អង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលទីក្រុងបាត់ដំបងជាបណ្តាញទីក្រុងច្នៃប្រឌិតអាហារដ្ឋានដំបូងគេបង្អស់នៅកម្ពុជា ដែលជាសក្ខីភាពចំពោះកិច្ចខិតខំប្រឹងប្រែងដ៏យូរអង្វែងរបស់ខេត្តបាត់ដំបងក្នុងការទាញយកវប្បធម៌លើកកម្ពស់សេដ្ឋកិច្ច និងភ្ញៀវទេសចរណ៍។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ បានចេញនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បញ្ជាក់ថា ការដាក់បញ្ចូលទីក្រុងបាត់ដំបងជាទីក្រុងច្នៃប្រឌិតរបស់ខ្លួន មិនត្រឹមតែបង្ហាញពីមុខម្ហូបដ៏ពិសេសរបស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលលើវិស័យម្ហូបអាហារដើម្បីបង្កើនការអភិវឌ្ឍក្នុងស្រុក និងការផ្លាស់ប្តូរវប្បធម៌ពិភពលោកផងដែរ។
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបន្ថែមថា៖ «យូណេស្កូ សូមអបអរសាទរដល់កម្ពុជាចំពោះសមិទ្ធិផលលើកដំបូងដែលមិនធ្លាប់មាននេះ។ ការទទួលស្គាល់ក្រុងបាត់ដំបងជាទីក្រុងច្នៃប្រឌិតនៃអាហារដ្ឋាន គឺជាការសរសើរដល់ទ្រព្យសម្បត្តិវប្បធម៌របស់ទីក្រុង ហើយនិងមានសារៈសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ និងភាពច្នៃប្រឌិត ហើយនិងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលទេសចរណ៍របស់សហគមន៍»។
ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា មុខម្ហូបក្នុងស្រុក រួមមាន ណែមបាត់ដំបង (ត្រីទន់) ប្រហុកបាត់ដំបង អាម៉ុកបាត់ដំបង ក្រឡានបាត់ដំបង (អង្ករដំណើបក្នុងបំពង់ឬស្សី) សង្វាក់បាត់ដំបង ល្ហុងបាត់ដំបង កន្ទុយហេសបាត់ដំបង អង្ករសំរូបបាត់ដំបង ទឹកក្រូចបាត់ដំបង គឺជាអាហារដែលពេញនិយមជាងគេ។ មុខម្ហូបទាំងនេះជាបេះដូងនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងខេត្តបាត់ដំបង៕