មន្រ្តីអង្គការមិនមែនរដ្ឋាភិបាលផ្នែកធុរកិច្ច រិះគន់ចំណាត់ការដែលរដ្ឋាភិបាលសម្រេចកាត់ផ្ទៃដីនៅតំបន់ឱ្យទៅក្រុមហ៊ុនឯកជនទទួលបានសិទ្ធិកាន់កាប់ ក្នុងទំហំដីប្រមាណ១០ហិកតារបន្ថែមទៀតនេះ បានជំរុញឱ្យផ្ទៃបឹងដែលធ្លាប់រំដោះទឹកនៅទីក្រុងភ្នំពេញត្រូវរួមតូចជាងមុន ខណៈពលរដ្ឋដែលរស់នៅជុំវិញតំបន់បឹងនេះបន្តតវ៉ាដើម្បីជំរុញឱ្យមានដំណោះស្រាយ លើដីមានជម្លោះ តែត្រូវបរាជ័យរហូត។
ប្រតិកម្មរបស់អង្គការស៊ីវិលនេះ ធ្វើឡើងក្រោយពីរដ្ឋាភិបាលក្នុងពេលដែលលោក ហ៊ុន សែន នៅធ្វើជានាយករដ្ឋមន្រ្តី បានធ្វើអនុប្រយោគដោយកាត់ផ្ទៃដីបឹងតាមោកប្រមាណ ១០ហិកតាបន្ថែមទៀត ឱ្យទៅអ្នកឧកញ៉ា គិត ម៉េង កាន់កាប់ក្នុងនាមជាឯកជន។អង្គការសមាគមធាតត្នោត បានចេញផ្សាយរបាយការណ៍ កាលពីថ្ងៃទី ២៨ ខែតុលា ដែលរបាយការណ៍នោះ ត្រូវបានចុះហត្ថលេខាដោយអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន តាំងពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣។តាមរយៈអនុក្រឹត្យនេះ រដ្ឋាភិបាលបានកាត់ផ្ទៃដីបឹងតាមោក ឱ្យទៅក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុងរបស់អ្នកឧកញ៉ា គិត ម៉េង ក្រោមគោលការណ៍អនុប្បយោគពីដីសាធារណៈរដ្ឋទៅជាដីឯកជនរបស់រដ្ឋ ហើយបន្ទុកពន្ធ និងអាកររដ្ឋាភិបាលជាអ្នកទទួលខុសត្រូវ។
មន្រ្តីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក វណ្ណ សុផាត លើកឡើងថាកន្លងមកសង្គមស៊ីវិលក៏បានផ្តល់អនុសាសន៍ជាច្រើនដល់រដ្ឋាភិបាលឱ្យពិចារណាផ្អាកការផ្តល់ដីសម្បទាននេះដែរ ប៉ុន្តែរដ្ឋាភិបាលមិនត្រឹមតែមិនបញ្ឈប់ការផ្តល់ផ្ទៃដីបឹងតាមោកនេះទេ តែថែមទាំងបន្តសកម្មភាពរបស់ខ្លួនដោយមិនខ្វល់មិនផលប៉ះពាល់ឡើយ។
លោកបន្តថា៖ « ទាំងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ ទាំងអង្គការសង្គមស៊ីវិល ទាំងមជ្ឈដ្ឋានជាតិ និងអន្តរជាតិបានផ្តល់ជាយោបល់ និងផ្តល់ជាអនុសាសន៍លើកឡើងជាច្រើនលើកច្រើនសារមកហើយទៅដល់រដ្ឋាភិបាលថាឱ្យពិចារណាក្នុងការផ្អាកក្នុងការផ្តល់ដីសម្បទាន ប៉ុន្តែយើងឃើញថារដ្ឋាភិបាលដូចជាចម្លែកក្នុងការពន្លឿនផ្តល់ដីសម្បទានទៅឱ្យក្រុមហ៊ុន ទៅឱ្យឧកញ៉ាក៏ដូចជាអ្នកមានអំណាចហ្នឹង! ដោយពុំមានស្តាប់យោបល់ ឬមួយក៏ពុំមានអើពើនឹងមតិយោបល់និងការប៉ះពាល់ផ្ទាល់ដល់ប្រជាពលរដ្ឋទេ » ។
របាយការណ៍ដែលចេញផ្សាយដោយ អង្គការសមាគមធាងត្នោត ស្តីពីបច្ចុប្បន្នភាពនៃការកាត់ផ្ទៃបឹង បង្ហាញថា បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទីតាំងនៅភាគខាងលិចឈៀងខាងជើងតាមបណ្តោយផ្លូវមហាវិថីឈ្នះ-ឈ្នះ និងមានទំហំសរុបចំនួន៣២៣៩,៧ ហិកតា លាតសន្ធឹងលើខណ្ឌចំនួន២ សង្កាត់៦ និងភូមិ២៥។
របាយការណ៍ដដែលបង្ហាញទៀតថា ការកាត់ផ្ទៃបឹងតាមោកលើកទី៧៤ គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នេះបានធ្វើឱ្យផ្ទៃបឹងដែលបានកាត់កើនឡើង ២ ៣៩៧ ហិកតា ឬស្មើប្រមាណ ៧៤% នៃផ្ទៃបឹងសរុប។
អង្គការសមាគមធាតត្នោត បានស្រង់របាយការណ៍ដែលចេញដោយសាលារាជធានីភ្នំពេញ បញ្ជាក់ថា បើផ្អែកតាមប្លង់គោលប្រើប្រាស់ដីរបស់សាលារាជធានីភ្នំពេញ សម្រាប់ឆ្នាំ២០៣៥ ផ្ទៃបឹងដែលត្រូវរក្សាទុកមានប្រមាណ២១៤០ ហិកតា តែបច្ចប្បន្នការកាត់បឹងលើសពីទំហំដែលត្រូវរក្សាទុកនេះហើយ។
លើសពីនេះទៀត ការកាត់ឆ្វៀលផ្ទៃដីបឹងនេះ ជំរុញឱ្យពលរដ្ឋជិត ៣០០គ្រួសារ ដែលរស់នៅភាគខាងជើងនៃបឹងតាមោក ត្រូវប្រឈមនឹងការបណ្ដេញចេញដោយបង្ខំ និងការបាត់បង់ចំណូលក្នុងកម្រិតមួយដែលខ្ពស់។
គេសង្កេតឃើញថា ពលរដ្ឋដែលរស់នៅជុំវិញតំបន់បឹងតាមោក ចេញតវ៉ាជាបន្តបន្ទាប់ ហើយដាក់ញាតិទៅស្ថាប័នរដ្ឋ ដូចជា ក្រសួងរៀបចំដែនដី រដ្ឋសភា និងខុទ្ទកាល័យនាយករដ្ឋមន្ត្រីជាដើម ប៉ុន្តែមិនដែលទទួលបានដំណោះស្រាយពីស្ថាប័នទាំងនោះទេ។
អ្នកស្រី សឿន ស្រីសុទ្ធ ដែលអះអាងត្រូវរង់គ្រោះពីការរំលោភបំពានដីដែលរស់នៅបឹងតាមោក និងកំពុងតែរងបណ្តឹងពីតុលាការ បង្ហាញការសោកស្តាយ និងឈឺចាប់ដែលរដ្ឋាភិបាលមិនមានដំណោះស្រាយជូនពួកគាត់ ហើយបែរជាបន្តកាត់ដីបឹងតាមោកឱ្យក្រុមអ្នកមានអំណាចទៅវិញដូច្នេះ។
អ្នកស្រីបន្តថា៖ « ខ្ញុំមានអារម្មណ៍ថាសោកស្តាយ ហើយឈឺចាប់ខ្លាំងរាល់ការដែលពួកខ្ញុំសហគមន៍ដែលទទួចស្នើសុំដល់រាជរដ្ឋាភិបាលគាត់អត់មានដំណោះស្រាយសោះជូនពលរដ្ឋសោះ បែរជាគាត់មានការកាត់ដីបឹងដល់ឧកញ៉ាបន្តៗទៀតចឹងពួកខ្ញុំមានការឈឺចាប់ខ្លាំង »។
ដោយឡែក លោក វណ្ណ សុផាត យល់ឃើញថាការផ្តល់ដីឱ្យក្រុមហ៊ុនឯកជន និងអ្នកមានអំណាចនេះ គឺជាបញ្ហាមួយគួរឱ្យព្រួយបារម្ភ ដែលរដ្ឋាភិបាលមិនបានគិតគូរពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។បើតាមអ្នកការពារសិទ្ធិមនុស្សរូបនេះ ធ្លាប់ដាក់ក្តីសង្ឈឹមថារដ្ឋាភិបាលថ្មីនឹងពិចារណាក្នុងការស្វែងរកដំណោះស្រាយ ដើម្បីដោះបញ្ចប់បញ្ហានេះ ប៉ុន្តែបច្ចុប្បន្នករណីនេះនៅតែបន្តកើតឡើងដូចមុនដដែល។
លោកបន្តថា៖ « យើងសង្កេតឃើញថាការផ្តល់ដីទៅឱ្យក្រុមហ៊ុន ទៅឱ្យឯកជន ទៅឱ្យអ្នកមានអំណាច ទៅឱ្យបក្សពួកនៅបឹងតាមោកនេះ គឺថាវាជាបញ្ហាមួយដែលគួរឱ្យចាប់អារម្មណ៍ ដែលយើងកំពុងតែមានចំងល់ថាហេតុអ្វីបានជាពន្លឿនក្នុងការផ្តល់ដីឱ្យហ្នឹង ដោយមិនបានគិតគូរពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋក៏ដូចជាបរិស្ថាន ។ ឥលូវហ្នឹង! កំពុងតែមានការចាក់ដីយ៉ាងគគ្រឹកគគ្រេងហើយការចាក់ដីហ្នឹង គឺថាហាក់បីដូចជាលឿនណាស់ […] យើងតែងសង្ឈឹមថាពួកគាត់នឹងទទួលបានម្លប់ជ្រកកោននៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មីហ្នឹង សង្ឃឹមថានឹងមានសេចក្តីសុខ និងសន្តិភាព ប៉ុន្តែរហូតមកដល់បច្ចុប្បន្ននេះឃើញថាវាអត់បានកាត់បន្ថយបញ្ហាដែលកើតឡើងពីមុនមកទេ មានតែបន្ត ហើយរឹតតែមានការកើនឡើងនៃការចាក់ដីនេះទៀត » ។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយជុំវិញករណីនេះពី លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញសង្គមតេឡេក្រាមដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ គិតមកត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ នេះ។
បឹងតាមោកគឺជាបឹងធម្មជាតិដ៏ធំមួយដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌព្រែកព្នៅ។ សព្វថ្ងៃបឹងធម្មជាតិនេះ ត្រូវបានចាក់ដីលុបក្រោមរូបភាពនៃការអភិវឌ្ឍន៍។ ក្រោយពីបឹងនៅទីក្រុងភ្នំពេញត្រូវលុបជាបន្តបន្ទាប់ គេសង្កេតឃើញថាបញ្ហាទឹកជំនន់ជន់លិចទីក្រុងតែងតែកើតមានជាញឹកញាប់ នៅរដូវភ្លៀងដែលបណ្តាលជះផលប៉ះពាល់ទាំងផ្នែកសេដ្ឋកិច្ច និងសង្គម៕