ការ​ហូរ​ចូល​នៃ​ផលិតផល​កសិកម្ម​ក្រៅ​ស្រុក​ កំពុង​ជា​បញ្ហាចម្បង​ដែល​ធ្វើឲ្យ​ប្រជាកសិករ​ក្នុង​ស្រុក​ជួប​ប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកបរិភោគ។

ខាង​ក្រោម​នេះ​គឺ​ជា​កិច្ច​សម្ភាសន៍​រវាង​លោក ថេង សាវឿន ប្រធាន​សមាគមសម្ព័ន្ធ​សហគមន៍​កសិករកម្ពុជា​ CCFC​ Cambodia​ ជាមួយ​កញ្ញា តេង នាតី ជា​សិក្ខាកាម​មកពី​ញូសន៍រូមខេមបូឌា​ (Newsroom Cambodia)៖

Q: ជម្រាប​សួរ​ លោក!

A: បាទ! ជម្រាបសួរ!

Q: តើ​ផលិតផល​កសិកម្ម​ដែល​នាំចូល​មក​កាន់​កម្ពុជា​ភាគ​ច្រើន​មកពីប្រទេស​ណា ហើយ​ប្រភេទ​អ្វី​ខ្លះ?

A: ផលិតផល​ដែល​នាំចូល​មក​ប្រទេសកម្ពុជា​គឺ​ភាគច្រើន​មាន​ពី​ប្រទេសថៃ ប្រទេសវៀតណាម ហើយ​មានជា​បន្លែ ផ្លែឈើ ត្រី សាច់ រួមជាមួយ​នឹង​សម្ភារៈ​ផ្សេងៗ​ទៀត​ដែល​ជាម្ហូបអាហារ និង​អាចនាំចូល​គ្រាប់ពូជ​ផងដែរ​ពីប្រទេស​ទាំងពី​រហ្នឹង ព្រោះ​កម្ពុជា​យើង​មិនទាន់​បានផលិត​គ្រាប់​ពូជ​​គ្រប់បន្លែ ឬក៏​ផលិតផល​កសិកម្ម​គ្រប់សព្វ​ទេ អ៊ីចឹង​ភាគច្រើន​យើង​នាំចូល​ពី​វៀតណាម អង្ករ​ដូចជា​ថៃ​ផង​ដែរ។

Q: តើ​បច្ចុប្បន្ន​ការ​នាំចូល​ផលិតផល​កសិកម្ម​ពី​ប្រទេសជិតខាង​មាន​ចំនួន​ប៉ុន្មានដែរ​ក្នុងមួយ​ឆ្នាំៗ? ហើយ​បច្ចុប្បន្ន​មានការ​កើនឡើង ឬថយចុះ?

A: សម្រាប់​ចំនួន​ ខ្ញុំ​មិនទាន់បាន​ដឹង​ជាក់លាក់​ថា​មាន​ចំនួន​ប៉ុន្មាន​ទេ​ណា​ក្នុង​មួយឆ្នាំៗ ប៉ុន្តែ​យើង​មើល​ឃើញថា​មិនមាន​ការថយចុះ​ក្នុងការ​នាំចូលហ្នឹង​ គឺ​កាន់តែ​កើនឡើង​ពីព្រោះ​តម្រូវការ​ម្ហូបអាហារ​ និង​សម្ភារៈ​ស្បៀង​សព្វថ្ងៃ​ហ្នឹង​ គឺ​កាន់តែ​ជា​តម្រូវ​ការ​ចាំបាច់​ដែល​មនុស្ស​ភាគច្រើន​កំពុងតែ​ត្រូវការ។

Q: កម្ពុជា​ជា​ប្រទេស​កសិកម្ម ប៉ុន្តែ​ហេតុអ្វី​បានជា​កម្ពុជា​នាំចូល​បន្លែ​ពីក្រៅប្រទេស​យ៉ាងច្រើន​បែបនេះ?

A: ការ​ដាំដុះ​របស់​យើង​ ទោះបីជា​យើង​ជា​ប្រទេស​កសិកម្ម​ ប៉ុន្តែ​ការ​កត់សម្គាល់​របស់​ខ្ញុំ​ ការ​ដាំដុះ​ និង​ការ​នាំ​ចេញ​របស់​យើង​នៅមាន​កម្រិត​នៅ​ឡើយទេ​ អ៊ីចឹងហើយ វា​ទាមទារ​ឱ្យ​មាន​ការ​គិតគូរ​ភាគី​ឱ្យ​មាន​ការនាំ​ចូល​ច្រើន​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ ជាពិសេស​ដោយសារ​តែ​ផលិតផល​មួយចំនួន​គឺ​យើង​មិនអាច​ដាំដុះ​បាន​ ឬក៏​មិនអាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​នៅក្នុង​ស្រុក។

Q: ជាទូទៅ​យើង​តែង​ឃើញ​ថា​បន្លែ​ដែល​នាំ​ចូល​មាន​តម្លៃ​ថោកជាង​បន្លែ​ក្នុង​ស្រុក តើ​មកពី​មូលហេតុ​អ្វី​ដែរ?

A: បាទ! ជាទូទៅ​កាលណា​គេដាំ​ ប្រើ​វត្ថុ​ធាតុដើម​ ឬ​ក៏​ទុន​តិច ហើយ​មាន​បច្ចេកវិទ្យា​ខ្ពស់​ទទួលបាន​ផល​ច្រើន ច្បាស់​ណាស់​ការលក់​បន្លែ​ ផ្លែឈើ ឬក៏​ផលិតផល​ហ្នឹង​មក​ប្រទេស​កម្ពុជា​យើង​មាន​តម្លៃ​ទាប​ជាង ​អ៊ីចឹងហើយ​ពី​ដី​នៃការ​ដាំ ដោយសារ​តែ​បច្ចេកទេស​ និង​វិធីសាស្រ្ត​​នៃ​ការ​ដាំដុះ​របស់​ប្រទេស​ជិតខាង​ហ្នឹង​មាន​ភាព​ជឿនលឿន​ជាង ឬក៏​មាន​ភាព​ល្អ​ប្រសើរ​ជាង។

Q: បើ​បន្លែ​ពីក្រៅស្រុក​មានជាតិ​គីមី​ច្រើន តើ​វា​អាច​ធ្វើ​ឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកបរិភោគ​បែបណាខ្លះ?

A: ជាទូទៅ​ នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​យើង​បរិភោគ​បន្លែ​ ផ្លែឈើ ដែល​នាំ​ចូល​មាន​សារធាតុ​គីមី​ វា​នឹង​ប៉ះពាល់​សុខភាព​របស់​ពួកគាត់​ ដូចជា​កើត​ជម្ងឺ​ជាដើម ហើយ​និង​មានបញ្ហា​ផ្សេងៗទៀត។

Q: តើ​ការ​នាំ​ចូល​បន្លែពី​ក្រៅ​ប្រទេស​បែបនេះ ធ្វើឱ្យ​ប៉ះពាល់​បែបណា​​ខ្លះ​ដល់​កម្ពុជា ពិសេស​កសិករ?

A: កាលណា​បើ​យើង​នៅ​តែ​បន្ត​ឱ្យ​មាន​ការ​នាំចូល​បន្លែផ្លែឈើ​ពី​ក្រៅប្រទេស​ខ្លាំង​ច្រើន​មក​លក់​​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​យើង​ បើ​ប៉ះពាល់​ធំ​គឺត្រង់ថា​បន្លែ​យើង​គឺ​នឹងលក់​មិន​ចេញ​ទេ អាហ្នឹង​រឿង​ទីមួយ រឿងទីពីរ​ការ​កែច្នៃ​របស់​យើង​នៅមាន​កម្រិត​ អ៊ីចឹង​វា​នឹង​ធ្វើឱ្យ​ចាល់ ឬលក់​មិនដាច់​នូវផលិតផល​ក្នុងស្រុក​មួយចំនួន អ៊ីចឹង​យើង​ត្រូវការ​គិតគូរ​ និងជំនាញ​វិធីសាស្រ្ត​ក្នុង​ការ​កែច្នៃ​រួមជាមួយនឹង​លើក​កម្ពស់​នៃការប្រើប្រាស់​នូវ​ផលិតផល​ក្នុងស្រុក​ឱ្យ​បានច្រើន។

Q: បើ​ការ​នាំចូល​ផលិតផល​កសិកម្ម​ក្រៅស្រុក​នៅតែ​បន្ត តើ​សេដ្ឋកិច្ច​របស់​ប្រជាជន និង​សង្គម​ជាតិ​ទៅជាយ៉ាង​ណា​ដែរ?

A: ខ្ញុំ​គិតថា​បើសិន​នៅតែមាន​ការនាំចូល ផលប៉ះពាល់​ទាក់ទង​នឹង​សេដ្ឋកិច្ច​គឺ​មានការ​ធ្លាក់ចុះ​លើ​ប្រាក់ចំណូល​ ហើយ​បំណុល​នៃការ​កើនឡើង​ខ្លាំង​ ហើយ​ការ​បាក់​ទឹកចិត្ត​រួមជាមួយ​នឹង​អត្រា​​​នៃការ​ធ្វើកសិកម្ម​ដើម្បី​ផ្គត់ផ្គង់​ក្នុងស្រុក​នឹងមាន​ការថយចុះ។

Q: តើ​អ្នកពាក់ព័ន្ធ​គួរ​ធ្វើ​បែបណា​ដើម្បី​កាត់បន្ថយ​ការនាំចូល​បន្លែ​ពីក្រៅ​ប្រទេស​បាន?

A: យន្តការ​គឺ​ក្រសួង រាជរដ្ឋាភិបាល ហើយនិង​គ្រប់ភាគី​ពាក់ព័ទ្ធ​ត្រូវតែ​ធ្វើការ​រួមគ្នា​ដើម្បី​ឆ្លើយ​តប​​បញ្ហា​ និង​ដោះស្រាយ​បញ្ហា​ចំពោះមុខ​ទៅលើ​ផល​ប៉ះពាល់​នៃ​ការនាំចូល​ ​ក៏ដូចជា​ធ្វើម៉េច​ឱ្យមាន​កំណែ​ទម្រង់ និងអភិបាលកិច្ច​នៃ​វិស័យ​កសិកម្ម​ក្នុង​ប្រទេស​កម្ពុជា​បាន។

Q: អរគុណ​លោក​ដែលបាន​ផ្តល់កិច្ចសម្ភាសន៍!

A: បាទ អរគុណ!