ក្រុមអង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាក់លាក់ ដើម្បីធានានូវការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យ និងតម្លាភាព ទៅលើឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។
ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួមមួយ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ របស់អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិចំនួន២០ ក្នុងនោះមាន មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ(CCIM) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) និងសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា(ADHOC) សហព័ន្ធសហជីពឯករាជ្យ(FUFI) អង្គការសមាគមធាងត្នោត អង្គការGerakan Media Merdeka នៅប្រទេសម៉ាឡេស៊ី និង Prachatai នៅប្រទេសថៃ ជាដើម។
ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយនៅក្នុងទិវាអន្តរជាតិដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននោះ បានលើកឡើងថា ចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់ អ្នកសារព័ត៌មានចំនួន ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនោះ អ្នកសារព័ត៌មានចំនួន ១២នាក់ បានរាយការណ៍អំពីបញ្ហារសើបនៅពេលពួកគេត្រូវបានសម្លាប់។
សេចក្តីថ្លែងការណ៍បន្តថា ទោះជាយ៉ាងណា គ្មានជនល្មើសណាម្នាក់ត្រូវបាននាំមកផ្តន្ទាទោសចំពោះករណីទាំងអស់នេះទេ។
និទណ្ឌភាពចំពោះបទឧក្រិដ្ឋបែបនេះ មិនមែនកើតមានចំពោះតែទៅលើការវាយប្រហារលើអ្នកសារព័ត៌មានប៉ុណ្ណោះទេ ហើយកង្វះខាតនូវការស៊ើបអង្កេត និងនីតិវិធីព្រហ្មទណ្ឌត្រឹមត្រូវ ចំពោះឃាតកម្មលើសកម្មជនបរិស្ថាន លោក ឈុត វុទ្ធី សកម្មជនសហជីព លោក ជា វិជ្ជា និងលោក រស់ សុវណ្ណារ៉េត អ្នកវិភាគនយោបាយ លោកបណ្ឌិត កែម ឡី ក៏បានបង្ហាញពីការរីករាលដាលនៃវប្បធម៌និទណ្ឌភាពដែលមាននៅក្នុងប្រទេសកម្ពុជាផងដែរ។ នេះបើតាមប្រភពដដែល។
សេចក្តីថ្លែងការណ៍រួមដដែលនោះបន្តថា៖ «ការយាយី និងឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាននៅតែជាក្តីបារម្ភនៅឆ្នាំ២០២៣នេះ[…] ការដៅមុខសញ្ញាលើអ្នកសារព័ត៌មាន ជាពិសេសអ្នកដែលកំពុងរាយការណ៍លើប្រធានបទសិទ្ធិមនុស្ស ធ្វើឱ្យប៉ះពាល់ដល់សេរីភាពខាងបញ្ចេញមតិ និងសារព័ត៌មាន បង្កជាការគំរាមកំហែងដល់ការទទួលបានព័ត៌មានរបស់សាធារណជន»។
អង្គការសង្គមស៊ីវិលទាំងនោះ បន្តទៀតថា ការយាយី និងការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស កាន់តែបង្កផលលំបាកថែមទៀត នៅក្នុងការនាំឱ្យបុគ្គលមានអំណាចទទួលខុសត្រូវចំពោះកំហុសរបស់ខ្លួន ហើយនៅពេលដែលអាជ្ញាធរមិនបានធ្វើការស៊ើបអង្កេតត្រឹមត្រូវ និងផ្តន្ទាទោសអ្នកប្រព្រឹត្តឧក្រិដ្ឋកម្មលើអ្នកសារព័ត៌មានទេ នោះក៏ជាសារមួយបង្ហាញថាឧក្រិដ្ឋកម្មបែបនេះត្រូវបានអនុញ្ញាត។
ករណីនេះ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិទាំង២០នេះ បានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ធ្វើការស៊ើបអង្កេតដោយឯករាជ្យទៅលើឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។
អង្គការសង្គមស៊ីវិលទាំងនោះ បានគូសបញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជា ត្រូវតែថ្កោលទោស និងបញ្ចប់នូវនិទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស»។
មន្ត្រីសម្របសម្រួលគម្រោងនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក ហួន ផន មានប្រសាសន៍ថា ការចេញសេចក្តីថ្លែងការណ៍នេះ ជាការក្រើនរំលឹកដល់រដ្ឋាភិបាល ហើយលោកចង់ឃើញរដ្ឋាភិបាលបំពេញតួនាទីរបស់ខ្លួនបានពេញលេញ។
លោកថ្លែងថា៖ «ហើយយើងសង្ឃឹមថា សេចក្តីថ្លែងការណ៍រួមនេះ បង្ហាញអំពីការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិលទៅដល់រដ្ឋាភិបាលឱ្យលោកមានចំណាត់ការជាក់លាក់ណាមួយទាក់ទងនឹងបញ្ហាដែលបានលើកឡើង[…] ចង់ឃើញរដ្ឋាភិបាលលោកបំពេញតួនាទីរបស់ខ្លួនបានពេញលេញ ហើយក៏ដូចជាស្ថាប័នតុលាការដែលមានយុត្តាធិការចំពោះមុខ លោកបំពេញអ្វីដែលសេសសល់រឿងដែលកើតឡើង ជាពិសេស[បញ្ចប់នូវនិទណ្ឌភាពលើ]អ្នកសារព័ត៌មាន»។
យោងតាមសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) អ្នកសារព័ត៌មានចំនួន ៣០នាក់ បានរងនូវការយាយីក្នុងរយៈពេល ១០ខែចុងក្រោយនេះ (ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣) ក្នុងនោះមានអ្នកសារព័ត៌មានខ្លះ បានទទួលរងអំពើហិង្សា និងការគំរាមកំហែង ការប្រឈមនឹងការយាយីតាមផ្លូវតុលាការ និងអ្នកសារព័ត៌មានខ្លះទៀតត្រូវបានឃាត់ខ្លួនដើម្បីសួរចម្លើយ ខណៈអាជ្ញាបណ្ណសារព័ត៌មានចំនួន៥ ត្រូវបានដកហូត។
លោក ណុប វី នាយកប្រតិបត្តិអង្គការខេមបូចា ថ្លែងប្រាប់ Newsroom Cambodia ថា អ្នកសារព័ត៌មាន បានដើរតួនាទីសំខាន់ក្នុងសង្គម ជាពិសេសបានចូលរួមធ្វើកិច្ចការជាច្រើនដែលជំរុញឱ្យមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ និងការលុបបំបាត់នូវអំពើពុករលួយជាដើម។
លោកបន្តថា៖ «សង្ឃឹមថារដ្ឋាភិបាលលោកនឹងពង្រឹងបន្ថែមទៀត ក៏ដូចជាដាក់ចេញនូវការស៊ើបអង្កេតមួយ ដែលផ្តល់ជូននូវយុត្តិធម៌ទៅដល់ជនរងគ្រោះឱ្យបានលឿនជាងពេលបច្ចុប្បន្ន។ មួយវិញទៀត អំពើនិទណ្ឌភាពមកលើអ្នកសារព័ត៌មាននឹងត្រូវបានបញ្ចប់ ហើយនឹងសង្ឃឹមថា ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នាផងដែរ ដើម្បីឈានទៅបញ្ចប់នៅរាល់និទណ្ឌភាពទាំងអស់ហ្នឹង»។
គេហទំព័រ Newsroom Cambodia បានសុំការអត្ថាធិប្បាយជុំវិញករណីនេះពី លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញសង្គមតេឡេក្រាមដែរ ប៉ុន្តែមិនទទួលបានការឆ្លើយតបឡើយ គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ទាក់ទិននឹងករណីនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លើកឡើងថាអំពើហិង្សាលើអ្នកសារព័ត៌មានមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺបានកើតឡើងនៅស្ទើរគ្រប់ប្រទេសក្នុងពិភពលោក ហើយសម្រាប់កម្ពុជា អាជ្ញាធរមានសមត្ថកិច្ចតែងចាត់វិធានការក្នុងការបង្ក្រាបបទល្មើសនានា ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោកមានប្រសាសន៍ថា៖ «អំពើហិង្សាលើអ្នកសារព័ត៌មានតែងតែកើតមាននៅគ្រប់ប្រទេស ដោយសារកំហឹងបុគ្គលដែលសារព័ត៌មានខ្លះ ផ្សាយប៉ះពាល់ដល់ផលប្រយោជន៏របស់គេ ឬប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់គេ តែនេះមិនមែនជាគោលនយោបាយ ឬជាគោលការណ៍របស់រដ្ឋាភិបាលទេ រដ្ឋាភិបាលតែងតែចង់ឱ្យសង្គមមួយ មានសន្តិសុខ សណ្តាប់ធ្នាប់ ព្រោះវាជាមុខមាត់របស់រដ្ឋាភិបាល និងជាការទទួលខុសត្រូវរបស់រដ្ឋាភិបាល»។
កាលពីខែឧសភាកន្លងទៅនេះ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporter Without Border) បានចេញសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោកឆ្នាំ២០២៣ ដោយបានចាត់ថ្នាក់ប្រទេសកម្ពុជា នៅលេខ ១៤៧ ក្នុងចំណោម ១៨០ប្រទេស នៅឆ្នាំ២០២៣នេះ ដោយបានធ្លាក់ចុះ ៥លេខ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។
មាត្រា១៩ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ចែងថា “មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ”។ សិទ្ធិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក និងសេរីភាពក្នុងការស្វែករក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា ដោយគ្មានព្រំដែន ទោះតាមរយៈមធ្យោបាយសម្តែងមតិណាមួយក៏ដោយ៕