មន្រ្តីបក្សប្រឆាំង និងអ្នកឃ្លាំងមើលបង្ហាញការបារម្ភពីវិបត្តិសង្គមកម្ពុជាកើតឡើងប្រសិនបើរដ្ឋាភិបាលអនុ​​ញ្ញា​​តឱ្យជនបរទេស អាចមានសិទ្ធិទិញផ្ទះ និងដីបានដោយស្របច្បាប់នៅក្នុងបុរីដូចពលរដ្ឋកម្ពុជាដែរ។

ការលើកឡើងបែបនេះ ក្រោយមានការស្នើសុំពីក្រុមមហាសេដ្ឋីឱ្យរដ្ឋផ្ដល់សិទ្ធិដល់ជនបរទេសអាចទិញលំ​​នៅ​​ឋាន និងដីក្នុងបុរីស្របច្បាប់ ដើម្បីស្ដារឡើងវិញនូវវិស័យអចលនទ្រព្យដែលកំពុងមានឱនភាព ក្នុងពេ​ល​​​​បច្ចុប្បន្ន។

មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន លោក គីមសួរ ភីរិទ្ធ បង្ហាញក្ដីបារម្ភថា ក្រុមឈ្មួញដែលរកស៊ីមិនស្អាតស្អំទំនងប្រើប្រាស់ប្រទេសកម្ពុជាដើម្បីលាងលុយកខ្វក់តាមរៈការទិញអចលនទ្រព្យក្នុងបុរី ប្រសិនបើច្បាប់មា​ន​​​​​ភាពចន្លោះប្រហោង។លោកសង្កត់ធ្ងន់ថាបើក្រុមមនុស្សទាំងនេះចូលមកកម្ពុជាបាន នោះនឹងបង្កឱ្យមាន​អស្ថិ​​​រភាពសង្គមកើតឡើង ដោយប្រការណាមួយបានជាយថាហេតុ។

លោកបន្តថា៖ «បុរីចាយលុយខ្មៅមកលាង ជូនកាលវាអាចបង្កឱ្យប៉ះពាល់ដល់សន្តិសុខសង្គមដែរ»

បើតាមអ្នកនយោបាយបក្សជំទាស់រូបនេះ លោកអំពាវនាវឱ្យរដ្ឋាភិបាលគួរពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមទាំងអង្គ​​ការសង្គមស៊ីវិល និងប្រជាពលរដ្ឋឱ្យបានល្អិតល្អិនជាមុនសិន ជុំវិញករណីនេះ មុននឹងសម្រេចថាត្រូវបើកផ្លូវឱ្យជនបរទេស អាចមានសិទ្ធិទិញដី និងផ្ទះដូចពលរដ្ឋកម្ពុជាដែរ។

នាយកចាត់ការទូទៅ នៃ​អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ព្រមានថា អាជ្ញាធរនឹងពិបាកក្នុងការគ្រប់គ្រង់នៅពេលលំហូរជនបរទេសចូលប្រទេសកម្ពុជាតាមរយៈការទិញលំនៅឋានក្នុងបុរីនេះ។

បន្ថែមពីលើនេះលោកថា ពលរដ្ឋខ្មែរនឹងប្រឈមការខ្វះខាតផ្ទះសម្បែង ដោយសារពួកគេគ្មានលទ្ធភាពក្នុងការទិញផ្ទះក្នុងបុរី នៅពេលក្រុមម្ចាស់បុរីសាងសង់តាមតម្លៃ និងតម្រូវការរបស់ជនបរទេស។

លោកបន្តថា៖ «ខ្មែរគាត់អត់មានលុយទិញ បរទេសមានលុយទិញ។ សាងសង់បុរីរបស់ក្រុមហ៊ុនមួយលក់ ទៅបរទេសទិញទាំងអស់ សង់មួយទៀតបរទេសទិញទាំងអស់។ យូរៗទៅសុទ្ធតែបរទេសកាន់កាប់ តើខ្មែរទៅណា អានឹងហើយដែលជាហានិភ័យដែលយើងត្រូវពិចារណាឱ្យបានច្បាស់លាស់ថាតើការអនុញ្ញាតវាក​ម្រិតណា»

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួងរៀបចំដែនដី បា​​ន​ជួបពិភាក្សាគ្នាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា។ក្នុងកិច្ចពិភាក្សានេះ ក៏រួមបញ្ចូលទាំងការពិនិត្យ​មើ​ល​ច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគ​​ម្រោ​ង​​បុរី។

គេសង្កេតឃើញថា ចរន្តនេះកើតឡើងនៅចំពោះពេលវិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានឱនភាព ខណៈបុរីមួយចំនួន ដូចជាបុរីពិភពថ្មី និងបុរីទ្រីគីម ជាដើម អតិថិជនរបស់ខ្លួន កំពុងផ្ទុះការតវ៉ា។ដោយឡែក បុរីផ្សេងទៀត ដូចជាបុរី ឡេង ណាវ៉ាត្រា ជាដើម ត្រូវរង់ការចោទប្រកាន់ថា រកស៊ីមិនមានភាពស្មោះត្រង់ជាមួយអតិថិជន តាមរយៈមានប្លង់តែគ្មានដីពិតប្រាកដ ផ្តល់ឱ្យអតិថិជនតាមការសន្យា។

គេហទំព័រ Newsroom Cambodia ពុំអាចសូមការអត្ថាធិប្បាយពី ប្រធានសមាគមអ្នកអភិវឌ្ឍលំនៅឋាននៅកម្ពុជា លោកឧកញ៉ា លី ហួរ បានទេ ដោយទូរសព្ទខលចូលពុំមានអ្នកទទួល និងផ្ញើសំណួរតាមប្រព័ន្ធតេលេក្រាមចូលមើលដែរ ប៉ុន្តែគ្មានការឆ្លើយតប គិតត្រឹមថ្ងៃទី ៨ ខែវិច្ចិកា។

ចំណែក អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត ថ្លែងថា អាជ្ញាធរពុំអាចផ្ដល់សិទ្ធិស្របច្បាប់ដល់ជនបរទេសក្នុងការទិញលំនៅឋាន និងដីក្នុងបុរីនោះទេ ដោយសារខុសទៅនឹងច្បាប់រដ្ឋធម្មនុញ្ញនិងច្បាប់ភូមិបាលនៅកម្ពុជា។

យ៉ាងណាលោកថាជំនួសមកវិញ ក្រសួងអាចឱ្យជនបរទេសមានសិទ្ធិជួលជាអចិន្រ្តៃយ៍ ដែលមានរយៈពេ​​ល​​ចន្លោះពី១៥ឆ្នាំ ទៅ​៥០ឆ្នាំ និងអាចបន្ត៥០ឆ្នាំបន្ថែមទៀត ហើយមានសិទ្ធិអាស្រ័យផលស្រដៀងនឹងម្ចា​​ស់​កម្មសិទ្ធិដែរ។

លោកបន្តថា៖ «[កិច្ចប្រជុំនោះបានរកឃើញដំណោះស្រាយមួយទៀតដែលច្បាប់បានអនុញ្ញាត]។ […] ការផ្ដល់សិទ្ធិក្នុងការប្រើប្រាស់និងអាស្រ័យផលលើលំនៅឋានក្នុងបុរីនេះ តាមរយៈការអនុវត្តទម្រង់ជាសិទ្ធិជួ​ល​​អចិន្ត្រៃយ៍។ មានន័យថា ជាសិទ្ធិជួលដែលអាចមានចន្លោះពី១៥ឆ្នាំទៅ៥០ឆ្នាំ ហើយអាចបន្តជាថ្មីបាន៥០ឆ្នាំទៀត។ ហើយតាមរូបភាពនៃសិទ្ធិជួលអចិន្រ្តៃយ៍នេះ គឺគាត់[ជនបរទេស]មានសិទ្ធិអាស្រ័យផល គា​ត់​មានសិទ្ធិដោះដូរទិញលក់ប្រហាក់ប្រហែលនឹងសិទ្ធិជាកម្មសិទ្ធិដែរ»

អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានព្រមានទុកជាមុនចំពោះការអនុញ្ញាតឱ្យជនបរទេសទិញលំនៅឋានតាមបុរីដោ​​យស្របច្បាប់ ដែលនឹងជះផលអាក្រក់ក្នុងសង្គមខ្មែរនាពេលអនាគត។

អ្នកជំនាញសេដ្ឋកិច្ច នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា លោកបណ្ឌិត ហុង វណ្ណៈ លើកឡើងថា បើរដ្ឋអនុញ្ញាតពិតមែន នោះផលចំណេញនឹងកើតមានក្នុងរយៈពេលខ្លីសម្រាប់ក្រុមឧ​​ក​​​​ញ៉ា ប៉ុ​​ន្តែ​​វានឹងជះផលប៉ះពាល់ដល់សង្គមជាតិក្នុងពេលខាងមុខ ក្រោមហេតុផលថា លំនៅឋានតាមបុរីជា​ច្រើននឹងពោរពេញដោយជនបរទេសដែលជំរុញឱ្យទំនៀមទំលាប់ ប្រពៃណី និងឥរិយាបថក្នុងការរស់នៅរបស់សង្គមខ្មែរនឹងត្រូវផ្លាស់ប្ដូរ។

លោកបន្តថា៖ «ជាទិដ្ឋភាពសេដ្ឋកិច្ច[…] [បើ] ច្បាប់ចេញគឺយើងឃើញចំណេញហើយជនបរទេសបានយ​ក​ថវិកាសុទ្ធ តាមរយៈធនាគារឬក៏ប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ដែលអាចឱ្យម្ចាស់បុរីទទួលបានផលចំ​ណេញ​ច្រើន។[…] ក៏ប៉ុន្តែរយៈពេលវែងដូចខ្ញុំបានបញ្ជាក់ចឹងថានឹងមានផលប៉ះពាល់ហើយចឹងយូរៗទៅនៅក្នុងតំបន់ទីតាំងណាមួយសុទ្ធបរទេសដែលគាត់បានទិញ។ចឹងអត់ឃើញមានជនជាតិខ្មែរ តាំងពីប្រ​​ពៃណី​របៀ​ប​របបរស់នៅ ឥរិយាបថផ្សេង សកម្មភាពផ្សេងៗដ៏ទៃទៀត​ជាលក្ខណៈបរទេសតែម្ដង»

បញ្ញត្តិមាត្រា ៨នៃច្បាប់ភូមិបាល កំណត់ថា មានតែរូបវបន្តបុគ្គល ឬនីតិបុគ្គលដែលមានសញ្ជាតិជាខ្មែរទេ ទើបមានសិទ្ធិជាម្ចាស់កម្មសិទ្ធិលើដីកម្ពុជាបាន។កឋាខណ្ឌទី៣ នៃបញ្ញត្តិមាត្រានេះ ក៏បានកំណត់ដែរថាសម្រាប់ជនបរទេសដែលបានក្លែងបន្លំប័ណ្ណសញ្ជាតិ ដើម្បីក្លាយជាកម្មសិទ្ធិករលើដីនៅកម្ពុជា នឹងត្រូវផ្តន្ទាទោសដូចមានចែងក្នុងមាត្រា ២៥១ នៃច្បាប់នេះ។លើសពីនេះ ទ្រព្យដែលបានមកក្នុងលក្ខខណ្ឌនេះ ត្រូវរឹបអុសទុកជាសម្បត្តិរដ្ឋ ដោយរដ្ឋមិនចេញសំណងឱ្យឡើយ៕