រដ្ឋបាលរាជធានីភ្នំពេញមិនអនុញ្ញាតឱ្យរថយន្តប្រកបអាជីវកម្មដឹកអ្នកដំណើរ ម៉ូតូសណ្តោងរ៉ឺម៉ក និងរថយន្តដឹកទំនិញគ្រប់ប្រភេទ ធ្វើដំណើរ​ចូល​បរិវេណ​រៀបចំ​ពិធីបុណ្យ​អុំទូក ដើម្បី​កាត់បន្ថយ​ការកក​ស្ទះ​ចរាចរណ៍ ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣​។

យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញដែលចេញនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ បាន​បញ្ជាក់​ថា គ្រប់យានយន្តធ្វើដំណើរមកចូលរួមទស្សនាព្រះរាជពិធីបុណ្យអុំទូក មិន​អនុញ្ញាត​ឱ្យ​ចរាចរណ៍​លើ​វិថី​ខេមរៈ​ភូមិន្ទ ផ្លូវលេខ៥ វិថីតេជោដំឌិន វិថីសម្តេចប៉ាន ផ្លូវលេខ២៩៤ កំណាត់វិថីសម្តេចសុធារស រហូត​ដល់​ខាង​ជើង​ស្ថាន​ទូត​រូស្ស៊ី វិថីរដ្ឋសភា និងមហាវិថីព្រះសុរាម្រឹត។

សេចក្តីណែនាំខាងលើបន្តថា៖ «ចំពោះសាឡង់ដឹកខ្សាច់ ទូក កប៉ាល់គ្រប់ប្រភេទ ដែល​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​មុខ​ទីតាំង​ប្រារព្ធ​ពិធី​នៅមុ​ខព្រះបរមរាជវាំង ត្រូវ​ផ្អាក​ធ្វើនាវាចរក្នុងអំឡុងពេលប្រារព្ធពិធីនៅថ្ងៃទី២៥ ដល់​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ លើកលែងតែកាណូតដឹកភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ អាច​ចរាចរណ៍​នៅ​ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ និងអាចចរាចរណ៍ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោយ​ពិធី​បណ្តែត​ប្រទីប​ត្រូវបានបញ្ចប់តាមថ្ងៃនីមួយៗ»។

សេចក្តីណែនាំដដែលបន្ថែម​ថា ចំពោះយានយន្តដែលធ្វើដំណើរ​ឆ្លងកាត់​ស្ពាន​ខ្សែកាប​តភ្ជាប់​រវាង​តំបន់​អភិវឌ្ឍ​កោះនរា និងតំបន់អភិវឌ្ឍ​កោះពេជ្រ ត្រូវផ្អាកចរាចរណ៍ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែ​ឆ្នាំ​ដដែល ចាប់ពីម៉ោង១២:០០នាទី ដល់ម៉ោង២២:០០នាទី និងអាចធ្វើដំណើរបានចាប់ពីម៉ោង ២២:០០នាទី រហូត​ដល់​ម៉ោង ១០:០០ នាទី។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវបានអាក់​ខានប្រារព្ធអស់ជាច្រើនឆ្នាំ ដោយសារការរាត្បាតដោយជំងឺកូវីដ១៩ ហើយនៅ​ឆ្នាំ២០២៣​នេះ ​រដ្ឋាភិបាល​ប្រកាស​ប្រារព្ធ​​ឡើង​វិញ​ក្នុង​ទ្រង់​ទ្រាយធំ៕