រដ្ឋបាលរាជធានីភ្នំពេញណែនាំជាថ្មីឱ្យអនុវត្តសារាចរមិនយកថ្លៃភាស៊ី និងថ្លៃផ្សេងទៀតពីអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី និងអ្នកលក់ដូរចល័ត ព្រមទាំងស្នើឱ្យអ្នកលក់ដូរទាំងនោះប្ដឹងទៅអាជ្ញាធរក្នុងករណីមានការទារភាស៊ី។
ក្នុងសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ សាលារាជធានីបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់អនុវត្តសារាចរលុបការបង់ថ្លៃភាស៊ី និងការបង់ថ្លៃផ្សេងទៀត ចំពោះអ្នកលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅកន្លែងលក់ដូរ និងទីផ្សារ ដែលបានចេញកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦។
រដ្ឋបាលរាជធានីភ្នំពេញបន្ថែមថា អាជីវករលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងលក់ដូរចល័តគ្រប់ប្រភេទ មិនត្រូវបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗឱ្យអ្នកប្រមូលភាស៊ី ឬជនខិលខូចទេ និងប្រាប់អាជីវករទាំងនោះប្ដឹងទៅកាន់អាជ្ញាធរក្នុងករណីមានអ្នកទារភាស៊ី។
សាលារាជធានីភ្នំពេញបញ្ជាក់ថា៖ «ក្នុងករណីមានអ្នកទាមទារ ឬបង្ខិតបង្ខំឱ្យបង់ភាស៊ី ឬបង់ថ្លៃផ្សេងៗតាមគ្រប់រូបភាពខុសពីសារាចរ លេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល សូមបងប្អូនអាជីវកររាយការណ៍ ជាបន្ទាន់មកអាជ្ញាធរមានសមត្ថកិច្ចនៅជិតបំផុត ឬ Hotline 1299 ដើម្បីចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ចំពោះជនបង្ក បានទាន់ពេលវេលា»។
អ្នកស្រី សំ សោភា អាយុ៣៨ឆ្នាំ ជាអ្នកលក់ភេសជ្ជៈតាមរទេះនៅម្ដុំបឹងកេងកងបានប្រាប់ថា អ្នកស្រីនៅតែបង់ថ្លៃភាស៊ីឱ្យអ្នកដែលមកទារភាស៊ី៦០០រៀលជារៀងរាល់ថ្ងៃ ខណៈអ្នកទារប្រាប់ថា ជាភាស៊ីអនាម័យ។ អ្នកស្រីបន្ថែមថា ការឈប់យកថ្លៃភាស៊ីអាចជួយដល់ជីវភាពអ្នកស្រីបានមួយចំណែក។
អ្នកស្រីថា៖ «ល្អដែរព្រោះយើងជីវភាពយើងឥឡូវកំពុងរកអត់សូវបាន គាត់អត់យកក៏ល្អដែរធូរសម្រាលយើងបានខ្លះដែរ ព្រោះយើងរកអត់សូវបាន»។
ចំណែកលោក ភេង លត អាយុ៥០ឆ្នាំ ជាអ្នកលក់ដូងនៅម្ដុំផ្សារច្បារអំពៅនិយាយថា លោកត្រូវបង់ថ្លៃភាស៊ី៥០០រៀលក្នុងមួយថ្ងៃ ហើយថា លោកនឹងនៅតែបន្ត ប្រសិនមានអ្នកទារ។
លោកបានបន្តថា៖ «បើគេយក ឱ្យទៅគេទៅ គេអត់ក៏តាមហ្នឹងទៅ អរគុណគេទៅ […] បើឈប់រឹតតែល្អជាង ព្រោះរកអត់បានដែរ ពិបាករកណាស់ ពិបាករកលុយណាស់ឥឡូវ»។
អ្នកស្រី នី ហុកឃី អាយុ៤៣ឆ្នាំ ជាអ្នកលក់គ្រឿងសមុទ្រនៅផ្សារច្បារអំពៅប្រាប់ថា អ្នកស្រីបង់ថ្លៃភាស៊ីចំនួន ៥០០ រៀល រាល់ថ្ងៃដើម្បីឱ្យគេសំអាតកន្លែងលក់ដូររបស់អ្នកស្រី។
អ្នកស្រីបន្តថា៖ «ខ្ញុំគិតថា វាមិនជាបញ្ហាទេ ដោយសារវាតិចតួច និយាយទៅសម្រាប់ឱ្យគេបោសសំអាតកន្លែងយើងលក់ដូរឱ្យស្អាតមានផាសុកភាព»។
អាជីវកររូបនេះយល់ថា ការដែលរដ្ឋាភិបាលឈប់ជាថ្លៃភាស៊ីជារឿងល្អ ដោយអ្នកស្រីថា ជាទូទៅអាជីវករតែងតែចង់ចំណាយតិច។
ក្រុមអាជីវករទាំងនោះលើកឡើងថា អ្នកមកទារថ្លៃភាស៊ីតែងស្លៀកពាក់ស៊ីវិល ហើយពួកគេក៏មិនដឹងថាអ្នកទារនោះមកពីស្ថាប័នណា ឬក្រុមណានោះដែរ។
ប្រធានគណៈកម្មការផ្សារច្បារអំពៅ លោក គួច ចំណាន បានបញ្ជាក់ថា គ្មានការទារថ្លៃភាស៊ីពីអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី និងតាមកង់ចល័តដែលមានជីវភាពក្រីក្រនោះទេ។ ប៉ុន្តែលោកថា អ្នកដែលមានទីតាំងលក់ក្នុងផ្សារត្រូវបង់ថ្លៃភាស៊ីចំនួន ២០០ រៀលសម្រាប់មួយទីតាំងក្នុងមួយថ្ងៃ ទៅកាន់ក្រុមហ៊ុនឯកជន។
លោកបានហាមអ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អី មិនឱ្យបង់ថ្លៃភាស៊ីជាដាច់ និងស្នើឱ្យអាជីវករទាំងនោះរាយការណ៍ទៅកាន់អាជ្ញាធរដើម្បីចាត់វិធានការទៅលើអ្នកទារថ្លៃភាស៊ី។
លោកថា៖ «យើងក៏បានណែនាំទៅដល់អ្នកលក់តាមកញ្ច្រែង កញ្ជើ ល្អីទាំងអស់ មិនអនុញ្ញាតឱ្យគាត់បង់សេវាទៅបុគ្គលណាក៏ដោយ មិនថាភ្នាក់ងារភាស៊ី មិនថាភ្នាក់ងារអនាម័យឬក៏អ្នកពាក់ព័ន្ធទាំងអស់។ បើក្នុងករណីមានបុគ្គលណាទៅទារ សុំឱ្យគាត់ផ្ដល់ព័ត៌មានមកយើងខ្ញុំ ដើម្បីយើងខ្ញុំនឹងមានវីធានការច្បាប់ជាមួយនិងគាត់»។
លោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពបានស្វាគមន៍ចំពោះការឈប់ប្រមូលថ្លៃភាស៊ីនេះ។ ប៉ុន្តែលោកស្នើឱ្យមានការតាមដានការអនុវត្តលើការណែនាំឱ្យឈប់ទារថ្លៃភាស៊ីនេះ ដោយកន្លងមកលោកសង្កេតឃើញថាមានការបង្ខំឱ្យបងថ្លៃភាស៊ីរហូតដល់មានជម្លោះទៀតផង។
លោក យង់ គឹមអេង ថា៖ «ខ្ញុំថាជារឿងមួយល្អហើយក៏គួរតែអនុវត្តឱ្យបានល្អដែរ មិនមែនបានន័យថាដាក់ចេញហើយអត់បានតាមដានការអនុវត្តក៏ពិបាកដែរត្រូវតាមដានការអនុវត្តការឈប់យកថ្លៃភាស៊ីហ្នឹងពីពួកគាត់[…]បើសិនជាថាការដាក់អ៊ីចឹងហើយប៉ុន្តែផ្ទុយទៅវិញគឺអ្នកយកភាស៊ីនៅតែដើរយកគឺពលរដ្ឋគ្នាអត់ជម្រើសដដែល ប្រសិនថាមិនឱ្យគេខ្លាចគេមិនឱ្យលក់ខាតអ៊ីចឹងទៅក៏ បានន័យថាផលប៉ះពាល់ហ្នឹងទៅដល់ប្រជាពលរដ្ឋអ្នកក្រីក្រនៅតែប៉ះពាល់ដដែល»។
ចាប់តាំងពីសារាចរស្តីពីការលុបចោលការបង់ភាស៊ីចេញកាលពីខែធ្នូ ឆ្នាំ២០១៦ គេនៅតែឃើញអ្នកលក់ដូរជាច្រើនលើកឡើងថា ពួកគេនៅតែត្រូវបង់ភាស៊ីដែលមានអ្នកទារជាប្រចាំថ្ងៃ៕