សុខ​ភាព​ផ្លូវ​ចិត្ត​​​កំពុង​ជាបញ្ហា​​ដែលមានការ​ជជែក​ និង​យកចិត្ត​ទុក​ដាក់​នៅ​​កម្ពុជា​ និង​នៅ​លើ​ពិភព​លោក​។ ប្រសិន​បើ​បញ្ហា​ផ្លូវ​ចិត្ត​ក្នុង​កម្រិត​ស្រាល និង​មធ្យម​មិន​ត្រូវ​បាន​​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ ​នោះ​នឹងអាច​​បង្ក​ផល​ប៉ះ​ពាល់​ទាំង​សុខ​ភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​។​​ ​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ ជា​វិធី​សាស្រ្ត​មួយ​​ក្នុង​ការ​​លើក​កម្ពស់​ផ្លូវ​ចិត្ត​សម្រាប់​មនុស្ស​គ្រប់​គ្នា​ឱ្យ​បាន​ប្រសើរ​ និង​​ទប់​ស្កាត់​ការវិវត្ត​ទៅរក​បញ្ហា​ផ្លូវ​ចិត្ត​ធ្ងន់ធ្ងរ។

លោក អ៊ុំ​ ផ្លាកទីន ​ជាប្រធានសមាគម​​ អ៊ី. អឹម.ឌី.អា (EMDR) កម្ពុជា​បាន​ផ្តល់​កិច្ច​សម្ភាសន៍​ជា​មួយ​សិក្ខា​កាម​ Newsroom Cambodia ​គឺ​កញ្ញា ​ឌុច​ ស្រី​ផា​នីន​ អំពី​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​៖​

Q. ជម្រាប​សួរ​លោក​គ្រូ​!

A. បាទ​ជម្រាប​សួរ​!

Q.​ តើ​ការ​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​ជា​អ្វី​?

A.​ ការ​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម ​សាមញ្ញ​ដូច​ផ្លូវ​កាយ​បឋម​ដែរ​។​ ការ​សង្រ្គោះ​បឋម​ដែល​យើង​តែង​ឧស្សាហ៍​និយាយ​ ប៉ុន្តែ​នេះ​វា​ទាក់​ទង​ផ្លូវ​ចិត្ត​។​ អ៊ី​ចឹង​បាន​ន័យ​ថា​យើង​អាច​ធ្វើ​អី​មុន​គេ ​ព្រោះ​ពាក្យ​បឋម​បាន​ន័យ​ថា​ ក្រោយ​ពេល​ម្នាក់​ឆ្លង​កាត់​ព្រឹត្តិការណ៍​មួយ​តក់​ស្លុត​ណា​មួយ​ទៅ​ ទាំង​យើង​ទាំង​គេ​ ដូច​គ្រោះ​ថ្នាក់​ចរាចរណ៍​ គ្រោះ​ថ្នាក់​ធម្មជាតិ​ ឬ​ក៏​បញ្ហា​វិបត្តិ​ក្នុង​គ្រួសារ ​វិបត្តិ​នៅ​សាលា ​ឬ​វិបត្តិ​ផ្សេងៗ ​ជា​ទូទៅ​មនុស្ស​មួយ​ចំនួន​អាច​តក់​ស្លុត​។​ ហើយ​ជា​ទូ​ទៅ​នៅ​ពេល​ឆ្លង​កាត់​ មនុស្សមួយ​ចំនួន​ទៀត​​គេ​ហៅ​ថា​ជម្ងឺ​តាន​តឹង​ផ្លូវ​ចិត្ត​វា​បង្ក​ផល​ប៉ះ​ពាល់​រំខាន​ជា​ច្រើន​។

​ដូច្នេះ​យើង​ត្រូវ​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ធ្វើ​យ៉ាង​ណា​ជួយឱ្យ​ផ្លូវ​ចិត្ត​មាន​ភាព​ប្រសើរ​ឡើង​ ដើម្បី​ទី​មួយ​កាត់​បន្ថយ​ការ​តាន​តឹង​ផ្លូវ​ចិត្ត​ និង​ទី​ពីរ​បណ្តុះ​ភាព​ខ្លាំង​របស់​គាត់។ ​ភាព​ខ្លាំង​ផ្លូវ​ចិត្ត​របស់​បុគ្គល​ម្នាក់ៗ​​មាន​ន័យ​ថា ​អ្នក​ខ្លះ​មាន​ភាព​ខ្លាំង​ទៅ ​ពេល​ឆ្លង​កាត់​រឿង​រ៉ាវ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​រឿង​រ៉ាវ​ហ្នឹង​គាត់​អត់​សូវ​ប៉ះ​ពាល់​ទេ​។ ​បើ​និយាយ​ឱ្យ​សាមញ្ញ​ប្រព័ន្ធ​រា​ងកាយ​ផ្លូវ​ចិត្ត​រឹង​មាំ អ៊ី​​ចឹង​អន្តរាគមន៍​ផ្លូវ​ចិត្ត​កម្រិត​បឋម​ ឬ​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត ​គឺ​យើង​ផ្តល់​របៀប​បឋម​នៅ​ពេល​ម្នាក់​ឆ្លង​កាត់​រឿង​រ៉ាវ​ណា​មួយ​ដែល​បាន​កើត​ឡើង​។

Q. តើ​ការ​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​មាន​សារៈ​សំខាន់​បែប​ណា​ខ្លះ​?

A. ដូច​លោក​គ្រូ​ជម្រាប​មុន​ហ្នឹង​អ៊ីចឹង​ វា​ដូច​ផ្លូវ​កាយ​បឋម​ដែរ​ លោក​គ្រូ​បញ្ជាក់​ម្តង​ទៀត​។ ​នៅ​ពេល​​ណា​​យើង​​អន្តរាគមន៍​​កាន់​​តែ​​លឿន​ ផ្តល់​​ការ​ជួយ​កាន់​តែ​លឿន​វា​អត់​វិវត្ត​ធ្ងន់​ទេ​នៅ​ពេល​ក្រោយ​។ ​យើង​សា​ក​នឹក​គិត​ស្រម៉ៃ​ ពេល​ឆ្លង​កាត់​តក់​ស្លុត​មាន​បញ្ហា ​ហើយ​មាន​ម្នាក់​មក​លួង​លោម​ ស្តាប់​ យក​ចិត្ត​ទុក​ដាក់​ ផ្តល់​កម្លាំង​ចិត្ត គឺ​មាន​អារម្មណ៍​សប្បាយ​។

​លោក​គ្រូ​ឧទាហរណ៍​​សាមញ្ញ​ ថ្មីៗ​នេះ​លោក​គ្រូ​ចូល​រួម​ពិធី​បុណ្យ​សព​ម្តាយ​របស់​មិត្ត​ភក្តិ​ ធម្មតា​នៅ​​ពេល​​មាន​​រឿង​រ៉ាវអ៊ី​ចឹង​វា​ប៉ះ​ទង្គិច​ ប៉ុន្តែ​ពេល​មាន​វត្ត​មាន​មនុស្ស​ទៅ ​ដូច​ចាស់ៗ​ទៅ​របៀប​ប្រជាជន​ខ្មែរ​យើង​ធ្វើ​កាន់​អង្ករ​ មាន​ទាន​ មាន​ធូប​អ៊ីចឹង​ទៅ ​ស្លៀក​សរ​ពាក់​សរ​សង្រួម​ចិត្ត​ ទៅ​ដល់​លើក​ទឹក​ចិត្ត​ម្ចាស់​ដើម​បុណ្យ​ សួរ​នាំ​អង្គ​ហេតុ​ខ្លះៗ​។​ ពេល​ខ្លះ​អង្អែល​ខ្នង​ ពេល​ខ្លះ​មុខ​ស្រពោន​ចូល​រួម​រំលែក​ទុក្ខ​ជា​មួយ​ ​ពេល​ខ្លះ​នៅ​ក្បែរ​ លើក​ទឹក​ចិត្ត​អ្នក​ដែល​គាត់​បាត់​បង់​ សុំ​ឱ្យ​ញ៉ាំ​បបរ​ ថែ​ទាំ​ខ្លួន​។ ​នៅ​ពេល​ហ្នឹង​សំខាន់​វត្ត​មាន​របស់​មនុស្ស​ស្តាប់​រឿង​រ៉ាវ​របស់​យើង​ ផ្តល់​កម្លាំង​ចិត្ត​ដល់​យើង​ អត់​វិនិ​ច្ឆ័យ​ និង​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ជួយ​យើង​អាច​ធ្វើ​ទៅ​បាន​ ​ពី​ព្រោះ​នៅ​ពេល​ឆ្លង​កាត់​រឿង​រ៉ាវ​ចឹង​ មនុស្ស​ខ្លះ​មាន​អារម្មណ៍​ថា​ឯ​កោ​ខ្លាំង​ ហើយ​វត្ត​មាន​របស់​មនុស្ស​មួយ​ចំនួន​ដែល​នៅ​ក្បែរ​ជួយ​គាត់​ លោក​គ្រូ​លើក​ឧទាហរណ៍​សាមញ្ញ​រឿង​ប៉ុណ្ណឹង​។

​ប៉ុន្តែ​វា​មិន​មែន​មាន​តែ​រឿង​ប៉ុណ្ណឹង​ ព្រោះ​ពេល​ខ្លះ​មិន​មែន​មាន​រឿង​តែ​បាត់​បង់​ទេ​ ជួន​កាល​និយាយ​សាមញ្ញ​អ្នក​ខ្លះ​មាន​វិបត្តិ​គ្រួសារ​ សិស្ស​ខ្លះ​មាន​វិបត្តិ​ការ​សិក្សា ​ក្រុម​គ្រួសារ​ខ្លះ​មាន​បញ្ហា​ទាក់​ទង​ប្តី​ប្រពន្ធ​ ជួន​កាល​កូន​មួយ​ម្តាយ​ឪពុក​អី​ក៏​មាន​ខ្លះ​ដែរ​ អ៊ីចឹង​វា​មាន​ច្រើន ​សូម្បី​មិត្ត​ភក្តិ​ក៏​មាន​។ ​យើង​ធ្លាប់​ហើយ​ពេល​ខ្លះ​ពិបាក​ចិត្តពិ​បាក​អី​ ជួន​កាល​មាន​មិត្ត​ភក្តិ​ ឧទាហរណ៍​ថា ​កុំ​ពិបាក​ចិត្ត​អី​ កុំ​គិត​ច្រើន​ពេក​ ហៅទៅ​ញ៉ាំ​អី​ ជួន​កាល​អត់​ញ៉ាំ​អី​ថ្លៃៗ​ទេ​ ទិញ​ស្វាយ​ សណ្តែក​ដី​ ទឹក​ក្រូច​មួយ​កំប៉ុង​ ប៉ុន្តែ​ជួន​កាល​ទៅ​មាត់​ទន្លេ​អង្គុយ​និយាយ​មួយ​គ្នា ​ដូច​មាន​អ្នក​យល់​ចិត្ត​ ស្តាប់​អាច​ជួយ​យើង​ច្រើន​។​

ហើយ​ប្រសិន​ត​ទៅ​ខាង​មុន​ បញ្ហា​ធំ​របស់​មនុស្ស​បច្ចុប្បន្ន​ គឺ​អត់​សូវ​មាន​អ្នក​ស្តាប់​ អត់​សូវ​ស្តាប់​គ្នា​ អត់​សូវ​ចេះ​ចំណាយ​ពេល​មួយ​គ្នា ​ព្រោះ​អី​ម្នាក់ៗ​រវល់​ច្រើន​ អ្នក​ខ្លះ​មាន​សម្ពាធ​នេះ ​សម្ពាធ​នោះ ​ជំពាក់​គេ​ឯង​ជា​ដើម​ នៅ​ពេល​អត់​សូវ​ស្តាប់​ ហ្នឹង​​ហើយ​មាន​បញ្ហា​ធំ​។

មនុស្ស​បច្ចុប្បន្ន​ឯ​កោ​ច្រើន​ ការ​ស្រាវ​ជ្រាវ​ក៏​បាន​បង្ហាញ​រឿង​ហ្នឹង​ ​ជួន​កាល​ទូរស័ព្ទ​ទំនើប​កាន់​ក្នុង​ដៃ​ជួយ​ឱ្យ​យើង​ទាក់​ទង​មនុស្ស​បាន​រាប់​ពាន់​រាប់​ម៉ឺន​គីឡូ ​តែ​ជួន​កាល​មនុស្ស​នៅ​មុខ​យើង​ យើង​អត់​អាច​ទាក់​ទង​បាន​ទេ​ មនុស្ស​អត់​មាន​វា​អត់​កើត​។​ ពេល​កំពុង​និយាយ​មួយ​គ្នា​យើង​ទាញ​វា​មក​មើល ​ការ​ផ្តល់​ឱ្យ​ក៏​ថយ​ចុះ​ក៏​ច្រើន​មូល​ហេតុ​អ្វី​និយាយ​រឿង​ហ្នឹង​ ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​គឺ​យើង​មើល ​យើង​ស្តាប់​ យើង​ផ្សារ​ភ្ជាប់​ទំនាក់​ទំនង​។

Q. តើ​ការ​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​ធ្វើ​ឡើង​ក្រោម​រូប​ភាព​អ្វី​ខ្លះ​ ឬ​ដោយ​របៀប​ណា​?

A. ជា​ទូ​ទៅ​ពេល​គាត់​មក​ពិគ្រោះ​យោបល់​ យើង​ហៅ​ថា​ counseling ​ប៉ុន្តែ​ការ​សង្រ្គោះ​​ផ្លូវ​ចិត្ត​បឋម​ ភាគ​ច្រើន​យើង​ចុះ​ទៅ​ស្ថាប័ន​ណា​មួយ​។ ​ក្នុង​ការ​ counseling ​យើង​ក៏​ប្រើ​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ពី​អ្នក​ជំនាញ​មួយ​ចំនួន​ គ្រាន់​ថា​ពាក្យ​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ភាគ​ច្រើន​ Specific​ [​ជាក់​លាក់​]​ ដូច​ក្រោយ​ពេល​ឆ្លង​កាត់​ព្រឹត្តិការណ៍​តក់​ស្លុត​ណា​មួយ​ អ្នក​ជំនាញ​គេ​ចុះ​ទៅ​ ឬ​ក៏​ជួប​គ្នា​នៅ​សា្ថប័ន​ណា​មួយ​ ​បន្ទាប់​មក​យើង​ចុះ​ទៅ​ធ្វើ​ការ​អន្តរាគមន៍​។ ​នេះ​នៅ​ក្នុង​ Original ​plan ​[​ផែន​ការ​ដើម​] ​ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ ឆ្លង​កាត់​វិបត្តិ​គ្រួសារ​ ក៏​យើង​ធ្វើ​អន្តរាគមន៍​បែប​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ដែរ។​

Q.តើ​លក្ខ​ខណ្ឌ​ណា​ខ្លះ​ដែល​គួរ​តែ​ស្វែង​រក​ការ​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​?

A. ការ​សង្រ្គោះផ្លូវ​ចិត្ត​បឋម​ជា​ទូ​ទៅ​យើង​ធ្វើ​ទូលំ​ទូ​លាយ។​​ មែន​ទែន​ទៅ​​ខុស​ពី​ការ​យើង​ផ្តល់​ counseling ​ឬ​T12​​ អ៊ីចឹង​ប្រសិន​សួរ​ថា ​តើ​លក្ខ​ខណ្ឌ​ដែល​គាត់​មក​ទទួល​ការ​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​ ​ខ្ញុំ​បញ្ជាក់​ ជា​ទូ​ទៅ​យើង​ផ្តល់​ទៅ​ឱ្យ​គេ​ ឧទាហរណ៍​ថា​ពេល​ណា​យើង​គួរ​ធ្វើ​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម? ​ជួន​កាល​មាន​ព្រឹត្តិការណ៍​មួយ​តក់​ស្លុត​កើត​ឡើង​ យើង​ផ្តល់​អន្តរាគមន៍​ផ្លូវ​ចិត្ត​សង្រ្គោះ​បឋម​។ ឧទាហរណ៍​សាមញ្ញ​មួយ ​ប្រហែល​ពីរ​ឆ្នាំ​មុន​មាន​ព្រឹត្តិការណ៍​មួយ​កើត​ឡើង​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​បាត់​បង់​ជីវិត​ ហើយ​អ្នក​នៅ​មាន​ជីវិត​ គាត់​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​នៅ​តក់​ស្លុត​។ ​ស្រប​ពេល​ហ្នឹង​គេ​បាន​ទាក់​ទង​មក​ខាង​ EMDR ​ដើម្បី​ទៅ​ជួយ​ យើង​ប្រើ​ Q​ អន្តរាគមន៍​ផ្លូវ​ចិត្ត​ពេល​ចុះ​ទៅ ​អ្វី​ដែល​យើង​ធ្វើ​មុន​ដំបូង​គឺ​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ បាន​ន័យ​ថា​យើង​ទៅ​ជួប​ពួក​គាត់​ យើង​សួរ​នាំ​ សួរ​សុខ​ទុក្ខ​គាត់​ មើល​អំពី​តម្រូវ​ការ​បាយ​ទឹក​របស់​គាត់​ កន្លែង​ដែល​មាន​សុវត្ថិភាព​អ៊ីចឹង​ទៅ​។

​ទាំង​យើង​ទាំង​គេ​កំពុង​ភ័យ​ស្លុត​ទាល់​មាន​អី​ញ៉ាំ​សិន​ ​ទាល់​តែ​មាន​កន្លែង​សុវត្ថិភាព​ទើប​មាន​អារម្មណ៍​និយាយ​ពី​អារម្មណ៍​គាត់​ អ៊ីចឹង​យើង​ប្រើ​វិធី​សាស្រ្ត​ហ្នឹង​ ស្តាប់​គាត់​ដោយ​យក​ចិត្ត​ទុក​ដាក់​ អត់​វិនិ​ច្ឆ័យ​ ផ្តល់​ទំនុក​ចិត្ត​ ព័ត៌​មាន​ខ្លះ​យើង​ដឹង​ យើង​ចែក​រំលែក​ ព័ត៌​មាន​ខ្លះ​យើង​អត់​ដឹង​ យើង​អត់​ចែក​រំលែក​ទេ ​ហើយ​ព័ត៌​មាន​ខ្លះ​យើង​អត់​ច្បាស់​ យើង​ប្រាប់​ថា​អត់​ច្បាស់​។ ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​យើង​អត់​កុហក ​មែន​ទែន​ទៅ ​ហើយ​ធ្វើ​កាន់​តែ​លឿន​កាន់​តែ​ល្អ​។ ​គ្រប់​ស្ថាប័ន​មួយ​ចំនួន​ធំ​គួរ​តែ​ដឹង​រឿង​ហ្នឹង​ ប្រសិន​ក្រោយនរ​ណា​គេ​ឆ្លង​កាត់​រឿង​រ៉ាវ​តក់​ស្លុត​ណា​មួយ ​ក្នុង​ក្រុម​គ្រួសារ​ ឬ​ក៏​ក្នុង​ស្ថាប័ន​ហ្នឹង​ មាន​អ្នក​ចេះ​សង្រ្គោះ​បឋម ​ជួយ​ច្រើន​។

Q. តើ​អ្នក​មក​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ ភាគ​ច្រើន​មាន​បញ្ហា​អ្វី​ខ្លះ​?

A. អ្នក​ដែល​មក​ប្រឹក្សា​យោបល់​ គឺ​បាន​ន័យ​ថា​គាត់​មាន​បញ្ហា​យូរហើយ ក្រោយ​ពី​ឆ្លងកាត់​រឿងរ៉ាវ​តក់ស្លុត មនុស្សមួយចំនួន​គាត់ទៅជាមានបញ្ហាផ្លូវចិត្ត គាត់មានបញ្ហាតានតឹងផ្លូវចិត្ត ក្រោយពីតានតឹងហើយវិវត្តទៅជាជម្ងឺផ្លូវចិត្ត។

អ៊ីចឹងប្រឹក្សាយោបល់យើងធ្វើនៅពេលគាត់មានបញ្ហាផ្លូវចិត្ត ឬក៏មានជម្ងឺផ្លូវចិត្តហើយ គឺ​យើង​ធ្វើ​តាមរបៀបអ៊ីចឹង។ ពេលខ្លះយើងធ្វើអន្តរាគមន៍មួយចំនួនផ្សេងទៀត យើងប្រើ PFA ឬ​ការសង្រ្គោះ​ផ្លូវចិត្តបឋម យើងប្រើ​ការគាំទ្រ​ផ្លូវចិត្ត​ទៅកាន់​មនុស្ស​ក្រោយ​ពេល​ឆ្លង​កាត់​រឿង​រ៉ាវ​តក់ស្លុត ឬរឿងរ៉ាវប៉ះទង្គិចផ្លូវចិត្ត។

Q. តើ​ការ​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​​អាច​ផ្តល់​ឲ្យ​នៅ​ពេល​ណា ​និង​នៅ​កន្លែង​ណា​?

A. ជា​ទូ​ទៅ​យើង​ផ្តល់​ឱ្យ​គ្រប់​គ្នា​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ ទាំង​ក្មេង​ ទាំង​ចាស់​ ទាំង​ប្រុស​ ទាំង​ស្រី​ ដែល​គាត់​អន្តរ​ភេទ​​ គឺ​យើង​ធ្វើ​ទាំង​អស់​។ ​យើង​ធ្វើ​នៅ​ពេល​ណា​ដែល​ក្រោយ​ពេល​ឆ្លង​កាត់​រឿង​រ៉ាវ​តក់​ស្លុត​ ឬ​ក៏​រឿង​រ៉ាវ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ឬ​ក៏​រឿង​រ៉ាវ​ណា​ដែល​រំខាន​។ ​ហើយ​នៅ​កន្លែង​ណា​? ច្បាស់​ហើយ​យើង​អត់​ប្រកាន់​កន្លែង​ទេ ​ធម្មតា​យើង​មក​កន្លែង​សុវត្ថិភាព​សិន​។​

ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ពេល​ខ្លះ​គេ​ប្រើ​នៅ​ក្នុង​ War​ Zone​  (តំបន់​សង្រ្គោម​)​ ឬ​ក៏​កន្លែង​មាន​គ្រោះ​ធម្មជាតិ​ គ្រោះ​រញ្ជួយ​ដី ​ឧទាហរណ៍ ​មួយ​រយៈ​មុន​មាន​រលំ​អាគារ​ ឬ​ក៏​ក្រោយ​ពេល​ឆ្លង​កាត់​ធ្ងន់​ធ្ងរ​ណា​មួយ​អ៊ីចឹង​ទៅ​ គេ​ប្រើ​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​។ ​

ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម ​គេ​មើល​ស្ថាន​ភាព​ម៉េច​ដែរ?​ សុវត្ថិភាព​ហើយ​នៅ​? ​មើល​គេ​ត្រូវ​ការ​តម្រូវ​ការ​អ្វី​ខ្លះ​?​ មើល​ហើយ​គាត់​ស្តាប់​ដែរ​ អ៊ីចឹង​ពេល​មើល​ហើយ​ គាត់​ចូល​ទៅ​ម៉េច​ដែរ​ខ្ញុំ​អាច​ជួយ​បាន​អត់​? ​ជួន​កាល​យើង​ប្រើ​កាយ​វិកា​រតាម​ភេទ​ តាម​វប្បធម៌​តាម​អី​ទៅ​។ អ្នក​ខ្លះ​ចូល​ទៅ​ឱប​ ឬ​ក៏​លើក​ទឹក​ចិត្ត​អង្អែល​ខ្នង​ ហើយ​សួរ​ម៉េច​ដែរ​ បាន​ញ៉ាំ​អី​នៅ​? ​បាន​ធូរ​នៅ​?​

អ៊ីចឹង​គោល​ការណ៍​ធំ​របស់​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ គេ​មាន​ភាសា​បី​ គេ​ហៅ​ (​Three​ L​)​ បាន​ន័យ​ថា ​Look​ (​មើល​) ​Listen​ (​ស្តាប់​ដើម្បី​ដឹង​រឿង​រ៉ាវ​) ​ហើយ​និង​ Link ​(​ភ្ជាប់​និង​ព័ត៌​មាន ​ឬ​ក៏​ភា្ជប់​សេវា​នេះ​សេវា​នោះ​)​។ ​មុន​ពេល​យើង​ភ្ជាប់​បាន​ទាល់​តែ​​យើង​ស្តាប់​សិន​ គាត់​ត្រូវ​ការ​អី​?​ ហើយ​មុន​ពេល​ស្តាប់​គាត់​ យើង​ក៏​មើល​គាត់​សិន​ មើល​ទៅ​យើង​អាច​ចូល​ទៅ​បាន​អត់​?​ យើង​មើល​ស្ថាន​ភាព​វា​សមរម្យ​អត់​? ​យើង​មើល​កន្លែង​ដែល​យើង​ផ្តល់​ចង់​និយាយ​មួយ​គាត់​មាន​សុវត្ថិភាព​ឬ​​នៅ​?​ ជួន​កាល​យើង​មើល​សិន​ គាត់​មិន​ទាន់​ពិសារ​អី​ផង​ ហើយ​យើង​ទៅនិយាយ​ជា​មួយ​ក៏​វា​អត់​ត្រូវអី​​អ៊ីចឹង​។​

Q.​ ប្រសិន​បើ​មិន​ទទួល​បាន​ការ​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​ តើ​បុគ្គល​នោះ​អាច​ប្រឈម​នឹង​បញ្ហា​អ្វី​?

A.​ វា​ដូច​ផ្លូវ​កាយ​អ៊ីចឹង​ ពេល​យើង​មាន​របួស​ស្នាម​ភ្លាម​យើង​ឆាប់​ Apply​ (​រក​ថ្នាំ​ដាក់​)​ ត្រឹម​ត្រូវ​អី​ទៅ​វា​អាច​ជួយ​ឱ្យ​របួស​មួយ​ចំនួន​វា​អាច​ជា​ខ្លួន​ឯង​ ព្រោះ​រាងកាយ​យើង​មាន​ប្រព័ន្ធ​ភាព​ខ្លាំង​មួយ​ដែរ​។ ផ្លូវ​ចិត្ត​ដូច​គ្នា ​ប្រសិន​ជា​គាត់​ក្រោយ​ឆ្លង​កាត់​រឿង​រ៉ាវ​តក់​ស្លុត​យូរ​ហើយ ​ក្រោយ​មក​អត់​មាន​អន្តរាគមន៍​ត្រឹម​ត្រូវ​ យូរ​ទៅ​វា​វិវត្ត​ប៉ះ​ពាល់​គាត់​ច្រើន​។ ​លោក​គ្រូ​ឧទាហរណ៍​សាមញ្ញ​ក្មេង​ម្នាក់​រត់​ដួល​ ហើយ​ក្រោយ​ពេល​គាត់​រត់​ដួល​ រក​ថ្នាំអ៊ីចឹង​ទៅ​គាត់​រត់​ទៅ​រក​ម៉ាក់​គាត់​ ជួន​កាល​ម៉ាក់​គាត់​អង្អែល​ ផ្លុំ​អ៊ីចឹង​ទៅ ​ពេល​ខ្លះ​អាហ្នឹង​ផ្លូវ​កាយ​ដាក់​ថ្នាំ​ដាក់​អ៊ីចឹង​ទៅ​ តែ​ផ្លូវ​ចិត្ត​គាត់​កក់​ក្តៅ​។ ​ប៉ុន្តែ​យើង​នឹក​គិត​ស្រម៉ៃ​ ប្រសិន​ជា​គាត់​អត់​ដែល​មាន​អ្នក​ណា​យក​ចិត្ត​ទុក​ដាក់​អី​សោះ ​អ៊ីចឹង​វា​ប៉ះ​ពាល់​អី​ខ្លះ​?​ តាំង​ដើម​ទី​ដំបូង​ លោក​គ្រូ​និយាយ​ថា​ ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​​វា​ជួយ​កាត់​បន្ថយ​ការ​តាន​តឹង​ កាត់​បន្ថយ​ការ​វិវត្ត​ទៅ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​។ អ៊ី​ចឹង​ផ្លូវចិត្តដូច​គ្នា​ បើ​គាត់​អត់​ទទួល​សេវា​ហ្នឹង​អត់​ត្រឹម​ត្រូវ​ ឬ​ក៏​អត់​មាន​ការ​ជួយ​គាំទ្រ​ផ្លូវ​ចិត្ត​បឋម​នៅ​តាម​ស្ថាប័ន​ទេ ​ជួន​កាល​ពេល​ក្រោយ​វា​ទៅ​ជា​បញ្ហា​ផ្លូវ​ចិត្ត​ ឬ​ក៏​ទៅ​ជា​របួស​ស្នាម​ផ្លូវ​ចិត្ត​រ៉ាំរ៉ៃ​ ឬ​ក៏​ទៅ​ជា​ជម្ងឺ​ផ្លូវ​ចិត្ត​ដែល​វា​រំខាន​។

Q.​ ជា​ចុង​ក្រោយ​តើ​លោក​​មាន​ជា​សារ​ ឬ​អនុ​សាសន៍​អ្វី​ទេ​ពាក់​ព័ន្ធ​នឹង​ការ​សង្គ្រោះ​ផ្លូវ​ចិត្ត​បឋម​នេះ​?

A.​ ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​​គឺ​ជា​រឿង​រ៉ាវ​ដែល​យើង​ទាំង​អស់​គ្នា​គួរ​តែ​ចេះ ​គួរ​តែ​ដឹង​ ព្រោះ​វា​ក្តោប​ទៅ​ន័យ​សុខ​ភាព​ផ្លូវ​ចិត្ត​ អ្វី​ទៅ​ជា​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ​និង​របៀប​នៃ​ការ​អន្តរាគមន៍​កម្រិត​បឋម​ ដែល​យើង​ទាំង​អស់​គ្នា​នឹង​ឆ្លង​កាត់​រឿងរ៉ាវ​ហ្នឹង​ គ្មាននរ​ណា​គេ​គេច​ផុត​ទេ​។ ​អ៊ីចឹង​នៅ​ពេល​ណា​មនុស្ស​ដឹង​ច្រើន​ យល់​ច្រើន​ ច្បាស់​ហើយ​អាច​មាន​ធន​ធាន​នៅ​ហ្នឹង​កន្លែង​ ទោះ​បី​នៅ​ក្នុង​ក្រុម​គ្រួសារ​ នៅ​មាន​អ្នក​យល់​ពី​ហ្នឹង​ច្រើន​ ជា​ឪពុក​ម្តាយ​ ពេល​កូន​មាន​បញ្ហា​​នៅ​កន្លែង​ការងារ​ជា​មួយ​ប្រធាន​ នៅ​ពេល​បុគ្គលិក​មាន​បញ្ហា​។

​ប្រសិន​យើង​ចាប់​អារម្មណ៍ ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ បញ្ហា​ផ្លូវ​ចិត្ត​ត្រូវ​បាន​កើត​ឡើង​ខ្លាំង​ជម្ងឺ​ Depression​ (​ការ​ធ្លាក់​ចិត្ត​) ​មួយ​ចំនួន​ឥឡូ​វ​សម្លាប់​ខ្លួន​ច្រើន​។ ​អ៊ីចឹង​នៅ​ពេល​ណា​យើង​ដឹង​ពី​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ យ៉ាង​ហោច​ណាស់​ ទៅ​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ អត់​វិនិច្ឆ័យ​ នៅ​ពេល​ទៅ​ជា​អ្នក​ស្តាប់​ដ៏​ល្អ​ ​ផ្នែក​មួយ​នៃ​ការ​ណែនាំ​អង្គការ​សុខភាព​​ពិភព​លោក​ គឺ​កាត់​បន្ថយ​បញ្ហា​ធ្លាក់​ទឹក​ចិត្ត​ តាម​រយៈ​និយាយ​ជា​មួយ​នឹង​អ្នក​ដែល​យើង​ទុក​ចិត្ត​បាន​។ ​ពេល​ខ្លះ​គាត់​មិន​បាច់​ជា​អ្នក​ផ្តល់​ដំបូន្មាន​អី​ទេ ​ប៉ុន្តែ​និយាយ​ទៅ​មាន​អ្នក​យល់​ចិត្ត ​ហើយ​ពេល​និយាយ​ទៅ​ ឧទាហរណ៍​មាន​ម្នាក់​មាន​បញ្ហា​ផ្លូវ​ចិត្ត​ ធ្លាក់​ទឹក​ចិត្ត​ មក​និយាយ​មួយ​យើង​ យក​ចិត្ត​ទុក​ដាក់​ យើង​ស្តាប់​ ហើយ​យើង​ណែនាំ​មក​សមាគម​ ដូច​សមាគម​ EMDR ​គេ​ជួយ​។ ​មនុស្ស​ដឹង​កាន់​តែ​ច្រើន​ មាន​វា​អត្ថ​ប្រយោជន៍​ច្រើន​ហើយ​គួរ​តែ​ដឹង​តាម​អាច​ធ្វើ​ទៅ​បាន​ វា​អត់​មាន​ស្មុគ​ស្មាញ​ទេ​។ ​

បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​កើត​មាន​ច្រើន​ វា​មាន​សម្ពាធ​ច្រើន​ ការ​ផ្លាស់​ប្តូរ​សង្គម​ផង​ សេដ្ឋកិច្ច​ផង​ សង្រ្គាម​ផង​ ហើយឥ​លូវ​យើង​មើល​ទៅ​ ឬ​បញ្ហា​អសន្តិ​សុខ​មួយ​ចំនួន​ជា​ឧទាហរណ៍​។ ​តិច​ ឬ​ច្រើន​វា​ធ្វើ​ឱ្យ​មនុស្ស​គិត​ច្រើន​ ខ្វល់​ច្រើន ​ហើយ​ពេល​ខ្លះ​វា​ប៉ះ​ទង្គិច​ដោយ​​ប្រយោល អ៊ី​ចឹង​ផ្នែក​មួយ​នៃ​សកម្មភាព​យើង​មាន​គម្រោង​ទទួល​ Fund (មូលនិធិ) ​មក​ពី ​BMZ ​របស់​អាឡឺម៉ង​ហ្នឹង​តាម​រយៈ​អង្គ​ការ​ចុះ​ Editor (​សម្របម្រួល) ហ្នឹង​ គឺ​យើង​ធ្វើ​លើ​អាហ្នឹង​ច្រើន​។ ​ឧទាហរណ៍​សាមញ្ញ​ថា​ ផ្សព្វ​ផ្សាយ​ឱ្យ​មនុស្ស​យល់​ដឹង​សុខ​ភាព​ផ្លូវ​ចិត្ត​កាន់​តែ​ច្រើន​ ផល​ប៉ះ​ពាល់​របស់​វា ​របៀប​ការពារ​ និង​របៀប​ថែ​ទាំ​។ ​នៅ​ពេល​ដឹង​ពី​រឿង​ហ្នឹង​យើង​ចាប់​អារម្មណ៍ ​យើង​ដឹង​ថា​ធ្វើ​ម៉េច​​វា​​ប៉ះ​ពាល់​​ ហើយ​​និង​របៀប​ការពារ​ខ្លួន។​​ ហើយ​ការ​ធ្វើ​របស់​យើង​ជា​ទូ​ទៅ​ជា​មួយ​ប្រជាជន ​ជា​មួយ​សិស្ស ​ជា​មួយ​សាស្រ្តាចារ្យ​ ឬ​ក៏​ជា​មួយ​ព្រះ​សង្ឃ​ អាចារ្យ​ អ៊ីចឹង​ពេល​ដឹង​កាន់​តែ​ច្រើន​វា​ជួយ​ច្រើន​។

មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ​យើង​មាន​កម្មវិធី​ចូល​រួម​ជា​មួយ​សុខា​ភិបាល​ដើម្បី​ចែករំ​លែក​ជា​មួយ​លោក​គ្រូ​ពេទ្យ​អ្នក​គ្រូពេទ្យ​ ឬ​ក៏​គិលានុបដ្ឋាក ​ឬ​ពេទ្យ​ឆ្មប​នៅ​តាម​មណ្ឌល​មួយ​ចំនួន​ហ្នឹង​អំពី​របៀប​សង្រ្គោះ​ផ្លូវ​ចិត្ត​កម្រិត​បឋម​ ប្រឹក្សា​យោបល់​កម្រិត​បឋម​។ ​អ៊ីចឹង​លោក​គ្រូ​ពេទ្យ​អ្នក​គ្រូ​ពេទ្យ​ដែល​គាត់​រៀន​ខាង​ហ្នឹង​គាត់​ធ្វើ​បាន​ទាំង​ពីរ​ គាត់​ផ្តល់​ទាំង​សង្រ្គោះ​ផ្លូវ​កាយ​កម្រិត​បឋម​ ស្រប​ពេល​ហ្នឹង​គាត់​ផ្តល់​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​កម្រិត​បឋម​បន្ថែម​ទៀត​ទៅ អ៊ី​ចឹង​ទាំង​កាយ​ទាំង​ចិត្ត​ត្រសង​ជា​មួយ​គ្នា​។​ មូល​ហេតុ​អ្វី​យើង​ធ្វើអ៊ី​ចឹង​ ព្រោះ​ផែន​ការ​របស់​រដ្ឋាភិបាល​ក៏​លោក​យក​ចិត្ត​ទុក​រឿង​ហ្នឹង​ច្រើន​ ជាពិសេស​នៅ​តាម​នាយក​ដ្ឋាន​សុខ​ភាព​ផ្លូវ​ចិត្ត​ និង​ការពារ​គ្រឿង​ញៀន​ ឃើញ​គាត់​ខិត​ខំ​ច្រើន​ ​ខ្ញុំ​ចង់​ Promote​ (​ផ្សព្វ​ផ្សាយ​)​ លើក​​តម្កើងអាហ្នឹង​ច្រើន។​

ថ្ងៃ​មុន​ចូល​រួម​ប្រជុំ​ជា​មួយ​គាត់​ យើង​ឃើញ​លោក​ប្រធាន​ក៏​ដូច​ជា​ក្រុម​ការងារ​នៅ​ហ្នឹង​​​មគាត់​ចង់​ពង្រីក​សេវា​ហ្នឹង​កាន់​តែ​ច្រើន​។ អ៊ី​​ចឹង​ផែន​ការ​សកម្មភាព​គម្រោង​របស់​យើង​វា​ដើរ​ត្រដំ​ត្រសងជា​មួយ​គ្នា ​យើង​ចង់​បណ្តុះ​បណ្តាល​ធន​ធាន​នៅ​ហ្នឹង​មូល​ដ្ឋាន​ ហើយ​វា​នឹង​ជួយ​ច្រើន​ លោក​គ្រូ​សង្ឃឹម​ថា​ នៅ​ថ្ងៃ​ខាង​មុខ​យើង​នៅ​មាន​ឱកាស​ផ្សព្វ​ផ្សាយ​ឱ្យ​មនុស្ស​យល់​ដឹង​ច្រើន​ពី​បញ្ហា​សុខ​ភាព​ផ្លូវ​ចិត្ត​ ​ជាពិសេស​ការ​សង្រ្គោះ​ផ្លូវ​ចិត្ត​បឋម​ ទាំង​នៅ​សាលា​រៀន​ក៏​យើង​ចង់​ធ្វើ​ច្រើន។​ ទូទៅ​នៅ​តាម​រោង​ចក្រ​កាត់​ដេរ​ ទោះ​បី​នៅ​តាម​ស្ថាប័ន​សាសនា​ នៅ​តាម​មន្ទីរ​ចង់​ចូល​រួម​ជួយ​ច្រើន​ ​ជា​ពិសេស​បណ្តុះ​បណ្តាល​ធន​ធាន​ នៅ​តំបន់​ពេល​មាន​រឿង​រ៉ាវ​ណា​កើត​ឡើង​គាត់​ដើរ​តួរ​បាន​។ លោក​គ្រូ​ឧទាហរណ៍ ​ជួន​កាល​មាន​រឿង​រ៉ាវ​គ្រោះ​ធម្ម​ជាតិ​កើតឡើង​ គ្រោះ​ធម្មជាតិ​វា​ផ្លូវ​កាយ​ ហើយ​ទាំង​យើង​ទាំង​គេ​ពេល​ឆ្លង​កាត់​រឿង​រ៉ាវ​ហ្នឹង​វា​ប៉ះ​ផ្លូវ​ចិត្ត​ អ៊ីចឹង​គាត់​នៅ​ហ្នឹង​គាត់​អាច​ផ្តល់​ជា​អន្តរាគមន៍​។

Q: ចា៎! ​អរគុណ​ច្រើនសម្រាប់​ការ​ផ្ដល់​បទ​សម្ភាសន៍!

A: បាទ! ​អរគុណ​ច្រើន៕