គណបក្សកម្លាំងជាតិប្រកាសថានឹងតែងតាំង លោក រ៉ុង ឈុន​ ដែលជា​អតីតអនុប្រធានគណបក្សភ្លើងទៀ​​ន​​ក្នុងជួរក្បាលម៉ាស៊ីនដឹកនាំគណបក្សថ្មីថ្មោងមួយនេះ អំឡុងពេលសមាជជាលើកដំបូងរបស់ខ្លួននាថ្ងៃអា​​ទិ​​ត្យ​​នៅក្នុងសប្តាហ៍នេះ ស្របពេលដែលក្រសួងយុត្តិធម៌បានព្រមានជាថ្មីថា អតីតមន្រ្តីជាន់ខ្ពស់កូតាមកពី​​​ប​ក្សភ្លើងទៀនរូបនេះ មិនអាចឈរឈ្មោះឱ្យបោះឆ្នោតបានទេ។

ស្ថាបនិកគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី មានប្រសាសន៍ នៅថ្ងៃទី១០ ខែវិច្ឆិកា ថាលោកស្វាគមន៍​​ចំ​​ពោះ​ការសម្រេចចិត្តរបស់ លោក រ៉ុង ឈុន ដែលប្តេជ្ញារួមគ្នាដៃគ្នា ជាមួយគណបក្សដែលទើបមាន​​កំ​​ណើ​​តក្មេ​​ង​​ខ្ចី​​​មួយនេះ ដើម្បីប្រកួតជាមួយគណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិក្នុង​​ពេលខា​​ង​​មុខ។

លោកបន្តថា៖ «បង្កើតក្បាលម៉ាស៊ីនដឹកនាំបក្ស […] មានទាំងលោកគ្រូ រ៉ុង ឈុន នៅក្នុងជារចនាសម្ព័ន្ធដឹកនាំរបស់គណបក្សកម្លាំងជាតិដែរ ប៉ុន្តែមិនដឹងថាតួនាទីណាមួយ អាស្រ័យលើអង្គសមាជ»

អនុប្រធានគណបក្សភ្លើងទៀន លោក រ៉ុង ឈុន បានប្រកាសលាលែងពីគណបក្សប្រឆាំងកាលពីថ្ងៃព្រហ​​ស្ប​​តិ៍ ទី០៩ ខែវិច្ឆិកា ហើយនិយាយថា លោកកំពុងចូលរួមជាមួយគណបក្សកម្លាំងជាតិ ដែលទើបនឹងបង្កើ​ត​​ថ្មីៗនេះ។

សម្រាប់ស្ថាបនិកគណបក្សកម្លាំងជាតិ អះអាងថាគណបក្សរបស់ខ្លួននឹងរៀបចំសមាជនៅថ្ងៃអាទិត្យ ទី១​​២ ខែវិច្ឆិកា នៅក្នុងសប្តាហ៍នេះ ក្នុងគោលបំណងរៀបចំរចនាសម្ព័ន្ធគណបក្ស។ក្នុងពេលជាមួយគ្នានេះដែរ ស​​មាសភាពលោក រ៉ុង ឈុន នឹងត្រូវស្នើនៅក្នុងអង្គសមាជ ដើម្បីជ្រើសរើសក្នុងតួនាទី​​ជាក្បាលម៉ា​​ស៊ីនដឹ​​ក​​នាំ នៅក្នុងគណបក្សមួយនេះដែរ។

យ៉ាងនេះក្តី ក្រសួងយុត្តិធម៌ បានព្រមានលោក រ៉ុង ឈុន ដោយប្រយោលតាមរយៈស្ថាប័នជាតិរៀប​​ចំកា​​រ​​បោះ​​ឆ្នោតភ្លាមៗ ថា អតីតមេសហជីពរូបនេះ នៅមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់ ដែលអាចមានសិទ្ធិ​​ឈ​​​​រឱ្យ​​គេបោះឆ្នោតឱ្យនៅឡើយទេ ដ៏រាបណាបម្រាមតាមផ្លូវតុលាការ មិនទាន់ចប់ជា​​ស្ថាពរនៅ​​ឡើយ​​នោះ​​។

សម្រាប់អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោយបាយ ចាត់ទុកថា ការព្រមានដែលធ្វើឡើងភ្លាមៗបែបនេះ រប​​ស់​​​ក្រសួងយុត្តិធម៌ មិនបានប៉ុន្មានថ្ងៃផង ក្រោយពីលោក រ៉ុង ឈុន ស្វែងរកទ្រនំថ្មី​​ដើម្បី​​បន្ត​ជីវិ​​តន​យោ​​បា​​យ​​ទៀ​​តនេះ បង្ហាញឱ្យឃើញពីការព្រួយបារម្ភ វត្តមានរបស់លោក រ៉ុង ឈុន នៅក្នុងឆាកនយោបាយ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ថ្លែងថា គណបក្សកាន់អំណាចស្វាគមន៍រាល់គណបក្សនយោបាយដែលទទួលបានការអនុញ្ញាតពីគ.ជ.ប ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតក្នុង​​ពេ​​លខាងមុខ។ទោះជាបែបនេះក្ដី អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ចាត់ទុកការចាកចេញពីគណបក្សភ្លើងទៀនរបស់លោក រ៉ុង ឈុន ជាសញ្ញាថា គណបក្សប្រឆាំងនេះកំពុងបែកបាក់ដោយដើរតាមគន្លងចាស់របស់មេដឹកនាំពួកគេ។

លោកបន្តថា៖«ភ្លើងទៀនកំពុងដើរតាមលំអានបុព្វការរីជនរបស់គាត់ បង្កើតហើយដើម្បីតែបែកបាក់គ្នា ប​​​ង្កើ​​​តហើយដើម្បីតែរលំរលាយតែប៉ុណ្ណោះទេ»។

លោក ស៊ុន ចន្ធី បញ្ជាក់ថា សមាជដែលគណបក្សនឹងប្រារព្វឡើងនៅថ្ងៃអាទិត្យនេះផ្ដោតលើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតជ្រើសតាងតំណាងរាស្រ្តនៅឆ្នាំ២០២៨។តាមផែន​​ការ​​សមាជនេះនឹងមានវត្តមានអ្នកគាំទ្រដែលជា​សមាជិកគណបក្សប្រមាណ ៥០០នាក់ ទៅ ៦០០នាក់ ម​​ក​​ពីទូទាំងប្រទេសកម្ពុជា។ក្រៅពីនេះ សមាជគណបក្សភ្លើងទៀន ត្រូវគេរាយការណ៍មកថាក៏បានប្រកា​​ស​​ចូ​​ល​​រួមសកម្មភាពនយោបាយ ជាមួយគណបក្សថ្មីថ្មោងរបស់លោកដែររាប់ចាប់ពីថ្នាក់ជាតិ និងថ្នាក់ក្រោ​​ម​​ជា​តិ​។

កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិ បានប្រកាសស្វាគមន៍សមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនចំនួន៣រូប ដែលសម្រេចចិត្តចូលរួមនយោបាយជាមួយគណបក្សនេះ។ ក្នុងនោះមាន លោក ពៅ និក ប្រធានក្រុមការងារគណបក្សភ្លើងទៀនប្រចាំខេត្តកំពង់ធំ, លោក ម៉ម ខេមរិន្ទ្រ អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តសៀមរាប និងលោក សុខ ណារៀន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តព្រះវិហារ។

បើតាមលោក ស៊ុន ចន្ធី សម្រាប់សមាជគណបក្សក្នុងពេលឆាប់ៗនេះ គណបក្សនយោបាយមួយចំនួនរួ​​ម​​មាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ និងគណបក្សកែទម្រង់កម្ពុ​​ជា ក៏នឹងមានវត្តមាននៅថ្ងៃរៀបចំពិធីនេះដែរ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ថា គណបក្សកម្លាំងជាតិអាចនឹងត្រូវការពេលវេលាច្រើនឆ្នាំបន្ថែមទៀតក្នុងការកសាងកេរ្តិ៍ឈ្មោះ និងទំនុកចិត្តពីមហាជន។លោកបន្តការបង្កើតគ​​ណ​​​​បក្សនយោបាយថ្មីរបស់ក្រុមអ្នកប្រជាធិបតេយ្យក៏ជាផ្នែកមួយនៃការចង់បានរបស់គណបក្សកាន់អំ​​ណា​​ចដើម្បីបំបែកសំឡេងប្រឆាំងដែរ។

លោកបន្តថា៖ «[គណបក្សកម្លាំងជាតិ] មិនជាខ្លាំងក្លាឱ្យគណបក្សកាន់អំណាចបារម្ភទេ ហើយក៏ជាការចង់ឱ្យគណបក្ស [អ្នកប្រជាធិបតេយ្យ] អស់ហ្នឹងកើតឡើងឱ្យច្រើនដើម្បីជួយបន្ថយសំឡេងកុំឱ្យវាប្រមូលផ្ដុំ»។

ចំណែក លោក រ៉ុង ឈុន បានប្រាប់ថា ការចូលរួមនយោបាយជាមួយគណបក្សកម្លាំងជាតិនេះ គឺដើម្បីបន្តសកម្មភាពក្នុងការជំរុញឱ្យកម្ពុជាមានប្រជាធិបតេយ្យ។លើសពីនេះទៀតលោកយល់ឃើញថា គណបក្សថ្មី​​ថ្មោ​​ង​​មួយនេះទើបជាបក្សដែលអាចដើរតាមលំអានគណបក្សភ្លើងទៀនដោយពិតប្រាកដ។

ក្រសួងមហាផ្ទៃបានទទួលចុះបញ្ជីគណបក្សកម្លាំងជាតិនេះ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣។ការទ​​ទួ​​ល​​​​​​ស្គាល់គណបក្សនេះជាផ្លូវការ នៅក្នុងបញ្ជីគណបក្សនយោបាយ ស្របពេលគណ​​បក្សដែល​​គេចាត់​​ទុ​​ក​​ថា ក្រុមអ្នកប្រជាធិបតេយ្យបានរួមកម្លាំងគ្នាបង្កើតជាសម្ព័ន្ធគណបក្ស ក្នុងទិសដៅរ​​កសំឡេងរួមគ្នាមួយ ដើ​​ម្បី​ត្រៀមប្រកួតប្រជែងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងពេលខាងមុខនេះ៕