ក្រុមយុវជនជាង ២០នាក់ ​ស្នើដល់រដ្ឋាភិបាល​កម្ពុជា​ លុបចោលអាជ្ញាប័ណ្ណ​នាំចេញ​ឈើទៅបរទេស រប​​ស់​ក្រុ​មហ៊ុ​​នអ​​ង្គរផ្លាយវូត​ ខណៈ​ពួកគេបារម្ភអំពីវិនាសកម្មព្រៃឈើកាន់តែកើនឡើង។

ការស្នើនេះ បានធ្វើឡើងតាមរយៈការដាក់ញត្តិនៅខុទ្ទការល័យនាយករដ្ឋមន្ត្រី និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយក្រុមយុវជនទាំងនោះបាននាំគ្នាជិះកង់ចេញពីទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឬស្សីកែវឆ្ពោះទៅកាន់ស្ថាប័នទាំង២នេះ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

មានអក្សរនៅលើមុខថា «STOP» យុវតី អន ស្រីឡែន ស្ថិតនៅក្នុង​វ័យ១៩ឆ្នាំ និងជា​​តំណាងក្រុមយុវជនបានប្រាប់Newsroom Cambodia ថា គោលបំណងដែលពួកគេដាក់ញត្តិនេះ គឺ​ដើម្បីទាម​​ទារ​ឱ្យរដ្ឋាភិបាលលុបនូវអាជ្ញាប័ណ្ណនាំឈើចេញពីកម្ពុជា​ទៅបរទេស របស់​ក្រុមហ៊ុនអង្គរផ្លាយវូត ខូអិលធីឌី។ 

កញ្ញានិយាយ​ថា​៖ «គោលបំណងក្នុងនាមជាប្រជាពលរដ្ឋ និងជាយុវជនហ្នឹង គឺ​យើងចង់ឱ្យ​យើងមានការទាមទារលុប​នូវអាជ្ញាប័ណ្ណ​​[របស់]​ក្រុមហ៊ុនអង្គរផ្លាវូត និងធ្វើការស៊ើបអង្កេត​លើក្រុមហ៊ុននេះដែល​បានចេញឈើដ៏កម្រដែលផ្ទុយ​ពី​ច្បាប់​របស់​កម្ពុជាយើង»។

ខ្លឹមសារ​ក្នុងញត្តិ​របស់ក្រុមយុវជនទាំងនោះ បានលើកឡើងថា យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានអនុញ្ញាតឱ្យ​ក្រុមហ៊ុនអង្គរផ្លាយវូត ទទួលបាន​ការពន្យា​ពេល​នាំចេញផលិត​ផលឈើ​កែច្នៃចំនួន ១០៣ ៧៦៣,១៥ម៉ែត្រគូប ដែលនៅសល់ពីការអនុញ្ញាត​កាលពីឆ្នាំ២០១៦ ឱ្យបន្តការនាំចេញរហូត​ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។ ប្រភពដដែល​បន្តថា ការអនុញ្ញាតរបស់រដ្ឋាភិបាលនេះ បានឱ្យនាំចេញតែប្រភេទឈើកែច្នៃ ដូចជា ក្តារបន្ទះ ក្តារកម្រាលការ៉ូ និងផលិត​ផល​កែច្នៃផ្សេងៗទៀត ដែលផលិត​ពីចំណិតឈើស្នូល តែផ្ទុយទៅវិញក្រុមហ៊ុនបាននាំចេញឈើកម្រ​ជាច្រើនប្រភេទ ដូចជា ស្រឡៅ កកោះ ផ្ចឹក និងសុក្រមជាដើម ចំនួន ២,២៣៥,៨៤០គីឡូក្រាម ទៅកាន់ប្រទេសវៀតណាម នេះបើយោងតាមបញ្ជីនាំចេញឈើរបស់ក្រុមហ៊ុនដែលបានចុះផ្សាយថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣។

ញត្តិរបស់យុវជនបន្ថែមថា ពួកគេមានក្តីបារម្ភជាខ្លាំងក្រោយទទួលបានព័ត៌មានពីការស្នើសុំពន្យា​ពេល​នាំឈើចេញរយៈពេល ៥ឆ្នាំទៀត​របស់ក្រុមហ៊ុនអង្គរ​ផ្លាយវូត ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៦។ ដើម្បីរក្សាបាននូវនិរន្តរភាពធនធានធម្មជាតិនៅកម្ពុជា ញត្តិរបស់​ក្រុមយុវជនទាមទារឱ្យ​រដ្ឋាភិបាលកម្ពុជា លុបអាជ្ញាប័ណ្ណ​នាំឈើចេញរប​​ស់ក្រុ​មហ៊ុ​នអ​ង្គរផ្លាយវូត​ ខូអិលធីឌី និងធ្វើការស៊ើបអង្កេតអំពីការនាំចេញប្រភេទឈើកម្រនេះ។

ស្រដៀងគ្នានេះដែរ លោក ពុធ កុលកា ជាយុវជនដែល​ចូល​រួម​ជិះ​កង់​ដាក់ញត្តិ​ដែរនោះ មានប្រសាសន៍ថា កន្លងមក អង្គការ​ជាតិ-អន្តរជាតិ និងសហគមន៍មូលដ្ឋានធ្លាប់បាន​រកឃើញជា​បន្តបន្ទាប់ ពីការកាប់បំផ្លាញព្រៃឈើនៅក្នុងតំបន់ការ​ពារ​ធម្ម​ជាតិ និងតំបន់អភិរក្ស ដែលបញ្ហានេះ លោក​​បារម្ភពីការ​ឈាន​ទៅរក​​​​វិនាសកម្មព្រៃឈើ និងការបម្រែបម្រួលអាកាសធាតុ។ 

លោកបានថ្លែងថា៖ «យើងឃើញបញ្ហានាពេលបច្ចុប្បន្ននេះ ថ្វីត្បិតតែយើងរស់នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែការកាប់បំផ្លាញព្រៃឈើវិនាសកម្មព្រៃឈើ បញ្ហានេះមិនមែនសម្រាប់ប្រជាពលរដ្ឋក្បែសហគមន៍ព្រៃឈើ ឬក្បែរព្រៃឈើនោះទេ វាជាបញ្ហារបស់យើងទាំងអស់គ្នា តួយ៉ាងខែវស្សាពេលដែលភ្លៀងមកម្តងៗ មានប្រែប្រួលអាកាសធាតុរហូតដល់ប្រជាពលរដ្ឋពលរដ្ឋត្រៀមខ្លួនអត់ទាន់ អីចឹងមានន័យថា ការចូលរួមការការពារព្រៃឈើ [ការស្នើ​]ុប​អាជ្ញាប័ណ្ណ​នេះ ជាយុទ្ធនាការមួយដែលធ្វើឱ្យ​ការរស់នៅរបស់យើង របស់​ប្រជាពលរដ្ឋមានសុខភាពល្អ»

ជាមួយគ្នានេះដែរ លោកបានស្នើ​ដល់​​រដ្ឋាភិបាលទទួលយកសំណូមពររបស់ពួកគេ​ និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់គិត​​អំពី​​បញ្ហាប​រិស្ថានជាបញ្ហា​រួម​។

លោកថា៖ « ស្នើសុំឱ្យរដ្ឋាភិបាលយកអនុសាសន៍ ឬក៏សំណូមពរ​របស់​ប្រជា​ពលរដ្ឋ​ដាក់​ចូល​ទៅក្នុង​កម្មវិធី​នយោបាយ​របស់ខ្លួន​​ មិនមែន​គ្រាន់តែទទួល​សំណូមពរមក​ដើម្បី​គម្រប់កិច្ចនោះទេ​ ហើយ​ជាពិសេស គឺស្នើសុំដល់មហា​ជន​ទាំង​អស់​មិនថានរណា​ទេ​សុំ​យកបញ្ហា​ព្រៃឈើ​ ​បញ្ហាវិនាស​កម្ម​ធនធាន​ធម្មជាតិ​ បរិស្ថាន ជាបញ្ហារបស់​យើង​ទាំង​អស់គ្នា​ ពីព្រោះ​វា​ប៉ះ​ពាល់​​ដល់​​ជីវភាព​រស់នៅ​ទាំង​អស់​គ្នា​ ​មិនថា​នរណាទេ​ ហើយ​​យើងក៏ចង់​បន្សល់ទុកនូវ​ព្រៃឈើ​ធនធានធម្មជាតិ​ល្អ​សម្រាប់​កូនចៅ​យើង​ជំនាន់ក្រោយ​ផងដែរ»។

មានផ្ទៃមុខលាបលក្ខណ័ពណ៍បៃតង និងមានសរសេរអក្សរថា «បញ្ឈប់»នៅលើចញ្ចើមដោយប្រើហ្វឺត​គូស​ពណ៌ក្រហម យុវជនមានវ័យ ១៩ឆ្នាំ លោក សរ ម៉េងលិស បានលើកឡើង​ដែរ​ថា មូលហេតុ​ដែល​លោក​ចូលរួមជិះកង់ដាក់ញត្តិជាមួយយុវជនផ្សេងទៀតនោះ ​ព្រោះ​​លោកចង់​ឱ្យ​បញ្ឈប់​​​​ការ​ជួញដូរ​ឈើប្រណិត​​នៅ​​កម្ពុជា។

លោក​ថ្លែង​ថា​៖ « ដោយសារពួកយើង​ចង់​ស្នើ​សុំ​ឱ្យពួកគាត់​បញ្ឈប់​ការនាំ​ចេញ​ឈើ​ខ្លឹម​ៗក្នុងប្រទេស​កម្ពុជា​ […] ខ្ញុំចង់ឱ្យគាត់​ទទួលយកឬក៏ស្តាប់សំឡេងពួកខ្ញុំដែលជាយុវជនដែលស្រឡាញ់បរិស្ថាន​ ស្រឡាញ់សម្បត្តិធនធាន​ធម្មជាតិ ចង់​ឱ្យ​គាត់​ធ្វើ​​ការឆ្លើយតបសមស្របមួយ មិនគំរោះគំរើយ»

Newsroom Cambodia ​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ កញ្ញា អ៊ឹម រចនា និង​តំណាង​​ក្រុមហ៊ុនអង្គរផ្លាយវូតខូអិលធីឌី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ គិតត្រឹមថ្ងៃទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៣​នេះ ។ 

តែយ៉ាងណា អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែង​ថា ការព្រួយបារម្ភរបស់ក្រុមយុវជន​នេះ​ត្រឹមត្រូវ ប៉ុន្តែគោលនយោបាយរបស់រដ្ឋាភិបាល ​ធ្វើឡើងដើម្បីប្រយោជន៍របស់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។

លោកថ្លែងថា៖ « ការព្រួយបារម្ភរបស់យុវជនមួយក្រុមនោះបង្ហាញថា ពួកគេមានសិទ្ធិសេរីភាពក្នុងការសម្តែងមតិអំពីអ្វីដែលពួកគេយល់ឃើញ ពីព្រោះពួកគេជាពលរដ្ឋក្នុងប្រទេសមួយដែលប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ទន្ទឹមនឹងនោះ ក្រុមយុវជនមួយក្រុមតូចនោះ ក៏ត្រូវយល់ដែរថា រាជរដ្ឋាភិបាលកើតចេញពីការបោះឆ្នោតគាំទ្រដោយសំឡេងភាគច្រើន​លើសលប់ […] ដូច្នេះពួកគេក៏ត្រូវគោរពមតិរបស់អ្នកបោះឆ្នោតទាំងនោះគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឡើង​ ដើម្បីឆ្លើយតបទៅនឹងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងផលប្រយោជន៍ជាតិទាំងមូល នេះគឺជាការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលក្នុងរបបប្រជាធិបតេយ្យ សេរី ពហុបក្ស» ។

នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការការពារសិទ្ធិមនុស្ស​ «លីកាដូ»លោក អំ សំអាត មានប្រសាសន៍ថា យោងតាម​រដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល​ គឺ​រាល់សំណើរទាំងអស់របស់ប្រជាពលរដ្ឋ ឬយុវជនទៅកាន់​រដ្ឋាភិបាល ត្រូវមានការពិចារណា និងមានការឆ្លើយតបទៅកាន់ពួកគេ​វិញវិញ។ 

លោកបានថ្លែងថា ៖ «សំឡេង​របស់យុវជន ការសំណើររបស់​យុវជនរដ្ឋក៏ត្រូវមានការពិចារណា និង​កែសម្រួល យើងឃើញ​ថា​មាត្រា៣៥ គេនិយាយអំពីកថាខណ្ឌទី២ គេនិយាយអំពីដំណើររបស់ប្រជាពលរដ្ឋត្រូវបានអាដ្ញាធររដ្ឋយក​ទៅពិចារ​ណា [សំណើរ]រ​បស់ក្រុមយុវជនស្ថាប័នដែលពាក់ពន្ធ័​ហ្នឹង ត្រូវគិតនិងពិចារណា ហើយអ្វីដែលសំខាន់ហ្នឹង ​ត្រូវគិតអំពីផលប្រយោជន៍រួម ផលប្រយោជន៍ជាតិជាធំ ពាក់ពន្ធ័ទៅនឹងធនធានធម្មជាតិព្រៃឈើនេះ ទ្រព្យសម្បត្តិរួមធនធានរួមរបស់ប្រជាពលរដ្ឋ អ្វីដែលក្រុមយុវជនធ្វើរឿងនេះ [មកពី]ពួកគាត់មានការព្រួយបារម្ភអំពីការបាត់បង់បញ្ហាព្រៃឈើ»។

មាត្រា៤១នៃរដ្ឋធម្មនុញ្ញ ចែងថា ប្រជាពលរដ្ឋខ្មែរ​មានសេរីភាពការបញ្ចេញមតិរបស់ខ្លួន។ចំណែក​មាត្រា៣៥ ចែង​ថា សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវបានទទួលការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការដ្ឋ៕​