ស្ថាបនិកគណបក្សដើម្បីកម្ពុជា យល់ព្រមកែសម្រួលសញ្ញាសម្គាល់របស់គណបក្សឡើងវិញ តាមការស្នើរបស់ក្រសួងមហាផ្ទៃ ឱ្យស្របតាមច្បាប់ ក្រោយរងការច្រានចោលពីក្រសួងនេះចំនួន២លើកក្នុងការបង្កើតគណបក្ស។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញលិខិតមួយដោយតម្រូវឱ្យ លោក ឯម សុខសុវណ្ណ ស្ថាបនិកគណបក្សដើម្បីកម្ពុជា កែតម្រូវសញ្ញាសម្គាល់គណបក្សឱ្យស្របតាមច្បាប់មាត្រា១១ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ទន្ទឹមនេះ ក្រសួងក៏អនុញ្ញាតឱ្យ លោក សុខសុវណ្ណ បង្កើត«គណបក្សដើម្បីកម្ពុជា»ផងដែរ។
ស្ថាបនិកគណបក្សដើម្បីកម្ពុជា លោក ឯម សុខសុវណ្ណ មានប្រសាសន៍ថា លោកកំពុងរចនាសញ្ញាសម្គាល់របស់គណបក្សឱ្យស្របតាមការណែនាំពីក្រសួងមហាផ្ទៃ។
លោកថា៖ «ធ្វើម៉េចក្រសួងមហាផ្ទៃ ឱ្យខ្ញុំកែតម្រូវ ខ្ញុំកែតម្រូវហើយ»។
បើតាម លោក សុខសុវណ្ណ ស្លាកសញ្ញាសម្គាល់របស់គណបក្សដើម្បីកម្ពុជា មានទម្រង់ជាអក្សរ «ក» ប៉ុន្តែ លោកពុំបានបញ្ជាក់ថា នឹងបង្កើតស្លាកសញ្ញាអ្វីផ្សេងឬរចនាក្នុងទម្រង់បែបណាបន្ថែមនោះទេ។
ជាមួយគ្នានេះដែរ លោកក៏បានបង្ហាញការសោកស្ដាយចំពោះគណបក្សចំនួន២ ដែលលោក ព្យាយាមបង្កើតឡើងនាពេលកន្លងមក ហើយត្រូវបានក្រសួងមហាផ្ទៃបដិសេធ ក្នុងនោះមានឈ្មោះ «គណបក្សអាយ៉ងខ្មែរ» និង «គណបក្សខ្ញុំបម្រើខ្មែរ»។
កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានប្រកាសច្រានចោលការសុំចុះបញ្ជីគណបក្សអាយ៉ងខ្មែរ ដោយផ្អែកតាមច្បាប់ស្ដីពីគណបក្សនយោបាយ។ ប៉ុន្តែក្រសួងមហាផ្ទៃមិនបានបញ្ជាក់ពីចំណុចដែលនាំឱ្យស្ថាប័នមួយនេះ សម្រេចទាត់ចោលលិខិតស្នើសុំបង្កើតគណបក្សនយោបាយថ្មោងថ្មីនេះទេ។
យ៉ាងនេះក្តី តាមរយៈលិខិតបដិសេធរបស់ក្រសួងមហាផ្ទៃនេះ បានបញ្ជាក់ថា តំណាងស្ថាបនិកគណបក្ស អាយ៉ងខ្មែរ មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនាមពលរដ្ឋខ្មែរទាំង ៨០នាក់ ដែលផ្គួចផ្ដើមបង្កើតគណបក្សនយោបាយនេះ។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ លើកឡើងថា ស្លាកសញ្ញាសម្គាល់របស់គណបក្សដើម្បីកម្ពុជា មានលក្ខណៈសាមញ្ញគ្មានរចនាបទអ្វីដែលអាចចាត់ទុកជាការកត់សម្គាល់បាន ទើបក្រសួងមហាផ្ទៃតម្រូវឱ្យកែសម្រួលឡើងវិញ។
លោកថា៖ «មើលទៅវាសាមញ្ញពេក គ្រាន់តែយករូបនេះយករូបនោះមកផ្គុំចូលគ្នាបន្តិចបន្តួច»។
នាយកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាមការកត់សម្គាល់ អាជ្ញាធរតែងបង្គាប់ឱ្យគណបក្សនយោបាយកែប្រែនូវលក្ខខណ្ឌ ឬស្លាកសញ្ញាមួយចំនួន ដែលបង្កការលំបាកនិងស្មុគស្មាញដល់អ្នកចង់បង្កើតគណបក្ស។ ការណ៍នេះ លោកយល់ថា ប្រសិនបើករណីនេះ មានការរឹតបន្តឹងខ្លាំងពេក នឹងធ្វើឱ្យប៉ះពាល់ដល់សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយតាមច្បាប់បានកំណត់។
លោកថា៖ «កាលណាវាមានតម្រូវការច្រើន វាធ្វើឱ្យមានផលពិបាកសម្រាប់អ្នកដែលចង់បង្កើតគណបក្សនយោបាយហ្នឹង»។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ សម្រេចបដិសេធការស្នើសុំចុះបញ្ជីគណបក្ស «បេះដូងជាតិ» ក្រោយរកឃើញថាការផ្ដិតស្នាមមេដៃរបស់សមាជិកគណបក្សដើម្បីគាំទ្រក្នុងការសុំចុះបញ្ជី មានចេតនាទុច្ចរិត ដោយមានស្នាមផ្តិតមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និងការផ្ដិតធ្វើឱ្យខូចគុណភាព ដើម្បីបង្កើនបរិមាណចំនួនសមាជិកជាដើម។
ជុំវិញករណីនេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តុលាការរាជធានីភ្នំពេញ សម្រេចឃុំខ្លួនស្ថាបនិកគណបក្សបេះដូងជាតិ លោក សៀម ភ្លុក ដាក់ពន្ធនាគារព្រៃស ក្រោមបទចោទប្រកាន់ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» នៅបន្ទាប់មានពាក្យបណ្តឹងពីក្រសួងមហាផ្ទៃ។
ដោយឡែក មនុស្សចំនួន ២៣ នាក់ដែលជាអតីតមន្រ្តីគណបក្សភ្លើងទៀន នៅខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៨ និងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានស្នងការរដ្ឋាននគរបាលខេត្តចាប់ខ្លួន ពាក់ព័ន្ធនឹងការផ្តិតមេដៃ ដើម្បីបង្កើតគណប្ស «បញ្ញាទំនើប»។
ក្រោយមកនៅ ថ្ងៃទី១៥ ខែកញ្ញា មនុស្សចំនួន៦នាក់ ត្រូវបានតុលាការខេត្តបន្ទាយមានជ័យសម្រេចចេញដីកាឱ្យឃុំខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តពាក់ព័ន្ធនឹងបទចោទ «ញុះញង់» ខណៈសមាជិកគណបក្សនេះចំនួន១៧នាក់ផ្សេងទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយគ្នា តុលាការបានបង្គាប់ឱ្យដោះលែងវិញ ជាថ្នូរនឹងការផ្ដិតមេដៃ៕