កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ ML នៅតំបន់សេដ្ឋកិច្ចពិសេសប៉ោយប៉ែតជិត៤០០នាក់ បាន​តវ៉ា​ទាមទារឱ្យថៅកែបើកប្រាក់ខែទៀងទាត់ ផ្ដល់ប្រាក់រង្វាន់ និងឱ្យសម្រាកថ្ងៃបុណ្យជាតិ បន្ទាប់ពីក្រុមហ៊ុនពន្យារពេលបើកប្រាក់បៀវត្សជាញឹកញាប់។

លោក គឹម តូនិច តំណាងកម្មករ​ក្នុងការត​វ៉ា​នោះ​បានប្រាប់ Newsroom Cambodia ថា នៅព្រឹកថ្ងៃទី៨ វិច្ឆិកានេះ​ថា​ ក្រុមកម្មករបានទៅប្រមូលម្ដុំគ្នាមុខរោងចក្រអឹមអិល អ៊ិនធីមេត អឹភែរឹល (ML Intimate Apparel) ដោយសារ​ថៅកែ​រោងចក្រ​នេះលើ​ក​ថ្ងៃ​បើក​ប្រាក់​ខែ​កម្មករ​ពីថ្ងៃទី៨ ខែ​វិច្ឆិកា ទៅថ្ងៃទី១០ ខែវិច្ឆិកា។

លោកបានបន្តថា ក្រុមកម្មករក៏​បាន​ទាមទារ​ឱ្យ​ថៅកែរោ​ងចក្រ​បើក​ប្រាក់​រង្វាន់​សម្រាប់​ការធ្វើ​ការពេញ​លេញ និងស្នើឱ្យរោងចក្រអនុញ្ញាតឱ្យសម្រាកនៅថ្ងៃបុណ្យជាតិ ដោយ​កន្លង​មក​រោងចក្រ​នេះ​តម្រូវ​ឱ្យកម្មករធ្វើការនៅថ្ងៃបុណ្យ និងលើកថ្ងៃសម្រាកទៅថ្ងៃផ្សេង។

លោក តូនិច បានប្រាប់ថា ខាងរោងចក្រ​ព្រមបើកប្រាក់ខែ និង​ប្រាក់​រង្វាន់​ជូន​កម្មករ​បន្ទាប់ពី​មាន​ការសម្រប​សម្រួល​ពី​អភិបាល​រង​ប៉ោយ​ប៉ែត។

លោក​និយាយ​ថា៖ «គាត់ [អភិបាលរងប៉ោយប៉ែត] ចូលទៅប្រជុំជាមួយខាងនិយោជកមួយភ្លែត គាត់ចេញមកវិញគាត់​បកស្រាយមកថាក្រុមហ៊ុនគាត់ព្រមបើកលុយឱ្យល្ងាចហ្នឹង ហើយ​ឱ្យ​យើង​រំសាយ​ទៅ បើសិនជាក្រុមហ៊ុនមិនបើកឱ្យល្ងាចហ្នឹងទេចាំយើងមានវិធានការស្អែកបន្តទៀត»។

ចំណែក​អ្នកស្រី ស សាវឿន ជាកម្មកររោងចក្រ ML ដែលបានចូលរួមការតវ៉ា​នោះ​បានប្រាប់ថា កាលពីថ្ងៃបុណ្យភ្ជុំបិណ្ឌកន្លងទៅ ខាងរោងចក្របានលើកពេលសម្រាក និង​កាត់​លុយ​រង្វាន់​លើ​តួនាទី​របស់អ្នកស្រី។

លោកស្រី សាវឿន ថា៖ «គេឱ្យលុយតួនាទីលើម៉ាស៊ីន​១០ដុល្លារក្នុងមួយខែ​។ ដល់​ខែ​ភ្ជុំ​ថ្ងៃបុណ្យ​ថ្ងៃទាន ខាងក្រុមហ៊ុនអត់ឱ្យពួកខ្ញុំឈប់ទេ លើកថ្ងៃឱ្យពួកខ្ញុំឈប់ ដល់​ពេល​ហើយ​កាត់​លុយ​តួនាទី​ពួកខ្ញុំ អ៊ី​ចឹងរាល់ដងអត់ដែលកាត់ទេ ឈប់៤ថ្ងៃទៅ៥ថ្ងៃ១អាទិត្យអីអត់ដែលកាត់ទេ តែលើក​នេះកាត់លុយតួនាទីពួកខ្ញុំអស់រលីង […] ហើយពួកខ្ញុំទាមទារលុយប្រាក់ខែផង លុយប្រាក់ខែពន្យារពួកខ្ញុំច្រើនដងពេក»។

ចំណែកឯលោក តឹក សុខជា ជាកម្មកររោងចក្រ ML ម្នាក់ទៀតប្រាប់ថា រោងចក្រ ML បានពន្យារពេលបើកប្រាក់ខែពីរដងមកហើយ។

លោក តឹក សុខជា៖ «គាត់លើកម្ដងហើយ កាលភ្ជុំយើងមិនបើកពីរដង ថ្ងៃទី២២[ខែតុលា] និងថ្ងៃទី៨ [វិច្ឆិកា] គាត់ពន្យារដល់ថ្ងៃទី២៥ អ៊ីចឹងកម្មករអត់មាត់ទេ កម្មករគាត់ធម្មតា ដល់​ពេលថ្ងៃទី៨ [វិច្ឆិកា]នេះត្រូវបើក គាត់ថាទាល់តែ​ថ្ងៃ​ទី១០​បាន​បើក​ឱ្យ អ៊ីចឹង​កម្មករ​អត់​ព្រម​ត្រង់​ហ្នឹង»។

រដ្ឋបាលរបស់រោងចក្រ ML លោក ងួន ស៊ីវត្ថា ប្រាប់ថា រោងចក្រ ML បាន​ដោះស្រាយ​បញ្ហា​បើកប្រាក់​ខែ​ជូន​កម្មករ​យឺត​រួច​រាល់​ហើយ។

លោក ងួន ស៊ីវត្ថា ថា៖ «យើងដោះស្រាយហើយអស់ហើយ​ទាក់ទ​ង​ជាមួយ​អាលុយដែ​លយើ​ង​បើក​យឺតឱ្យគាត់ [កម្មករ]។ តាមពិតទៅយើងមានបញ្ហាតិចតួចទាក់ទងចរន្តសាច់ប្រាក់ ប៉ុន្តែ​ដោយ​សង្កេត​ឃើញពួកគាត់អ៊ីចឹងទៅ យើងបានរៀបចំ ខាង​គណៈ​គ្រប់គ្រង​គាត់​បាន​ព្យាយាម​ទាក់ទង​ទៅ​ខាង​លើហ្នឹងគឺរៀបចំហើយអស់ហើយតើ យើង​បើក​ទាន់​ពេល​វេលា​របស់​គាត់​ធម្មតា​តើ​ថ្ងៃ​ហ្នឹង»។

លោក ងួន ស៊ីវត្ថា បានច្រានចោល​​ចំពោះការ​លើកឡើង​ថា​មិនផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ជូន​កម្មករ ហើយលោកថា រោងចក្រ​បាន​ផ្ដល់ឱ្យកម្មករត្រឹមត្រូវតាមច្បាប់កំណត់​។

ប្រធាន​មន្ទីរ​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ខេត្ត​បន្ទាយមានជ័យ​ លោក​ នួន​ ស៊ីណា ​បាន​ឱ្យ​ដឹង​ថា ​រោងចក្រ​ ML​ មាន​បញ្ហា​បង្វិល​លុយ​យឺត​ ហើយ​បាន​ពន្យារ​ថ្ងៃ​បើក​ប្រាក់ខែ​ដល់​កម្មករ​ពី​ថ្ងៃ​ទី៨​ វិច្ឆិកា ​ទៅ​ថ្ងៃ​ទី១០​ វិច្ឆិកា​វិញ ​ធ្វើ​ឱ្យ​កម្មករ​មិន​សុខចិត្ត​ហើយ​ផ្ទុះ​កូដកម្ម​ដោយ​មាន​កូដករ​ប្រមាណ​៤៦០​បាន​ចូលរួម។ លោក​​បន្ត​ថា​ បន្ទាប់​ពី​មាន​ការ​សម្របសម្រួល ​និង​តាមដាន​ពី​អាជ្ញាធរ​ ភាគី​រោងចក្រ​បាន​បើក​ប្រាក់ខែ​ឱ្យ​កម្មករ​ទាំង​អស់​ចំនួន​៥៧០​នាក់​រួចហើយ​នៅ​ល្ងាច​ថ្ងៃទី៨​ វិច្ឆិកា។​

លោក​ នួន ​ស៊ីណា ​បាន​បញ្ជាក់​ថា ​គ្មាន​ការ​កាត់​ប្រាក់​អត្ថប្រយោជន៍​របស់​កម្មករ​ទេ​ ហើយ​លោក​បាន​ស្នើ​កម្មករ​រាយការណ៍​ទៅ​មន្ទីរ​ការងារ​ក្នុង​ករណី​ដែល​នាយកជក​កាត់​ប្រាក់​អត្ថប្រយោជន៍​ណាមួយ។​

ជុំវិញការតវ៉ា​​នេះ លោក ឃុន ថារ៉ូ  អ្នក​គ្រប់គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស​របស់​អង្គការ​សង់ត្រាល់​លើកឡើង​ថា កន្លងមកមានការផ្ទុះការតវ៉ានៅរោងចក្រ ML ជាច្រើនដង ដោយសារការរំលោភសិទ្ធិការងារ។

លោក ឃុន ថារ៉ូ  ថា៖ «នៅក្រុមហ៊ុន ML នេះមានបញ្ហាច្រើនណាស់ មិនមែន​តែ​បញ្ហា​ការមិន​បើក​ប្រាក់​ឈ្នួល​ឱ្យបុគ្គលិកកម្មករនិយោជិតទេ វា​មាន​ករណី​រំលោភ​សិទ្ធិ​ការងារ​ធ្ងន់ធ្ងរ រួមទាំង​ការបញ្ឈប់​ថ្នាក់ដឹកនាំសហជីព លក្ខខណ្ឌការងារអាក្រក់ ហើយ​កន្លង​មក​ហ្នឹង​គឺ​មិនមែន​ជា​លើកទីមួយ​ទេ​ដែលកម្មករគាត់ផ្ទុះការតវ៉ាទាមទារ»។

លោក ឃុន ថារ៉ូ  បានបន្ថែមថា នៅរោង ML មានការ​មិន​គោរព​លក្ខខណ្ឌកា​រងារ​ ដូចជា​ការ​មិន​ឱ្យ​កម្មក​រ​ឈប់សម្រាក និង​ការធ្វើទុកបុកម្នេញលើថ្នាក់ដឹកនាំសហជីព ដោយ​បាន​បណ្ដេញ​ប្រធាន​សហជីព​ចេញ​ពីការងារ​ជាដើម​៕