អង្គការយូណេស្កូបានសម្រេចដាក់បញ្ចូលទីក្រុង​បាត់ដំបងជា​បណ្តាញទី​ក្រុង​ច្នៃ​ប្រឌិត​​អាហារដ្ឋាន​ដំបូង​គេ​បង្អស់​នៅកម្ពុជា ដែលជាសក្ខីភាពចំពោះកិច្ចខិតខំប្រឹងប្រែងដ៏​យូរ​អង្វែង​របស់​ខេត្ត​បាត់ដំបង​ក្នុង​ការទាញ​យក​វប្បធម៌​លើកកម្ពស់សេដ្ឋកិច្ច និងភ្ញៀវទេសចរណ៍។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អង្គការយូណេស្កូ បានចេញនៅថ្ងៃទី៣១ ខែតុលា​ ឆ្នាំ២០២៣  បញ្ជាក់ថា ការដាក់បញ្ចូល​ទីក្រុង​បាត់ដំបង​ជាទីក្រុងច្នៃប្រឌិត​របស់​ខ្លួន​ មិន​ត្រឹមតែ​បង្ហាញ​ពី​មុខ​ម្ហូប​ដ៏​ពិសេស​របស់​ទីក្រុង​ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានឥទ្ធិពលលើវិស័យម្ហូបអាហារដើម្បីបង្កើនការអភិវឌ្ឍ​ក្នុងស្រុក និងការផ្លាស់ប្តូរវប្បធម៌ពិភពលោកផងដែរ។​

ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើបន្ថែមថា៖ «យូណេស្កូ សូម​អបអរ​សាទរ​ដល់​កម្ពុជា​ចំពោះ​សមិទ្ធិ​ផល​លើក​ដំបូង​ដែល​មិន​ធ្លាប់​មាន​នេះ។ ការទទួលស្គាល់ក្រុងបាត់ដំបងជាទីក្រុងច្នៃប្រឌិតនៃអាហារដ្ឋាន គឺជា​ការសរសើរ​ដល់​ទ្រព្យសម្បត្តិវប្បធម៌របស់ទីក្រុង ហើយនិងមានសារៈសំខាន់ក្នុងការលើកកម្ពស់វប្បធម៌ និង​ភាព​ច្នៃ​ប្រឌិត ហើយនិងលើកកម្ពស់កំណើនសេដ្ឋកិច្ច និងប្រាក់ចំណូលទេសចរណ៍របស់សហគមន៍»។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា  មុខម្ហូបក្នុងស្រុក រួមមាន ណែមបាត់ដំបង (ត្រីទន់) ប្រហុក​បាត់ដំបង អាម៉ុកបាត់ដំបង ក្រឡាន​បាត់ដំបង (អង្ករដំណើបក្នុងបំពង់ឬស្សី) សង្វាក់បាត់ដំបង ល្ហុង​បាត់ដំបង កន្ទុយហេសបាត់ដំបង អង្ករសំរូបបាត់ដំបង ទឹកក្រូច​បាត់ដំបង គឺជា​អាហារ​ដែល​ពេញ​និយម​ជាងគេ។ មុខម្ហូបទាំងនេះ​​ជាបេះដូងនៃជីវិតប្រចាំថ្ងៃរបស់ប្រជាជនក្នុងខេត្តបាត់ដំបង៕