សាលាឧទ្ធរណ៍ខេត្ត​ព្រះសីហនុ​​ទំលាក់​បទ​ចោទប្រកាន់ ប្រឆាំងសកម្មជនដីធ្លីនៅខេត្តកោះកុងចំនួន៨នាក់ ក្នុ​​ង​​ជម្លោះដីធ្លីដែលអូសបន្លាយជិត២០ឆ្នាំមកហើយ នៅក្នុងស្រុកស្រែអំបិល ខេត្តកោះកុង។

គេហទំព័រ Newsroom Cambodia ទើបទទួលបានការជូនដំណឹង នៅថ្ងៃទី១៧ វិច្ឆិកា នេះដែលសហគមន៍ «តានីជីលើ១៩៧ » ដែលមានមូលដ្ឋាននៅខេត្តកោះកុង បានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក (Facebook) កា​​ល​ពីថ្ងៃទី១៦ វិច្ឆិកា បង្ហាញថា ក្រុ​​ម​​​​អ្នក​​ត​​ស៊ូមតិវិវាទដីធ្លីចំនួន ៨នាក់ ត្រូវបានសាលាឧទ្ធរណ៍តំបន់​​​ព្រះសី​ហ​​នុ ស​​ម្រេចទម្លាក់ចោលកា​​​រចោទប្រ​​កា​ន់ ប្រឆាំងពួកគេ។

តំណាងសហគមន៍ដែលត្រូវបានតុលាការ ដោះលែងឱ្យមានសេរីភាពឡើងវិញ រួមមានលោក ឆាន់ ឈឿន​ អ្ន​​ក​​​ស្រី​ អឹប តឹង អ្នកស្រី​ អិន​ ធូ លោក ពូ ហ៊ូន អ្នកស្រី ដេត ហូរ លោក ហេង​ ជ័យ អ្នកស្រី កើត នៅ និងលោក សុ​​ខជ័យ​​។សកម្មជនដីធ្លីទាំង៨នាក់ ត្រូវបានតុលាការខេត្តកោះកុងចោទប្រកាន់ពីបទ« ញុះ​ញង់​បង្ក​ឱ្យមាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​ និងបទ​បរិហាមូល​បង្កាច់​កេរ្តិ៍ » ក្នុងជម្លោះដីធ្លីជាមួយឈ្មួញដីលោក ហេ​​ង​ ហ៊ុយ និងលោកឧកញ៉ា លី យ៉ុងផាត់ ជាសមាជិកព្រឹទ្ធសភា កូតាមកពីគណបក្សប្រជាជនកម្ពុជា ។

អ្នកស្រី កើត នៅ ​បង្ហាញអារម្មណ៍រីករាយ នៅពេលទទួលបានដំណឹងពីការទម្លាក់ចោទប្រឆាំង​​ប្រឆាំងអ្នក​​ស្រី​​នៅពេលនេះដោយសាលាឧទ្ធរណ៍ខេត្តព្រះសីហនុ។​​មានវ័យ៣៨ឆ្នាំ និងជាអ្នកដែលស្ថិតនៅក្នុងចំណោ​​មអ្នក​​ដែ​​លត្រូវតុលាការទម្លាក់បទ​ចោទដែរ អ្នកស្រីនៅតែ​បង្ហាញក្តី​កង្វល់ដោយសារបញ្ហាដីធ្លីមិនទាន់បានដោះ​​ស្រា​​យ​​នៅឡើយ។

អ្នកស្រីបន្តថា៖ « ការទំលាក់បទចោទនេះ រាងសប្បាយចិត្តដែរប៉ុន្តែសំខាន់គឺជា​ដំណោះ​ស្រាយដីធ្លីរបស់យើងមិនទាន់បាន ចឹងខ្ញុំគិតថាគ្រាន់តែការទំលាក់បទចោទនេះ​ ប៉ុន្តែមិនទាន់មាន​ដំណោះស្រាយ​អញ្ចឹងខ្ញុំគិតថាពេលណាដែលពេលយើង​ធ្វើ​សកម្មភាពទៅតវ៉ា​​តស៊ូ​មតិទៀត​​ ខ្ញុំគិតថាអាច​នឹងមានគេ​ចោទ​ថែមទៀត​អីចឹង​​ណា​ »។

បើតាមអ្នកស្រី កើត នៅ ដាក់ក្តីសង្ឈឹមថារដ្ឋាភិបាលនឹង​ដោះស្រាយដីធ្លីដែលកំពុងមានជិត២០ឆ្នាំមកនេះជូនពួកគាត់​ឱ្យ​​បានឆាប់​។

អ្នកស្រីបន្តថា​៖ « សូមឱ្យរាជរដ្ឋាភិបាល​នឹង​ផ្តល់​ភាព​យុត្តិធម៌​ឱ្យ​ជន​រងគ្រោះ​ដីធ្លី​ហើយ​នឹង​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យពួកខ្ញុំ​ដែលរងគ្រោះ​ដីធ្លី​នេះ​ឱ្យ​បាន​ឆាប់​រហ័ស ហើយ​ខ្ញុំ​សង្ឈឹម​ថា​​រាជរដ្ឋាភិបាល​ ពួកខ្ញុំ​ដែល​ទៅតវ៉ា​ទៅតស៊ូ​មតិ ​យើងគិតថា​​មិនចោទ​ប្រកាន់​យើង​​តទៅ​ទៀត​ទេ​ » ។

​ស្រដៀងគ្នានេះដែរ អ្នកស្រី ដេត ហួរ តំណាង​ពលរដ្ឋ ១៩៧គ្រួសារ សប្បាយចិត្តក្រោយពីទទួលបានដំណឹងនេះ ហើយអ្នកស្រីសង្ឈឹមថាតុលាការនឹងរកភាពយុត្តិធម៌ជូនប្រជាពល​រដ្ឋ​ផ្សេង​ទៀត ដូចរូបអ្នកស្រីដែរ​។​

អ្នកស្រីបន្តថា​៖ « គ្រាន់​តែបាន​លឺថា​តុលាការឧទ្ធរណ៍​ទំលាក់បទ​ចោទ​ខ្ញុំ​មានអារម្មណ៍​ថាសប្បាយ​ចិត្ត​ […] ខ្ញុំស្នើ​​សុំ​​​ឱ្យរាជរដ្ឋាភិបាល​ពិនិត្យ​មើលដល់ប្រជាពល​រដ្ឋ​ ហើយ​ក៏​សូម​​កុំ​ឱ្យ​​អាជ្ញាធរ​មូលដ្ឋាន​ទាំងអាជ្ញាធរ​​ថ្នាក់ជាតិ​​​ថ្នាក់ខេត្តរើសអើង​ពេល​ដែល​ប្រជាពលរដ្ឋ​ទាមទារ​ដីធ្លី​ ចោទប្រកាន់​ទៅលើគាត់​ថាគាត់​គណបក្ស​នយោ​​បាយ​​​ ហើយ​អ្នកក្រុម​​ប្រឆាំងទាំង​ដែល​គាត់​រឿង​ដីធ្លីសោះ​ ខ្ញុំ​សុំ​ឱ្យ​អ្នក​ដែល​បាត់​បង់​ដីធ្លី​ទាំង​អស់​យើង​កាន់​ភ្ជាប់​ថាខ្លួន​យើង យើងច្បាស់ជាបាត់បង់ដីធ្លី​ ទោះថា​នរណា​ចោទ​យើង​ថាគណបក្ស​នយោបាយ​តែយើង​មិនបានធ្វើ​នយោបាយ​ណាមួយនោះទេ » 

សកម្មជន​ដីធ្លីដែលត្រូវបានតុលាការ​ទំលាក់​បទចោទម្នាក់​ទៀត ​អ្នក​ស្រី​​ អឹប តឹង ថា​ការទំលាក់​បទចោទ​នេះ​គឺជា​អំណះអំណាង​មួយដែលបញ្ជាក់ថាខ្លួនជាជនរងគ្រោះ​ដីធ្លី​ពិត​ប្រាកដ​ ហើយ​អ្នកស្រី​ស្នើឱ្យ​រដ្ឋាភិបាលជួយ​​ព​​ន្លឿ​​នក្នុងការ​ដោះស្រាយ​វិវាទ​ដីធ្លី​ឱ្យបានឆាប់ចប់ ដើម្បីបើកផ្លូវឱ្យពលរដ្ឋ អាចមានលទ្ធភាព​​អាស្រ័​​យ​​​ផ​ល​​ឡើ​​​​ងវិញ លើដីដែលមានទំនាស់នេះផង​។

អ្នកស្រី​​បន្តថា​៖ « ខ្ញុំសូម​ស្នើ​ឱ្យរាជ​រដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់ពួក​ខ្ញុំ​​រយៈ​ពេលជិតចូល​ ២០​ឆ្នាំ​ហើ​​​​​ដែលមានបញ្ហា​ជាមួយ​លោក ​ហេង ​ហ៊ុយ​ហើយ​ដល់ពេល​​តុលាការ​ទំលាក់​បទ​ចោទ​ចឹង​​ជា​សារ​មួយទៅកាន់​រដ្ឋាភិបាល​ហើយ​ថាពួក​យើង​បាត់​បង់​ដីធ្លី​ពិតប្រា​កដ ​មិនមែន​ការ​ចោទប្រកាន់​របស់​លោក​ ហេង ហ៊ុយទេ ព្រោះអី​តុលាការ​ទំលាក់បទ​ចោទ​ហើយពួកខ្ញុំ​ជា​ជនរងគ្រោះដីធ្លី​​​​ » ។

ចំណែកនាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារសិទ្ធិមនុស្ស លីកាដូ​(L​​​ic​a​​​d​h​​o​​) ​លោក អំ សំអាត គាំទ្រដែលតុលាការ​សម្រេច​​ទំលាក់បទចោទ​នេះ ប៉ុន្តែ​ប្រសិន​បើអាចបញ្ចប់​វិវាទ​ដីធ្លី​នៅសហគមន៍​ទៀតគឺកាន់​តែល្អ​។​

លោកបន្ត​ថា​៖ « ​ការសម្រេចរបស់សាលាឧទ្ធរណ៍​នេះ​វាជា​ការ​ផ្តល់​យុត្តិធម៌​សម្រាប់​ពួកគាត់​ឡើង​វិញ​ ហើយអ្វី​ដែ​​ល​ត្រូវ​ដោះស្រាយ​បន្តនោះគឺ​អាជ្ញាធរ​ និងភាគីពាក់ព័ន្ធ​ហ្នឹង ត្រូវតែដោះស្រាយបញ្ហា​ដីធ្លី​របស់គាត់​ហ្នឹង​ឱ្យ​​មា​​ន​លទ្ធផល​ល្អ​ ហើយបញ្ចប់វិវាទហ្នឹង អាហ្នឹង​បានជាដំណោះ​ស្រាយ​ល្អមែន​ទែន » ។

កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ សាលាដំបូងខេត្តកោះកុង បានចេញសាលក្រមផ្តន្ទាទោស សកម្មជនដីធ្លីទាំង៨រូបដាក់ពន្ធនាគារ១ឆ្នាំ និងសង​សំណងរដ្ឋប្បវេណីចំនួន៤០លានរៀលដល់ដើមបណ្តឹង​រដ្ឋប្បវេណី​ ពី​​បទ « ញ៉ុះ​ញង់​បង្ក​ឱ្យមាន​ភាព​វឹក​វរ​ធ្ងន់​ធ្ងរ​ដល់​សន្តិ​សុខ​សង្គម​ និងបទ​បរិហាមូល​បង្កាច់​កេរ្តិ៍ » តាមមាត្រា ៣១១ ៣១២ ៤៩៤  និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ​។ ​ 

ដោយឡែក លោក គង់ ម៉ែន ដែលជាចោទជាប់ចោទម្នាក់ ក្នុងចំណោមតំណាងសហគមន៍ ១៩៧ នៅជីខលើ បានទទួលមរណៈមុនតុលាការទម្លាក់ចោទ ប៉ុន្តែអ្នកតស៊ូមតិដីធ្លីរូបនេះ ត្រូវបានតុលាការសម្រេច​​រំលត់​​បណ្តឹ​​ង​​អា​​ជ្ញា។

ជុំវិញទំនាស់ដីធ្លីនេះ គេសង្កេតឃើញថា ទីតាំងដីមានទំនាស់ដែលស្ថិតនៅភូមិតានី ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង បានបន្តអូសបន្លាយជិត ២០ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៧ ដល់ពេលបច្ចុប្បន្ន​​។ពលរដ្ឋចំនួន១៩៧ គ្រួសារ ដែលមានទំនាស់ដីធ្លីចំនួន ១២០០ ហិកតារ ជាមួយក្រុមហ៊ុ​​​នឧ​​កញ៉ា លី យ៉ុងផាត់ និងលោក ហេង ហ៊ុយ ក្រោមរូបភាពអភិវឌ្ឍន៍ដំណាំអំពៅលើដីសហគ​ម​​ន៍​ នៅមិន​ទា​ន់​​​​​​​​​​​អាចរកច្រកចេញបាននៅឡើយ៕