លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើកឡើងថា សមាគមកាយឫទ្ធិនារីកម្ពុជា ជាយន្តការមួយនៃយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញការលើកកម្ពស់ និងការចូលរួមរបស់ស្ត្រីក្នុងសង្គម ខណៈសង្គមស៊ីវិលបន្តទាមទារឱ្យមានការបង្កើនឱកាសជូនស្ត្រីក្នុងតួនាទីជាថ្នាក់ដឹកនាំ។
ក្នុងពិធីបើកមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក នៅខេត្តសៀមរាប នាថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ថ្លែងថា សមាគមកាយឫទ្ធិនារីកម្ពុជាមានបេសកកម្មក្នុងការសម្រេចឱ្យបានចំពោះកុមារី ស្ត្រីវ័យក្មេងកម្ពុជារស់នៅក្នុងសីលធម៌ សេរីភាព សមធម៌ សេចក្តីថ្លៃថ្នូរ និងមានមោទនភាពចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ខ្លួន។
លោកនាយករដ្ឋមន្ត្រីកម្ពុជាបានលើកឡើងថា ៖ «តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ យើងនឹងពង្រឹងភាពជាពលរដ្ឋនៅក្នុងសង្គម ដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្ត្រី គឺជាស្នូល យើងនឹងជំរុញការចូលរួមរបស់យុវតីក្នុងការកំណត់ជោគវាសនារបស់ប្រទេសជាតិ ដែលមានសមាគមកាយឫទ្ធិនារីនេះ ជាយន្តការដ៏ចម្បងមួយ»។
លោក ហ៊ុន ម៉ាណែត ក៏ប្រកាសគាំទ្រ និងអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមជាមួយចលនានៃសមាគមកាយឫទ្ធិនារីកម្ពុជា ដើម្បីសម្រេចឱ្យបានបេសកកម្មនេះ។
លោកស្រី ពេជ ចន្ទមុន្នី អគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងជាសមាជិកមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកឡើងថា ចលនាកាយឫទ្ធិនារី គឺជាសកម្មភាពក្រៅរដ្ឋាភិបាល មិនប្រកាន់បក្សពួក វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងជាចលនាកើតឡើងដោយការស្ម័គ្រចិត្តផ្ទាល់របស់សមាជិកាម្នាក់ៗ ដោយមិនមានការបង្ខិតបង្ខំក្នុងរូបភាពណាមួយឡើយ។
លោកស្រី ពេជ ចន្ទមុន្នី ដែលជាភរិយារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បន្តថា ចលនាកាយឫទ្ធិនារី មិនត្រឹមតែមានគោលដៅផ្តល់ភាពសប្បាយរីករាយសម្រាប់កុមារី និងយុវតី ប៉ុណ្ណោះទេ ថែមទាំងជាសកម្មភាពអប់រំក្រៅប្រព័ន្ធមួយដែលផ្តល់ឱកាសកុមារី និងយុវតី សាកល្បងចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ដើម្បីកសាងទំនុកចិត្ត និងការចាប់អារម្មណ៍របស់ពួកគេលើបញ្ហាសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីសមាគមកាយឫទ្ធិនារីកម្ពុជា ប៉ុន្តែមិនមានការឆ្លើយតប។
បើតាមលោកស្រី ចូសិន បាយអុន (Dr. Juseon Byun) ស្ថាបនិកមិត្តកាយឫទ្ធិនារីប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបានចូលរួមក្នុងពិធីបើកមហាសន្និបាតមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិក លើកឡើងថា ក្នុងឆ្នាំ២០១៨ សមាជិកមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា មានត្រឹមតែ២០ នាក់ប៉ុណ្ណោះ ហើយបច្ចុប្បន្នមិត្តកាយឫទ្ធិនារីតំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា កើនឡើងជាង ១,០០០%។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលលើកឡើងថា រាជរដ្ឋាភិបាលមានគោលនយោបាយប្រមូលផ្តុំកម្លាំងមហាសាមគ្គីជាតិដើម្បីអភិវឌ្ឍន៍ប្រទេស ដោយមិនរើសអើងស្ថាប័ន ឬអង្គការណានោះទេ។
លោក ប៉ែន បូណា បន្ថែមថា៖ «រាជរដ្ឋាភិបាលមានគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រតាមរយៈការផ្តល់តម្លៃដល់ការចូលរួមរបស់ស្ត្រីក្នុងគ្រប់សកម្មភាពទាំងសង្គម សេដ្ឋកិច្ច និងនយោបាយ»។
ខណៈដែលរដ្ឋាភិបាលប្រកាសពីសារសំខាន់នៃការចូលរួមរបស់សមាគមកាយឫទ្ធិនារីកម្ពុជាក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រដ្ឋាភិបាល លោកស្រី អេង ចាន់ឌី នាយិកាប្រតិបត្តិនៃអង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) យល់ថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត ជារឿងសមហេតុផលមួយ ដែលសមាគមកាយឫទ្ធិនារីកម្ពុជា អាចជួយលើកមុខមាត់ប្រទេសក្នុងកិច្ចការយេនឌ័រ និងលើកកម្ពស់ការចូលរួមរបស់ស្ត្រីនៅកម្ពុជា។ ប៉ុន្តែអ្នកស្រីថា ការលើកកម្ពស់ស្រ្តី គឺត្រូវធ្វើឡើងសម្រាប់ស្រ្តីគ្រប់គ្នាដោយមិនប្រកាន់និន្នាការនយោបាយ។
លោកស្រី អេង ចាន់ឌី បន្តថា៖ «ការផ្តល់ឱកាសឱ្យស្ត្រី មានន័យថាការបង្កើនឱកាសឱ្យបានកាន់តែច្រើន។ ហើយឱកាសនោះ គឺមិនមែនសម្រាប់តែស្ត្រីដែលគាត់មានឱពុក ឬម្តាយដែលធ្លាប់ជាអ្នកដឹកនាំទេ គឺឱកាសសម្រាប់ស្ត្រីផ្សេងៗទៀតផងដែរ មិនថាស្ត្រីដែលមានពិការភាព ស្ត្រីដែលមកពីជនបទ តំបន់ដាច់ស្រយាល អ្នកដែលស្រលាញ់ភេទដូចគ្នា ជនជាតិដើមភាគតិច»។
លោកស្រី អេង ចាន់ឌី មើលឃើញថា ជាទូទៅស្ត្រីដែលគាត់មានពិការភាព ឬស្ត្រីជនជាតិដើមភាគតិច និងអ្នកដែលស្រលាញ់ភេទដូចគ្នា្ន តែងមានឱកាសតិចតួច បើធៀបនឹងស្ត្រីដែលរស់នៅទីក្រុង ឬរៀននៅមហាវិទ្យាល័យ ឬមកពីគ្រួសារដែលគាត់មានជីវភាពធូរធារ ឬមានអំណាច។
បើតាមសេចក្តីថ្លែងការណ៍រួមរបស់សង្គមស៊ីវិលចំនួន ៥ ចេញកាលពីខែសីហា ឆ្នាំ២០២៣លើកឡើងថា ស្ត្រីដែលជាសមាជិករដ្ឋសភា នីតិកាលទី៧ មានចំនួន ១៦រូប ស្មើនឹង១២,៨ នៃចំនួនសមាជិករដ្ឋសភាសរុប ១២៥រូប។ ចំនួនស្ត្រីដែលជាសមាជិករដ្ឋសភា នីតិកាលទី៧ បានថយចុះ ៨% បើធៀបនឹងចុងនីតិកាលទី៦ ដែលមានស្ត្រីជាសមាជិករដ្ឋសភាចំនួន ២៦រូប ស្មើនឹង២០,៨% នៃចំនួនសមាជិករដ្ឋសភាសរុប ១២៣រូប។
ចំនួនស្ត្រីដែលជាសមាជិករដ្ឋសភា និងការថយចុះខាងលើ សង្គមស៊ីវិលទាំង៥យល់ឃើញថា មិនទាន់ឆ្លើយតបគ្រប់គ្រាន់នូវភាពជាតំណាងរបស់ស្ត្រី និងខ្វះការប្តេជ្ញាចិត្តខ្ពស់របស់អ្នកដឹកនាំក្នុងការបង្កើនតំណាងជាស្ត្រីជាប់ឆ្នោត ដែលនាំឱ្យប៉ះពាល់ដូចជា មិនអាចសម្រេចបានគោលដៅសមភាពយេនឌ័រ កង្វះការឆ្លើយតបនឹងតម្រូវការយេនឌ័រ និងបង្អាក់ទឹកចិត្តស្ត្រីដែលកំពុងត្រៀមខ្លួនចូលរួមក្នុងសង្គម៕