នាព្រឹកព្រលឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមស្ត្រីថ្ងៃសុក្រចំនួន ១១នាក់ បាននាំគ្នាធ្វើ ដំណើរដោយថ្មើរជើង ចេញពីស្ថានីយប្រេងសូគីម៉ិច ក្បែរគល់ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឆ្ពោះទៅកាន់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីទាមទារឱ្យមានការដោះលែងសកម្មជននយោបាយ និងអ្នកទោសមនសិការ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។
ក្នុងកំឡុងពេលដើរហែក្បួននោះ ក្រុមស្ត្រីថ្ងៃសុក្រខ្លះ មានកាន់បដាក្នុងដៃ ដោយសរសេរពាក្យថា «ដោះលែងអ្នកទោសនយោបាយ» «ដោះលែងប្តីខ្ញុំ គាត់គ្មានកំហុសទេ» និង «ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ» ខណៈអ្នកខ្លះទៀតកាន់រូបថត និងមានការស្រែកទាមទារឱ្យមានការដោះលែងសមាជិកគ្រួសាររបស់ពួកគេពីពន្ធនាគារផងដែរ។ ការដើរហែក្បួនរបស់ក្រុមស្ត្រីទាំងនោះ ក៏មានការឃ្លាំមើលពីសំណាក់ក្រុមសន្តិសុខ និងអាជ្ញាធរប្រមាណ ២០នាក់។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC-Cambodia)។
កំពុងស្រែកនៅលើដងផ្លូវជាមួយនឹងក្រុមស្ត្រីថ្ងៃសុក្រផ្សេងទៀត អ្នកស្រី ព្រំ ចាន់ថា ជាភរិយារបស់លោក កាក់ កុម្ភា សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ កាលពីឆ្នាំ២០១៧ លើកឡើងថា ការដើរកាន់បដា និងសម្រែកទាមទារនេះ ជាការផ្ញើសារដល់ប្រជាពលរដ្ឋ និងចង់បង្ហាញដល់រដ្ឋាភិបាលថា ពេលដែលស្វាមី និងសមាជិកគ្រួសារដែលជាមេគ្រួសារ បានរងការចោទប្រកាន់ និងជាប់ពន្ធនាគារ គឺអ្នកស្រី និងស្ត្រីថ្ងៃសុក្រផ្សេងទៀត មានផលលំបាកយ៉ាងខ្លាំងក្នុងជីវភាពរស់នៅ។
អ្នកស្រីនិយាយថា៖ «នេះជាសកម្មភាពមួយដែលផ្ញើសារទៅប្រជាពលរដ្ឋតាមដងផ្លូវ ហើយក៏បង្ហាញឱ្យខាងរដ្ឋាភិបាលដឹងថាពួកខ្ញុំ បាត់មេគ្រួសារហ្នឹង មានផលលំបាកសម្រាប់ពួកខ្ញុំ ព្រោះគ្រួសារពួកខ្ញុំសុទ្ធតែអ្នកនយោបាយទាំងអស់»។
ក្រុមស្ត្រីថ្ងៃសុក្រ ត្រូវបានបង្កើតឡើងដោយស្ត្រីៗដែលជាភរិយា និងក្រុមគ្រួសាររបស់សកម្មជនបក្សប្រឆាំង ក្រោយពីស្វាមី និងសាច់ញាតិរបស់ពួកគេបានរងនូវការចោទប្រកាន់ក្នុងបទចោទមួយចំនួន និងត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ។ ជារឿយៗក្រុមស្ត្រីថ្ងៃសុក្រ តែងតែយកញត្តិទៅដាក់តាមស្ថានទូតប្រទេសប្រជាធិបតេយ្យធំៗនានា ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន អូស្ត្រាលី និងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ព្រមទាំងក្រសួងកិច្ចការនារី និងក្រសួងមហាផ្ទៃ ជាដើម ដើម្បីទាមទារឱ្យមានការដោះលែងអ្នកទោសនយោបាយ និងអ្នកទោសមនសិការ។
ជុំវិញបញ្ហានេះ អ្នកស្រី ព្រំ ចាន់ថា បានបង្ហាញពីក្តីព្រួយបារម្ភពីសុខភាពរបស់អ្នកជាប់ពន្ធនាគារ និងចង់ឱ្យតុលាការដោះលែងសកម្មជនទាំងនោះឱ្យមានសេរីភាពឡើងវិញ។
អ្នកស្រីថ្លែងថា៖ «សូមដោះស្រាយសកម្មជនដែលជាប់ពន្ធនាគារទាំងអស់បូករួមទាំងប្តីខ្ញុំ ព្រោះពួកគាត់សុទ្ធតែជាអ្នកនយោបាយ[…] សូមដោះលែងពួកគាត់មកវិញឱ្យមានសេរីភាព ដើម្បីឱ្យមកធ្វើការងារបម្រើប្រទេសជាតិឡើងវិញទៅ ហើយក៏ដូចជាជួបជុំគ្រួសារ»។
ក្រុមស្រី្តថ្ងៃសុក្រម្នាក់ទៀត អ្នកស្រី ហាញ់ សុវណ្ណា មានវ័យ ៥៨ឆ្នាំ ដែលជាភរិយារបស់លោក តូច ថឹង សកម្មជនបក្សប្រឆាំងដែលជាប់ឃុំដែរនោះ មានប្រសាសន៍ថា ពួកគាត់នឹងបន្តការតវ៉ា និងធ្វើយុទ្ធនាការផ្សេងៗស្របទៅតាមច្បាប់ រហូតដល់តុលាការដោះលែងស្វាមីរបស់ពួកគាត់ឱ្យមានសេរីភាពវិញ ខណៈស្វាមីរបស់ពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់។
អ្នកស្រីថ្លែងថា៖ «ចង់ឱ្យប្រជាពលរដ្ឋគាត់ដឹងថាអ្នកទោសនយោបាយនៅជាប់ពន្ធនាគារ តុលាការគាត់អត់ដោះលែង[…] បើគាត់មិនដោះលែងពួកខ្ញុំនៅទាមទារ ខាងស្ត្រីថ្ងៃសុក្រហ្នឹង នៅតែទាមទាររហូតដល់តុលាការគាត់ដោះលែងអ្នកដែលជាប់ទោសនយោបាយទាំងអស់គ្នាហ្នឹង»។
ស្រដៀងគ្នានេះដែរ សមាជិកក្រុមស្រ្តីថ្ងៃសុក្រម្នាក់ទៀត កញ្ញា ហេង បូរី ដែលជាកូនស្រីរបស់លោក ហេង ចាន់ សុទ្ធី សកម្មជនគណបក្សប្រឆាំង បានលើកឡើងថា ឪពុករបស់គាត់ និងសកម្មជននយោបាយផ្សេងទៀត មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ ដែលករណីនេះ កញ្ញាបានអំពាវនាវឱ្យមានការទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងអ្នកជាប់ឃុំរឿងនយោបាយ ឱ្យមានសេរីភាពឡើងវិញ។
យុវតីវ័យ ២៧ឆ្នាំរូបនេះ មានប្រសាសន៍ថា៖ «ការដើរហែរនេះ ក្នុងគោលបំណងដើម្បីទាមទារឱ្យដោះលែងអ្នកទោសនយោបាយ ហើយមូលហេតុដែលពួកខ្ញុំធ្វើការទាមទារនេះ ពីព្រោះគ្រួសាររបស់ពួកខ្ញុំដែលជាអ្នកទោសនយោបាយដែលកំពុងជាប់ឃុំ គឺជាបុគ្គលស្អាតស្អំ មិនមានទោសកំហុសអ្វីសោះ បែរជាត្រូវតុលាការចោទប្រកាន់ និងដាក់ពន្ធនាគារយ៉ាងអយុត្តិធម៌បំផុត»។
កញ្ញាបន្ថែមថា៖ «ការព្រួយបារម្ភរបស់ពួកខ្ញុំនោះ គឺបញ្ហាសុខភាពរបស់ពួកគាត់ ពួកគាត់សុទ្ធតែមានវ័យចំណាស់ ហើយមានជំងឺប្រចាំកាយទៀត យកពួកគាត់ទៅដាក់ឃុំនៅកន្លែងដែលតូចចង្អៀត ការរស់នៅការហូបចុកដែលខ្វះអនាម័យធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ពួកគាត់យ៉ាងខ្លាំង ហើយសុខភាពរបស់ពួកគាត់កាន់តែចុះទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ […] អ្វីដែលក្រុមស្ត្រីចង់បាននោះ គឺទាមទារដោះលែងពួកគាត់ដោយឥតលក្ខខណ្ឌ និងទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ទៅលើរូបគាត់»។
សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ភាគច្រើនត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់របស់លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។
អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា ប្រទេសកម្ពុជាមានច្បាប់ ហើយរាល់ការសម្រេចសេចក្តី គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។
លោកថា៖ «ទី១ ប្រទេសកម្ពុជា មានច្បាប់ និងការបែងចែកអំណាចដាច់ពីគ្នា ការវិនិច្ឆ័យជនណាម្នាក់ ថាមានទោសឬគ្មានទោស គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។ ទី២ កម្ពុជាគ្មានអ្នកទោសនយោបាយទេ តែមានអ្នកនយោបាយជាប់ទោស ដូច្នេះសូមទុកឱ្យតុលាការធ្វើការងាររបស់គេតាមនីតិវិធីច្បាប់»។
Newsroom Cambodia មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានទេ។
តែយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត មានប្រសាសន៍ថា ការលើកឡើងរបស់ក្រុមគ្រួសារទណ្ឌិតនេះ គឺមិនយល់អំពីច្បាប់ ព្រោះបើគ្មានកំហុសទេ តុលាការក៏មិនអាចកាត់ទោសបានដែរ។
លោកមានប្រសាសន៍ថា៖ «សូមជម្រាបថា បើគ្មានកំហុសទេ គឺតុលាការអត់មានហេតុផលដើម្បីចោទប្រកាន់គាត់រហូតដល់កាត់ទោសគាត់ឱ្យជាប់ពន្ធនាគារទេ ដូច្នេះការលើកឡើងរបស់ក្រុមគ្រួសារ ក៏ដូចជាភរិយារបស់អស់លោកដែលជាទណ្ឌិតនោះ វាគ្រាន់តែជាការនិយាយគ្មានការទទួលខុសត្រូវ ហើយមិនយល់ដឹងអំពីគោលការណ៍ច្បាប់។ យើងយល់ថាបើបុគ្គលណាមួយមិនមានពិរុទ្ធភាព មិនបានប្រព្រឹត្តល្មើសច្បាប់ហើយគ្មានពិរុទ្ធភាពទេ តុលាការក៏អត់មានទឡ្ហីករណ៍អីទៅកាត់ទោសគាត់ដែរ»។
ដោយឡែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អ្វីដែលក្រុមស្ត្រីថ្ងៃសុក្រលើកឡើង គឺស្របទៅនឹងរបាយការណ៍អន្តរជាតិកន្លងមក ហើយរដ្ឋាភិបាលគួរតែមានការឆ្លើយតបទៅពួកគាត់វិញ។
លោកថ្លែងថា៖ «ការលើកឡើងនេះ វាហាក់ដូចជាស្របជាមួយនឹងរបាយការណ៍របស់អង្គការជាតិ-អន្តរជាតិមួយចំនួនដែលគេបានចេញផ្សាយនាពេលកន្លងមក យើងបានដឹងទាំងអស់គ្នាហើយថារបាយការណ៍របស់សហគមន៍អន្តរជាតិ នាពេលកន្លងមក គឺគេបានរកឃើញថាតុលាការយើងហ្នឹង គឺមិនទាន់មានភាពឯករាជ្យភាពពីនយោបាយទេ ហើយរាល់ការសម្រេចពាក់ព័ន្ធនឹងករណីនយោបាយវាពិបាកក្នុងការផ្តល់ភាពយុត្តិធម៌ទៅដល់គូរភាគី[…] រដ្ឋាភិបាលគួរតែមានការឆ្លើយតបមិនមែនតែខាងក្រុមស្ត្រីថ្ងៃសុក្រទេ គឺអាចទាំងសហគមន៍អន្តរជាតិ ដែលគេបានស្នើ និងទទូចឱ្យមានការបន្ធូរបន្ថយនៅស្ថានភាពសិទ្ធិមនុស្ស នយោបាយទាំងអស់នេះដែរ»។
ត្រឡប់មកកាន់ ក្រុមស្ត្រីថ្ងៃសុក្រវិញ អ្នកស្រី ព្រំ ចាន់ថា ស្នើដល់រដ្ឋាភិបាលថ្មី និងស្ថាប័នតុលាការ ពិចារណាក្នុងការដោះលែងសកម្មជននយោបាយ និងពង្រឹងការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីស្តារមុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិ និងពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។
អ្នកស្រីថ្លែងថា៖ «ខ្ញុំស្នើសុំរដ្ឋាភិបាលក៏ដូចជាសម្តេចតេជោ[ហ៊ុន សែន] ឬក៏សម្តេច ហ៊ុន ម៉ាណែត ដែលគាត់ឡើងកាន់រដ្ឋាភិបាលហ្នឹង ធ្វើយ៉ាងណាក៏ដោយ សូមគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យមាននៅស្រុកខ្មែរឡើងវិញ […] សូមលោកស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ហើយនិងគោរពសិទ្ធិមនុស្ស ខ្ញុំចង់បានតែប៉ុណ្ណឹងទេ ខ្ញុំចង់ឱ្យប្រទេសកម្ពុជាមានសិទ្ធិស្មើគ្នា ហើយមេដឹកនាំល្អគឺខ្ញុំចង់បានតែបុណ្ណឹង»៕