានលទ្ធភាពបង់ប្រាក់បន្ត។
លោក ហ៊ុន សែន បានអំពាវនាវ ឱ្យម្ចាស់ក្រុមហ៊ុនសាងសង់លំនៅឋានបុរីទាំងអស់ បញ្ឈប់ការរឹបអូសផ្ទះពីប្រជាពលរដ្ឋដែលគ្មានប្រាក់បង់បន្តទៀត និងណែនាំឱ្យរៀបចំឥណទានឡើងវិញ ដើម្បីធានាឱ្យសេដ្ឋកិច្ចកម្ពុជាបន្តភាពរឹងមាំរបស់ខ្លួន ។
បន្ថែមពីលើនេះ លោក ហ៊ុន សែន ក៏ស្នើឱ្យក្រុមហ៊ុនសាងសង់លំនៅឋានទាំងនោះផ្ដល់ប្រាក់ខ្លះត្រលប់ទៅវិញសម្រាប់ពលរដ្ឋដែលផ្ទះបានរឹបអូសរួចហើយ និងប្រគល់ផ្ទះជូនពួកគេវិញប្រសិនបើទើបតែរឹបអូស។
លោកបន្តថា៖ «យើងត្រូវរៀបចំឥណទានឡើងវិញ ដូចថាពីដើមបង់១៥ឆ្នាំ ១ខែ៥០០ដុល្លារ ឥឡូវយើងទាញអូសបន្លាយឱ្យទៅបង់២០ឆ្នាំជាមួយនឹងការបន្ថយមកត្រឹមតែ៤០០ដុល្លារ ឬ៣៥០ដុល្លារក្នុងមួយខែវិញ។ ធ្វើយ៉ាងនេះបញ្ចៀសបាននូវការរឹបអូសភ្លាមៗដែលជារឿងឈឺចាប់មួយសម្រាប់អ្នកទិញអចលនទ្រព្យ»។
ទាំងអ្នកស្រាវជ្រាវការអភិវឌ្ឍន៍សង្គម និងអតីតនាយករដ្ឋមន្រ្តីរូបនេះ ធ្លាប់បានលើកឡើងស្រដៀងគ្នាថា ផលប៉ះពាល់នៃជំងឺកូវីដ-១៩ សង្រ្គាមនៅអ៊ុយក្រែន និងការដាក់ទណ្ឌកម្មរបស់លោកខាងលិចទៅលើប្រទេសរុស្ស៊ី បណ្ដាលឱ្យប្រទេសជាច្រើនជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចរាប់ទាំងកម្ពុជាដែរ៕