រដ្ឋបាល​រាជធានី​ភ្នំពេញ​​​​​​ណែនាំ​ជាថ្មី​ឱ្យ​អនុវត្ត​សារាចរ​​មិនយក​​ថ្លៃ​ភាស៊ី ​និង​ថ្លៃ​ផ្សេង​ទៀត​ពី​អ្នក​លក់​តាម​កញ្ច្រែង​ កញ្ជើ​ ល្អី​ និង​អ្នកលក់​ដូរ​ចល័ត ព្រមទាំង​ស្នើ​ឱ្យ​អ្នកលក់ដូរ​ទាំងនោះ​ប្ដឹ​ង​ទៅ​អាជ្ញាធរ​ក្នុង​ករណី​មាន​ការ​ទារ​ភាស៊ី​​​​​។​

ក្នុង​សេចក្ដី​ណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ចុះ​ថ្ងៃ​ទី៣១​ ខែតុលា ​ឆ្នាំ២០២៣​ ​សាលា​រាជធានី​បាន​ណែនាំឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធគ្រប់លំដាប់​ថ្នាក់​​អនុវត្ត​សារាចរ​លុប​ការ​បង់​ថ្លៃ​ភាស៊ី ​និង​ការ​បង់​ថ្លៃ​ផ្សេង​ទៀត​ ចំពោះ​អ្នក​លក់​ដូរ​តាម​កញ្ច្រែង ​កញ្ជើ ​ល្អី ​នៅ​កន្លែង​លក់​ដូរ​ និង​ទីផ្សារ​ ដែល​បាន​​ចេញ​កាល​ពី​ថ្ងៃ​ទី៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៦។​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ប​ន្ថែម​ថា​ អាជីវករ​លក់​ដូរ​តាម​កញ្ច្រែង ​កញ្ជើ ​ល្អី ​និង​លក់​ដូរ​ចល័ត​គ្រប់​ប្រភេទ​ មិន​ត្រូវ​បង់​ភាស៊ី ​ឬ​បង់​ថ្លៃ​ផ្សេងៗ​ឱ្យ​អ្នក​ប្រមូល​ភាស៊ី ​ឬ​ជន​ខិលខូច​ទេ​ និង​ប្រាប់​អាជីវករ​ទាំង​នោះ​ប្ដឹង​ទៅ​កាន់​អាជ្ញាធរ​​ក្នុងករណីមានអ្នកទារភាស៊ី​។

សាលា​រាជធានី​ភ្នំពេញ​បញ្ជាក់​​ថា៖​ «ក្នុង​ករណី​មាន​អ្នក​ទាមទារ​ ឬ​បង្ខិតបង្ខំ​ឱ្យ​បង់​ភាស៊ី ​ឬ​បង់​ថ្លៃ​ផ្សេងៗ​តាម​គ្រប់​រូបភាព​ខុស​ពី​សារាចរ​ លេខ​ ១១​ សរ​ ចុះ​ថ្ងៃ​ទី​០៩​ ខែ​ធ្នូ ​ឆ្នាំ​២០១៦ ​របស់​រាជ​រដ្ឋាភិបាល ​សូម​បង​ប្អូន​អាជីវករ​រាយការណ៍ ​ជា​បន្ទាន់​មក​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​ជិត​បំផុត ​ឬ​ Hotline ​1299 ​ដើម្បី​ចាត់​វិធានការ​រដ្ឋបាល ​និង​វិធានការ​ច្បាប់​ចំពោះ​ជន​បង្ក​ បាន​ទាន់​ពេល​វេលា»។​

អ្នកស្រី សំ សោភា អាយុ៣៨ឆ្នាំ ជាអ្នកលក់ភេសជ្ជៈតាមរទេះនៅម្ដុំបឹងកេងកងបានប្រាប់ថា អ្នកស្រី​នៅ​តែបង់​ថ្លៃភាស៊ី​ឱ្យ​អ្នកដែល​មកទារភាស៊ី​​៦០០រៀល​ជារៀងរាល់ថ្ងៃ ​ខណៈអ្នកទារ​ប្រាប់ថា ជាភាស៊ីអនាម័យ។ អ្នកស្រី​​បន្ថែម​​ថា​ ការ​ឈប់​យក​ថ្លៃ​ភាស៊ី​អាច​ជួយ​ដល់​ជីវភាព​អ្នក​ស្រី​បាន​មួយ​ចំណែក។​

អ្នកស្រី​ថា៖​ «ល្អ​ដែរ​ព្រោះ​យើង​ជីវភាព​យើង​ឥឡូវ​កំពុង​រក​អត់​សូវ​បាន​ គាត់​អត់​យក​ក៏​ល្អ​ដែរ​ធូរ​សម្រាល​យើង​បាន​ខ្លះ​ដែរ​ ព្រោះ​យើង​រក​អត់​សូវ​បាន»។​

ចំណែក​លោក ​ភេង​ លត​ អាយុ​៥០ឆ្នាំ ​ជា​អ្នក​លក់​ដូង​នៅម្ដុំ​ផ្សារ​ច្បារអំពៅ​និយាយ​​ថា​ ​លោក​ត្រូវ​បង់ថ្លៃភាស៊ី​​​៥០០រៀល​ក្នុង​មួយ​ថ្ងៃ ​ហើយ​ថា ​លោ​ក​នឹង​នៅ​តែ​​បន្ត​ ប្រសិនមាន​អ្នក​ទារ។​

លោក​បាន​បន្ត​ថា៖​ «បើ​គេ​យក​ ឱ្យ​ទៅ​គេ​ទៅ ​គេ​អត់​ក៏​តាម​ហ្នឹង​ទៅ ​អរគុណ​គេ​ទៅ​ […]​ បើ​ឈប់​រឹត​តែ​ល្អ​ជាង​ ព្រោះ​រក​អត់​បាន​ដែរ​ ពិបាក​រក​ណាស់ ​ពិបាក​រក​លុយ​ណាស់​ឥឡូវ»។​

អ្នកស្រី​ នី ​ហុកឃី ​អាយុ​៤៣​ឆ្នាំ ​ជា​អ្នក​លក់​គ្រឿង​សមុទ្រ​នៅ​ផ្សារ​ច្បារអំពៅ​​ប្រាប់​ថា ​អ្នកស្រី​បង់​ថ្លៃ​ភាស៊ី​ចំនួន​ ៥០០​ រៀល​ រាល់​ថ្ងៃ​ដើម្បី​ឱ្យ​គេ​សំអាត​កន្លែង​លក់​ដូរ​របស់​អ្នក​ស្រី។​

អ្នកស្រី​បន្ត​ថា៖​ «ខ្ញុំ​គិត​ថា​ វា​មិន​ជា​បញ្ហា​ទេ ​ដោយសារ​វា​តិចតួច​ និយាយ​ទៅ​សម្រាប់​ឱ្យ​គេ​បោស​សំអាត​កន្លែង​យើង​លក់​ដូរ​ឱ្យ​ស្អាត​មាន​ផាសុកភាព»។​

អាជីវករ​រូប​នេះ​យល់​ថា​ ការ​ដែល​រដ្ឋាភិបាល​ឈប់​ជា​ថ្លៃ​ភាស៊ី​ជា​រឿង​ល្អ ​ដោយ​អ្នក​ស្រី​ថា​ ជា​ទូទៅ​អាជីវករ​តែង​តែ​ចង់​ចំណាយ​តិច។​

ក្រុម​អាជីវករ​ទាំង​នោះ​លើកឡើងថា អ្នកមកទារ​ថ្លៃ​ភាស៊ី​តែង​ស្លៀកពាក់ស៊ីវិល ហើយពួកគេក៏​មិន​ដឹង​ថា​អ្នកទារ​នោះ​មកពី​ស្ថាប័ន​ណា​ ឬក្រុមណានោះ​ដែរ។​

ប្រធាន​គណៈកម្មការ​ផ្សារ​ច្បារអំពៅ ​លោក ​គួច​ ចំណាន ​បាន​បញ្ជាក់​ថា​ គ្មាន​ការ​ទារ​ថ្លៃ​ភាស៊ី​ពី​អ្នក​លក់​តាម​កញ្ច្រែង​ កញ្ជើ​ ល្អី​ និង​តាម​កង់​ចល័ត​ដែល​មាន​ជីវភាព​ក្រីក្រ​នោះ​ទេ។​ ប៉ុន្តែ​លោក​ថា​ អ្នក​ដែល​មាន​ទីតាំង​លក់​ក្នុង​ផ្សារ​ត្រូវ​បង់​ថ្លៃ​ភាស៊ី​ចំនួន​ ២០០ ​រៀល​សម្រាប់​មួយ​ទីតាំង​ក្នុង​មួយ​ថ្ងៃ​ ទៅ​កាន់​ក្រុមហ៊ុន​ឯកជន​។​​

លោក​បាន​ហាម​អ្នក​លក់​តាម​កញ្ច្រែង​ កញ្ជើ​ ល្អី មិន​ឱ្យ​បង់​ថ្លៃ​ភាស៊ី​ជា​ដាច់​ និង​ស្នើ​ឱ្យ​អាជីវករ​ទាំង​នោះ​រាយការណ៍​ទៅ​កាន់​អាជ្ញាធរ​ដើម្បី​ចាត់​វិធានការ​ទៅ​លើ​អ្នក​ទារ​ថ្លៃ​ភាស៊ី។​

លោក​ថា៖​ ‌«យើង​ក៏​បាន​ណែនាំ​ទៅ​ដល់​អ្នក​លក់​តាម​កញ្ច្រែង​ កញ្ជើ​ ល្អី​ទាំង​អស់​ មិន​អនុញ្ញាត​ឱ្យ​គាត់​បង់​សេវា​ទៅ​បុគ្គល​ណា​ក៏​ដោយ​ មិន​ថា​ភ្នាក់ងារ​ភាស៊ី ​មិន​ថា​ភ្នាក់ងារ​អនាម័យ​ឬ​ក៏​អ្នក​ពាក់ព័ន្ធ​ទាំង​អស់។​ បើ​ក្នុង​ករណី​មាន​បុគ្គល​ណា​ទៅ​ទារ​ សុំ​ឱ្យ​គាត់​ផ្ដល់​ព័ត៌មាន​មក​យើង​ខ្ញុំ ​ដើម្បី​យើង​ខ្ញុំ​នឹង​មាន​វីធានការ​ច្បាប់​ជា​មួយ​និង​គាត់»។​

លោក​ យង់ ​គឹមអេង​ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ ​និង​សន្តិភាព​បាន​ស្វាគមន៍​ចំពោះ​ការ​ឈប់​ប្រមូល​ថ្លៃ​ភាស៊ី​នេះ​។​ ​ប៉ុន្តែ​លោក​ស្នើ​ឱ្យ​មាន​ការ​តាមដាន​ការ​អនុវត្ត​លើ​ការ​ណែនាំ​ឱ្យ​ឈប់​ទារ​ថ្លៃ​ភាស៊ី​នេះ ​ដោយ​កន្លង​មក​លោក​សង្កេត​ឃើញ​ថា​មាន​ការ​បង្ខំ​ឱ្យ​បង​ថ្លៃ​ភាស៊ី​រហូត​ដល់​មាន​ជម្លោះ​ទៀត​ផង។​

លោក ​យង់​ គឹមអេង​ ថា៖​ «ខ្ញុំ​ថា​ជា​រឿង​មួយ​ល្អ​ហើយ​ក៏​គួរ​តែ​អនុវត្ត​ឱ្យ​បាន​ល្អ​ដែរ​ មិន​មែន​បាន​ន័យ​ថា​ដាក់​ចេញ​ហើយ​អត់​បាន​តាមដាន​ការ​អនុវត្ត​ក៏​ពិបាក​ដែរ​ត្រូវ​តាមដាន​ការ​អនុវត្ត​ការ​ឈប់​យក​ថ្លៃ​ភាស៊ី​ហ្នឹង​ពី​ពួក​គាត់​[…]​បើសិន​ជា​ថា​ការ​ដាក់​អ៊ីចឹង​ហើយ​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​គឺ​អ្នក​យក​ភាស៊ី​នៅ​តែ​ដើរ​យក​គឺ​ពលរដ្ឋ​គ្នា​អត់​ជម្រើស​ដដែល​ ប្រសិន​ថា​មិន​ឱ្យ​គេ​ខ្លាច​គេ​មិន​ឱ្យ​លក់​ខាត​អ៊ីចឹង​ទៅ​ក៏​ បាន​ន័យ​ថា​ផល​ប៉ះពាល់​ហ្នឹង​ទៅ​ដល់​ប្រជាពលរដ្ឋ​អ្នក​ក្រីក្រ​នៅ​តែ​ប៉ះពាល់​ដដែល»។

ចាប់តាំង​ពី​សារាចរ​ស្តីពីការ​លុប​ចោល​ការបង់ភាស៊ី​ចេញ​កាល​ពី​ខែធ្នូ​ ឆ្នាំ​២០១៦ គេ​នៅ​តែ​​ឃើញ​អ្នក​លក់ដូរ​ជាច្រើន​លើកឡើងថា​ ពួកគេ​នៅ​តែ​ត្រូវ​បង់ភាស៊ី​​ដែល​មាន​អ្នក​ទារ​ជា​ប្រចាំ​ថ្ងៃ៕​