សាលាអនុគណក្រុងសៀមរាបអះអាងថា ការមិនអនុញ្ញាតឱ្យព្រះសង្ឃ តាជី យាយជី និងក្មេងវត្ត សរុប១៧១ អង្គនាក់ បន្តគង់ និងស្នាក់នៅវត្តពោធិលង្កា ខេត្តសៀមរាប ដោយមូលហេតុដើម្បីរៀបចំរចនាសម្ព័ន្ធថ្មី។
កាលពីដើមខែវិច្ឆិកា មានការប្រកាសពីការបិទវត្តពោធិលង្កា ក្នុងខេត្តសៀមរាប ជាបណ្តោះអាសន្ន និងត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម។ អ្នកប្រើបណ្តាញសង្គមបានបញ្ចេញយោបល់ផ្សេងៗគ្នា ហើយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈសង្ឃនាយកនៃកម្ពុជាបានចេញសេចក្តីបំភ្លឺថា គណៈសង្ឃក្នុងវត្តពោធិលង្កាមិនមានសាមគ្គីភាព បង្កជាក្រុមបក្សពួក អនាធិបតេយ្យ មិនគោរពធម៌វិន័យបាត់បង់សណ្តាប់ធ្នាប់ និងអភិសមាចារធ្វើឱ្យប៉ះពាល់ដល់តម្លៃ និងសេចក្តីថ្លៃថ្នូរព្រះពុទ្ធសាសនា។
សេចក្តីបំភ្លឺរបស់គណៈសង្ឃនាយកបន្តថា ក្រោយពេលរៀបចំរដ្ឋបាលគ្រប់គ្រងវត្តឡើយវិញរួច ទើបតម្រូវឱ្យមានការនិមន្ត និងអញ្ជើញ ព្រះសង្ឃ អាចារ្យ និងដូនជីដែលស្នាក់អាស្រ័យនៅតាមបណ្តាវត្តផ្សេងៗឱ្យចូលមកស្នាក់អាស្រ័យនៅជាប្រក្រតីឡើងវិញ។
យោងតាមសេចក្តីសម្រេចលេខ ១០៧/២៣ ពីគណៈសង្ឃនាយកកម្ពុជា ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ មានខ្លឹមសារថា ព្រះមេគណ និងប្រធានមន្ទីរធម្មការ និងសាសនាខេត្តសៀមរាប ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរំសាយរចនាសម្ព័ន្ធគ្រប់គ្រងវត្តពោធិលង្កា (ពោធិ៍លើ) ដែលមានទីតាំងស្ថិតនៅសង្កាត់ស្លាក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ហើយត្រូវរៀបចំរចនាសម្ព័ន្ធថ្មីសម្រាប់គ្រប់គ្រង និងអាចារ្យវត្តជាបណ្ដោះអាសន្ន ដើម្បីដឹកនាំការងារព្រះពុទ្ធសាសនា រហូតមានការសម្រេចតែងតាំងជាផ្លូវការ។
សេចក្តីសម្រេចរបស់គណៈសង្ឃនាយកបញ្ជាក់ថា៖ «ព្រះមេគណ ត្រូវរៀបចំឱ្យសមណសិស្សដែលកំពុងសិក្សា មានកន្លែងគង់ស្នាក់នៅបន្តការសិក្សាក្នុងវត្តណាដែលមានសាលាពុទ្ធិកសិក្សា»។
សេចក្តីសម្រេចខាងលើក៏បានបញ្ចប់តំណែងគណៈសង្ឃវត្តពោធិលង្កា ៤ អង្គ មានដូចជា ភិក្ខុ កែវ ខូយ ជាចៅអធិការវត្ត ភិក្ខុ ពេជ្រ ដេវីឌ ជាគ្រូសូត្រស្តាំ ភិក្ខុ ស៊ីញ ស៊ីន ជាគ្រូសូត្រឆ្វេង និងភិក្ខុ សេង សុខុម ព្រះវិន័យធរ។
ផ្អែកតាមសេចក្តីសម្រេចរបស់គណៈសង្ឃនាយកកម្ពុជាខាងលើ សាលាអនុគណក្រុងសៀមរាបមានវិធានការរៀបចំចំពោះវត្តពោធិលង្កា មានដូចជា ព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យរាជបូណ៌ ចំនួន៣៨អង្គ ត្រូវនិមន្តទៅគង់នៅវត្តរាជបូណ៌។ ហើយព្រះសង្ឃចំនួន១០២អង្គទៀត សូមនិមន្តទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាបដើម្បីរកវត្តស្នាក់នៅបន្ត។ ចំណែកតាជី យាយជី និងក្មេងវត្តចំនួន៣១នាក់ ស្នាក់នៅវត្តរាជបូណ៌ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាបដោយផ្ទាល់នៅវត្តទេពពោធិវង្ស ក្រុងសៀមរាប ដើម្បីបានវត្តស្នាក់នៅបន្ត។
សាលាអនុគណក្រុងសៀមរាបបញ្ជាក់ថា មិនអនុញ្ញាតឲ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ។ បើបុគ្គលណាមិនព្រមចាកចេញ សាលាអនុគណក្រុង និងសហការជាមួយកម្លាំងមានសមត្ថកិច្ច អនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ណាមួយឡើយ។ នេះបើតាមសេចក្តីប្រគេន-ជូនដំណឹងរបស់សាលាអនុគណៈក្រុងសៀមរាប ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣។
ព្រះតេជគុណ ទេព ភៀន ព្រះវិន័យធរគណខេត្តសៀមរាប និងជាអ្នកនាំពាក្យសាលាគណខេត្តសៀមរាប មានសង្ឃដីកាប្រាប់ Newsroom Cambodia នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ថា វត្តពោធិលង្កាត្រូវបានបិទមួយរយៈ ដើម្បីសន្តិសុខ និងសម្របសម្រួល ហើយព្រះសង្ឃ តាជី យាយជី និងក្មេងវត្ត និមន្ត និងចាកចេញអស់ហើយ នៅតែគណៈកម្មការរៀបចំសណ្តាប់ធ្នាប់ និងមើលការខុសត្រូវបណ្តោះអាសន្ននៅក្នុងវត្ត។
អ្នកនាំពាក្យសាលាគណខេត្តសៀមរាបមានសង្ឃដីកាបន្តថា ជុំវិញការរំសាយរចនាសម្ព័ន្ធគ្រប់គ្រងវត្តពោធិលង្កា ហើយត្រូវរៀបចំរចនាសម្ព័ន្ធថ្មី ដោយសារមានភាពអត់មានការចុះសម្រុងគ្នា បែកបក្សពួកគ្នា បង្រួបបង្រួមគ្នាអត់បាន។
ព្រះតេជគុណមានសង្ឃដីកាបញ្ជាក់ថា៖ «មធ្យោបាយ គឺត្រូវស្តារវត្តឡើងវិញ ដើម្បីធ្វើការកំណែទម្រង់»។
អ្នកនាំពាក្យសាលាគណខេត្តសៀមរាបរូបនេះមានសង្ឃដីកាបន្ថែមថា ការតែងតាំងសមាសភាពគណៈគ្រប់គ្រងវត្តពោធិលង្កា ត្រូវចាំមើលនីតិវិធីនាពេលខាងមុខ។
ការរៀបចំសមាសភាពថ្មីនៅវត្តពោធិលង្កា សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ចៅអធិការវត្តរាជបូណ៌ ក្រុងសៀមរាប មានសង្ឃដីកាប្រាប់ Newsroom Cambodia នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ថារចនាសម្ព័ន្ធនៅវត្តពោធិលង្កាដែលត្រូវរៀបចំថ្មី គឺសមាសភាពថ្មីទាំងស្រុង អត់មានអ្នកចាស់ទេ។ ហើយពេលរៀបចំរួចរាល់ ព្រះសង្ឃ តាជី យាយជី និងក្មេងវត្តដែលធ្លាប់គង់ និងស្នាក់នៅវត្តពោធិលង្កា ត្រូវត្រឡប់ទៅវិញ។
សម្ដេច ពិន សែម មានសង្ឃដីកាបន្ថែមថា៖ «ការរៀបចំនេះ គឺពុទ្ធចក្រអ្នករៀបចំទាំងស្រុង គ្មានអាណាចក្រចូលរួមឡើយ សូមកុំយល់ច្រឡំលើរដ្ឋាភិបាល»។
ចំណែក លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា មិនបានឆ្លើយតបសំណួរពី Newsroom Cambodia អំពីមូលហេតុនៃការរៀបចំរចនាសម្ព័ន្ធថ្មី ការរៀបចំដោយរបៀបណា និងពេលណាដែលត្រូវរៀបចំឡើយ។
លោក សោ គន្ធា មន្ត្រីអធិកានៃមន្ទីអប់រំខេត្តសៀមរាបលើកឡើងថា វត្តពោធិលង្កាមានបញ្ហាជាង ២០ឆ្នាំមកហើយ។ លោកថា កន្លងទៅគ្រូសូត្រស្តាំប្រព្រឹត្តបទល្មើស ហើយសមត្ថកិច្ចចាប់បាន និងត្រូវចាប់ផ្សឹក។ ហើយមិនយូរប៉ុន្មានក៏មានគ្រូសូត្រស្តាំស្លៀកស្បង់ខ្លួនឯងមកនៅក្នុងវត្តវិញ ដោយតាំងខ្លួនជាចៅអធិការ រហូតដល់មានទំនាស់ផ្សេងៗ។
លោក សោ គន្ធា បន្ថែមថា ការដោះស្រាយវិវាទផ្ទៃក្នុង និងការរំងាប់អាទិករ ដោយគណសង្ឃខេត្តសៀមរាប និងអាជ្ញាធរចំពោះវត្តពោធិលង្កា ពិតជាដោះស្រាយដោយត្រឹមត្រូវ និងច្បាស់លាស់។ លោកថា អាទិករ ឬហៅថា វិវាទនេះមានច្រើនដូចជា ការបង្កើតបក្សពួកសង្ឃ ហើយសង្ឃប្រភេទនេះ គេហៅថា អនន្តរិយកម្ម ធ្វើឱ្យសង្ឃឈ្លោះគ្នា។
មន្ត្រីអធិការនៃមន្ទីអប់រំរូបនេះបន្ថែមថា៖ «អនន្តរិយកម្ម គឺត្រូវតែបញ្ចេញព្រះសង្ឃទាំងអស់ឱ្យគង់ខាងក្រៅសិន ពុទ្ធបរិស័ទគឺមានអំណាចសម្រាប់ដោះស្រាយរឿងនេះ បើថាអត់ទេ មេគុណ អនុគុណ ឬក៏អាជ្ញាធរដែនដីជាអ្នកមានអំណាច ដើម្បីជៀសវាងប្រើអំពើហិង្សា រៀបចំខាងនៅក្នុងសារថ្មី ប្រសិនពុទ្ធបរិស័ទពេញចិត្តអង្គណា និមន្តអង្គនោះចូលវិញ»។
ចំពោះ តេជគុណ ភារម្យ ជាព្រះសង្ឃធ្លាប់គង់នៅវត្តពោធិលង្កា អស់រយៈពេល ៥ ឆ្នាំ ហើយត្រូវបានទៅគង់បន្តជាបណ្តោះអាសន្ននៅវត្តស្វាយ ក្រុងសៀមរាប មានសង្ឃដីកាថា ព្រះសង្ឃដែលប្តូរពីវត្តពោធិលង្កា ទៅគង់នៅវត្តថ្មី គឺកន្លែងធម្មតា ដោយមន្ត្រីសង្ឃខេត្តសៀមរាបបានបែងចែកទៅតាមវត្ត ហើយនៅតាមវត្តនីមួយៗបានរៀបចំទទួលដោយមានទាំងកន្លែងសម្រាក និងចង្ហាន់មានគ្រប់គ្រាន់។
តេជគុណ ភារម្យ មានសង្ឃដីកាបន្ថែមថា៖ «សម្រាប់ព្រះសង្ឃដែលចេញ គឺចេញតែមួយរយៈទេ ដើម្បីឱ្យមន្ត្រីសង្ឃរៀបចំទីកន្លែឱ្យបានស្អាតល្អ ហើយពេលរៀបចំរួចគេនឹងអនុញ្ញាតឱ្យត្រឡប់ទៅវិញ»។
ចំណែក តេជគុណ លឹម ប៊ុនថាត គង់នៅខេត្តបាត់ដំបង មានសង្ឃដីកាថា បើគិតទៅតាមវិន័យ ប្រសិនបុគ្គលណាធ្វើខុស គ្រាន់តែមានចំណាប់ការទៅលើបុគ្គលនោះ ហើយវត្តដំណើរការជាធម្មតា គឺអត់អាចមានការរំសាយសង្ឃ ឬបំបែកសង្ឃ។
ចំពោះព្រះសង្ឃដែលប្រព្រឹត្តខុសនូវទោសបញ្ញត្តិ គឺមានគណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ ព្រះវិន័យធរ លោកជាអ្នកត្រូវចាត់ចែងកិច្ចការទាំងអស់។ ចំណែកគណៈគ្រប់គ្រងសង្ឃ មានសិទ្ធិតែងតាំង និងសិទ្ធិដកតំណែងព្រះចៅអធិការវត្ត គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង ព្រះវិន័យធរ ប្រសិនប្រព្រឹត្តខុសនូវទោសបញ្ញត្តិ ឬច្បាប់រដ្ឋផ្សេងៗ។
ព្រះអង្គបន្តថា មន្ត្រីសង្ឃមិនគួរឱ្យព្រះសង្ឃនិមន្តចេញ ឬអ្នករស់នៅក្នុងវត្តនោះ មានតាជី យាយជី កូនសិស្សផ្សេងៗត្រូវចេញក្រៅនោះទេ។ ព្រះអង្គថា អ្នកប្រព្រឹត្តអំពើបញ្ហាផ្សេងៗដែលមានតែប៉ុន្មានអង្គនោះ គួរតែ មាននព្រះវិន័យធរ មន្ត្រីសង្ឃផ្សេងៗដោះស្រាយប៉ុន្មានអង្គនោះចេញទៅបានហើយ មិនចាំបាច់ជម្លៀសលោកចេញក្រៅនោះទេ៕