ទីប្រឹក្សាគណបក្សកម្លាំងជាតិប្រកាសជំហរ មិនដើរចេញពីទ្រនំថ្មីដែលអង្គសមាជផ្តល់សេចក្តីទុកចិត្ត ក្នុ​​ង​តួ​នាទីកំពូលនៃគណបក្សថ្មីថ្មោងមួយនេះ បើទោះជាត្រូវរងការគំរាមរំលាយក្រោម​​ហេតុផល​​ន​​យោ​​បាយ​​ក្តី​​។

លោក រ៉ុង ឈុន ដែលទើបសមាជគណបក្សកម្លាំងជាតិ ផ្តល់ការទុកចិត្តក្នុងតួនាទីជាទីប្រឹក្សា បាន​​ប្តេជ្ញា​​នៅ​ថ្ងៃទី១៣ វិច្ឆិកា នេះ​​ថា​​លោ​​កនឹងមិនដើរ​​​ថ​យ​​ក្រោ​​យឡើយ ចំពោះការសម្រេចចិត្តផ្ញើ​​ខ្លួនក្នុងទ្រនំថ្មី​​នេះ។ ជាអតី​​តអនុប្រធានគណបក្សភ្លើងទៀនរូបនេះ មានមន្ទិលថា ហេតុអ្វីកាលលោកនៅដឹកនាំគណបក្សភ្លើងទៀ​​ន​​ ក្រសួងមហាផ្ទៃបានចេញលិខិតទទួលស្គាល់ ហើយពុំមានអ្វីដែលត្រូវប្រតិកម្ម។ 

ជាអតីតអ្នកតស៊ូមមតិដែលមិនរាថយ ដើម្បីផលប្រយោជន៍កម្មករ និងធ្លាប់ជាប់ពន្ធនាគារព្រោះ​​បូរណភា​​ព​​ទឹកដី លោក រ៉ុង ឈុន បញ្ជាក់ថាក្នុងចំណោមបម្រាមចំនួន៥ចំណុចរបស់តុលាការ ប្រឆាំងរូបលោកគឺ ពុំបា​​នហាមឃាត់ មិនឱ្យលោកធ្វើកិច្ចការក្នុងនាមជាអ្នកនយោបាយទេ។មួយវិញទៀត តួនាទីជាទីប្រឹក្សាគណ​​ប​ក្ស​នេះ វាមិនស្ថិតនៅក្នុងប្រអប់ជាអ្នកនយោបាយដែរ ដូច្នេះវាមិនទាស់ខុសអ្វីឡើយ។ក្រៅពីនេះ បើតាម​លោ​​​​​​​ក​ រ៉ុង ឈុនប្រ​​សិន​​បើមានភាពមិ​​នប្រក្រតីណាមួយកើតឡើង លោកគោរពតាមសេចក្ដីសម្រេចរបស់គ​​​​ណប​​​ក្សជានិ​​ច្ច​​។

លោកបន្តថា៖ «ចំពោះជំហរខ្ញុំនៅពេលនេះ ខ្ញុំមិនដកថយទេពីព្រោះយើងមើលនៅក្នុងច្បាប់ ហើយទីប្រឹ​​ក្សាស្ថិតវានៅក្រៅរចនាសម្ព័ន្ធទេ វាអត់នៅក្នុងប្រអប់ទេ ចឹងវាអត់មានអ្វីដែលខុសច្បាប់ការអនុវត្តច្បាប់មិដឹងបែបម៉េចនៅកម្ពុជាយើង ម្ដងធ្វើបាន ម្ដងធ្វើមិនបាន វាចម្លែកមែនទែននៅកម្ពុជាយើង»។ 

ការបញ្ជាក់ជំហរនៅពេលនេះ របស់អតីតក្បាលម៉ាស៊ីននៅក្នុងជួរគណបក្សភ្លើងទៀន ក្រោយពេលអ្ន​​ក​​នាំ​​ពា​​ក្យក្រសួងមហាផ្ទៃ បានព្រ​​មា​​ន​​ថាគណបក្សថ្មីថ្មោងដែលផ្តល់ជម្រកឱ្យលោក រ៉ុង ឈុន អាចប្រឈម​​មុខ​​នឹ​ង​រំលាយចោល បើហ៊ានបន្តល្មើសបម្រាម ដែលដាក់ចេញដោយតុលាការ។

កាសែតក្នុងស្រុកដែលស្និទ្ធនឹងរដ្ឋាភិបាល បានស្រង់សំដីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ យកមកចុះផ្សាយកាលពីថ្ងៃទី១២ វិច្ឆិកា ដោយបញ្ជាក់ថា ការតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹក្សាគ​​ណ​ប​​ក្ស​​​​​កម្លាំងជាតិ គឺកំពុងចូលរួមប្រព្រឹត្តបទល្មើសដែលវាប្រាស់ចាកនឹងច្បាប់ ព្រោះអតីតមន្រ្តីជាន់ខ្ពស់គ​​ណ​​ប​​ក្ស​​ភ្លើងទៀនរូបនេះ កំពុងអនុវត្តទោសតាមផ្លូវតុលាការនៅឡើយ។

បើតាមលោក ខៀវ សុភ័គ រាល់គណបក្សនយោបាយដែលបើកផ្លូវឱ្យ លោក រ៉ុង ឈុន ធ្វើជាប្រធាន ឬអនុប្រធាន គណបក្សនយោបាយនោះប្រឈមនឹងការប្ដឹងរំលាយចោល ដោយអះអាងថា លោក ឈុន មិនទា​​ន់​​មាននីតិសម្បទានគ្រប់គ្រាន់តាមផ្លូវច្បាប់។

យ៉ាងនេះក្តី ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី ជឿថា បើមានភាពមិនប្រក្រតីអ្វីមួយនោះ វាគួរតែកើតឡើងអំឡុងពេលលោក រ៉ុង ឈុន ជាថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀន។លោក យល់ថា ក្រសួងមហាផ្ទៃមិនទាន់មានការលើកឡើងជាផ្លូវការណាមួយនោះទេ គឺគេទទួលបានព័ត៌មានតែ​​នៅលើបណ្តាញ​​ប្រ​​​​ព័ន្ធ​​ផ្ស​​ព្វ​​​​ផ្សាយមួយមុខនៅឡើយ។

លោកបន្តថា៖ «បើមានបញ្ហាអ្វីមួយវាត្រូវតែកើតឡើងនៅពេលគាត់ដឹកនាំគណបក្សភ្លើងទៀនដែលមានតួនាទីខ្ពស់ជាង» 

កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ គណបក្សកម្លាំងជាតិបានរៀបចំសមាជជាលើកដំបូងរបស់ខ្លួននៅទីស្នាក់ការគណបក្សក្នុងខេត្តកំពង់ធំ។អង្គសមាជបានផ្តល់សេចក្តីទុកចិត្តតែងតាំងលោក រ៉ុង ឈុន ជាទីប្រឹ​​ក្សា​​គណបក្ស ក្រោយលោកជំទាស់ទៅនឹងតំណែងជាប្រធានគណបក្ស ដោយបារម្ភពីបញ្ហាណាមួយកើតឡើង។

ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ អះអាងថា លោក រ៉ុង ឈុន មានកំហុសពាក់ព័ន្ធនឹងច្បាប់ស្ដីពីគណបក្សនយោបាយ ហើយបើអ្នកនយោបាយរូបនេះ មានបំណងដឹកនាំគណបក្សនយោ​​បា​​យ គឺត្រូវអនុវត្តទោសព្យួរដែលមានរយៈពេល៣ឆ្នាំឱ្យបានចប់សព្វគ្រប់ជាមុនសិន។

ប្រភពបន្តថា ករណីលោក រ៉ុង ឈុន ដឹកនាំបក្សភ្លើងទៀនកាលពីមុនគឺជារឿងចាស់ ហើយលោកបញ្ជាក់ថា ការចុះផ្សាយពីការព្រមានរំលាយគណបក្សថ្មីៗនេះ គឺក្រសួងមហាផ្ទៃបកស្រាយ និង​​ឈ​​​​រលើទិដ្ឋភាពច្បា​​ប់ដើម្បីពន្យល់ឱ្យអ្នកកាសែតបានដឹងរឿង។

លោកបន្តថា៖ «មានកំហុសឆ្គងផ្នែកច្បាប់ស្ដីពីគណបក្សនយោបាយដោយសារ លោក រ៉ុង​ ឈុន គាត់ស្ថិតនៅក្នុងការអនុវត្តទោសរបស់តុលាការនៅឡើយ មិនទាន់ចប់សព្វគ្រប់» 

បើទោះជាបែបណា អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក ស៊ឹង សែនករុណា យល់ឃើញថាដើម្បីគេចចេញពីការរិះគន់របស់សហគមន៍អន្តរជាតិជុំវិញលំហនយោបាយតូចចង្អៀតក្នុង​ពេ​​ល​​​​ប​​ច្ចុ​​ប្បន្ននេះរដ្ឋាភិបាលកម្ពុជាគួរផ្អាកសកម្មភាពផ្សេងៗដូចជាទម្រង់គំរាមកំហែងខាងនយោ​​​​បាយជាដើម​។

លោកបន្តថា៖ «ដើម្បីបង្កលក្ខណៈបរិយាកាសនយោបាយនៅកម្ពុជាឱ្យស្រស់បំព្រងឡើងវិញ កុំឱ្យសហគមន៍អន្តរជាតិគេនៅតែចាត់ទុកថាយើង បរិយាកាសចង្អៀតចង្អល់រឹតត្បិតផ្នែកនយោបាយ ចឹងគួរតែមានការបើកនូវលម្ហបរិយាកាសហ្នឹងកុំឱ្យមានបន្តបំប្លោងនូវពាក្យសម្ដីណាមួយដែលមើលទៅថាជាលក្ខណៈគំរាមកំហែងរឹតត្បិត សិទ្ធិសេរីភាពអីទាំងអស់នេះ ចឹងគួរតែផ្ដល់ឪកាសទៅដល់ភាគីពាក់ព័ន្ធមែនតែគណបក្សថ្មីហ្នឹងទេ» ។ 

កាលពី​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ២០២១ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោស ​លោក រ៉ុង ឈុន ដាក់​ពន្ធនាគារ ២ឆ្នាំ ពី​បទ «ញុះញង់​​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​​សន្តិសុខ​​សង្គម » ជាប់ពាក់ព័ន្ធបញ្ហាព្រំដែនដ៏ចម្រូងចម្រាស់រវាងព្រំកម្ពុជា-វៀតណាម នៅខេត្តត្បូងឃ្មុំ កាលខែកក្កដា ឆ្នាំ២០២០។ ប៉ុន្តែកាលពី​ថ្ងៃទី​១២ ខែវិឆ្ឆិកា​ ឆ្នាំ​២០២១ ប្រធានក្រុមប្រឹក្សានៃសាលាឧទ្ធរណ៍ លោក យន់ ណារ៉ុង បានប្រកាសសាលដីកាដោយសម្រេចកាត់តម្រឹមទោសឱ្យលោក រ៉ុង ឈុន ជាប់ពន្ធនាគារ ១ឆ្នាំ ៣ខែ ១១ថ្ងៃ ខណៈ​ទោសដែលនៅសល់ត្រូវព្យួរ​ និងដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។

យ៉ាងនេះក្តី ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ បញ្ញត្តិមាត្រា១៨ កំណត់ថាប្រធាន និងអនុប្រធាននៃគណបក្ស​​​​នយោបាយ និងសមាសភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្រ្តៃយ៍នៃគណបក្សន​​យោ​​​​បាយ មិនមែនជាទណ្ឌិតដែលជាប់ទោសពីបទឧក្រិដ្ឋ ឬពីបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ។

ចំណែក បញ្ញត្តិមាត្រា ៣៨ នៃច្បាប់នេះដដែល ក៏លើកឡើងដែរថា ចំពោះគណបក្សដែលអនុវត្តផ្ទុយពីរដ្ឋធម្មនុញ្ញ ច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមានដទៃទៀត បើកផ្លូវឱ្យក្រសួងមហាផ្ទៃ អាចចាត់វិធានការ រួមមានចេញលិខិតឱ្យគណបក្សនយោបាយនោះកែតម្រូវ ព្រមានជាលាយលក្ខណ៍អក្សរ ឬបញ្ឈប់សកម្មភាពក្នុងករណីចាំបាច់ ឬបើធ្ងន់ធ្ងរ ប្តឹងទៅតុលាការរំលាយចោល។ 

ក្នុងជីវិតអ្នកនយោបាយនេះដែរ លោក រ៉ុង ឈុន ត្រូវបានស្ថាប័នជាតិរៀបចំការបោះឆ្នោត បានចេញលិខិតកាលពីដើមខែឧសភា ឆ្នាំ២០២៣ បដិសេធបេក្ខភាពឈរឈ្មោះឱ្យគេបោះឆ្នោត ក្រោមហេតុផលមិនទាន់មាននីតិសម្បទាគ្រប់គ្រាន់។ ប៉ុន្តែបញ្ហានេះ ត្រូវបានអតីតអ្នករិះគន់ដោយមិនសំចៃមាត់រូបនេះ ចាត់ទុកថា វាជាការអនុវត្តដោយលម្អៀងខាងនយោបាយ របស់ស្ថាប័ន គ.ជ.ប ប្រឆាំងរូបលោកទៅវិញទេ៕