ជារឿយៗ គេតែងឮអំពីការផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតនៅតាមសាលារដ្ឋ និងឯកជនមួយចំនួនដោយអាចសិក្សាដោយមិនបង់ថ្លៃ។ អាហារូបករណ៍ភាគច្រើនគឺផ្តល់ដល់សិស្សនិស្សិតដែលរៀនពូកែ និងសិស្សនិស្សិតដែលក្រីក្រ។
ហើយថ្មីៗនេះ លោក ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានប្រកាសផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិតចំនួន៤០០កន្លែង ដោយមានថ្នាក់បរិញ្ញាបត្ររង-ថ្នាក់បរិញ្ញាបត្រ ចំនួន៣០០កន្លែង និងថ្នាក់បរិញ្ញាបត្រជាន់ចំនួន ១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ដែលបានសហការជាមួយវិទ្យាស្ថានខ្មែរជំនាន់ថ្មី។
Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦រូបដែលមកពីសាកលវិទ្យាល័យខុសៗគ្នាក្នុងរាជធានីភ្នំពេញ អំពីការយល់ឃើញរបស់ពួកគេចំពោះការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត៖
កញ្ញា កាំង លីហ្សា ជានិស្សិតឆ្នាំទី២ នៅសកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានលើកឡើងថា កញ្ញាគឺយល់ស្របថាអាហារូបករណ៍ពិតជាអាចជួយនិស្សិតយ៉ាងច្រើនខ្លាំងណាស់។
រូបភាព ៖ កញ្ញា កាំង លីហ្សា
កញ្ញាបានបន្តថា៖ «ការសិក្សានៅសាកលវិទ្យាល័យប្រៀបបានដូចជាការចាប់ផ្តើមថ្មីម្តងទៀត និងការទទួលបានអាហារូបករណ៍អាចសម្រួលបន្ទុកហិរញ្ញវត្ថុ ដោយសិស្សានុសិស្សអាចផ្តោតទៅលើការសិក្សាតែប៉ុណ្ណោះដោយមិនត្រូវការគិតពីបញ្ហាការចំណាយទៅលើការសិក្សា»។
លោក លីម គាសេង ជានិស្សិតឆ្នាំទី២ នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ មកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននិយាយថា អាហារូបករណ៍ប្រៀបដូចជារង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្ស និងក៏ជាចំណែកមួយសំខាន់ជួយពួកគេបន្តការសិក្សាឲ្យបានកាន់តែខ្ពង់ខ្ពស់។
រូបភាព ៖ លោក លីម គាសេង
លោកបានបន្ថែមថា៖ «ខ្ញុំក៏និស្សិតអាហារូបករណ៍មួយរូបដែរ ហើយការផ្ដល់អាហារូបករណ៍គឺល្អណាស់ដល់សិស្សានុសិស្សរៀនថ្នាក់បរិញ្ញាបត្រខ្ពស់ទៅថ្ងៃមុខ»។
កញ្ញា ឡុង សេរីបូរីតា ជានិស្សិតឆ្នាំទី២ មកពីសាលា ខេមអេដ បានបញ្ចេញមតិថា អាហារូបករណ៍ ពិតជាជួយដល់ជីវភាពនិស្សិតខ្លាំងណាស់សម្រាប់ការសិក្សាបច្ចុប្បន្ន និងទៅថ្ងៃអនាគត។
រូបភាព ៖ កញ្ញា ឡុង សេរីបូរីតា
កញ្ញាបន្តថា៖ «អាហារូបករណ៍អាចជួយផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យមាននិស្សិតចូលធ្វើការងារល្អបានច្រើន ទទួលបានកេរ្តិ៍ឈ្មោះជូនដល់ក្រុមគ្រួសារ និងអាចបន្តការសិក្សាបានខ្ពង់ខ្ពស់បន្ត»។
កញ្ញា ទឹម សុខជា ជានិស្សិតឆ្នាំទី១ផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មកពីខេត្តបាត់ដំបង បាននិយាយថា អាហារូបករណ៍ពិតជាសំខាន់ខ្លាំង ដែលជួយដល់ការសិក្សារៀនសូត្រថែមទាំងបានរៀននូវជំនាញដែលខ្លួនស្រលាញ់និងអាចសម្រេចក្តីស្រមៃរបស់ខ្លួន។
រូបភាព ៖ កញ្ញា ទឹម សុខជា
កញ្ញាបន្តបន្ថែមថា៖ «មានច្រើនទី១ផ្តល់ឱកាសឲ្យសិស្សានុសិស្សបានសិក្សារៀនសូត្របន្ត សិស្សដែលគាត់អត់មានធនធានលក្ខណ:ថាជួយបានច្រើនគឺសម្រួលបន្ទុកពេលយើងបង់ថ្លៃសាលាធ្វើឲ្យគាត់បន្តការសិក្សានៅជំនាញដែលគាត់ស្រលាញ់ ហើយវាអាចជាជ្រុងមួយជួយសម្រេចដល់អនាគតគាត់»។
កញ្ញា ឈួន សុផារី ជានិសិ្សតឆ្នាំទី១ នៃវិទ្យាសាស្រ្តពាណិជ្ជសាស្រ្ត មកពីភ្នំពេញបានលើកឡើងថា កញ្ញាក៏ជាសិស្សអាហារូបករណ៍មួយរូបដែរ។
កញ្ញាសុផារីបានលើកឡើងថា៖ «អាហារូបករណ៍បានផ្តល់ផលប្រយោជន៏ច្រើនដល់និសិ្សត អាចជួយផ្នែកហិរញ្ញវត្ថុ ធ្វើឲ្យមាននិស្សិតចូលធ្វើការងារល្អបានច្រើន»៕