រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យរថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរ ម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ធ្វើដំណើរចូលបរិវេណរៀបចំពិធីបុណ្យអុំទូក ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។
យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក មិនអនុញ្ញាតឱ្យចរាចរណ៍លើវិថីខេមរៈភូមិន្ទ ផ្លូវលេខ៥ វិថីតេជោដំឌិន វិថីសម្តេចប៉ាន ផ្លូវលេខ២៩៤ កំណាត់វិថីសម្តេចសុធារស រហូតដល់ខាងជើងស្ថានទូតរូស្ស៊ី វិថីរដ្ឋសភា និងមហាវិថីព្រះសុរាម្រឹត។
សេចក្តីណែនាំខាងលើបន្តថា៖ «ចំពោះសាឡង់ដឹកខ្សាច់ ទូក កប៉ាល់គ្រប់ប្រភេទ ដែលធ្វើចរាចរណ៍ឆ្លងកាត់មុខទីតាំងប្រារព្ធពិធីនៅមុខព្រះបរមរាជវាំង ត្រូវផ្អាកធ្វើនាវាចរក្នុងអំឡុងពេលប្រារព្ធពិធីនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លើកលែងតែកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អាចចរាចរណ៍នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងអាចចរាចរណ៍ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយពិធីបណ្តែតប្រទីបត្រូវបានបញ្ចប់តាមថ្ងៃនីមួយៗ»។
សេចក្តីណែនាំដដែលបន្ថែមថា ចំពោះយានយន្តដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ត្រូវផ្អាកចរាចរណ៍ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែឆ្នាំដដែល ចាប់ពីម៉ោង១២:០០នាទី ដល់ម៉ោង២២:០០នាទី និងអាចធ្វើដំណើរបានចាប់ពីម៉ោង ២២:០០នាទី រហូតដល់ម៉ោង ១០:០០ នាទី។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានអាក់ខានប្រារព្ធអស់ជាច្រើនឆ្នាំ ដោយសារការរាត្បាតដោយជំងឺកូវីដ១៩ ហើយនៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលប្រកាសប្រារព្ធឡើងវិញក្នុងទ្រង់ទ្រាយធំ៕