សាលាឧទ្ធរណ៍ខេត្តព្រះសីហនុទំលាក់បទចោទប្រកាន់ ប្រឆាំងសកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន៨នាក់ ក្នុងជម្លោះដីធ្លីដែលអូសបន្លាយជិត២០ឆ្នាំមកហើយ នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។
គេហទំព័រ Newsroom Cambodia ទើបទទួលបានការជូនដំណឹង នៅថ្ងៃទី១៧ វិច្ឆិកា នេះដែលសហគមន៍ «តានីជីលើ១៩៧ » ដែលមានមូលដ្ឋាននៅខេត្តកោះកុង បានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក (Facebook) កាលពីថ្ងៃទី១៦ វិច្ឆិកា បង្ហាញថា ក្រុមអ្នកតស៊ូមតិវិវាទដីធ្លីចំនួន ៨នាក់ ត្រូវបានសាលាឧទ្ធរណ៍តំបន់ព្រះសីហនុ សម្រេចទម្លាក់ចោលការចោទប្រកាន់ ប្រឆាំងពួកគេ។
តំណាងសហគមន៍ដែលត្រូវបានតុលាការ ដោះលែងឱ្យមានសេរីភាពឡើងវិញ រួមមានលោក ឆាន់ ឈឿន អ្នកស្រី អឹប តឹង អ្នកស្រី អិន ធូ លោក ពូ ហ៊ូន អ្នកស្រី ដេត ហូរ លោក ហេង ជ័យ អ្នកស្រី កើត នៅ និងលោក សុខជ័យ។សកម្មជនដីធ្លីទាំង៨នាក់ ត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ពីបទ« ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហាមូលបង្កាច់កេរ្តិ៍ » ក្នុងជម្លោះដីធ្លីជាមួយឈ្មួញដីលោក ហេង ហ៊ុយ និងលោកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា កូតាមកពីគណបក្សប្រជាជនកម្ពុជា ។
អ្នកស្រី កើត នៅ បង្ហាញអារម្មណ៍រីករាយ នៅពេលទទួលបានដំណឹងពីការទម្លាក់ចោទប្រឆាំងប្រឆាំងអ្នកស្រីនៅពេលនេះដោយសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ។មានវ័យ៣៨ឆ្នាំ និងជាអ្នកដែលស្ថិតនៅក្នុងចំណោមអ្នកដែលត្រូវតុលាការទម្លាក់បទចោទដែរ អ្នកស្រីនៅតែបង្ហាញក្តីកង្វល់ដោយសារបញ្ហាដីធ្លីមិនទាន់បានដោះស្រាយនៅឡើយ។
អ្នកស្រីបន្តថា៖ « ការទំលាក់បទចោទនេះ រាងសប្បាយចិត្តដែរប៉ុន្តែសំខាន់គឺជាដំណោះស្រាយដីធ្លីរបស់យើងមិនទាន់បាន ចឹងខ្ញុំគិតថាគ្រាន់តែការទំលាក់បទចោទនេះ ប៉ុន្តែមិនទាន់មានដំណោះស្រាយអញ្ចឹងខ្ញុំគិតថាពេលណាដែលពេលយើងធ្វើសកម្មភាពទៅតវ៉ាតស៊ូមតិទៀត ខ្ញុំគិតថាអាចនឹងមានគេចោទថែមទៀតអីចឹងណា »។
បើតាមអ្នកស្រី កើត នៅ ដាក់ក្តីសង្ឈឹមថារដ្ឋាភិបាលនឹងដោះស្រាយដីធ្លីដែលកំពុងមានជិត២០ឆ្នាំមកនេះជូនពួកគាត់ឱ្យបានឆាប់។
អ្នកស្រីបន្តថា៖ « សូមឱ្យរាជរដ្ឋាភិបាលនឹងផ្តល់ភាពយុត្តិធម៌ឱ្យជនរងគ្រោះដីធ្លីហើយនឹងដោះស្រាយវិវាទដីធ្លីឱ្យពួកខ្ញុំដែលរងគ្រោះដីធ្លីនេះឱ្យបានឆាប់រហ័ស ហើយខ្ញុំសង្ឈឹមថារាជរដ្ឋាភិបាល ពួកខ្ញុំដែលទៅតវ៉ាទៅតស៊ូមតិ យើងគិតថាមិនចោទប្រកាន់យើងតទៅទៀតទេ » ។
ស្រដៀងគ្នានេះដែរ អ្នកស្រី ដេត ហួរ តំណាងពលរដ្ឋ ១៩៧គ្រួសារ សប្បាយចិត្តក្រោយពីទទួលបានដំណឹងនេះ ហើយអ្នកស្រីសង្ឈឹមថាតុលាការនឹងរកភាពយុត្តិធម៌ជូនប្រជាពលរដ្ឋផ្សេងទៀត ដូចរូបអ្នកស្រីដែរ។
អ្នកស្រីបន្តថា៖ « គ្រាន់តែបានលឺថាតុលាការឧទ្ធរណ៍ទំលាក់បទចោទខ្ញុំមានអារម្មណ៍ថាសប្បាយចិត្ត […] ខ្ញុំស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យមើលដល់ប្រជាពលរដ្ឋ ហើយក៏សូមកុំឱ្យអាជ្ញាធរមូលដ្ឋានទាំងអាជ្ញាធរថ្នាក់ជាតិថ្នាក់ខេត្តរើសអើងពេលដែលប្រជាពលរដ្ឋទាមទារដីធ្លី ចោទប្រកាន់ទៅលើគាត់ថាគាត់គណបក្សនយោបាយ ហើយអ្នកក្រុមប្រឆាំងទាំងដែលគាត់រឿងដីធ្លីសោះ ខ្ញុំសុំឱ្យអ្នកដែលបាត់បង់ដីធ្លីទាំងអស់យើងកាន់ភ្ជាប់ថាខ្លួនយើង យើងច្បាស់ជាបាត់បង់ដីធ្លី ទោះថានរណាចោទយើងថាគណបក្សនយោបាយតែយើងមិនបានធ្វើនយោបាយណាមួយនោះទេ » ។
សកម្មជនដីធ្លីដែលត្រូវបានតុលាការទំលាក់បទចោទម្នាក់ទៀត អ្នកស្រី អឹប តឹង ថាការទំលាក់បទចោទនេះគឺជាអំណះអំណាងមួយដែលបញ្ជាក់ថាខ្លួនជាជនរងគ្រោះដីធ្លីពិតប្រាកដ ហើយអ្នកស្រីស្នើឱ្យរដ្ឋាភិបាលជួយពន្លឿនក្នុងការដោះស្រាយវិវាទដីធ្លីឱ្យបានឆាប់ចប់ ដើម្បីបើកផ្លូវឱ្យពលរដ្ឋ អាចមានលទ្ធភាពអាស្រ័យផលឡើងវិញ លើដីដែលមានទំនាស់នេះផង។
អ្នកស្រីបន្តថា៖ « ខ្ញុំសូមស្នើឱ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីរបស់ពួកខ្ញុំរយៈពេលជិតចូល ២០ឆ្នាំហើយដែលមានបញ្ហាជាមួយលោក ហេង ហ៊ុយហើយដល់ពេលតុលាការទំលាក់បទចោទចឹងជាសារមួយទៅកាន់រដ្ឋាភិបាលហើយថាពួកយើងបាត់បង់ដីធ្លីពិតប្រាកដ មិនមែនការចោទប្រកាន់របស់លោក ហេង ហ៊ុយទេ ព្រោះអីតុលាការទំលាក់បទចោទហើយពួកខ្ញុំជាជនរងគ្រោះដីធ្លី » ។
ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ(Licadho) លោក អំ សំអាត គាំទ្រដែលតុលាការសម្រេចទំលាក់បទចោទនេះ ប៉ុន្តែប្រសិនបើអាចបញ្ចប់វិវាទដីធ្លីនៅសហគមន៍ទៀតគឺកាន់តែល្អ។
លោកបន្តថា៖ « ការសម្រេចរបស់សាលាឧទ្ធរណ៍នេះវាជាការផ្តល់យុត្តិធម៌សម្រាប់ពួកគាត់ឡើងវិញ ហើយអ្វីដែលត្រូវដោះស្រាយបន្តនោះគឺអាជ្ញាធរ និងភាគីពាក់ព័ន្ធហ្នឹង ត្រូវតែដោះស្រាយបញ្ហាដីធ្លីរបស់គាត់ហ្នឹងឱ្យមានលទ្ធផលល្អ ហើយបញ្ចប់វិវាទហ្នឹង អាហ្នឹងបានជាដំណោះស្រាយល្អមែនទែន » ។
កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុង បានចេញសាលក្រមផ្តន្ទាទោស សកម្មជនដីធ្លីទាំង៨រូបដាក់ពន្ធនាគារ១ឆ្នាំ និងសងសំណងរដ្ឋប្បវេណីចំនួន៤០លានរៀលដល់ដើមបណ្តឹងរដ្ឋប្បវេណី ពីបទ « ញ៉ុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហាមូលបង្កាច់កេរ្តិ៍ » តាមមាត្រា ៣១១ ៣១២ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
ដោយឡែក លោក គង់ ម៉ែន ដែលជាចោទជាប់ចោទម្នាក់ ក្នុងចំណោមតំណាងសហគមន៍ ១៩៧ នៅជីខលើ បានទទួលមរណៈមុនតុលាការទម្លាក់ចោទ ប៉ុន្តែអ្នកតស៊ូមតិដីធ្លីរូបនេះ ត្រូវបានតុលាការសម្រេចរំលត់បណ្តឹងអាជ្ញា។
ជុំវិញទំនាស់ដីធ្លីនេះ គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបន្តអូសបន្លាយជិត ២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៧ ដល់ពេលបច្ចុប្បន្ន។ពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ១២០០ ហិកតារ ជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគមន៍ នៅមិនទាន់អាចរកច្រកចេញបាននៅឡើយ៕