នាព្រឹកព្រលឹម​ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមស្ត្រីថ្ងៃសុក្រ​ចំនួន ១១​នាក់ បាន​នាំគ្នា​ធ្វើ​ ដំណើរដោយ​ថ្មើរ​ជើង ចេញ​ពី​ស្ថានីយ​ប្រេង​សូគីម៉ិច ក្បែរគល់​ស្ពានស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ឆ្ពោះទៅកាន់ផ្សារថ្មី​ ខណ្ឌដូន​ពេញ រាជធានីភ្នំពេញ ដើម្បីទាម​ទារ​ឱ្យ​មាន​ការ​ដោះលែងសកម្មជន​នយោបាយ និងអ្នកទោសមនសិការ ដែលកំពុង​​ជាប់ឃុំក្នុងពន្ធនា​គារ​។

ក្នុងកំឡុងពេលដើរហែក្បួន​​​​​នោះ ក្រុមស្ត្រីថ្ងៃសុក្រ​ខ្លះ​ មាន​កាន់បដា​ក្នុងដៃ ដោយសរសេរ​ពាក្យ​ថា «ដោះលែងអ្នកទោសនយោបាយ» «ដោះលែង​ប្តី​ខ្ញុំ គាត់គ្មានកំហុសទេ» និង «ដោះលែងឪពុកខ្ញុំ គាត់គ្មានកំហុសទេ» ខណៈ​​អ្នកខ្លះទៀតកាន់រូបថត និងមានការស្រែកទាមទារឱ្យ​មានការ​ដោះលែង​សមាជិកគ្រួសារ​របស់​ពួកគេពីពន្ធនាគារ​​​​ផងដែរ។ ការដើរហែក្បួនរបស់​ក្រុមស្ត្រីទាំងនោះ ក៏មាន​ការ​​​ឃ្លាំមើល​​ពីសំណាក់​ក្រុមសន្តិសុខ​ និងអាជ្ញាធរ​ប្រមាណ ២០​នាក់។ នេះ​បើយោង​តាម​គេហ​ទំព័រ​ហ្វេ​ស​​​​ប៊ុក​របស់​សមាគម​ការ​ពារសិទ្ធិមនុស្ស​អាដហុក​​ (ADHOC-Cambodia)។​

កំពុងស្រែក​នៅលើដង​ផ្លូវជាមួយនឹង​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​​ផ្សេង​ទៀត​ អ្នក​ស្រី​ ព្រំ ចាន់​ថា ជា​ភរិយារបស់​​​​​លោក កាក់ កុម្ភា​ សកម្មជនគណ​​​បក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ កាលពីឆ្នាំ​​២០១៧ លើក​ឡើង​ថា ​​​ការដើរកាន់បដា និងសម្រែកទាមទារនេះ ជាការ​​ផ្ញើ​សារ​ដល់​ប្រជា​ពលរដ្ឋ និង​ចង់បង្ហាញ​​​ដល់​រដ្ឋាភិបាលថា ពេលដែលស្វាមី និងសមាជិកគ្រួសារដែលជាមេគ្រួសារ​ បានរង​ការចោទប្រកាន់ និងជាប់ពន្ធនាគារ ​គឺអ្នកស្រី និង​ស្ត្រីថ្ងៃសុក្រផ្សេងទៀត មាន​ផលលំបាក​យ៉ាង​ខ្លាំងក្នុងជីវភាពរស់នៅ​។​​

អ្នក​ស្រី​និយាយ​​ថា៖ «នេះជា​សកម្ម​ភាពមួយ​ដែលផ្ញើសារ​ទៅប្រជាពល​រដ្ឋ​តាម​ដងផ្លូវ​ ហើយ​ក៏​បង្ហាញ​ឱ្យ​ខាង​រដ្ឋាភិបាល​ដឹង​ថាពួក​ខ្ញុំ​​ បាត់មេគ្រួសារហ្នឹង ​មានផល​លំបាក​សម្រាប់​ពួកខ្ញុំ ​ព្រោះ​គ្រួសារ​ពួកខ្ញុំ​សុទ្ធ​តែ​​អ្នក​នយោបាយ​ទាំងអស់​»។

ក្រុមស្ត្រីថ្ងៃសុក្រ ត្រូវបានបង្កើតឡើងដោយ​ស្ត្រីៗដែលជាភរិយា​ និងក្រុមគ្រួសារ​​​របស់​សកម្មជន​បក្សប្រឆាំង ក្រោយពីស្វាមី និងសាច់ញាតិរបស់ពួកគេ​បាន​រងនូវការ​ចោទប្រកាន់ក្នុងបទចោទមួយចំនួន និង​ត្រូវ​បាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ។ ជារឿយៗក្រុមស្ត្រីថ្ងៃសុក្រ ​តែងតែយកញត្តិ​ទៅដាក់​តាមស្ថានទូតប្រទេស​​ប្រជាធិបតេយ្យ​ធំៗ​នានា​ ដូចជា ​សហរដ្ឋអាមេរិក សហភាព​​អឺរ៉ុប ជប៉ុន អូស្ត្រាលី និង​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការសហប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ព្រមទាំង​ក្រសួងកិច្ចការនារី​ និង​ក្រសួង​មហាផ្ទៃ​ ​ជាដើម ​ដើម្បី​ទាម​ទារ​ឱ្យ​មាន​​ការ​ដោះ​លែង​អ្នក​ទោស​នយោបាយ​ និងអ្នកទោស​មនសិការ។

​ជុំវិញបញ្ហានេះ ​អ្នកស្រី ព្រំ ចាន់ថា បានបង្ហាញពីក្តីព្រួយបារម្ភ​​ពីសុខភាពរបស់​អ្នកជាប់ពន្ធនាគារ​ និង​ចង់ឱ្យតុលាការ​ដោះលែងសកម្មជនទាំងនោះ​ឱ្យមាន​សេរីភាព​ឡើងវិញ​។​

អ្នកស្រីថ្លែងថា៖​ «សូម​ដោះ​ស្រាយ​សកម្មជន​ដែលជាប់​ពន្ធនាគារ​ទាំង​អស់​បូករួម​ទាំងប្តី​ខ្ញុំ​ ព្រោះពួកគាត់សុទ្ធតែជាអ្នក​នយោបាយ​​​[…] សូមដោះលែង​ពួកគាត់​មកវិញ​ឱ្យមាន​សេរីភាព ​ដើម្បីឱ្យមកធ្វើកា​រងារ​​បម្រើប្រទេស​ជាតិ​ឡើង​វិញ​​ទៅ ហើយ​ក៏ដូចជា​ជួបជុំគ្រួសារ​»

ក្រុមស្រី្តថ្ងៃសុក្រ​ម្នាក់ទៀត ​អ្នកស្រី ហាញ់ សុវណ្ណា មានវ័យ ៥៨​ឆ្នាំ ដែលជាភរិយា​របស់លោក តូច ថឹង សកម្មជនបក្សប្រឆាំងដែលជាប់ឃុំដែរនោះ មាន​ប្រសាសន៍ថា ​ពួកគាត់​នឹង​បន្តការតវ៉ា និង​ធ្វើយុទ្ធនាការ​ផ្សេងៗ​ស្របទៅតាមច្បាប់ រហូត​ដល់​តុលាការ​​ដោះ​​លែង​ស្វាមីរបស់​ពួកគាត់ឱ្យមាន​សេរីភាពវិញ ខណៈស្វាមីរបស់ពួកគាត់​មិនបានប្រព្រឹត្តកំហុសដូចការ​ចោទប្រកាន់។​

អ្នកស្រី​ថ្លែង​ថា​៖ «ចង់ឱ្យប្រជាពលរដ្ឋ​គាត់ដឹង​ថា​អ្នកទោសនយោបាយ​នៅជាប់ពន្ធនាគារ​ តុលាការ​គាត់​អត់​ដោះលែង​[…] បើគាត់មិន​ដោះលែង​ពួកខ្ញុំ​នៅទាម​ទារ​ ខាង​ស្ត្រី​ថ្ងៃ​សុក្រ​ហ្នឹង ​នៅតែ​ទាមទារ​រហូត​ដល់​តុលាការ​គាត់​ដោះ​លែង​អ្នក​ដែលជាប់​ទោស​នយោបាយ​ទាំង​អស់​គ្នា​ហ្នឹង​»​​

ស្រដៀង​គ្នា​នេះ​ដែរ​ សមាជិក​ក្រុមស្រ្តីថ្ងៃសុក្រម្នាក់ទៀត​ កញ្ញា ហេង បូរី ដែលជា​កូនស្រី​របស់​លោក ហេង ចាន់ សុទ្ធី សកម្មជន​គណបក្សប្រឆាំង​ បានលើកឡើង​ថា ឪពុករបស់គាត់ និង​សកម្មជន​នយោបាយ​ផ្សេងទៀត មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការនោះទេ ដែលករណីនេះ កញ្ញាបានអំពាវនាវឱ្យមានការ​ទម្លាក់ចោលបទចោទប្រកាន់ និង​ដោះលែងអ្នកជាប់ឃុំរឿងនយោបាយ ឱ្យមានសេរីភាពឡើងវិញ។

យុវតីវ័យ ២៧ឆ្នាំរូបនេះ មាន​ប្រសាសន៍ថា​៖ «ការដើរហែរ​នេះ ​ក្នុងគោល​បំណង​ដើម្បីទាម​ទារ​ឱ្យ​ដោះលែង​អ្នកទោស​នយោបាយ​ ហើយមូលហេតុ​ដែលពួក​ខ្ញុំធ្វើ​ការ​​ទាមទារ​នេះ ​ពីព្រោះ​គ្រួសារ​របស់ពួក​ខ្ញុំ​ដែល​ជាអ្នក​ទោស​នយោបាយ​ដែលកំពុង​ជាប់ឃុំ​ គឺ​ជា​បុគ្គល​ស្អាត​ស្អំ​ មិន​មាន​ទោស​កំហុស​អ្វី​សោះ​ បែរ​ជា​ត្រូវ​តុលាការ​ចោទប្រកាន់​ និងដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​បំផុត​​»។

កញ្ញាបន្ថែមថា​៖ «ការព្រួយបារម្ភរបស់ពួកខ្ញុំ​នោះ គឺ​បញ្ហា​សុខភាព​របស់​ពួកគាត់​ ពួកគាត់សុទ្ធតែ​មានវ័យ​ចំណាស់​ ហើយ​មាន​​ជំងឺ​​ប្រចាំ​កាយ​ទៀត យកពួកគាត់ទៅដាក់​ឃុំ​នៅកន្លែង​ដែល​តូច​ចង្អៀត​​ ការរស់​នៅ​ការ​ហូប​ចុក​ដែលខ្វះ​អនាម័យ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់សុខភាព​របស់ពួកគាត់​យ៉ាង​ខ្លាំង​ ហើយ​សុខភាព​របស់ពួក​គាត់កាន់តែចុះ​ទ្រុឌទ្រោម​ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​ […] អ្វីដែលក្រុមស្ត្រី​ចង់​បាន​នោះ​ គឺ​ទាម​ទារ​ដោះលែង​ពួកគាត់​ដោយ​ឥតលក្ខខណ្ឌ​ និង​ទម្លាក់​​រាល់​ការ​ចោទប្រកាន់​ទាំង​អស់​​ទៅលើ​រូបគាត់​»

​សកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយកាលពីឆ្នាំ២០១៧ ភាគច្រើន​ត្រូវបានចៅក្រម​​សាលាដំបូង​រាជធានីភ្នំពេញ ចោទប្រកាន់​ពី​បទ «ញុះញង់ និងរួមគំនិតក្បត់» ពាក់ព័ន្ធនឹងការគាំទ្រដំណើរវិលត្រលប់​របស់​លោក សម រង្ស៊ី និងមន្ត្រីបក្សប្រឆាំងផ្សេងទៀត។

​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ប៉ែន បូណា មាន​ប្រសាសន៍ថា ប្រទេសកម្ពុជា​មាន​ច្បាប់ ហើយ​រាល់​ការ​សម្រេច​សេចក្តី គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។

លោកថា៖ «ទី១ ប្រទេស​កម្ពុជា​ មានច្បាប់ និងការបែងចែកអំណាចដាច់ពីគ្នា ការវិនិច្ឆ័យជនណាម្នាក់ ថាមានទោសឬ​គ្មាន​​ទោស គឺជាឆន្ទានុសិទ្ធិរបស់តុលាការ។ ទី២ កម្ពុជាគ្មានអ្នកទោសនយោបាយទេ តែមានអ្នកនយោបាយជាប់ទោស ដូច្នេះ​សូមទុកឱ្យតុលាការធ្វើការងាររបស់គេតាមនីតិវិធីច្បាប់»។

Newsroom Cambodia មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​ទេ។

តែយ៉ាងណា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន្ត មានប្រសាសន៍ថា ​ការ​លើក​ឡើង​​របស់​ក្រុមគ្រួសារ​ទណ្ឌិត​នេះ គឺមិនយល់អំពីច្បាប់ ព្រោះបើគ្មានកំហុសទេ​ តុលាការ​ក៏មិនអាចកាត់ទោសបានដែរ​។

លោកមានប្រសាសន៍ថា​៖ «សូមជម្រាបថា​ បើគ្មាន​កំហុស​ទេ គឺតុលាការ​អត់​មានហេតុ​ផល​ដើម្បីចោទ​ប្រកាន់គាត់​រហូត​​ដល់កាត់​ទោស​គាត់​ឱ្យ​ជាប់​ពន្ធ​នាគារ​ទេ​ ដូច្នេះ​ការលើក​ឡើង​របស់​ក្រុម​គ្រួសារ​ ក៏ដូចជា​ភរិយា​របស់​អស់លោក​ដែល​ជា​ទណ្ឌិត​នោះ​ វាគ្រាន់​តែជា​ការ​និយាយគ្មាន​ការទទួល​ខុស​ត្រូវ ហើយ​មិន​យល់​ដឹង​អំពី​គោលការណ៍​ច្បាប់​។ ​យើង​យល់​ថាបើ​បុគ្គល​ណាមួយ​មិនមាន​ពិរុទ្ធភាព​ មិនបាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ហើយគ្មាន​ពិរុទ្ធភាព​ទេ​ តុលាការ​ក៏​អត់មាន​ទឡ្ហីករណ៍​អីទៅ​កាត់ទោស​គាត់​ដែរ​​»។

ដោយឡែក អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក(Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា ​អ្វី​ដែល​ក្រុម​ស្ត្រី​ថ្ងៃសុក្រ​លើកឡើង​ គឺស្រប​ទៅនឹង​របាយ​ការណ៍​អន្តរជាតិ​កន្លង​​មក​ ហើយ​រដ្ឋាភិបាល​គួរតែមាន​ការឆ្លើយ​តប​ទៅពួកគាត់​​វិញ​។​​

លោក​ថ្លែង​ថា​៖ «​ការលើកឡើង​នេះ វាហាក់​ដូច​ជា​ស្របជាមួយ​នឹង​របាយការណ៍របស់​អង្គការ​​ជាតិ-​អន្តរជាតិ​មួយ​ចំនួន​ដែល​គេបាន​ចេញផ្សាយ​នាពេល​កន្លងមក យើងបានដឹងទាំងអស់គ្នាហើយថា​​​​របាយការណ៍របស់​សហគមន៍​អន្តរជាតិ នាពេល​​កន្លង​មក គឺគេ​​បានរកឃើញ​ថាតុលាការ​យើងហ្នឹង គឺមិនទាន់មានភាព​ឯករាជ្យ​ភាពពី​នយោបាយ​ទេ ហើយ​រាល់​ការ​សម្រេច​ពាក់ព័ន្ធ​នឹង​ករណី​​នយោបាយ​វាពិបាកក្នុងការ​ផ្តល់​ភាព​យុត្តិធម៌​ទៅដល់គូ​រភាគី​​​[…] រដ្ឋាភិបាល​គួរ​តែមាន​ការឆ្លើយ​តប​មិនមែន​តែខាងក្រុម​ស្ត្រី​ថ្ងៃសុក្រ​​ទេ​ គឺអាចទាំង​សហគមន៍​អន្តរជាតិ​ ដែល​គេបាន​ស្នើ​ ​និងទទូចឱ្យមាន​ការ​បន្ធូរបន្ថយ​នៅស្ថានភាព​សិទ្ធិមនុស្ស​ នយោបាយ​ទាំង​អស់នេះ​ដែរ»​​។​

ត្រឡប់មក​កាន់ ក្រុមស្ត្រីថ្ងៃសុក្រវិញ អ្នកស្រី ព្រំ ចាន់ថា ស្នើ​ដល់​រដ្ឋាភិបាលថ្មី និងស្ថាប័ន​តុលា​ការ​ ពិចារណាក្នុងការដោះលែងសកម្មជននយោបាយ និងពង្រឹង​ការ​​គោរពសិទ្ធិ​មនុស្ស​ និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីស្តារមុខមាត់កម្ពុជាក្នុងឆាកអន្តរជាតិ និងពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់។

អ្នក​ស្រី​ថ្លែងថា​៖ «ខ្ញុំស្នើ​សុំរដ្ឋាភិបាល​ក៏ដូចជា​សម្តេច​តេជោ[ហ៊ុន សែន] ឬក៏​សម្តេច ​ហ៊ុន ម៉ាណែត ​ដែលគាត់​ឡើង​កាន់​រដ្ឋាភិបាល​ហ្នឹង​ ធ្វើ​យ៉ាង​ណា​ក៏ដោយ សូមគោរព​សិទ្ធិ​មនុស្ស​ និងលទ្ធិ​ប្រជាធិបតេយ្យ​មាននៅស្រុក​ខ្មែរ​ឡើង​វិញ […] សូមលោក​​ស្តារលទ្ធិ​ប្រជាធិបតេយ្យឡើងវិញ​ ហើយ​និង​គោរព​សិទ្ធិ​មនុស្ស​​ ខ្ញុំ​ចង់បាន​តែប៉ុណ្ណឹងទេ​ ខ្ញុំ​ចង់​ឱ្យ​​ប្រទេស​កម្ពុជា​មានសិទ្ធិ​ស្មើគ្នា​​​​​ ហើយមេដឹក​នាំ​ល្អគឺ​ខ្ញុំ​ចង់បាន​តែបុណ្ណឹង​»៕