កម្ពុជាបាននិងកំពុងបោះជំហានទៅមុខ​ក្នុង​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំចុងក្រោយ​នេះ ដោយផ្តោត​លើ​ការបង្កើន​សមត្ថភាព​ថាមពល​កកើត​ឡើង​វិញ​របស់​ខ្លួន ជាពិសេសនៅក្នុងវិស័យថាមពលព្រះអាទិត្យ និងវារីអគ្គិសនី។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការលើក​កម្ពស់​ការអនុវត្ត​ថាមពល​ប្រកប​ដោយ​និរន្តរភាព គឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការកាត់បន្ថយការ​បញ្ចេញ​កាបូន​​ និង​ធានា​ឱ្យ​មាន​អនាគត​ថាមពល​ប្រកប​ដោយ​និរន្តរភាព និងមិត្តភាពបរិស្ថានសម្រាប់ប្រទេស។

ខាង​ក្រោម​នេះគឺ​ ​ជា​កិច្ច​សម្ភាសន៍​​រវាងកញ្ញា ជិន សូនីតា ​អ្នក​គ្រប់គ្រង​គម្រោង​នៅ​អង្គការ​ EnergyLap Cambodia ជា​មួយ​កញ្ញា អេង សិតសុខលីលី សិ​ក្ខា​កាម​មក​​ពី​​ញូសន៍រូម​ខេម​​បូ​ឌា (​Newsroom Cambodia)៖

Q. ជម្រាបសួរ កញ្ញា!

A. ចា៎ ជម្រាបសួរ!

Q. តើការអនុវត្តថាមពលដែលមាននិរន្តរភាពសំដៅទៅលើអ្វីដែរ?

A. ការអនុវត្តថាមពលដែលមាននិរន្តរភាពសំដៅទៅលើចំណុចពីរ គឺប្រភពនៃការប្រើប្រាស់ ឧទាហរណ៍ ថាមពលហ្នឹងមកពីណា? វាអាចជាវារីអគ្គិសនី ថាមពលធ្យូងថ្ម ថាមពល​ខ្យល់​ជាដើម។ នៅក្នុងប្រភពថាមពលទាំងនោះយើងឃើញថា ថាមពលខ្យល់ ថាមពល​សូឡា​គឺ​សុទ្ធ​តែ​ជាថាមពល​ដែល​មាន​និរន្តរភាព ឬ​ថាមពល​ស្អាត​ដែល​សុទ្ធ​តែ​គ្មានផល​ប៉ះពាល់ទៅ​ដល់​បរិស្ថាន។ ប្រសិទ្ធភាពថាមពលឬថាមពលប្រកបដោយ​និរន្តរភាពសំដៅ​ទៅលើ​សកម្មភាព​​ដូចជា ការប្រើប្រាស់អំពូលអិលអ៊ីឌី (LED) ដែលមានប្រសិទ្ធភាពខ្ពស់ ការត្រួត​ពិនិត្យ​ទៅ​​លើ​សីតុណ្ហភាព​ម៉ាស៊ីនត្រជាក់ និង​ការប្រើប្រាស់ប្រ​ព័ន្ធស្មាត​ដែល​បិទ​បើក​ភ្លើង​អូតូ​ជាដើម។

Q. តើកញ្ញា​អាចពន្យល់ពីគោលគំនិតនៃការអនុវត្ត​ថាមពលប្រកបដោយ​និរន្តរភាព និង​សារៈ​សំខាន់​របស់​វា​នៅក្នុងពិភពលោកសព្វថ្ងៃនេះបានទេ?

A. បើទាក់ទងទៅនឹងការអនុវត្តថាមពលប្រកបដោយនិរន្តរភាព បើយើងមកមើលក្នុងវិស័យ ឯកជន យើងឃើញថាពួកគាត់ទទួល​រង​សម្ពាធ​ដែលតម្រូវឲ្យ​កាត់បន្ថយ​ការបញ្ចេញ​ឧស្ម័ន​កាបូនិច និង​ការប្រើប្រាស់​ថាមពល​ដើម្បី​កាត់បន្ថយ​ការកើនឡើង​សីតុណ្ហភាព​ផែនដី។ ការអនុវត្ត​ថាមពលប្រកបដោយនិរន្តរភាពផ្ដល់សារៈសំខាន់យ៉ាងខ្លាំងទៅដល់វិស័យឯកជន ដោយកាត់បន្ថយទៅលើការចំណាយ។ ឧទាហរណ៍ ប្រសិនបើយើងកាត់​បន្ថយ​ការប្រើប្រាស់​ថាមព​ល​នោះ ការចំណាយរបស់យើងនឹងចុះ​ដូចគ្នា ហើយ​សារៈសំខាន់​មួយទៀត​នោះ​គឺ​ក្រុមហ៊ុន​ឯកជន​មានកិត្តិយសល្អ ដោយសារពួកគាត់​បានគិតគូរ​ទៅ​ដល់​បរិស្ថាន​ដែល​ជា​ហេតុធ្វើ​ឲ្យ​ពួកគាត់ងាយនឹងទទួលបានការគាំទ្រពីសាធារណជន និងរដ្ឋាភិបាល។ 

Q. តើការអនុវត្តថាមពលប្រកបដោយនិរន្តរភាពអ្វីខ្លះដែល​កម្ពុជាយើងបាន​ធ្វើ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ?

A. បើយើងងាកទៅមើលពីចំណុចដែលខ្ញុំបានលើកឡើងពីលើមក គឺ​ប្រភព​ប្រើប្រាស់ និង​កន្លែង​ប្រើប្រាស់។ បើយើងគិតទៅលើពីប្រភពប្រើប្រាស់វិញ ក្នុងអំឡុងពេលប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះបើធៀបជាមួយប៉ុន្មានឆ្នាំមុន យើងឃើញថាពីមុន​យើង​មិនទាន់​មាន​កសិដ្ឋាន​សូឡា (Solar farm) ធំៗដែលអាចប្រើប្រាស់បានក្នុងកម្រិតថ្នាក់ជាតិនៅឡើយ។ ចំណែក ឥឡូវយើងឃើញ​ថាការប្រើប្រាស់​ថាមពលសូឡាមានរហូតដល់បួនភា​គរយនៃ​ការប្រើប្រាស់​ថាមពល​សរុបដែ​លសរបញ្ជាក់ពីការអភិវឌ្ឍប្រព័ន្ធថាមពលដែលមាននិរន្តរភាពនៅកម្ពុជា។ ចំពោះការប្រើប្រាស់​វិញ យើងឃើញថាអ្នកខ្លះគាត់បំពាក់​នូវប្រព័ន្ធ​សូឡាដោយខ្លួនឯង ​ដែល​ក្នុងនោះគាត់ប្រើប្រាស់នូវថាមពលសូឡាផងនិងថាមពលដែលបានពីរដ្ឋផង។

ក៏ប៉ុន្តែកា​ល​ពី​មុន​យើង​ឃើញ​ថានៅមានកង្វះខាតគោលនយោបាយសម្រាប់ការអនុញ្ញាត​កន្លែង​ឯកជនមួយចំនួនបំពាក់នូវប្រព័ន្ធសូឡានៅឡើយ។ ហេតុនេះហើ​យទើប​យើង​ឃើញ​ថា​ថ្មីៗ​នេះ រដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ​មួយដែ​ល​អនុញ្ញាត​ឲ្យមា​នកា​រ​បំពាក់​នូវប្រព័ន្ធ​សូឡាលើដំបូលផ្ទះបាន។

លើសពីនេះទៅទៀតយើងក៏ឃើញថាក្រុមហ៊ុនឯកជនក៏ដូចជាក្រុមហ៊ុនក្រៅស្ថាប័នរដ្ឋមួយចំនួនបានផ្ដួចផ្ដើមនូវគម្រោងជាច្រើនដែលជំរុញទៅដល់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាពនៅតាមអគារក៏ដូចជាកន្លែងការងារក្រុមហ៊ុនជាដើមដូចជាគម្រោងការប្រកួតប្រជែងប្រសិទ្ធភាពថាមពលកម្ពុជា (Cambodia Energy Efficiency Competition) ដែលមាន​ការចូលរួម​ពី​ក្រុមហ៊ុន​ជាច្រើនដើម្បីប្រកួតប្រជែងយកជ័យលេភីលេខមួយ។ ហើយយើងឃើញថា ក្រុមហ៊ុន​​ឯកជន​ក៏​បាន​ងាក​មក​គិតគូរ​រឿង​ការប្រើប្រាស់​ថាមពល​ប្រកប​ដោយ​និរន្តរភាព​ផងដែរ ដោយ​ហេតុថាវាបានផ្ដល់នូវសារៈសំខាន់ដូចជាការកាត់បន្ថយនូវការចំណាយ។

Q. តើអ្វីជាបញ្ហាប្រឈមធំបំផុត នៅពេលអនុវត្តគោលការណ៍ថាមពលប្រកបដោយនិរន្តរភាព?

A. និយាយទៅវាមានច្រើនទិដ្ឋភាព វាមានទាំងការអនុវត្តនិងប្រភព តែបើប្រភព​វា​ពាក់ព័ន្ធ​នឹង​គោល​នយោបាយត្រង់ថាដូចខ្ញុំនិយាយមុនអញ្ចឹង តើការប្រើប្រាស់សូឡាបានអត់ បើប្រជាជន និងក្រុមហ៊ុនដាក់សូឡានៅលើដំបូលផ្ទះ? តើរដ្ឋាភិបាលនិងខាងអគ្គិសនីកម្ពុជា (EDC) គាត់អនុញ្ញាតឱ្យប្រជាជនដាក់បានអត់ ? អញ្ចឹងគោល​នយោបាយ​ថ្មីហ្នឹង​គេ​អនុញ្ញាត​ឱ្យ​ដាក់​ហើយ ក៏ប៉ុន្តែ​វាគ្រាន់តែចេញជា​គោល​នយោបាយ មិនទាន់ចាប់ផ្ដើមអនុវត្តទេ តែរាង​ពិបាក​ចាប់ផ្ដើម​អនុវត្ត អាច​ថាបញ្ហាមួយចំនួនដែលមើលឃើញក្នុងគោលនយោបាយថ្មីហ្នឹង​បើ​សិនប៉ះពាល់ ឬបញ្ហាប្រឈមមានតែក្រុមហ៊ុនធំៗដូចជា រោងចក្រ ដោយសារ​តែ​គេ​មាន​ចំនួន​កំណត់ ដូចឧទាហរណ៍ នៅតំបន់ណាមួយនៅខេត្តណាមួយអញ្ចឹង គេកំណត់ថា​នៅ​ហ្នឹងដាក់​សូឡា​បាន​តែប៉ុន្មានជីកាវ៉ាត់អីអញ្ចឹងទៅ នៅតំបន់ហ្នឹងគេស្នើសុំដាក់ឲ្យតែប៉ុណ្ណឹង អញ្ចឹងអ្ន​ក​​មក​ក្រោយ​អត់អាចស្នើសុំបន្តទៀតទេ អាចថាគោលនយោបាយហ្នឹងមិនទាន់ទំលំទូលាយ ដើម្បីបើកឲ្យខាងឯកជនដាក់សូឡា។ បញ្ហាមួយទៀតទាក់ទងនឹងតម្លៃ ​បើសិន​តាម​គោល​នយោបាយថ្មី ខាងក្រុមហ៊ុនខាងណាដែលប្រើសូឡាហ្នឹង គាត់ប្រើសូឡា តែគាត់​នៅ​តែ​ប្រើ​ភ្លើង​រដ្ឋ​ដដែល។

ជាធម្មតា សូឡាហ្នឹងមិនអាចផ្គត់ផ្គង់ពេញលេញទៅលើគាត់ប្រើទេ ដូចដែលបានដឹងហើយ​ សូឡា​អាច​បង្កើតបានតែពេលថ្ងៃទេ ក្នុងលក្ខខណ្ឌហ្នឹងក៏ត្រូវប្រើទាំងពីរ មានទាំង​សូឡា និង​ភ្លើង​ពី​រដ្ឋ។ តាមជាក់ស្ដែង អាចថាសន្សំសំចៃគាត់នៅពេលប្រើសូឡាតែថា​យើង​ត្រូវ​ចំណាយ​លុ​យ​នៅពេលយើងដំឡើងសូឡាដំបូង បន្ទាប់មកយើងអាចបាន​ថាមពល​សូឡា​មក​ប្រើ​ហើយ។ ប៉ុន្តែជាក់ស្ដែង នៅក្នុងគោលនយោបាយហ្នឹ​ង ត្រូវគិតថ្លៃទៅលើ​សមត្ថភាព​សូឡា​ផ្ទុក (Sola Capacity) ពីលើហ្នឹងទៀត ឧបមាថាគាត់ប្រើទៅអស់ប៉ុណ្ណឹង តែក៏គាត់ត្រូវប្រើ​ភ្លើង​រដ្ឋ​អស់​​ប៉ុណ្ណឹងដែរ គាត់ត្រូវចំណាយថ្លៃភ្លើងប៉ុណ្ណឹង ហើយក៏គាត់ត្រូវ​បង់​ទៅ​លើ​ការគិតថ្លៃ​សមត្ថភាព​សូឡាផ្ទុក (Sola Capacity) ហ្នឹងទៀត តែតម្រូវការភ្លើង​គាត់​ជាក់ស្ដែង​អស់​តែ​ប៉ុណ្ណេះ​ទេ ដោយសារគាត់ប្រើសូឡា។

ការប្រើសូឡាហ្នឹង គេនៅតែគិតតម្លៃហ្នឹងដែរ តែវានៅក្នុងភាគរយមួយដែលវាអត់ស្មើ​នឹង​ថ្លៃ​ភ្លើង​ពេញ។ វាអាចថាគោលនយោបាយហ្នឹងនៅតែមានបញ្ហាប្រឈមមួយចំនួន​ដែល​មិន​ទាន់​មាន​ការជំរុញទឹកចិត្តក៏ដូចជាការផ្ដួចផ្ដើមខ្លាំងខាងឯកជនក្នុងការប្រើប្រាស់ថាមពល​សូឡា​ពេល​​ហ្នឹង។​ ខ្ញុំនិយាយតែជាមួយនឹងសូឡាទេព្រោះអីវាមានគោលនយោបាយ​អីផ្សេង​ទៀត​ទាក់ទង​ជាមួយប្រសិទ្ធភាពថាមពល ហើយឥឡូវយើងក៏មានគោលនយោបាយប្រសិទ្ធភាព​​ថាមពលហ្នឹង បើតាមខ្ញុំយល់ជាក់ស្ដែងប្រសិទ្ធភាពថាមពលហ្នឹងអត់​មានបញ្ហា​ប្រឈមទេ អាស្រ័យ​ទៅលើថា រដ្ឋាភិបាលគាត់មានយុទ្ធសាស្ត្របែបម៉េចដើម្បីរៀបចំផែនការសកម្មភាព។ ដោយសារក្នុងគោលនយោបាយប្រសិទ្ធភាពថាមពលស្អាតហ្នឹងវាទាក់ទងទៅនឹងវិស័យច្រើន ទាក់ទងទៅនឹងវិស័យមធ្យោបាយដឹកជញ្ជូន វិស័យឧស្សាហកម្ម និងរឿងអីផ្សេងៗទៀត។ 

Q. តើរដ្ឋាភិបាល អ្នកបង្កើតគោលនយោបាយ និងយុវជនយើងគួរ​មានតួនាទីអ្វីខ្លះ​ក្នុង​ការលើក​កម្ពស់ការអនុវត្តថាមពលប្រកបដោយនិរន្តរភាព?

A. បើខ្ញុំនិយាយទៅខាងរាជរដ្ឋាភិបាល ពួកគាត់កំពុងតែមានគោលនយោបាយថ្មីៗ​ច្រើន​ដែល​ទាក់ទង​ជាមួយនឹងវិស័យថាមពល តែអ្វីដែលសំខាន់ដំបូង គិតថាគាត់ធ្វើម៉េចត្រូវបញ្ចូល​គោល​​នយោបាយទៅអ្នកខាងក្រោមដែលអនុវត្ត ដូចជាសាធារណជន ខាង​ក្រុមហ៊ុន ឬ​ក៏​អី​ហ្នឹង​ឱ្យ​គាត់យល់ច្បាស់ពីគោលនយោបាយព្រោះវាមានកន្លែងខ្លះមួយចំនួន ឧទាហរណ៍ ដូចជាគោលនយោបាយរូតថបសូឡា (Root Top Sola) តាមបទ​ពិសោធន៍​ពួកខ្ញុំ​ជាក់​ស្ដែង​ខាង​អេនជីឡេប (EnergyLap) យើងជួយផ្សព្វផ្សាយពីគោលនយោបាយថ្មីហ្នឹង អញ្ចឹង​មាន​វិស័យ​មួយ​​ចំនួនទៀត ​អាចថាអ្នកមួយចំនួនទៀត​គាត់អត់​យល់ថា​តើ​គោល​នយោបាយ​ហ្នឹង​មាន​ដំណើរ​ការម៉េច? អាចថាពីខាងរដ្ឋាភិបាលគាត់មានផែនការរបស់គាត់ហើយ ក៏ប៉ុន្តែ​ធ្វើម៉េចឲ្យ​អ្នក​ដែល​អនុវត្តហ្នឹងគាត់យល់ ត្រូវអនុវត្តពីណាទៅណា អាចថា​ប្រើ​ភាសាអី​ដែល​អាច​ឲ្យ​អ្នក​អនុវត្ត​នៅក្រោមក៏យល់ហើយយកទៅអនុវត្ត។

ទាក់ទងទៅនឹងអ្នកបង្កើតនយោបាយវិញ ធម្មតាគោលនយោបាយខ្លះវានៅថ្មី ឧទាហរណ៍៖ គោលនយោបាយប្រសិទ្ធភាពថាមពលអញ្ចឹងវានៅថ្មីលើគោលនយោបាយលើកទីមួយពីមុនមកដែលយើងអត់ទាន់មាន។ នៅពេលមានគោលនយោបាយហ្នឹង យើងត្រូវ​អនុវត្ត​ទៅ​លើ​គោល​នយោបាយហ្នឹងហើយ។ អ្នកបង្កើតគោលនយោបាយហ្នឹងត្រូវមើលដែរថា យើង​អាច​ត្រូវ​ប្រើ​​គោលនយោបាយនេះដើម្បីជាការអនុវត្តក៏ដូចជាការសាកល្បងបានអត់? នៅពេល​ដែល​គាត់​ឃើញជាក់ស្ដែងអ្វីដែលគាត់បង្កើតឡើងមកហើយ វានៅមានបញ្ហាអីទៀត គាត់​ត្រូវ​តែ​ក្រឡេក​ទៅមើល​អ្នកអនុវត្តដូចជាខាងវិស័យឯកជន និងអីផ្សេងទៀត អញ្ចឹង​គាត់​ត្រូវ​ច្នៃ​ធ្វើម៉េច​ឱ្យគោលយោបាយកាន់តែប្រសើរដល់អ្នកអនុវត្តបន្ថែមទៀត។ 

ទាក់ទងទៅនឹងយុវជន អាចថាគាត់មានតួនាទីមួយក្នុងការផ្សព្វផ្សាយ ក៏ដូចជាការអនុវត្ត បើសិនជាគាត់យល់ដឹង អាចថាយុវជនខ្លះគាត់មានចំណេះដឹងខ្ពស់ ហើយ​ជួយ​ផ្សព្វផ្សាយ​ទៅ​ឲ្យ​អ្នក​ដទៃបានយល់ អីគេ​ទៅ​ជាថាមពលមួយដែលមាននិរន្តរភាព? ហើយការ​អនុវត្ត​មួយ​ហ្នឹង​ផ្ដល់​អត្ថប្រយោជន៍​អី​ខ្លះ​ដ​ល់​ខ្លួន​ឯង​ក៏​ដូចជា​សង្គម? ហើយខ្លួនគាត់​ក៏​ត្រូវ​អនុវត្ត​ដែរ​ដើម្បី​សម្រេច​បាន​ទៅ​តាម​អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​កំណត់។

Q. តើយល់ឃើញយ៉ាងណាចំពោះអនាគតនៃការអនុវត្តថាមពលប្រកប​ដោយ​និរន្តរភាព​ដែល​នឹ​ង​វិវឌ្ឍនៅក្នុងទសវត្សរ៍ក្រោយៗ?

A. តាមខ្ញុំឃើញជាក់ស្ដែងថាទៅមុខទៀតទៅវិស័យថាមពលប្រកបដោយនិរន្តរភាព​នៅ​​ស្រុក​ខ្មែរយើងនឹងកាន់តែល្អប្រសើរ ដូចបើយើងត្រឡប់ទៅមើលពីរបីឆ្នាំមុនយើង​អត់ទាន់​មាន​គោល​នយោបាយ​អីច្រើនទាក់ទងនឹងវិស័យថាមពលទេ។ អញ្ចឹងមួយឆ្នាំ ពីរឆ្នាំក្រោយ ឬ​ក៏​ក្នុង​ឆ្នាំ​២០២៣ នេះហ្មង មានគោលនយោបាយថ្មីច្រើនទាក់ទងឬគិតគូរទៅលើនិរន្តរភាព គិតគូរ​ទៅ​លើ​សេដ្ឋកិច្ចក៏ដូចជាការប្រែប្រួលអាកាសធាតុ អាចថាក្នុងឆ្នាំនេះ វាទើបតែ​ចេញ​គោល​នយោបាយ​ថ្មីៗ។​ អញ្ចឹងបន្ទាប់ពីឆ្នាំក្រោយៗមក នៅពេលដែលគោលនយោបាយ​ហ្នឹង​ចាប់ផ្ដើម​អនុវ​ត្តក៏ដូចជាឃើញការវិវត្ត និងសន្ទុះច្រើនទៅនឹងការអនុវត្តគោល​នយោបាយ​ថាមពល​ដោយ​និរន្តរភាពតាមវិស័យឯកជន ប្រសិទ្ធភាព​ថាមពល​ស្អាត​ដែល​ខ្ញុំបាន​លើក​មុន​អញ្ចឹង វាមានគោលនយោបាយទាំងវិស័យឧស្សាហកម្ម វិស័យឯកជនអីអញ្ចឹងទៅ ហើយ​យើងនឹងឃើញថាមានការអនុវត្តអាហ្នឹងច្រើនប៉ុន្មានឆ្នាំទៅមុខទៀត។ 

Q. អរគុណកញ្ញាសម្រាប់ផ្ដល់បទសម្ភាស!

A. ចា៎ អរគុណ!