ក្រុម​​អង្គការ​សង្គម​ស៊ីវិលជាតិ-អន្តរជាតិ អំពាវនាវដល់រដ្ឋាភិបាលកម្ពុជា​ ចាត់​​វិធានការ​​ជាក់​លាក់ ដើម្បី​ធានា​​នូវ​​ការ​​ស៊ើប​អង្កេត​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​ ឯករាជ្យ​ និង​តម្លាភាព​ ទៅ​លើឧក្រិដ្ឋ​កម្ម​​ប្រឆាំង​​នឹង​​អ្នក​សារ​ព័ត៌មាន​ និង​អ្នក​ការពារសិទ្ធិ​មនុស្ស​​​។​​

ការអំពាវនាវនេះ បានធ្វើឡើងតាមរយៈ​​សេច​​ក្តី​​ថ្លែង​​ការណ៍​​រួម​មួយ ចុះថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣​ របស់​អង្គការសង្គម​ស៊ីវិល​ជាតិ និងអន្តរជាតិចំនួន​២០ ក្នុងនោះមាន​​ មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ(CCIM)​​ មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​​កម្ពុជា​​(CCHR)​ សមាគម​សម្ព័ន្ធ​អ្នកសារ​​ព័ត៌មាន​​កម្ពុជា​​(ខេមបូចា)​ និង​​សមាគម​​​ការពារ​​សិទ្ធិ​​មនុស្ស​​ និង​អភិវឌ្ឍ​ន៍​​នៅកម្ពុជា​(ADHOC)​​ សហព័ន្ធ​សហជីពឯករាជ្យ(FUFI) អង្គការសមាគម​ធាងត្នោត អង្គការ​Gerakan Media Merdeka នៅប្រទេសម៉ាឡេស៊ី និង Prachatai នៅប្រទេសថៃ ជាដើម​។ ​

ក្នុងសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយនៅក្នុងទិវាអន្តរជាតិ​ដើម្បីបញ្ចប់និទណ្ឌភាពលើឧក្រិដ្ឋ​កម្មប្រឆាំង​អ្នកសារព័ត៌មាន​​នោះ បាន​លើកឡើង​ថា ចាប់តាំងពីឆ្នាំ១៩៩៤មក យ៉ាងហោចណាស់ អ្នកសារព័ត៌មានចំនួន ១៥នាក់ ត្រូវបានសម្លាប់នៅក្នុងប្រទេសកម្ពុជា ហើយក្នុងចំណោមនោះ អ្នកសារព័ត៌មានចំនួន ១២នាក់ បានរាយការណ៍អំពី​បញ្ហារសើបនៅពេល​ពួកគេ​ត្រូវបានសម្លាប់។

សេចក្តីថ្លែងការណ៍បន្តថា ទោះជាយ៉ាងណា គ្មានជនល្មើសណាម្នាក់ត្រូវបាននាំមកផ្តន្ទាទោស​ចំពោះករណីទាំងអស់នេះទេ។

និទណ្ឌភាពចំពោះបទឧក្រិដ្ឋ​បែបនេះ មិនមែនកើតមានចំពោះតែ​ទៅលើការវាយប្រហារលើអ្នកសារព័ត៌មាន​ប៉ុណ្ណោះទេ ហើយកង្វះខាត​​នូវ​ការ​ស៊ើប​អង្កេត​ និង​នីតិ​វិធី​ព្រហ្មទណ្ឌត្រឹ​មត្រូវ​​ ចំពោះឃា​ត​កម្ម​លើសកម្មជន​​បរិស្ថាន​ លោក​ ឈុត វុទ្ធី​ សកម្មជន​សហ​ជីព​ លោក​ ជា ​វិជ្ជា ​និង​​លោក​ រស់​ សុវណ្ណា​រ៉េត​ អ្នក​វិភាគ​នយោបាយ​ លោក​បណ្ឌិត​ កែម​ ឡី ​ក៏បាន​បង្ហាញ​ពីការ​រីករាល​ដាលនៃ​វប្បធម៌​និទណ្ឌភាព​​ដែលមាន​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ។ នេះបើតាមប្រភពដដែល។

សេចក្តីថ្លែងការណ៍រួមដដែល​នោះបន្តថា៖ «ការយាយី និងឧក្រិដ្ឋកម្មប្រឆាំងអ្នកសារព័ត៌មាន​នៅតែជាក្តីបារម្ភនៅឆ្នាំ២០២៣នេះ[…] ការដៅមុខសញ្ញាលើអ្នកសារព័ត៌មាន ជាពិសេសអ្នកដែលកំពុងរាយការណ៍លើប្រធានបទសិទ្ធិមនុស្ស​ ធ្វើឱ្យប៉ះពាល់ដល់សេរីភាពខាងបញ្ចេញមតិ និងសារព័ត៌មាន​ បង្កជាការគំរាមកំហែងដល់ការទទួលបានព័ត៌មានរបស់សាធារណជន»។

អង្គការសង្គម​ស៊ីវិល​ទាំងនោះ បន្តទៀត​ថា ការយាយី និងការធ្វើទុក្ខបុកម្នេញទៅលើអ្នកសារព័ត៌មាន និងអ្នកការពារ​សិទ្ធិ​មនុស្ស កាន់តែបង្កផលលំបាកថែមទៀត​ នៅក្នុងការ​នាំឱ្យបុគ្គលមានអំណាចទទួលខុស​ត្រូវចំពោះកំហុសរបស់ខ្លួន ហើយនៅពេលដែលអាជ្ញាធរ​មិនបានធ្វើការស៊ើបអង្កេត​ត្រឹមត្រូវ និង​ផ្តន្ទាទោស​អ្នកប្រព្រឹត្តឧក្រិដ្ឋកម្ម​លើអ្នកសារព័ត៌មានទេ នោះក៏ជាសារ​មួយ​បង្ហាញថាឧក្រិដ្ឋ​កម្ម​បែបនេះត្រូវបានអនុញ្ញាត។

ករណីនេះ អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិទាំង២០នេះ បានអំពាវនាវ​ដល់រដ្ឋាភិបាល​កម្ពុជា ធ្វើការស៊ើបអង្កេតដោយឯករាជ្យទៅលើឧក្រិដ្ឋកម្ម​ដែលបានប្រព្រឹត្តលើអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស។

អង្គការសង្គមស៊ីវិល​ទាំងនោះ បានគូសបញ្ជាក់ថា៖ «រដ្ឋាភិបាលកម្ពុជា ត្រូវតែថ្កោលទោស​ និងបញ្ចប់នូវនិទណ្ឌភាពចំពោះឧក្រិដ្ឋកម្ម​ប្រឆាំងនឹងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស»។

​មន្ត្រី​សម្រប​សម្រួល​គម្រោង​នៃម​ជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​​កម្ពុជា​ លោក​ ហួន ផន​ មានប្រសាសន៍ថា ការចេញ​សេចក្តី​ថ្លែងការណ៍នេះ​ ជាការ​​ក្រើនរំលឹក​ដល់​​រដ្ឋាភិបាល​ ហើយ​លោក​ចង់​ឃើញរ​ដ្ឋាភិបាល​​បំពេញ​តួនាទី​​របស់​​ខ្លួន​បានពេញលេញ​។​​

លោក​ថ្លែងថា​៖ «ហើយ​យើង​សង្ឃឹម​​ថា ​​សេចក្តីថ្លែងការណ៍រួម​​នេះ ​បង្ហាញអំ​​ពីការព្រួយ​បារម្ភ​របស់​អង្គការ​សង្គម​ស៊ីវិលទៅ​ដល់​រដ្ឋាភិបាល​ឱ្យ​លោក​មាន​ចំណាត់​ការជាក់លាក់ណាមួយ​ទាក់ទង​នឹងបញ្ហាដែល​​បាន​លើក​​ឡើង[…] ចង់​ឃើញរដ្ឋា​ភិបាល​លោក​បំពេញ​តួនាទី​របស់ខ្លួនបាន​ពេញលេញ ​ហើយ​ក៏ដូចជា​ស្ថាប័ន​តុលាការ​ដែលមាន​យុត្តាធិកា​រ​ចំពោះ​មុខ លោក​បំពេញអ្វី​ដែលសេសសល់​រឿង​​ដែល​កើតឡើង​ ជាពិសេស[បញ្ចប់នូវនិទណ្ឌភាពលើ​]​អ្នកសារព័ត៌មាន​​​​»។

យោងតាម​​សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) អ្នកសារព័ត៌មានចំនួន ៣០នាក់ បាន​រង​នូវ​ការ​យាយីក្នុងរយៈពេល ១០ខែចុងក្រោយនេះ (ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣) ក្នុងនោះ​មានអ្នកសារព័ត៌មានខ្លះ បាន​ទទួល​រងអំពើហិង្សា និងការគំរាមកំហែង ការ​​ប្រឈមនឹងការយាយីតាមផ្លូវតុលាការ និងអ្នកសារព័ត៌មាន​ខ្លះទៀត​ត្រូវបាន​​ឃាត់ខ្លួនដើម្បីសួរចម្លើយ ខណៈ​អាជ្ញាបណ្ណ​សារព័ត៌មានចំនួន​៥ ត្រូវ​បាន​ដក​ហូត។

លោក ណុប វី នាយកប្រតិបត្តិអង្គការខេមបូចា ថ្លែង​ប្រាប់ Newsroom Cambodia ថា អ្នក​សារព័ត៌​មាន ​បាន​ដើរតួនាទីសំខាន់​ក្នុងសង្គម​ ជាពិសេស​បាន​ចូលរួមធ្វើកិច្ចការជាច្រើនដែល​ជំរុញ​ឱ្យមានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ សេរីភាពបញ្ចេញមតិ និង​ការលុបបំបាត់នូវ​អំពើពុករលួយ​ជាដើម។

លោកបន្តថា៖ «សង្ឃឹមថា​រដ្ឋាភិបាល​លោកនឹងពង្រឹងបន្ថែមទៀត ក៏ដូចជាដាក់ចេញនូវការស៊ើប​អង្កេតមួយ​ ដែល​ផ្តល់ជូន​នូវយុត្តិធម៌ទៅដល់ជនរងគ្រោះ​ឱ្យបានលឿនជាងពេលបច្ចុប្បន្ន។ មួយវិញទៀត អំពើ​និទណ្ឌ​ភាពមកលើ​អ្នកសារព័ត៌មាននឹង​ត្រូវ​បាន​បញ្ចប់ ហើយនឹងសង្ឃឹម​ថា ​​​ប្រជាពលរដ្ឋនឹងចូលរួមទាំងអស់គ្នាផងដែរ ដើម្បីឈានទៅបញ្ចប់នៅរាល់និទណ្ឌ​ភាព​ទាំង​អស់​ហ្នឹង»។

គេហទំព័រ New​sroom Cambodia បាន​​​​​​សុំ​​ការ​​អត្ថាធិប្បាយជុំវិញករណីនេះ​​​ពី ​លោក​​ ទេព អស្នារិទ្ធ​ ​​​អ្នកនាំ​ពាក្យ​​​ក្រសួងព័ត៌មាន តាមប្រព័ន្ធទូរស័ព្ទ និងបណ្តាញ​សង្គម​​តេឡេក្រាមដែរ​ ប៉ុន្តែ​មិន​​​​ទទួល​​​បាន​​​​កា​​រ​ឆ្លើយតប​ឡើយ​​ ​គិត​ត្រឹម​ថ្ងៃ​ទី​​៣ ​ខែវិច្ឆិកា​​ ឆ្នាំ២០២៣​​​​​​នេះ​។​

ទាក់ទិននឹងករណីនេះ លោក​ សុខ ឥសាន អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​ថា​អំពើ​ហិង្សា​លើអ្នកសារព័ត៌មានមិនមែនកើតមានតែនៅក្នុងប្រទេសកម្ពុជានោះទេ គឺបានកើតឡើង​នៅ​ស្ទើរគ្រប់ប្រទេសក្នុងពិភពលោក ហើយសម្រាប់កម្ពុជា អាជ្ញាធរមានសមត្ថកិច្ចតែងចាត់វិធានការ​ក្នុងការបង្ក្រាបបទល្មើសនានា ដើម្បីធានាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិ​ភាព​ជូន​ប្រជាពលរដ្ឋ។  

លោកមាន​ប្រសាសន៍ថា​៖​ «​អំពើហិង្សាលើអ្នកសារព័ត៌​មាន​តែងតែកើ​តមា​ននៅគ្រប់​ប្រទេស ដោយ​សារកំហឹង​បុគ្គល​ដែល​សារព័ត៌​មានខ្លះ ផ្សា​យ​ប៉ះពាល់​ដល់​ផលប្រយោជន៏​របស់គេ ឬ​ប៉ះពាល់ដ​ល់កិ​ត្តិយស​សេចក្តីថ្លៃថ្នូរ​របស់គេ តែ​នេះមិនមែន​ជា​គោលន​យោបាយ​ ឬ​ជាគោលការណ៍​របស់រដ្ឋាភិបាលទេ​ ​រដ្ឋាភិបាល​តែង​តែចង់​ឱ្យ​សង្គម​មួយ មាន​សន្តិសុខ​ សណ្តាប់​ធ្នាប់​ ព្រោះវា​ជាមុខ​មាត់​របស់​រដ្ឋាភិបាល​ និង​ជា​ការ​ទទួល​ខុសត្រូ​វរ​បស់​រដ្ឋាភិបាល​»។​

កាលពីខែឧសភា​កន្លងទៅនេះ អង្គការ​អ្នកសារព័ត៌មាន​គ្មាន​ព្រំដែន (Reporter Without Border) បានចេញសន្ទស្សន៍សេរីភាពសារព័ត៌មាន​ពិភពលោក​ឆ្នាំ២០២៣ ដោយ​បានចាត់ថ្នាក់​ប្រទេស​កម្ពុជា នៅលេខ ១៤៧ ក្នុងចំណោម ១៨០ប្រទេស​ នៅឆ្នាំ២០២៣នេះ ដោយ​បានធ្លាក់ចុះ ៥លេខ បើប្រៀបធៀបទៅនឹងឆ្នាំ២០២២។​

មាត្រា​១៩ នៃ​សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ចែងថា “មនុស្សគ្រប់រូប មានសិទ្ធិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ”។ សិទ្ធិនេះរាប់បញ្ចូលទាំង​សេរីភាព​ក្នុង​ការប្រកាន់​មតិ​ដោយគ្មានការជ្រៀតជ្រែក​ និង​សេរីភាព​ក្នុង​ការ​ស្វែករក​ ការទទួល​ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ និង​គំនិត​នានា ​ដោយគ្មា​នព្រំ​ដែន​ ទោះតា​មរយៈមធ្យោបាយ​សម្តែង​មតិណា​មួយក៏ដោយ​៕