សាកលវិទ្យាល័យជាទីកន្លែងដែលនិស្សិតអាចជ្រើសរើសបន្តការសិក្សាទៅលើមុខវិជ្ជាផ្សេងៗបន្ទាប់ពីបញ្ចប់វិទ្យាល័យ។ និស្សិតខ្លះជ្រើសរើសយកមុខជំនាញតែមួយគត់សម្រាប់មុខជំនាញសិក្សា ចំណែកនិស្សិតខ្លះទៀតជ្រើសយកការសិក្សាពីរមុខជំនាញក្នុងពេលតែមួយ។
Newsroom Cambodia បានសម្ភាសន៍អតីតនិស្សិត និងនិស្សិតចំនួន៩ នាក់តាមសាកលវិទ្យាល័យផ្សេងៗគ្នា អំពីការយល់ឃើញរបស់ពួកគេទាក់ទងនឹងការសិក្សានៅសាកលវិទ្យាល័យពីរក្នុងពេលតែមួយ ៖

រូបភាព៖ លោក ហ៊ី សុខថានិត
លោក ហ៊ី សុខថានិត អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី១នៃសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញបានលើកឡើងថា ការសិក្សាពីរសាកលវិទ្យាល័យក្នុងពេលតែមួយគឺប្រឈមទាំងផលវិជ្ជមាន និងផលអវិជ្ជមានស្របគ្នា។
លោកបាននិយាយថា៖ «អ្នកដែលរៀនពីរសាកលវិទ្យាល័យ ហើយបន្តរៀនដល់តែចប់បានសញ្ញាប័ត្រប្រាកដណាស់ពួកគេនឹងទទួលបាននូវឱកាសការងារក៏ដូចជាបើកឱកាសឲ្យខ្លួនឯងបានច្រើនដោយសារតែចេះជំនាញច្រើនជាជាងអ្នកដែលរៀនមួយសាកលវិទ្យាល័យ»។
លោកបន្តថា៖ «ទោះបីជាលទ្ធផលអ្នករៀនពីរសាកលវិទ្យាល័យគឺរកការងារបានលឿនមែនពិត តែពួកគេប្រឈមមុខនឹងបញ្ហាពេលវេលា និងសមត្ថភាពផ្ទាល់ខ្លួន ដែលអ្នកខ្លះមិនអាចផ្តោតទៅលើទាំងពីរជំនាញក្នុងពេលតែមួយនោះទេ គឺផ្តោតមួយជំនាញ ប្រលែងមួយជំនាញ»។

រូបភាព៖ កញ្ញា នៅ នាថខេមា
កញ្ញា នៅ នាថខេមា អាយុ ២១ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា ការរៀនពីរសាកលវិទ្យាល័យក្នុងពេលតែមួយគឺអាចប្រឈមមុខនឹងបញ្ហាសុខភាពក្នុងពេលកំពុងសិក្សា។
កញ្ញាបាននិយាយថា៖ «ការរៀនពីរសាកលវិទ្យាល័យក្នុងពេលតែមួយគឺអាចប្រឈមនឹងបញ្ហាមួយគឺមិនអាចគ្រប់គ្រងពេលវេលាថែទាំសុខភាពបានល្អ ព្រោះសុខភាពជាកត្តាចម្បង បើយើងមិនមានសុខភាពល្អ នោះការសិក្សារៀនសូត្រយើងក៏មានការរអាក់រអួលផងដែរ»។
កញ្ញាបានបន្តទៀតថា៖ «ការរៀនតែមួយសាកលវិទ្យាល័យនោះគឺអាចធ្វើឲ្យយើងអាចផ្តោតទៅលើជំនាញដែលយើងរៀនច្បាស់ ហើយក៏មិនមានបញ្ហាអ្វីដែរចំពោះការរកកាងារប្រសិនបើយើងខិតខំរៀនសូត្រ»។
កញ្ញាក៏បានបញ្ជាក់ពីចំណុចអ្នកដែលរៀនពីរសាកលវិទ្យាល័យដែរថា ប្រសិនបើពួកគេអាចគ្រប់គ្រងពេលវេលាបានល្អ នោះពួកគេនឹងអាចបង្កើនចំណេះដឹងច្រើនជាងអ្នករៀនមួយសាកលវិទ្យាល័យ។

រូបភាព៖ កញ្ញា ញិល ហេងថារ័ត្ន
កញ្ញា ញិល ហេងថារ័ត្ន ជានិស្សិតកំពុងរៀនពីរសាកលវិទ្យាល័យ គឺសាកលវិទ្យាល័យជាតិគ្រប់គ្រង និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កញ្ញាបាននិយាយថា ការរៀនពីរសាកលវិទ្យាល័យក្នុងពេលតែមួយ អាស្រ័យលើសមត្ថភាពរបស់និស្សិតខ្លួនឯង។
កញ្ញាបាននិយាយថា៖ «បើយើងនិយាយថាវាពិបាក វាពិបាកហើយ ប៉ុន្តែសំខាន់យើងធ្វើបានអត់ For me [សម្រាប់ខ្ញុំ] ខ្ញុំអាចធ្វើបាន វាពិបាកនៅពេល assignment [កិច្ចការសាលា] បុកមកទាំងពីរ»។

រូបភាព៖ កញ្ញា ជូ គឹមអេង
ចំណែកកញ្ញា ជូ គឹមអេង និស្សិតរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ជំនាញសេដ្ឋកិច្ចឌីជីថល និងនៅវិទ្យាស្ថានភាសាបរទេស IFL ជំនាញភាសាអង់គ្លេសនិយាយថា ការរៀនពីរសាកលវិទ្យាល័យមិនមានការលំបាកនោះទេ ប្រសិនបើមានការគ្រប់គ្រងពេលវេលាបានល្អ។
កញ្ញាលើកឡើងថា៖ «អាចមកពីជំនាញរបស់ខ្ញុំដែរ ខ្ញុំរៀនជំនាញសេដ្ឋកិច្ចឌីជីថលដែលភាគច្រើនផ្ដោតលើការសិក្សាស៊ីជម្រៅ តែបែររៀននៅ IFL ជាភាសាអង់គ្លេសមិនសូវស៊ីជម្រៅណាស់ណាទេ។ ហើយមួយវិញទៀត ការរៀនពីរមុខវិជ្ជានេះមិនមានការជាន់ឆ្នាំគ្នានោះទេ មួយរៀននៅឆ្នាំទី៣ មួយទៀតនៅឆ្នាំទី១»។
កញ្ញាបន្ថែមថា៖ «ដូចខ្ញុំអ៊ីចឹង ខ្ញុំរៀនមួយជាជំនាញ មួយទៀតជាភាសា ដើម្បីពង្រឹងភាសាខ្ញុំ ក៏ដូចជាជំនាញដែលខ្ញុំរៀនបច្ចុប្បន្ន តែបើដឹងថាជំនាញហ្នឹងពិបាក យើងត្រូវផ្ដោតទៅជំនាញហ្នឹងតែមួយទៅ ព្រោះវាអាចនាំឱ្យយើងបែក យើងអត់អាចចាប់បានទាំងពីរទេ ក៏ប៉ុន្ដែ បើមួយស្រាលមួយធ្ងន់ វាអត់សូវអីទេ ព្រោះយើងមានស្មារតីបែងចែកវាបាន»។

រូបភាព៖ គិត ចន្ទធីតា
កញ្ញា គិត ចន្ទធីតា ជានិស្សិតរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រងបានលើកឡើងពីទស្សនៈរបស់កញ្ញាលើការរៀនពីរសាកលវិទ្យាល័យក្នុងពេលតែមួយថា៖ «វាអាចត្រូវការពេលច្រើន ដោយសារតែយើងត្រូវបែងចែកពីរសាកល ចឹងខ្ញុំគិតថារៀនច្បាប់ រៀនតែមួយសាកលទេ ព្រោះបើខ្ញុំរៀនពីរសាកល ខ្ញុំអាចនឹងអត់មានពេលមកខាងច្បាប់ច្រើន ខ្ញុំអាចនឹងបែងចែកអត់កើតសម្រាប់ខ្ញុំ»។

រូបភាព ៖ លោក គង់ វិរៈរតនៈសម្បត្តិ
លោក គង់ វិរៈរតនៈសម្បត្តិ អាយុ ២១ ឆ្នាំ ជានិស្សិតឆ្នាំទី៤ នៅសាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញនីតិសាស្ត្រ លើកឡើងថា ការរៀន២ សាកលក្នុងពេលតែមួយ គឺមានការលំបាក ដោយសារត្រូវផ្ដោតទៅលើមុខវិជ្ជានីមួយៗ ហើយមិនស្រូវមានពេលយកចិត្តទុកដាក់លើមុខវិជ្ជាណាមួយ។
លោកបញ្ជាក់ថា៖ «ចំពោះបងប្អូនដែលចង់រៀន ២សាកលក្នុងពេលតែមួយ ខ្ញុំចង់ឱ្យពួកគាត់ ត្រូវបែងចែកពេលវេលាឱ្យបានច្បាស់លាស់ ហើយស្ទង់ពីស្ថានភាព និងសមត្ថភាពរបស់ខ្លួនថាទ្រទ្រង់នឹងការលំបាក ដូចជាការងារមួយគុណពីរ ត្រូវផ្តោតលើមុខវិជ្ជាផ្សេងៗគ្នា តើអាចទ្រទ្រង់ស្ថានភាពលំបាកបែបហ្នឹងបាន ឬអត់? ប្រសិនមានសមត្ថភាព និងលទ្ធភាពក្នុងការរៀនពីរសាកល គឺគាំទ្រឱ្យធ្វើ ទី១ ចំណេញពេលវេលា និងមិនខាតពេលប្រកបវិជ្ជាជីវៈ»។

រូបភាព៖ លោក ឈុន ហុង
លោក ឈុន ហុង អាយុ ២៨ឆ្នាំ ជានិស្សិតសិក្សានៅសាកលវិទ្យាល័យន័រតុន ជំនាញស្ថាបត្យកម្ម ឆ្នាំទី៣ និងសាកលវិទ្យាល័យភូមិនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញនីតិសាស្ត្រ ឆ្នាំទី៤ បានលើកឡើងថា ការសិក្សាជំនាញខុសគ្នា គឺមានភាពលំបាក តែអាស្រ័យលើខ្លួនឯងក្នុងការបែងចែកជំនាញរៀន ដោយសារការងារសាលាច្រើន។
លោកបញ្ជាក់ថា៖ «ការរៀនពីរមុខជំនាញ មានផលវិជ្ជមាន និងផលអវិជ្ជមាន។ ផលអវិជ្ជមាន គឺពេលវេលាមមាញឹក បូកផ្សំជាមួយកិច្ចការសាលា ហើយភាពនឿយហត់ក្នុងការសិក្សា។ បើយើងបែងចែកឱ្យដាច់ និងច្បាស់លាស់ នោះនឹងមានភាពល្អប្រសើរ។ ហើយភាពវិជ្ជមាន គឺទទួលបានចំណេះទូលំទូលានៅក្នុងសង្គម ហើយស្តែងឱ្យឃើញជំនាញស្ថាបត្យកម្ម និងច្បាប់មានភាពប្រទាក់ក្រឡាគ្នា។ ហើយការរៀន ២ មុខវិជ្ជា គឺជាមុខវិជ្ជាដែលស្រលាញ់»។
លោកបន្ថែមថា៖ «ចំពោះប្អូនៗ ដែលមានបំណងរៀនពីរមុខជំនាញ សូមប្អូនជ្រើសរើសមុខវិជ្ជាដែលខ្លួនស្រលាញ់ និង សូមពិនិត្យទៅលើបរិបទសង្គម។ សង្គមតម្រូវការអ្វីខ្លះ ដោយសារជាឱកាសការងារ។ ប្រសិនយើងរៀនមានសមត្ថភាពពិតប្រាកដ យើងនឹងទទួលបានការងារ គ្រាន់តែថាឱកាសការងារបូកជាមួយក្តីស្រលាញ់របស់យើង គឺកាន់តែជម្រុញយើងឱ្យមានភាពល្អប្ររសើរ។ ហើយសុំឱពុកម្តាយ និស្សិតខ្លួន គួរកុំជ្រើសរើសមុខវិជ្ជារៀនតាមមិត្ត ឬឱពុកម្តាយ ព្រោះបើជ្រើសរើសរៀនតាមឱពុកម្តាយ ឬមិត្ត យើងគ្មានភាពជាខ្លួនឯង ហើយមានភាគរយច្រើនដែលធ្វើឱ្យយើងមិនអាចបន្តសិក្សាបាន ប៉ុន្តែបើរៀនក៏អាចរៀនទៅមុខដែរ»។

កញ្ញា នាក់ សុជាខេមា
កញ្ញា នាក់ សុជាខេមា ជានិស្សិតមកពីខេត្តតាកែវ សព្វថ្ងៃសិក្សាអក្សរសាស្រ្តខ្មែរនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញលើកទ្បើងថា ការរៀនពីរសាកលវិទ្យាល័យអាចនឹងពិបាក ប៉ុន្តែអាចបង្កើនចំណេះដឹងដល់និស្សិតបានច្រើន។
កញ្ញាបានបន្ថែមថា៖ «ការសិក្សាសាកលវិទ្យាល័យមួយអាចនឹងចំណាយពេលច្រើនលើការរៀនសូត្រផង និងការធ្វើការផង។ ចំណែកអ្នករៀនពីរសាកលវិទ្យាល័យអាចនឹងផ្ដោតលើការសិក្សាច្រើនជាងការចំណាយពេលវេលាច្រើនជាង និងគិតច្រើន ព្រោះមេរៀនក៏ច្រើនដែរ»។

កញ្ញា ខាន់ ឧស្សា
កញ្ញា ខាន់ ឧស្សា អាយុ ២០ឆ្នាំ និស្សិតឆ្នាំទី ៣ នៃដេប៉ាតឺម៉ង់សិក្សាអន្តរជាតិនៃវិទ្យាស្ថានសិក្សាបរទេសបាននិយាយថា ការរៀនអាចនឹងធ្លាក់ចុះ បើគ្មានការគ្រប់គ្រងពេលវេលាឲ្យបានល្អ ប៉ុន្តែការរៀនពីរសាកលវិទ្យាល័យអាចជួយនិស្សិតឲ្យមានបទពិសោធន៍គ្រប់គ្រាន់ពីការសិក្សា និងអនុវត្ត។
កញ្ញាបានបន្តទៀតថា៖ «បើគាត់រៀនពីរជំនាញក្នុងពេលតែមួយ ផលល្អគឺគាត់ទទួលបានបរិញ្ញាបត្រពីរ អ៊ីចឹងគាត់អាចទៅធ្វើការអ្វីក៏បានតាមជំនាញដែលគាត់រៀន»៕