អយ្យការអមសាលាដំបូងរាជធានីភ្នំពេញកោះហៅសកម្មជនចលនាមាតាធម្មជាតិចំនួន៧រូប ដែលទើបត្រូវបានប្រកាសជាប់ពានរង្វាន់ Right Livelihood 2023 នៅប្រទេសស៊ុយអែត ឱ្យចូលសវនាការនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ពីបទប្រមាថព្រះមហាក្សត្រ និងរួមគំនិតក្បត់ ខណៈសមាជិកក្រុមនេះមួយចំនួនកំពុងស្ថិតនៅក្រៅប្រទេស។
យោងតាមលិខិតអញ្ជើញមេធាវីដែលចេញដោយអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បញ្ជាក់ថា សកម្មជនចលនាមាតាធម្មជាតិទាំង ៧រូបនោះរួមមានឈ្មោះ ស៊ុន រដ្ឋា ឡុង គន្ធា យឹម លាងហ៊ី ថុន រដ្ឋា ភួន កែវរស្មី លី ចាន់ដារ៉ារុត និងឈ្មោះ អាឡិចហ្សង់ដ្រូ ហ្គន់សាឡេស។
បើតាមសារទំព័រហ្វេសប៊ុកមាតាធម្មជាតិកម្ពុជា (Mother Nature Cambodia) សរសេរនៅថ្ងៃទី២៣ ខែវិច្ឆិកានេះថា៖ «បន្ទាប់ពីមិនអនុញ្ញាតឱ្យយុវជនចលនាមាតាធម្មជាតិចេញទៅប្រទេស តុលាការបានធ្វើការអបអរសាទរបន្ថែមដល់យុវជនកម្ពុជាដែលទទួលបានពានរង្វាន់ Right Livelihood គឺតុលាការកម្ពុជាចាប់ផ្តើមបន្តនីតិវិធីកោះហៅពួកយើងទាំង ៦នាក់ ឲ្យចូលសវនាការជំនុំជម្រះលើសំណុំរឿងរួមគំនិតក្បត់ និង ប្រមាថអង្គព្រះមហាក្សត្រ នៅចុងខែវិច្ឆិកានេះ ហើយអាចជាប់គុករហូតដល់១០ឆ្នាំផងដែរ»។
កញ្ញា ភួន កែវរស្មី សមាជិកសកម្មជនចលនាមាតាធម្មជាតិបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា ពួកគេមានការបារម្ភ និងសោកស្តាយ នៅពេលដែលដីកាកោះហៅ ឬក៏លិខិតអញ្ជើញធ្វើឡើងអំឡុងពេលដែលសមាជិកពួកគេពីររូបគឺលោកលី ចាន់ដារ៉ាវុធ និងកញ្ញា ស៊ុន រដ្ឋាកំពុងបំពេញភារកិច្ចទទួលពានរង្វាន់នៅប្រទេសស៊ុយអែត។
កញ្ញាបានបន្តថា៖ «វាក៏បានបង្ហាញពីភាពផ្ទុយគ្នាពីសំណាក់ប្រទេសដែលគោរពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ប្រទេសដែលលើកកម្ពស់ស្ថិរភាពក្នុងការបញ្ចេញមតិអីហ្នឹង គេស្ងើចសរសើរទៅលើយុវជនដែលខំការពារធនធានធម្មជាតិ ថែមទាំងស្រឡាញ់ធនធានធម្មជាតិនៅក្នុងផ្ទះខ្លួនឯងហ្នឹងគឺគេតែងផ្ដល់ពានរង្វាន់ឲ្យយើងកាន់តែប្រសើរអីដែរ ប្រទេសកំណើតរបស់យើងគឺប្រទេសកម្ពុជាដែលមានរដ្ឋាភិបាលដែលតែងតែលើកឡើងនិយាយពីការគោរពលទ្ធិប្រជាធិបតេយ្យអីហ្នឹង ប៉ុន្តែបែរជាសកម្មជនបរិស្ថានរបស់យើងត្រូវបានជាប់ពន្ធនាគារ ត្រូវបានចោទពីបទធំធំជារួមគំនិតក្បត់ញុះញង់ប្រមាថព្រះមហាក្សត្រអីជាដើម»។
កញ្ញាថា វារឿងដែលអយុត្តិធម៌តាំងពីដើមមកហើយផងដែរ ដែលយើងមិនដែលទទួលបានភាពយុត្តិធម៌ពីតុលាការនៅក្នុងប្រទេសកម្ពុជា។
កញ្ញាបានបញ្ជាក់ថា៖ « ពួកយើងបានដាក់ពាក្យស្នើសុំទៅតុលាការដើម្បីពន្យារពេលសវនាការហើយ។ ហើយយើងសង្ឃឹមថាតុលាការគាត់នឹងយោគយល់ហើយអនុញ្ញាតឲ្យមានការពន្យារពេលសវនាការ ព្រោះថាបើសិនជាសវនាការនៅតែដំណើរការទៅមុខដោយគ្មានវត្តមានរបស់គ្នាយើងពិភាក្សា»។
លោក ថុន រដ្ឋា សមាជិកមួយរូបទៀតសនៃចលនាមាតាធម្មជាតិបាននិយាយថា អ្វីដែលក្រុមរបស់លោកបានធ្វើគឺធ្វើដើម្បីប្រយោជន៍សាធារណៈ និងប្រយោជន៍ធនធានធម្មជាតិសម្រាប់ខ្មែរ ក៏ប៉ុន្តែក្រុមលោកបែរជាទទួលរងនូវភាពអយុត្តិធម៌ពីតុលាការដោយចោទប្រកាន់ថាក្បត់ជាតិខ្លួនឯងទៅវិញ។
បើតាមលោក ថុន រដ្ឋា មេធាវីរបស់ក្រុមចលនាមាតាធម្មជាតិបានស្នើពន្យារពេលសវនាការហើយ ដោយលោកសង្ឃឹមថាតុលាការនឹងឯកភាពតាមសំណើរបស់ក្រុមលោក។
លោកថា៖ «ខ្ញុំជឿថាតុលាការនឹងព្រមតាមការស្នើសុំគេព្រោះតែករណីបើទោះយ៉ាងនេះគឺជាករណីព្រហ្មទណ្ឌ អ៊ីចឹងករណីព្រហ្មទណ្ឌគឺចាំបាច់ណាស់គឺត្រូវតែមានជនដែលត្រូវបានចោទក៏ដូចជាមេធាវីការពារ នេះបើពួកយើងនៅក្នុងសវនាការជាចាំបាច់ដោយសារតែ ក្នុងច្បាប់គេតម្រូវឲ្យចាំបាច់ត្រូវតែមានមេធាវី អ៊ីចឹងហើយបើសិនជាមេធាវីពួកយើងមិនមានវត្តមានចៅក្រមសវនាការហ្នឹងក៏មិនអាចប្រព្រឹត្តទៅបានដែរ ហើយជាពិសេសហ្នឹងគឺពួកយើងក៏មិនមានវត្តមានគ្រប់ៗគ្នា»។
សមាជិកចលនាមាតាធម្មជាតិរូបនេះក៏បានស្នើឲ្យតុលាការទម្លាក់រាល់បទចោទប្រកាន់លើក្រុមលោកដើម្បីចៀសវាងការរិះគន់ទៅលើតុលាការពីសំណាក់សាធារណៈជន និងដើម្បីមុខមាត់រដ្ឋាភិបាលអាណត្តិថ្មី។
លោកនិយាយថា៖ «យើងស្នើឱ្យតុលាការទម្លាក់រាល់បទចោទប្រកាន់មកកាន់ពួកយើងទៅ។ បានន័យថាមិនមានអីចំណេញទៅដល់តុលាការទេ មានតែការស្តីបន្ទោស មានតែការបន្តចោទប្រកាន់តុលាការ ការដកជំនឿចិត្តពីសាធារណៈជនទៅកាន់តុលាការ ថាតុលាការជាអាយ៉ងសម្រាប់អ្នកនយោបាយ ហើយតុលាការធ្វើការតែដើម្បីប្រយោជន៍នយោបាយ ដែលមិនការពារបម្រើប្រយោជន៍ប្រជាជនខ្មែរដូចតែមានចែងនៅក្នុងច្បាប់។ ហើយជាពិសេសហ្នឹងក៏អត់ចំណេញអីទៅកាន់រដ្ឋាភិបាល ជាពិសេសរដ្ឋាភិបាលឈាមថ្មីបន្តវេន គឺមានតែធ្វើឱ្យខូចឈ្មោះនៅក្នុងជាតិផងអន្តរជាតិផង ដែលការចោទប្រកាន់យុវជនដែលស្រលាញ់ធនធានធម្មជាតិទៅជាក្បត់ជាតិហ្នឹងគឺជារឿងដែលអាម៉ាស់ ជារឿងដែលប៉ះពាល់ឈ្មោះរដ្ឋាភិបាលខ្លាំងណាស់»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យសមាគមសិទ្ធិមនុស្សអាដហុក (ADHOC) បានលើកឡើងថា ក្នុងរដ្ឋធម្មនុញ្ញកម្ពុចាចែងថា ពលរដ្ឋគ្រប់មានភាពសកម្មក្នុងការចូលរួមក្នុងកិច្ចការងារសង្គម សេដ្ឋកិច្ច និងនយោបាយទាំងអស់។ ប៉ុន្តែលោកថា សម្រាប់យុវជនមាតាធម្មជាតិ បានធ្វើសកម្មភាពដើម្បីជួយការពារផលប្រយោជន៍ធនធានធម្មជាតិ និងការពារផលប្រយោជន៍ព្រៃឈើជាដើម បែរជាមានការរងការចោទប្រកាន់ទៅវិញ។
លោកថា៖ «បើសិនជាសវនាការនឹងបើកឡើង ហើយសម្រេចឱ្យអ្នកទាំងអស់នឹងរួចផុតពីការចោទប្រកាន់ អាហ្នឹងវាល្អដើម្បីឲ្យពួកគេមានសេរីភាពគ្រប់គ្រាន់ក្នុងការបំពេញបេសកកម្ម និងសិទ្ធិសេរីភាពរបស់ខ្លួនក្នុងការជួយចូលរួមជួយការពារផលប្រយោជន៍របស់សង្គម ជាពិសេសធនធានជាតិដែលពួកគេធ្លាប់ធ្វើកន្លងមក»។
លោកបន្ថែមថា៖ «ប៉ុន្តែផ្ទុយទៅវិញ យើងមានការព្រួយបារម្ភដែរថា វាជាការបង្ហាញនូវការរឹតត្បិត ការគំរាមកំហែងទៅលើសេរីភាពឡើងវិញ ដោយសារថា យើងមើលឃើញអ្នកខាងក្រៅគេហាក់ដូចជាឲ្យតម្លៃទៅលើពួកគេទាំងអស់ហ្នឹង ផ្ទុយទៅវិញខាងប្រទេសយើងបែកគ្នាចោទប្រកាន់ដែលគំរាមកំហែងតាមផ្លូវច្បាប់តាមផ្លូវតុលាការជំនួសវិញ នោះវាមានរឿងមួយដែលមើលទៅជារូបភាពមិនល្អទេ វាអាចប៉ះពាល់ដល់កិត្តិយស និងតម្លៃរបស់ខាង ស្ថាប័នពាក់ព័ន្ធ ឬក៏រាជរដ្ឋាភិបាលកម្ពុជាយើង»។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពីលោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានទេ រហូតមកដល់ព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ។
ចលនាមាតាធម្មជាតិទទួលបានពានរង្វាន់ Right Livelihood ដែលមានមូលដ្ឋាននៅប្រទេសស៊ុយអ៊ែត ហើយពួកគេនឹងទៅទទួលពានរង្វាន់នេះនៅខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែត្រូវបានតុលាការកម្ពុជាមិនអនុញ្ញាតឱ្យពួកគេចេញទៅក្រៅប្រទេសក្នុងមូលហេតុថាមិនចាំបាច់។ នេះជាពានរង្វាន់អន្តរជាតិទី២ ដែលពួកគេទទួលបាន ដោយកាលពីឆ្នាំ២០២១ ចលនាមាតាធម្មជាតិទទួលបានពានរង្វាន់ Frontlinedefender ដោយសារកិច្ចការពារបរិស្ថាន៕