កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ML នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតជិត៤០០នាក់ បានតវ៉ាទាមទារឱ្យថៅកែបើកប្រាក់ខែទៀងទាត់ ផ្ដល់ប្រាក់រង្វាន់ និងឱ្យសម្រាកថ្ងៃបុណ្យជាតិ បន្ទាប់ពីក្រុមហ៊ុនពន្យារពេលបើកប្រាក់បៀវត្សជាញឹកញាប់។
លោក គឹម តូនិច តំណាងកម្មករក្នុងការតវ៉ានោះបានប្រាប់ Newsroom Cambodia ថា នៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះថា ក្រុមកម្មករបានទៅប្រមូលម្ដុំគ្នាមុខរោងចក្រអឹមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) ដោយសារថៅកែរោងចក្រនេះលើកថ្ងៃបើកប្រាក់ខែកម្មករពីថ្ងៃទី៨ ខែវិច្ឆិកា ទៅថ្ងៃទី១០ ខែវិច្ឆិកា។
លោកបានបន្តថា ក្រុមកម្មករក៏បានទាមទារឱ្យថៅកែរោងចក្របើកប្រាក់រង្វាន់សម្រាប់ការធ្វើការពេញលេញ និងស្នើឱ្យរោងចក្រអនុញ្ញាតឱ្យសម្រាកនៅថ្ងៃបុណ្យជាតិ ដោយកន្លងមករោងចក្រនេះតម្រូវឱ្យកម្មករធ្វើការនៅថ្ងៃបុណ្យ និងលើកថ្ងៃសម្រាកទៅថ្ងៃផ្សេង។
លោក តូនិច បានប្រាប់ថា ខាងរោងចក្រព្រមបើកប្រាក់ខែ និងប្រាក់រង្វាន់ជូនកម្មករបន្ទាប់ពីមានការសម្របសម្រួលពីអភិបាលរងប៉ោយប៉ែត។
លោកនិយាយថា៖ «គាត់ [អភិបាលរងប៉ោយប៉ែត] ចូលទៅប្រជុំជាមួយខាងនិយោជកមួយភ្លែត គាត់ចេញមកវិញគាត់បកស្រាយមកថាក្រុមហ៊ុនគាត់ព្រមបើកលុយឱ្យល្ងាចហ្នឹង ហើយឱ្យយើងរំសាយទៅ បើសិនជាក្រុមហ៊ុនមិនបើកឱ្យល្ងាចហ្នឹងទេចាំយើងមានវិធានការស្អែកបន្តទៀត»។
ចំណែកអ្នកស្រី ស សាវឿន ជាកម្មកររោងចក្រ ML ដែលបានចូលរួមការតវ៉ានោះបានប្រាប់ថា កាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ ខាងរោងចក្របានលើកពេលសម្រាក និងកាត់លុយរង្វាន់លើតួនាទីរបស់អ្នកស្រី។
លោកស្រី សាវឿន ថា៖ «គេឱ្យលុយតួនាទីលើម៉ាស៊ីន១០ដុល្លារក្នុងមួយខែ។ ដល់ខែភ្ជុំថ្ងៃបុណ្យថ្ងៃទាន ខាងក្រុមហ៊ុនអត់ឱ្យពួកខ្ញុំឈប់ទេ លើកថ្ងៃឱ្យពួកខ្ញុំឈប់ ដល់ពេលហើយកាត់លុយតួនាទីពួកខ្ញុំ អ៊ីចឹងរាល់ដងអត់ដែលកាត់ទេ ឈប់៤ថ្ងៃទៅ៥ថ្ងៃ១អាទិត្យអីអត់ដែលកាត់ទេ តែលើកនេះកាត់លុយតួនាទីពួកខ្ញុំអស់រលីង […] ហើយពួកខ្ញុំទាមទារលុយប្រាក់ខែផង លុយប្រាក់ខែពន្យារពួកខ្ញុំច្រើនដងពេក»។
ចំណែកឯលោក តឹក សុខជា ជាកម្មកររោងចក្រ ML ម្នាក់ទៀតប្រាប់ថា រោងចក្រ ML បានពន្យារពេលបើកប្រាក់ខែពីរដងមកហើយ។
លោក តឹក សុខជា៖ «គាត់លើកម្ដងហើយ កាលភ្ជុំយើងមិនបើកពីរដង ថ្ងៃទី២២[ខែតុលា] និងថ្ងៃទី៨ [វិច្ឆិកា] គាត់ពន្យារដល់ថ្ងៃទី២៥ អ៊ីចឹងកម្មករអត់មាត់ទេ កម្មករគាត់ធម្មតា ដល់ពេលថ្ងៃទី៨ [វិច្ឆិកា]នេះត្រូវបើក គាត់ថាទាល់តែថ្ងៃទី១០បានបើកឱ្យ អ៊ីចឹងកម្មករអត់ព្រមត្រង់ហ្នឹង»។
រដ្ឋបាលរបស់រោងចក្រ ML លោក ងួន ស៊ីវត្ថា ប្រាប់ថា រោងចក្រ ML បានដោះស្រាយបញ្ហាបើកប្រាក់ខែជូនកម្មករយឺតរួចរាល់ហើយ។
លោក ងួន ស៊ីវត្ថា ថា៖ «យើងដោះស្រាយហើយអស់ហើយទាក់ទងជាមួយអាលុយដែលយើងបើកយឺតឱ្យគាត់ [កម្មករ]។ តាមពិតទៅយើងមានបញ្ហាតិចតួចទាក់ទងចរន្តសាច់ប្រាក់ ប៉ុន្តែដោយសង្កេតឃើញពួកគាត់អ៊ីចឹងទៅ យើងបានរៀបចំ ខាងគណៈគ្រប់គ្រងគាត់បានព្យាយាមទាក់ទងទៅខាងលើហ្នឹងគឺរៀបចំហើយអស់ហើយតើ យើងបើកទាន់ពេលវេលារបស់គាត់ធម្មតាតើថ្ងៃហ្នឹង»។
លោក ងួន ស៊ីវត្ថា បានច្រានចោលចំពោះការលើកឡើងថាមិនផ្ដល់ប្រាក់អត្ថប្រយោជន៍ជូនកម្មករ ហើយលោកថា រោងចក្របានផ្ដល់ឱ្យកម្មករត្រឹមត្រូវតាមច្បាប់កំណត់។
ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តបន្ទាយមានជ័យ លោក នួន ស៊ីណា បានឱ្យដឹងថា រោងចក្រ ML មានបញ្ហាបង្វិលលុយយឺត ហើយបានពន្យារថ្ងៃបើកប្រាក់ខែដល់កម្មករពីថ្ងៃទី៨ វិច្ឆិកា ទៅថ្ងៃទី១០ វិច្ឆិកាវិញ ធ្វើឱ្យកម្មករមិនសុខចិត្តហើយផ្ទុះកូដកម្មដោយមានកូដករប្រមាណ៤៦០បានចូលរួម។ លោកបន្តថា បន្ទាប់ពីមានការសម្របសម្រួល និងតាមដានពីអាជ្ញាធរ ភាគីរោងចក្របានបើកប្រាក់ខែឱ្យកម្មករទាំងអស់ចំនួន៥៧០នាក់រួចហើយនៅល្ងាចថ្ងៃទី៨ វិច្ឆិកា។
លោក នួន ស៊ីណា បានបញ្ជាក់ថា គ្មានការកាត់ប្រាក់អត្ថប្រយោជន៍របស់កម្មករទេ ហើយលោកបានស្នើកម្មកររាយការណ៍ទៅមន្ទីរការងារក្នុងករណីដែលនាយកជកកាត់ប្រាក់អត្ថប្រយោជន៍ណាមួយ។
ជុំវិញការតវ៉ានេះ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សរបស់អង្គការសង់ត្រាល់លើកឡើងថា កន្លងមកមានការផ្ទុះការតវ៉ានៅរោងចក្រ ML ជាច្រើនដង ដោយសារការរំលោភសិទ្ធិការងារ។
លោក ឃុន ថារ៉ូ ថា៖ «នៅក្រុមហ៊ុន ML នេះមានបញ្ហាច្រើនណាស់ មិនមែនតែបញ្ហាការមិនបើកប្រាក់ឈ្នួលឱ្យបុគ្គលិកកម្មករនិយោជិតទេ វាមានករណីរំលោភសិទ្ធិការងារធ្ងន់ធ្ងរ រួមទាំងការបញ្ឈប់ថ្នាក់ដឹកនាំសហជីព លក្ខខណ្ឌការងារអាក្រក់ ហើយកន្លងមកហ្នឹងគឺមិនមែនជាលើកទីមួយទេដែលកម្មករគាត់ផ្ទុះការតវ៉ាទាមទារ»។
លោក ឃុន ថារ៉ូ បានបន្ថែមថា នៅរោង ML មានការមិនគោរពលក្ខខណ្ឌការងារ ដូចជាការមិនឱ្យកម្មករឈប់សម្រាក និងការធ្វើទុកបុកម្នេញលើថ្នាក់ដឹកនាំសហជីព ដោយបានបណ្ដេញប្រធានសហជីពចេញពីការងារជាដើម៕