ស្ថាបនិកគណបក្សដើម្បីកម្ពុជា យល់ព្រមកែសម្រួលសញ្ញាសម្គាល់របស់គណបក្សឡើងវិញ តាមការស្នើរបស់​ក្រសួង​មហាផ្ទៃ ឱ្យស្របតាមច្បាប់ ក្រោយរងការច្រានចោលពីក្រសួងនេះចំនួន២លើកក្នុងការបង្កើតគណបក្ស។

កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃបានចេញលិខិតមួយដោយតម្រូវឱ្យ លោក ឯម សុខសុវណ្ណ ស្ថាបនិកគណបក្សដើម្បីកម្ពុជា កែតម្រូវសញ្ញាសម្គាល់គណបក្សឱ្យស្របតាមច្បាប់មាត្រា១១ នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ ទន្ទឹមនេះ ក្រសួង​ក៏អនុញ្ញាតឱ្យ លោក សុខសុវណ្ណ បង្កើត«គណបក្សដើម្បីកម្ពុជា»ផងដែរ។

ស្ថាបនិកគណបក្សដើម្បីកម្ពុជា លោក ឯម សុខសុវណ្ណ មានប្រសាសន៍ថា លោកកំពុងរចនាសញ្ញា​សម្គាល់របស់គណបក្សឱ្យស្របតាមការណែនាំពីក្រសួងមហាផ្ទៃ។

លោកថា៖ «ធ្វើម៉េចក្រសួងមហាផ្ទៃ ឱ្យខ្ញុំកែតម្រូវ ខ្ញុំកែតម្រូវហើយ»។

បើតាម លោក សុខ​សុវណ្ណ ស្លាកសញ្ញាសម្គាល់របស់គណបក្សដើម្បីកម្ពុជា មានទម្រង់ជាអក្សរ «ក» ប៉ុន្តែ លោក​ពុំបានបញ្ជាក់ថា នឹងបង្កើតស្លាកសញ្ញាអ្វីផ្សេងឬរចនាក្នុងទម្រង់បែបណាបន្ថែមនោះទេ។

ជាមួយគ្នានេះដែរ លោកក៏បាន​បង្ហាញការសោកស្ដាយចំពោះគណបក្សចំនួន២ ដែល​លោក ព្យាយាមបង្កើតឡើងនាពេលកន្លងមក ហើយត្រូវបានក្រសួងមហាផ្ទៃបដិសេធ ក្នុងនោះមាន​ឈ្មោះ​ «គណបក្សអាយ៉ងខ្មែរ» និង «គណបក្សខ្ញុំបម្រើខ្មែរ»

កាលពីថ្ងៃទី​១២ ​ខែ​កញ្ញា ឆ្នាំ២០២៣ ក្រសួងមហាផ្ទៃ បានប្រកាសច្រានចោលការសុំចុះបញ្ជីគណបក្សអាយ៉ងខ្មែរ ដោ​យ​​​ផ្អែកតាមច្បាប់ស្ដីពីគណបក្សនយោបាយ។ ប៉ុន្តែក្រសួងមហាផ្ទៃមិនបាន​បញ្ជាក់ពីចំណុច​​ដែល​នាំឱ្យ​​ស្ថាប័នមួយនេះ សម្រេចទាត់ចោលលិខិត​​ស្នើសុំបង្កើតគណ​​បក្សន​​យោ​​បាយថ្មោង​​ថ្មីនេះ​​ទេ​។

យ៉ាងនេះក្តី តាមរយៈលិខិតបដិសេធរបស់ក្រសួងមហាផ្ទៃនេះ បានបញ្ជាក់ថា តំណាងស្ថាប​និក​គ​ណបក្ស អា​​យ៉ងខ្មែរ មិនបានចុះហត្ថលេខាទទួលស្គាល់បញ្ជីរាយនា​ម​ពលរដ្ឋខ្មែរទាំង ៨០នាក់ ដែលផ្គួចផ្ដើមបង្កើតគ​​ណបក្សនយោបាយនេះ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ លើកឡើង​ថា ស្លាកសញ្ញាសម្គាល់របស់គណបក្សដើម្បីកម្ពុជា មានលក្ខណៈសាមញ្ញគ្មានរចនាបទអ្វីដែលអាចចាត់ទុកជាការកត់សម្គាល់បាន ទើបក្រសួងមហាផ្ទៃតម្រូវឱ្យកែសម្រួលឡើង​វិញ។

លោកថា៖ «មើលទៅវាសាមញ្ញពេក គ្រាន់តែយករូបនេះយករូបនោះមកផ្គុំចូលគ្នាបន្តិចបន្តួច»។

នាយក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស​លីកាដូ លោក អំ សំអាត មានប្រសាសន៍ថា តាម​ការកត់សម្គាល់ អាជ្ញាធរតែងបង្គាប់ឱ្យគណបក្សនយោបាយកែប្រែនូវលក្ខខណ្ឌ ឬ​ស្លាកសញ្ញា​មួយ​ចំនួន​ ដែលបង្កការលំបាកនិងស្មុគស្មាញដល់អ្នកចង់បង្កើតគណបក្ស។ ការណ៍នេះ លោក​យល់​ថា ប្រសិនបើករណីនេះ មានការរឹតបន្តឹងខ្លាំងពេក​ នឹងធ្វើឱ្យប៉ះពាល់ដល់​សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយតាមច្បាប់បានកំណត់។

លោក​​ថា៖ «កាលណាវាមានតម្រូវការច្រើន វាធ្វើឱ្យមានផលពិបាកសម្រាប់អ្នកដែលចង់បង្កើតគណបក្សនយោបាយហ្នឹង»។

កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ សម្រេចបដិសេធការស្នើសុំចុះបញ្ជីគណបក្ស «​បេះដូងជាតិ» ក្រោ​យ​រកឃើញថាការផ្ដិត​ស្នាម​មេដៃ​របស់​សមាជិកគណបក្ស​ដើម្បីគាំទ្រ​ក្នុងការសុំចុះបញ្ជី មានចេតនាទុច្ចរិត ដោយ​មានស្នាមផ្តិតមេដៃជំនួស ការក្លែងបន្លំអត្តសញ្ញាណបុគ្គល និង​ការផ្ដិតធ្វើឱ្យ​ខូច​គុណភាព ដើ​​ម្បី​​បង្កើនបរិមាណចំនួនសមាជិកជាដើម។

ជុំវិញករណីនេះ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ តុលាការរាជធានីភ្នំពេញ សម្រេច​ឃុំខ្លួនស្ថាបនិកគណបក្ស​បេះដូង​ជាតិ លោក សៀម ភ្លុក ដាក់ពន្ធនាគារ​ព្រៃ​ស ក្រោម​បទចោទ​ប្រកាន់​ «ក្លែងបន្លំ និងប្រើប្រាស់លិខិតក្លែង» នៅបន្ទាប់មានពាក្យបណ្តឹងពីក្រសួងមហាផ្ទៃ។

ដោយឡែក មនុស្សចំនួន ២៣ នាក់ដែលជាអតីតមន្រ្តីគណបក្សភ្លើងទៀន នៅខេត្តបន្ទាយមានជ័យ កា​​ល​ពី​​ថ្ងៃទី៨ និងថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវបានស្នងការរដ្ឋាននគរបាលខេត្តចាប់ខ្លួន ពាក់ព័ន្ធនឹ​ងកា​​​​​រ​​ផ្តិ​​ត​​​​​​មេ​​ដៃ ដើម្បីបង្កើតគណប្ស «បញ្ញាទំនើប»។

ក្រោយមកនៅ ថ្ងៃទី១៥ ខែកញ្ញា មនុស្សចំនួន៦នាក់ ត្រូវបានតុលាការខេត្តបន្ទាយ​​មានជ័យស​​ម្រេច​​ចេញដីកាឱ្យឃុំខ្លួ​​ន​​បណ្តោះអាសន្ននៅក្នុងពន្ធនាគារខេត្តពាក់ព័ន្ធនឹងបទចោទ «ញុះញង់» ខណៈស​​មា​​ជិក​​គណបក្សនេះចំ​​នួ​​ន១៧នាក់ផ្សេងទៀត ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាមួយគ្នា តុលាការបា​​នប​​ង្គា​​​​​ប់ឱ្យដោះលែងវិញ ជា​​ថ្នូរនឹងការផ្ដិតមេដៃ៕