គ្រឿង​ញៀន កំពុងតែ​ជា​​បញ្ហា​ប្រឈម​ខ្លាំង​​មួយ​​​​សម្រាប់​ក្នុង​សង្គម​កម្ពុជា។ ស្ទើតែរៀងរាល់ថ្ងៃ​គេតែង​​ឃើញ​មាន​ការ​​បង្រ្កាប​អ្នក​ជួញ​ដូរ​ និង​ប្រើ​ប្រាស់​គ្រឿង​ញៀនជាច្រើន​ករណី ប៉ុន្តែ​ការជួញ​ដូរ​ និង​ប្រើ​ប្រាស់​​​នៅ​តែ​បន្ត​កើត​មាន ​ខណៈគ្រឿងញៀន​ជះ​ឥ​ទ្ធិពល​អាក្រក់​ដល់ការ​រីក​ចម្រើន​​របស់​ប្រទេស​។

ខាង​ក្រោម​នេះគឺ​ ​ជា​កិច្ច​សម្ភាសន៍​ផ្ទាល់​រវាង​ឧត្ដម​សេនីយ៍​ មាស​ វី​រិទ្ធ អគ្គ​លេខា​ធិ​ការ​នៃ​អាជ្ញា​ធរជាតិ​​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន ជា​មួយ​កញ្ញា ផន ចន្ទ្រា សិ​ក្ខា​កាម​មក​​ពី​​ញូសន៍រូម​ខេម​បូ​ឌា (​Newsroom Cambodia)៖

Q: ជម្រាប​សួរ​លោក​ឧត្ដម​សេនីយ៍ មាស វី​រិទ្ធ!

A: បាទ​ជម្រាបសួរ!

Q: តើការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន​មាន​ស្ថានភាព​បែបណា​ដែរ?

A: ​បច្ចុប្បន្ន​កំពុង​រីក​រាល​ដាល​ដល់​ស្រទាប់​យុវ​វ័យ​ ជាពិ​សេស​យុវជន​ដែល​មាន​អា​យុ​ក្នុង​ចន្លោះពី​​១៨​ទៅ​៣៥ឆ្នាំ​​ ហើយ​ការ​​សេព​​​គ្រឿង​​​ញៀន​​នេះ​​វា​មាន​លក្ខណៈ​​ជាច្រើន​ប្រភេទ​នៃ​គ្រឿង​ញៀន​​ ប៉ុ​ន្តែ​យើង​បានធ្វើ​ការ​​កត់​សម្គាល់​ភាគ​ច្រើន​អ្នក​ប្រើ​ប្រាស់ដែលមាន​មុខ​របរ​ជា​កម្មករ​ ឬក៏​ជាអ្នក​មិ​ន​មាន​​ការងារ​ធ្វើ​ពិត​ប្រាកដ​ ឬក៏​អ្ន​កធ្វើ​កិច្ច​ការងារ​​ធ្ងន់ ហើយ​ពាក់​ព័ន្ធទៅ​នឹង​មុខ​របរ​ពេល​រាត្រី​ ដូច​ជា​​​បម្រើ​ការ​កំសាន្ត​សប្បាយ​ ​អ្នក​បើក​បរ​រថយន្ត​ធុន​ធំទាំង​ដឹក​ទំ​និញ ​ឬក៏ដឹក​ក​ម្មករ។

អ៊ីចឹង​គាត់​ប្រើ​ប្រាស់​ប្រភេទ​មេ​តង់​ពី​តាមី​ន​ នៅ​ក្នុង​រូប​ភាព​ជក់ មេ​តង់ពី​តា​មីន​អាយ និង​គ្រាប់​ ឯ​សារ​ធាតុញៀនផ្សេង​ទៀត​ដូច​ជា​​ហេ​រូ​អ៊ីន ប្រើប្រាស់​ដោយ​ចាក់ ប៉ុន្តែ​មាន​មនុស្ស​តិច​ដែល​បាន​ប្រើ​ប្រាស់​ប្រភេទ​ហេរូអ៊ីន​​ចាក់​បញ្ចូល​តាម​សសៃ​ឈាម​​ គឺ​យើង​សង្កេត​ឃើ់​ញ​ថា​មាន​អ្នក​មក​ទទួល​សេវា​បន្សាប​ព្យាបាល​សារធាតុ​ញៀន​ហេរូ​អ៊ីននេះ​ ប៉ុ​ន្មាន​​​​ក្នុង​រង្វង់​ពី​៧០​ទៅ​៨០​នាក់​​​​សម្រាប់​អ្នក​ដែល​មក​ទទួល​សេ​វា​​ ​អាចមាន​អ្នកមិន​មក​ទទួល​សេ​វា​ព្យា​បាល​​​អាច​មាន​ច្រើន​តែ​មិន​លើស​ពី​១០០០នាក់​ទេ​នៅ​ក្នុង​រា​ជ​ធា​នី​ភ្នំ​ពេញ​។​

ហើយ​ប្រភេទ​ថ្នាំ​ញៀន​មួយ​ទៀត​នោះ ​គឺ​ប្រភេទ​គ្រឿង​ញៀន​​​ដែល​គេ​ប្រើ​ប្រាស់​នៅ​តាម​កន្លែង​កំសាន្ត​សប្បាយ ​​​មាន​ដូចជា​​ថ្នាំ​អ៊ិចស្តា​ស៊ី​​ដែលគេ​ហៅ​ថា MDMA ឬ MVA ឬក៏ MDEA ដែលទាំង​អស់​និង​គេ​ហៅ​ថា​ថ្នាំ​ញៀន​ប្រភេទ​អ៊ិច​ស្តា​ស៊ីស និង​គ្រឿង​ញៀន​មួយ​មុខ​ទៀតនោះគឺ​ប្រភេទ​​កេ​តាមីន ដែល​គេ​ហៅ​ក្រៅ​ថា​​ម្សៅ​K​ អា​នឹង​គេ​​ប្រើ​ប្រាស់​នៅ​កន្លែង​សប្បាយ​ហើយ​ក៏​សង្កេត​ឃើញ​ថា​មាន​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ទាំង​ពីរ​មុខ​នេះ​ក៏​មាន​លាយផ្សំ​ជា​មួយ​មេតង់ពី​តា​មីន​ដែរ។

ដោយ​សារ​មេតំ​ហ្វេតា​មីន​វា​ជា​សារ​ធាតុញៀន​មួយដែល​​​​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ហ្នឹង​​យល់​ច្រឡំ​​ថាមិន​ធ្វើ​ឲ្យ​ងងុយ​គេង ​ថាវា​មាន​កម្លាំង ថាវា​នឹង​មិន​ចាំ​បាច់​ហូប ប៉ុន្តែ​​ការ​ប្រើ​ប្រាស់​យូរ​ទៅ​វានឹង​​ធ្វើ​ឲ្យ​ញៀន ​ហើយ​អ្ន​ក​ញៀន​ទាំង​អស់​​ទោះ​បី​​ថ្នាំញៀន​​ប្រភេទ​ណា​ក៏​ដោយ​​​ គាត់​នឹង​ក្លាយ​ជា​​​ទាសករ​​ថ្នាំ​ញៀន​រហូត​ដែល​គេ​ហៅ​ថា​ញៀន​។

Q: តើការ​ប្រើ​ប្រាស់​គ្រឿងញៀន​បច្ចុប្បន្ន​មាន​ការ​កើន​ឡើង ឬថយ​ចុះ​​?

A: នៅពេល​បច្ចុ​ប្បន្ន​នេះ​រាជ​រដ្ឋាភិបាល​ដាក់​ចេញដាក់​នូវ​​ផែន​​ការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ខុស​ច្បាប់​​​ចំនួន​៨លើកជាប់​គ្នា​ហើយ​​​ និង​ត្រៀម​អនុវត្ត​បន្ត​ទៀត​អាច​នឹង​ទី៩​ ​អ៊ីចឹង​ទេ​​​ចំ​នួន​អ្នក​​ប្រើ​ប្រាស់​គ្រឿង​ញៀន​​មកដល់​ពេល​នេះ​គឺ​ស្ថិ​ត​នៅ​ក្នុង​ស្ថាន​ភាព​មួយ ​នឹង​​​​មិនមាន​ការ​កើន​ឡើង​ តែក៏​មិន​មាន​សញ្ញា​ណា​មួយ​បង្ហាញ​​អំ​ពី​ការ​ថយ​ចុះ​ដែរ​​។ អ៊ីចឹង​ទា​​ម​ទារ​ឲ្យ​យើង​ទាំង​អស់គ្នា​​ខិត​ខំ​សហ​ការ​គ្នា​ រួម​ដៃ​គ្នា​ធ្វើ​ការប្រយុទ្ធ​ប្រ​ឆាំង​ជា​ពិ​សេស​ទប់​ស្កាត់​កុំ​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ឡើង​វិញ​  ឬក៏​​រីក​រាល​ដាល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿ​ង​ញៀន​ចំ​ពោះ​អ្នក​ដែល​​​មិនស្ថិត​នៅ​ក្រោមឥ​ទ្ធិ​ពល​គ្រឿង​ញៀន​​ ឬ​ក៏​អ្នកដែលញៀន​គ្រឿ​ង​ញៀន បាន​សេចក្ដី​ថា ​អ្នកដែល​មិន​ដែល​ប្រើ​​​​​កុំ​ឲ្យ​គាត់ក្លាយ​ខ្លួនទៅ​​ជា​អ្នក​​ប្រើ​ តាម​រយៈ​ការ​អូស​ទាញ អ៊ី​ចឹង​អា​នេះ​ជា​ចំ​ណុច​សំ​ខាន់​មួយ​​។

ប៉ុន្តែ​​តាមតួលេខដែល​អាជ្ញា​ធរជាតិ​​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ទទួល​បាន ​មាន​ចំ​នួនអត់​​​លើស​ពី​​​ពីរ​ម៉ឺន​នាក់ ហើយ​ក៏​មិន​ឃើ​ញមាន​ថយចុះ​ក្រោ​ម​​មួយ​ម៉ឺន​​​​ប្រាំ​បី​ពាន់​​នាក់​ដែរ។​​ នេះ​ជាចំនួន​អ្នក​ញៀនគ្រឿង​ញៀន​​ដែលយើង​មាន​ស្ថិតិ​មាន​ការ​គ្រប់គ្រង មាន​ការ​ជូនជា​​ដំ​ណឹង​ពី​មូល​ដ្ឋាន​។ ប៉ុន្តែ​វា​អាច​មាន​ចំនួ​នអ្នក​ប្រើ​ប្រាស់​ដែល​​គេ​​​អត់​ដឹង​អាចមាន​លើស​ចំ​នួន​ពី​២​ម៉ឺននាក់​ និង​អាច​២ម៉ឺនាក់​​​គុណ​២ ឬគុណ​៣​ អាស្រ័យទៅ​​លើថា ​តើ​នៅ​ក្នុង​មូល​ដ្ឋាន​ហ្នឹង ក្នុង​ចំ​ណោម​អ្នកប្រើ​ប្រាស់គ្រឿង​ញៀនមាន​បី​នាក់​គេ​រាយ​ការណ៍​មក​តែ​ម្នាក់​ក៏​មិន​ដឹង​ឬមួយ​ក៏​យ៉ាង​ម៉េច​ ហ្នឹងវា​អា​ស្រ័យ​ទៅ​លើ​​អ្នក​នៅ​មូលដ្ឋាន​ទេ​ដែល​ដឹង ​ឬក៏​អា​ណា​ព្យាបាល​ទេ​ដែល​ដឹង​។

បើ​សិន​ឥឡូវ​ហ្នឹង​យើង​ត្រៀម​បង្កើតប្រព័ន្ធ​​ App មួយ​ដើម្បី​ទទួល​ព័ត៌​​មាន យើង​កំ​ពុង​តែ​រៀប​ចំ ​តិច​ទៀត​ ប្រហែល​ជា​សប្ដាហ៍​ក្រោយ ​Hot line ​និង​App មួយ​ទទួល​ព័ត៌​មាន​​មួយវា​មាន​មួយជា​ប្រ​ព័​ន្ធ​ទូរស័ព្ទ​រាយ​ការណ៍​ ហើយ ​App ​មួយ​ទៀត​អ្នក​ជំនាញ​កំ​ពុង​តែ​កសាង​ ហើយនិង​​រក​ឈ្មោះ​ដើម្បី​ដាក់​។

Q: តើ​គ្រឿង​ញៀន​បង្ក​គ្រោះ​ថ្នាក់​ដល់​អ្នក​ប្រើ​ប្រាស់​ដូច​ម្ដេច​ខ្លះ?

A: ជា​រួម​គ្រឿង​ញៀន​បង្ក​គ្រោះ​ថ្នាក់​ទៅ​ដល់​​អ្នក​ប្រើ​ប្រាស់ទាំង​​​សុខ​ភាព​ផ្លូវ​ចិត្ត និងសុខ​ភាព​​ផ្លូវ​កាយ​ ​គ្រោះ​ថ្នាក់​សុខ​ភាព​ផ្លូវ​ចិត្ត​ធ្វើ​ឲ្យ​វង្វេង​វង្វាន់ស្មារតី​ ប៉ះ​ពាល់​ទៅ​លើ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​ឬក៏​ប៉ះ​ពាល់​ប្រព័ន្ធផ្លូវ​ចិត្ត​របស់​​បុគ្គល​ដែលប្រើ​ប្រាស់ ​​ដោយ​សារ​ឥទ្ធិ​ពល​របស់​សារ​ធាតុ​ញៀននឹ​ង វា​មាន​ភាពទាក់ទាញ​​ខ្ពស់​ ហើយ​នាំ​ឲ្យ​អ្នក​ប្រើ​ប្រាស់​ងាយ​វង្វេង​វង្វាន់​ដោយ​សារ​ឥទ្ធិ​ពល​របស់វា​។​

ហើយ​មួយ​ទៀត​កាល​ណា​ប្រើ​ប្រាស់​យូរៗ​ទៅ​​ ​វា​នឹង​ធ្វើឲ្យ​​ប៉ះពាល់​ដល់​សុខ​ភាព​រូប​​កាយ​ អ៊ីចឹងដំបូង​វា​ធ្វើ​ឲ្យ​ប្រែ​ប្រួល​​ផ្លូវ​ចិត្ត​​ និងដំណាក់​កាល​ចុង​ក្រោយ​វា​ធ្វើឲ្យ​ប៉ះ​ពាល់​ដល់​រូប​កាយ​ ដូចជាការ​ចុះ​​ស្គម​ស្គាំង ឬក៏​កើត​ជម្ងឺ​ឈឺ​ថ្កាត់​​ទៅ​លើ​សរី​រាង្គ​ផ្សេងៗ​ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ អ៊ីចឹង​គ្រឿង​ញៀន​ផ្ដល់​ផល​អាក្រក់​ធ្វើ​ឲ្យ​មនុស្ស​វង្វេង​ផ្លូវ​ចិត្ត ឬ​ក៏​ភាន់​ភាំង​វិញ្ញាណ​ ក្រោម​ឥទ្ធិពលនៃ​សារធាតុ​ញៀន​​នៅ​ពេល​ដែល​គេ​ប្រើ​ប្រាស់​​​។

Q: តើ​ផល​វិបាក​អ្វី​ខ្លះ​ដែល​កើត​មាន​លើ​សង្គម​ ដែលបណ្ដាល​​​ពី​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន?

A​:​​​​ អ្វី​​ដែ​ល​កើត​ឡើង​ក្នុង​សង្គម​គឺ​ការ​​ខ្ជះ​ខ្ជាយ​ថវិកា​ និង​ការ​បង្ក​អំ​ពើ​ហិង្សា​នៅក្នុង​គ្រួសារ​ អំ​ពើ​ហិង្សា​នៅ​ក្នុង​សហគមន៍​ និង​នៅ​ក្នុ​ងមូល​ដ្ឋាន ហើយ​បង្ក​ឲ្យមាន​​ប៉ះ​ពាល់ទៅ​លើ​​សុខ​ភាព​ផ្ទាល់​ខ្លួន​​​ ហើយ​វា​ជះ​ឥ​ទ្ធិពល​។​ កាល​ណា​អ្នក​ហ្នឹង​​ប្រើ​ប្រាស់​​គ្រឿង​ញៀន​គឺ​ត្រូវ​តែ​ទិញ​ ហើយ​គ្រឿង​ញៀន​​គេ​ផលិត​មក​ថោក​ ប៉ុន្តែ​ដោយសារ​ភាព​ទាក់​ខ្ពស់ ​និង​​ចំ​ណុចអូស​ទាញ​អារម្មណ៍​ទៅ​លើ​អ្នក​ប្រើប្រាស់ ធ្វើ​ឲ្យ​បុគ្គល​ក្លាយទៅ​​ជា​អ្នក​ញៀន អ៊ីចឹង​ត្រូវ​តែ​អាស្រ័យ​វា​មួយ​ថ្ងៃ​យ៉ាង​តិច​មួយដង យូរទៅ​មួយ​ថ្ងៃ​ពីរ​ដង យូរ​ទៅ​មួយ​ថ្ងៃ​បី​ដង ​យូរ​ទៅ​មួយ​ថ្ងៃ​ប៉ុ​ន្មាន​ដង​ក៏​បានដែរ​​ពេល​ដែល​ស៊ាំនឹង​សារធាតុ​ញៀន​​។ ​

អ៊ីចឹង​គាត់​ត្រូវ​ចំណាយ​លុយ​ទិញ​ មួយ​ថ្ងៃ​គាត់​ប្រើ​ប្រាស់​អស់​ប៉ុ​ន្មាន​ ឧទាហរណ៍ថា​​ពីរ​ម៉ឺន​ ចុះ​បើ​ពីរ​ថ្ងៃ​អស់បួន​ម៉ឺន ចុះ​បើ​មួយ​ថ្ងៃ​បី​លើ​ក​អស់​ប្រាំមួយ​ម៉ឺន ចុះ​ពេល​គាត់​ស៊ាំ​និង​សារធាតុ​ញៀន​ប្រើ​ម៉ាន​ក៏​បាន​ ចឹង​មាន​លុយ​ម៉ាន​ក៏​អស់​ ហើយគាត់​មិន​អាច​ផលិត​លុយ​បាន​ទេ។ គាត់​ត្រូវ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ដើម្បី​បាន​លុយ​ដើម្បី​បាន​ទៅ​ទិញ​​ថ្នាំ​ញៀន​ ​ដូចជា​​ ​ឆបោក​ លួច​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ បោក​ប្រាស់​មិត្ត​ភក្តិ បោក​ប្រាស់​ឪ​ពុក​​ម្ដាយ លួច​​របស់​របរ​ពី​ក្នុ​ង​ផ្ទះ​យក​ទៅ​លក់ហើយ​យូរ​ទៅ​​​​អស់របស់​របរ​​ក្នុង​ផ្ទះ​ ទៅលួច​​​​អ្នកជិត​ខាងអស់​​ពី​លួច​អ្នក​ជិត​ខាង​ ​គាត់​ទៅ​ធ្វើ​សកម្ម​ភាព​ផ្សេងៗ​ផ្ទុយ​នឹង​ច្បាប់​​ អ៊ីចឹង​វា​​ធ្វើ​ឲ្យ​អ​សន្តិ​សុខ​នៅ​ក្នុង​មូលដ្ឋាន អ៊ីចឹង​មូល​ដ្ឋាន​មិន​មាន​សន្តិ​សុខ​ មិន​មាន​សណ្ដាប់​ធ្នាប់​​ ហើយ​ខ្លួន​ឯង​មិនមាន​ការអ​ភិ​វឌ្ឍ​ទេ ពី​ព្រោះ​ថា​អ្វីៗ និង​​ធន​ធាន​ដែល​មាន​​ គឺ​យក​ទៅ​បម្រើ​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​។​

Q: តើ​ការ​ព្យា​បាល​អ្នក​ញៀន​គ្រឿង​ញៀន​អាច​​ធ្វើ​ឡើង​តាម​វី​ធី​ណា​ខ្លះ?

A: បច្ចុ​ប្បន្ន​ហ្នឹង​មាន​វិ​ធី​ជា​ច្រើន​ពាក់​ព័ន្ធ​ទៅ​នឹង​ការ​ព្យាបាល។​ ចំណុច​ដែល​សំ​ខាន់​ខ្ញុំ​បាន​លើក​ឡើង​ហើយ​ថា​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សុខភាព​ផ្លូវ​ចិត្ត​ គឺ​ថា​ក្រ​សួង​សុខា​ភិ​បាល​​គេ​មាន​នាយក​ដ្ឋាន​​មួយ​​​នាយក​ដ្ឋាន​បំ​ពានសុខ​ភាព​​​ផ្លូ​វ​ចិត្ត​នឹង​បំពាន​គ្រឿង​ញៀន​ អ៊ីចឹង​វានៅ​ក្នុង​ចង្កោម​​គ្រូ​ពេទ្យផ្នែក​​ចិត្ត​សាស្រ្ត​​ ដែល​មាន​លទ្ធ​ភាព​ក្នុង​ការ​ព្យា​បាល អ៊ីចឹង​គេ​ព្យាបាល​​​​​​ដោយ​ផ្អែក​ទៅ​លើ​រោគ​សញ្ញា​ញៀន​ រួច​ហើយ​​គេ​ប្រើ​ប្រា​ស់​ថ្នាំ​ដែល​មាន​ឥទ្ធិ​ពល​គ្រប​ដណ្ដប់​ទៅ​លើ​រោគ​សញ្ញា​ញៀន​ទាំងអស់​នឹង​ ដូច​ជា​ ជម្ងឺ​​បាក់​ទឹកចិត្ត​ ជម្ងឺ​ធ្វើ​ឲ្យ​ប្រព័ន្ធ​សសៃ​​ប្រ​សាទខុស​ប្រក្រតី​​ អ៊ីចឹង​គេ​ប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​​ទៅ​តាម​រោគ​សញ្ញា​នឹង​​ ​​វា​អាស្រ័យ​​ទៅ​លើ​គ្រូ​ពេទ្យ​ដែល​គាត់​ធ្វើ​​ការពិនិត្យ​​ជម្ងឺ​ទៅ​លើ​អ្នក​​ញៀននឹង​ ហើយ​គេ​​ផ្ដល់​ថ្នាំព្យាបាល​ទៅ​តាម​នោះ។​

ដោយ​ឡែក​ចំ​ពោះ​ពពួក​ញៀន​​​ប្រ​ភេទ​ហេរូ​អ៊ីន​ អា​នឹង​គេ​ព្យាបាល​ដោយ​ឱសថ​ផ្សេង​ អ៊ីចឹង​មាន​ឱសថ​ព្យាបាល​ផ្សេងៗ​គ្នាក្នុង​ការ​ព្យាបាល​ ប៉ុន្តែទា​ម​ទារ​​​​ពេល​វេលា​វែង​ឆ្ងាយដើ​ម្បី​ធ្វើ​ឲ្យ​គាត់​អាច​មាន​អាការៈ​​ជា​ប្រក្រតី​ ហើយ​​អាច​បំភ្លេច​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​បាន​ ហើយ​ចំ​ណុច​សំ​ខាន់​ធ្វើ​យ៉ាង​ណា​​ក្នុង​ការ​ព្យាបាល​ជា​ហើយ​​ ​អ្នក​ញៀននោះមិនលាប់​​​​ទៅ​ប្រើ​ប្រាស់ថ្នាំ​ញៀន​​ឡើង​វិញ​​នោះ​គឺ​ជា​ប្រសិទ្ធ​ភាព​មួយ​។

​ការ​ព្យាបាល និង​វិធី​សាស្រ្ត​ព្យាបាល និង​ថ្នាំ​ព្យាបាល​ វា​អាស្រ័យទៅ​លើ​ប្រភេទ​​គ្រឿង​ញៀនដែល​គេប្រើ​​ អាស្រ័យ​ទៅ​លើ​វិធី​សាស្ត្រ​ដែល​គេ​ប្រើប្រាស់​​​គ្រឿង​ញៀន​​​នឹ​ង​ទៀត ថា​តើ​គេ​ប្រើ​ប្រាស់​​ដោយ​​ចាក់ ដោយ​ជក់ ដោយ​លេប ឬ​មធ្យោបាយ​យ៉ាង​មិច​ ហើ​យនិង​មួយ​ទៀត​អាស្រ័យ​ទៅ​លើ​ភាព​សុទ្ធ​នៃ​គ្រឿង​ញៀន​ដែរ​ ព្រោះគ្រឿង​ញៀន​​វា​មាន​ភាព​សុទ្ធ​របស់​វា ប្រ​​សិន​បើ​គេ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ដែល​មាន​ភាព​សុទ្ធ​កម្រិត​ខ្ពស់​ នឹង​ធ្វើ​​ឲ្យ​​គេ​ឆាប់​ញៀន​និងក្លាយ​ខ្លួន​ជា​អ្នក​​ញៀនខ្លាំង​ ចឹង​ការ​ព្យាបាល​វាទាម​ទារ​ពេល​វេលា​​ទៅ​តាមនិង​ដែរ​ ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​​​វាក៏​អាស្រ័​យទៅ​បរិស្ថាន​ដែល​នៅ​ជុំ​វិញ​។

ប្រសិន​បើ​​​បរិ​ស្ថាន​ជុំ​វិញនឹង​​ សំបូរ​​អ្នកប្រើ​ប្រាស់​ថ្នាំញៀន​យូរ​ឬ​ឆាប់មនុស្ស​ភាគ​​ច្រើ​ន​ងាយ​ធ្លាក់​ខ្លួនតាម​រយៈ​ការ​អូសទាញ​​​ផ្សេ​ងៗ​ទៅ​ជា​អ្នក​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ទៅ​តាម​និង​ដែរ​​ ចឹង​បរិ​ស្ថាន​ជុំ​វិញក៏​ជា​កត្តា​មួយ​ជំរុញ​ឲ្យ​អ្នកប្រើ​ប្រាស់​ថ្នាំ​ញៀ​ន​នឹង​​ គាត់​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ​​ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​កណ្ដាល​​ ឬ​ក៏​ស្ថិត​នៅ​ក្នុង​ស្ថា​នភាព​ណា​មួយ។​ ​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ឲ្យ​តែពាក្យ​ថា​ញៀនគឺ​ដឹង​តែ​ធ្ងន់​ ​មាន​កម្រិត​ធ្ងន់​នៅ​ក្នុង​ហ្នឹង​​ទៀត​​ អត់​មាន​ថា​កម្រិត​ស្រាល​​​អី​ទេ​ តើ​ញៀន​ហើយ​គឺ​ធ្ងន់​ធ្ងរ​ហើយ​ធ្ងន់​ធ្ងរ​មាន​កម្រិត​ធ្ងន់​លេខ​មួយ ធ្ងន់​លេខ​ពីរ លេខ​បី​ ប៉ុន្តែ​នៅ​តែ​ធ្ងន់​អ៊ី​ចឹង​។​​​

Q: តើ​រដ្ឋាភិ​បាលមាន​​​យុទ្ធសាស្ត្រ​​​បែប​ណា​ខ្លះ​​​​​ ដើម្បី​​​​​ទប់​​​ស្កាត់​​និង ដោះ​ស្រាយ​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា?

A: បច្ចុប្បន្ន​​​មាន​​យុទ្ធ​សាស្ត្រ​ចំនួន​៥​​។ ទី​​១កាត់​បន្ថយ​តម្រូវ​ការ​គ្រឿង​ញៀន​​ ​បាន​សេចក្ដី​​​ថាធ្វើ​យ៉ាង​ណា​ឲ្យ​ប្រជា​ពលរដ្ឋ ឬបុគ្គលគ្រប់​រូប​​ បដិសេធ​មិន​ត្រូវ​ការ​​គ្រឿ​ង​​ញៀន​។​

ទី​២ការ​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​គ្រឿង​ញៀន​ ធ្វើយ៉ាងណា​ឲ្យ​​មន្ត្រី​​អនុវត្ត​ច្បាប់​ មន្ត្រី​ដែល​មាន​ការ​ពាក់​ព័ន្ធ​ក្នុង​ការបង្ក្រាបនឹង ​ទ​ប់ស្កាត់​​កុំ​ឲ្យ​កើត​​មាន​ការ​ដាំ​ដុះ​​ ការ​ផលិត​ ​កែ​ច្នៃ​ ការ​កែ​ច្នៃ​ផលិត​ ការ​ចរាចរ​​ ការ​រក្សាទុក ​ការ​ជួញ​ដូរ​នៅ​លើ​ទី​ផ្សារ។​ តែ​កាល​ណា​មាន​អ្នក​ផ្គត់​ផ្គង់​ វា​ធ្វើ​ឲ្យ​មាន​អ្នក​​ជួញ​ដូរ​ កាល​ណា​មាន​អ្នក​ជួញ​ដូរ​គាត់​ត្រូវ​ធ្វើ​សកម្ម​ភាព​អូស​ទាញ ជា​ពិ​សេស​យុវជន​ ឬ​ក៏​អ្នក​ដែល​មិន​ធ្លាប់​​ មិន​ធ្លាប់​ស្គាល់​តាម​មធ្យោបាយ​ផ្សេងៗ​​ឲ្យ​​មក​ប្រើ​ប្រាស់​គ្រឿង​ញៀន​​។ អ៊ីចឹង​យុទ្ធ​សាស្រ្ត​ទី​២​ហ្នឹង​គឺ​កាត់​បន្ថយ​ការ​ផ្គត់​ផ្គង់​គ្រឿង​ញៀន​។

យុទ្ធ​សាស្រ្ត​ទី៣ គឺ​ការ​ខិត​ខំ​លើ​កកម្ពស់​ប្រ​សិទ្ធ​ភាព​​ព្យាបាល​ស្ដារនី​តិ​សម្បទា ​អ៊ីចឹង​បាន​សេចក្ដី​ថា​បើ​មាន​អ្នក​ញៀន​គ្រឿង​ញៀន​ត្រូវ​ខិត​ខំ​ជួយគាត់​ព្យាបាល​ស្ដារ​នីតិ​សម្បទាគាត់​ឲ្យ​មានភាព​ប្រក្រ​តី​ ​ហើយ​ធ្វើ​ដើ​ម្បី​​ធ្វើ​សមា​ហរន្តកម្ម​ពួក​អ្នក​ជា​សះ​ស្បើយ​ទៅ​ក្នុង​សហ​គមន៍​វិញ​។

ហើយ​ចំណុច​ទី​៤ហ្នឹង ពង្រឹង​ប្រ​សិទ្ធ​ភាព​អនុវត្ត​ច្បាប់​ បាន​សេច​ក្ដី​ថា​ធ្វើ​ម៉េច​ពង្រឹង​ និង​លើក​កម្ពស់ប្រសិទ្ធ​ភាព​​ការ​ងារ​អនុ​វត្ត​ច្បាប់ គឺ​ត្រូវ​ធ្វើ​ការ​បណ្ដុះ​បណ្ដាល​បំ​ពាក់​ជំនាញ​ និង​បំពាក់​​បទ​ពិសោធន៍​​ទៅ​ដល់​នគរ​បាល​យុត្តិ​ធម៌​ ដើ​ម្បី​ឲ្យ​គាត់​​ចេះ​ និង​មាន​សមត្ថភាព​ ​ដើរ​ទាន់​ទៅ​នឹង​សភាព​ការ​គ្រឿង​ញៀន​​ដែល​មាន​ការ​​វិ​វត្ត​ប្រែ​ប្រួល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ហើយ​យុទ្ធ​សាស្ត្រ​ទី​៥ បង្កើន​ និង​លើក​កម្ពស់​កិច្ច​សហប្រ​តិ​​បត្តិ​ការ​អន្តរ​ជាតិ ដោយ​សារ​បញ្ហា​គ្រឿង​ញៀន​មិន​មាន​អ្នក​ណា​មួយ​ទទួល​​បាន​ជោគ​ជ័យ​ទេ​ក្នុង​ការ​ប្រ​យុទ្ធ​ប្រ​ឆាំង​គ្រឿង​ញៀន​ ទោះ​បី​ប្រទេស​មហា​អំ​ណាច​ក៏​ដោយ​​ ត្រូវ​តែ​មាន​កិច្ច​សហការ​​គ្នា​ទៅ​វិញ​ទៅ​មក​​ ដើ​ម្បី​មាន​ប្រសិទ្ធ​ភាព​។ មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​​ប្រ​ទេស​ណា​មួយ​ដែល​មាន​បទ​ពិសោធ​ក្នុង​ការ​រៀប​ចំ​​វិធី​សាស្ត្រ​ទប់​ស្កាត់​កុំ​​ឲ្យ​មាន​ការ​រីក​រាល​ដាល​នៃ​ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​នៅ​ក្នុង​ប្រទេស​រៀងៗ​​ខ្លួនៗ និ​ង​មាន​ប្រសិទ្ធ​ភាព​ គឺ​មិន​ទាន់មាន​ទេ​ ទោះ​ជា​ប្រទេស​ដែល​មាន​សាសនា​តឹង​រ៉ឹង​ក៏​ដោយ។​

Q:  ច៎ា! សូម​អរគុណ​លោក​ឧត្ដម​សេ​នីយ៍ មាស វី​រិទ្ធ​!

A: បាទ!​ អរគុណ៕