ក្រុមយុវជនជាង ២០នាក់ ស្នើដល់រដ្ឋាភិបាលកម្ពុជា លុបចោលអាជ្ញាប័ណ្ណនាំចេញឈើទៅបរទេស របស់ក្រុមហ៊ុនអង្គរផ្លាយវូត ខណៈពួកគេបារម្ភអំពីវិនាសកម្មព្រៃឈើកាន់តែកើនឡើង។
ការស្នើនេះ បានធ្វើឡើងតាមរយៈការដាក់ញត្តិនៅខុទ្ទការល័យនាយករដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្រុមយុវជនទាំងនោះបាននាំគ្នាជិះកង់ចេញពីទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវឆ្ពោះទៅកាន់ស្ថាប័នទាំង២នេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។
មានអក្សរនៅលើមុខថា «STOP» យុវតី អន ស្រីឡែន ស្ថិតនៅក្នុងវ័យ១៩ឆ្នាំ និងជាតំណាងក្រុមយុវជនបានប្រាប់Newsroom Cambodia ថា គោលបំណងដែលពួកគេដាក់ញត្តិនេះ គឺដើម្បីទាមទារឱ្យរដ្ឋាភិបាលលុបនូវអាជ្ញាប័ណ្ណនាំឈើចេញពីកម្ពុជាទៅបរទេស របស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូអិលធីឌី។
កញ្ញានិយាយថា៖ «គោលបំណងក្នុងនាមជាប្រជាពលរដ្ឋ និងជាយុវជនហ្នឹង គឺយើងចង់ឱ្យយើងមានការទាមទារលុបនូវអាជ្ញាប័ណ្ណ[របស់]ក្រុមហ៊ុនអង្គរផ្លាវូត និងធ្វើការស៊ើបអង្កេតលើក្រុមហ៊ុននេះដែលបានចេញឈើដ៏កម្រដែលផ្ទុយពីច្បាប់របស់កម្ពុជាយើង»។
ខ្លឹមសារក្នុងញត្តិរបស់ក្រុមយុវជនទាំងនោះ បានលើកឡើងថា យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យក្រុមហ៊ុនអង្គរផ្លាយវូត ទទួលបានការពន្យាពេលនាំចេញផលិតផលឈើកែច្នៃចំនួន ១០៣ ៧៦៣,១៥ម៉ែត្រគូប ដែលនៅសល់ពីការអនុញ្ញាតកាលពីឆ្នាំ២០១៦ ឱ្យបន្តការនាំចេញរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពដដែលបន្តថា ការអនុញ្ញាតរបស់រដ្ឋាភិបាលនេះ បានឱ្យនាំចេញតែប្រភេទឈើកែច្នៃ ដូចជា ក្តារបន្ទះ ក្តារកម្រាលការ៉ូ និងផលិតផលកែច្នៃផ្សេងៗទៀត ដែលផលិតពីចំណិតឈើស្នូល តែផ្ទុយទៅវិញក្រុមហ៊ុនបាននាំចេញឈើកម្រជាច្រើនប្រភេទ ដូចជា ស្រឡៅ កកោះ ផ្ចឹក និងសុក្រមជាដើម ចំនួន ២,២៣៥,៨៤០គីឡូក្រាម ទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមបញ្ជីនាំចេញឈើរបស់ក្រុមហ៊ុនដែលបានចុះផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។
ញត្តិរបស់យុវជនបន្ថែមថា ពួកគេមានក្តីបារម្ភជាខ្លាំងក្រោយទទួលបានព័ត៌មានពីការស្នើសុំពន្យាពេលនាំឈើចេញរយៈពេល ៥ឆ្នាំទៀតរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ ដើម្បីរក្សាបាននូវនិរន្តរភាពធនធានធម្មជាតិនៅកម្ពុជា ញត្តិរបស់ក្រុមយុវជនទាមទារឱ្យរដ្ឋាភិបាលកម្ពុជា លុបអាជ្ញាប័ណ្ណនាំឈើចេញរបស់ក្រុមហ៊ុនអង្គរផ្លាយវូត ខូអិលធីឌី និងធ្វើការស៊ើបអង្កេតអំពីការនាំចេញប្រភេទឈើកម្រនេះ។
ស្រដៀងគ្នានេះដែរ លោក ពុធ កុលកា ជាយុវជនដែលចូលរួមជិះកង់ដាក់ញត្តិដែរនោះ មានប្រសាសន៍ថា កន្លងមក អង្គការជាតិ-អន្តរជាតិ និងសហគមន៍មូលដ្ឋានធ្លាប់បានរកឃើញជាបន្តបន្ទាប់ ពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការពារធម្មជាតិ និងតំបន់អភិរក្ស ដែលបញ្ហានេះ លោកបារម្ភពីការឈានទៅរកវិនាសកម្មព្រៃឈើ និងការបម្រែបម្រួលអាកាសធាតុ។
លោកបានថ្លែងថា៖ «យើងឃើញបញ្ហានាពេលបច្ចុប្បន្ននេះ ថ្វីត្បិតតែយើងរស់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែការកាប់បំផ្លាញព្រៃឈើវិនាសកម្មព្រៃឈើ បញ្ហានេះមិនមែនសម្រាប់ប្រជាពលរដ្ឋក្បែរសហគមន៍ព្រៃឈើ ឬក្បែរព្រៃឈើនោះទេ វាជាបញ្ហារបស់យើងទាំងអស់គ្នា តួយ៉ាងខែវស្សាពេលដែលភ្លៀងមកម្តងៗ មានប្រែប្រួលអាកាសធាតុរហូតដល់ប្រជាពលរដ្ឋពលរដ្ឋត្រៀមខ្លួនអត់ទាន់ អីចឹងមានន័យថា ការចូលរួមការការពារព្រៃឈើ [ការស្នើ]លុបអាជ្ញាប័ណ្ណនេះ ជាយុទ្ធនាការមួយដែលធ្វើឱ្យការរស់នៅរបស់យើង របស់ប្រជាពលរដ្ឋមានសុខភាពល្អ»។
ជាមួយគ្នានេះដែរ លោកបានស្នើដល់រដ្ឋាភិបាលទទួលយកសំណូមពររបស់ពួកគេ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គិតអំពីបញ្ហាបរិស្ថានជាបញ្ហារួម។
លោកថា៖ « ស្នើសុំឱ្យរដ្ឋាភិបាលយកអនុសាសន៍ ឬក៏សំណូមពររបស់ប្រជាពលរដ្ឋដាក់ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួន មិនមែនគ្រាន់តែទទួលសំណូមពរមកដើម្បីគម្រប់កិច្ចនោះទេ ហើយជាពិសេស គឺស្នើសុំដល់មហាជនទាំងអស់មិនថានរណាទេសុំយកបញ្ហាព្រៃឈើ បញ្ហាវិនាសកម្មធនធានធម្មជាតិ បរិស្ថាន ជាបញ្ហារបស់យើងទាំងអស់គ្នា ពីព្រោះវាប៉ះពាល់ដល់ជីវភាពរស់នៅទាំងអស់គ្នា មិនថានរណាទេ ហើយយើងក៏ចង់បន្សល់ទុកនូវព្រៃឈើធនធានធម្មជាតិល្អសម្រាប់កូនចៅយើងជំនាន់ក្រោយផងដែរ»។
មានផ្ទៃមុខលាបលក្ខណ័ពណ៍បៃតង និងមានសរសេរអក្សរថា «បញ្ឈប់»នៅលើចញ្ចើមដោយប្រើហ្វឺតគូសពណ៌ក្រហម យុវជនមានវ័យ ១៩ឆ្នាំ លោក សរ ម៉េងលិស បានលើកឡើងដែរថា មូលហេតុដែលលោកចូលរួមជិះកង់ដាក់ញត្តិជាមួយយុវជនផ្សេងទៀតនោះ ព្រោះលោកចង់ឱ្យបញ្ឈប់ការជួញដូរឈើប្រណិតនៅកម្ពុជា។
លោកថ្លែងថា៖ « ដោយសារពួកយើងចង់ស្នើសុំឱ្យពួកគាត់បញ្ឈប់ការនាំចេញឈើខ្លឹមៗក្នុងប្រទេសកម្ពុជា […] ខ្ញុំចង់ឱ្យគាត់ទទួលយកឬក៏ស្តាប់សំឡេងពួកខ្ញុំដែលជាយុវជនដែលស្រឡាញ់បរិស្ថាន ស្រឡាញ់សម្បត្តិធនធានធម្មជាតិ ចង់ឱ្យគាត់ធ្វើការឆ្លើយតបសមស្របមួយ មិនគំរោះគំរើយ»។
Newsroom Cambodia មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ កញ្ញា អ៊ឹម រចនា និងតំណាងក្រុមហ៊ុនអង្គរផ្លាយវូតខូអិលធីឌី ដើម្បីសុំការអត្ថាធិប្បាយបានទេ គិតត្រឹមថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ ។
តែយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា ការព្រួយបារម្ភរបស់ក្រុមយុវជននេះត្រឹមត្រូវ ប៉ុន្តែគោលនយោបាយរបស់រដ្ឋាភិបាល ធ្វើឡើងដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
លោកថ្លែងថា៖ « ការព្រួយបារម្ភរបស់យុវជនមួយក្រុមនោះបង្ហាញថា ពួកគេមានសិទ្ធិសេរីភាពក្នុងការសម្តែងមតិអំពីអ្វីដែលពួកគេយល់ឃើញ ពីព្រោះពួកគេជាពលរដ្ឋក្នុងប្រទេសមួយដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ទន្ទឹមនឹងនោះ ក្រុមយុវជនមួយក្រុមតូចនោះ ក៏ត្រូវយល់ដែរថា រាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើនលើសលប់ […] ដូច្នេះពួកគេក៏ត្រូវគោរពមតិរបស់អ្នកបោះឆ្នោតទាំងនោះគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឡើង ដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិទាំងមូល នេះគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស» ។
នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស «លីកាដូ»លោក អំ សំអាត មានប្រសាសន៍ថា យោងតាមរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល គឺរាល់សំណើរទាំងអស់របស់ប្រជាពលរដ្ឋ ឬយុវជនទៅកាន់រដ្ឋាភិបាល ត្រូវមានការពិចារណា និងមានការឆ្លើយតបទៅកាន់ពួកគេវិញវិញ។
លោកបានថ្លែងថា ៖ «សំឡេងរបស់យុវជន ការសំណើររបស់យុវជនរដ្ឋក៏ត្រូវមានការពិចារណា និងកែសម្រួល យើងឃើញថាមាត្រា៣៥ គេនិយាយអំពីកថាខណ្ឌទី២ គេនិយាយអំពីដំណើររបស់ប្រជាពលរដ្ឋត្រូវបានអាដ្ញាធររដ្ឋយកទៅពិចារណា [សំណើរ]របស់ក្រុមយុវជនស្ថាប័នដែលពាក់ពន្ធ័ហ្នឹង ត្រូវគិតនិងពិចារណា ហើយអ្វីដែលសំខាន់ហ្នឹង ត្រូវគិតអំពីផលប្រយោជន៍រួម ផលប្រយោជន៍ជាតិជាធំ ពាក់ពន្ធ័ទៅនឹងធនធានធម្មជាតិព្រៃឈើនេះ ទ្រព្យសម្បត្តិរួមធនធានរួមរបស់ប្រជាពលរដ្ឋ អ្វីដែលក្រុមយុវជនធ្វើរឿងនេះ [មកពី]ពួកគាត់មានការព្រួយបារម្ភអំពីការបាត់បង់បញ្ហាព្រៃឈើ»។
មាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពការបញ្ចេញមតិរបស់ខ្លួន។ចំណែកមាត្រា៣៥ ចែងថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការដ្ឋ៕