ប្រជាជនមកពីតាមបណ្តាខេត្ត និងរាជធានីភ្នំពេញច្រើនកុះករ បានចូលរួមពិធីបុណ្យអុំទូក សំពះព្រះខែ បណ្តែតប្រទីប និងអកអំបុកនៅមាត់ទន្លេខាងមុខព្រះបរមរាជវាំង បន្ទាប់ពីផ្អាកអស់រយៈពេលបីឆ្នាំដោយសារជំងឺរាតត្បាតកូវីដ១៩។
ពិធីបុណ្យអុំទូកនៅឆ្នាំនេះបានប្រារព្ធឡើងចាប់ពីថ្ងៃទី ២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា។ នៅរាជធានីភ្នំពេញឃើញមានការតុបតែងតាមដងផ្លូវ និងមានកម្មវិធីនានាជាច្រើនទៀត។
ពិធីបុណ្យអុំទូកនេះកើតមានឡើងតាំងពីសម័យអង្គររហូតមក ហើយប្រជាពលរដ្ឋខ្មែរទម្លាប់ប្រារព្ធធ្វើពិធីបុណ្យនេះ ដើម្បីប្រណាំងទូកដែលរចនាតាមបែបបុរាណសម័យ ទាំងបុរស និងស្ត្រីមកពីគ្រប់ខេត្តក្រុងក្នុងប្រទេសកម្ពុជា។
កញ្ញា ជូត ស៊ីមួយ ពលរដ្ឋម្នាក់មកពីខេត្តពោធិ៍សាត់ បានចូលរួមពីធីបុណ្យអុំទូកនៅរាជធានីភ្នំពេញលើកឡើងថា ពិធីបុណ្យអុំទូកលើកនេះមានការរៀបចំស្អាត និងមានមនុស្សច្រើនកុះករចូលរួម។
កញ្ញាបន្តថា៖ «នេះជាលើកទីមួយរបស់ខ្ញុំ ដែលឃើញមនុស្សចូលរួមច្រើនខ្លាំងក្រោយកម្ពុជាមិនបានប្រារព្ធពិធីនេះ និងមើលឃើញការរៀបចំហេដ្ឋារចនាសម្ព័ន្ធគឺបានស្អាតល្អ ទាំងការតុបតែងតាមផ្លូវ»។
ចំណែកលោកស្រី គីន សារី មកពីខេត្តកណ្តាល បានលើកឡើងពីបញ្ហាស្ទះចរាចរណ៍អំឡុងពេលពិធីបុណ្យអុំទូក។
លោកស្រីបន្តថា៖ «បុណ្យអ៊ុំទូកលើកនេះសប្បាយ ហើយមនុស្សច្រើន ព្រោះខានដោយសារបញ្ហាកូវីដ អញ្ចឹងឆ្នាំនឹងក៏នាំគ្នាមកលេង ប៉ុន្តែក៏ពិបាកធ្វើដំណើរផងដែរ ព្រោះមានការកកស្ទះចរាចរណ៍ខ្លាំង»។
កីឡាករទូកឈ្មោះ ឈឹម សុថុន មកពីខេត្តសៀមរាប បានលើកឡើងថា នេះជាឱកាសល្អដែលលោកបានមកអុំទូកនៅរាជធានីភ្នំពេញក្រោយពេលអាក់ខាន៣ឆ្នាំមកនេះ។
លោកបន្តថា៖ «នៅពេលខានអុំប៉ុន្មានឆ្នាំហើយ ពេលប្រារព្ធវិញគឺសប្បាយ ព្រោះបានអុំទូកឱ្យមហាជនជាច្រើនទស្សនា និងឃើញមានការតុបតែងប្លែក រួមទាំងអនាម័យ និងទីធ្លាស្អាត»។
គិតចាប់តាំង២០២០មក កម្ពុជាបានខកខានប្រារព្ធពិធីបុណ្យអុំទូកនេះអស់រយៈពេលបីឆ្នាំមកហើយ ដោយរដ្ឋាភិបាលបានលើកឡើងអំពីបញ្ហាប្រឈមនានាដែលកើតចេញពីវិបត្តិជំងឺកូវីដ១៩។ ហើយកាលពីឆ្នាំ ២០២២ ការអាក់ខានប្រារព្ធពិធីនេះ គឺដោយសារកម្ពុជាបានធ្វើជាមា្ចស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាន៕