ប្រជាជន​​មកពីតាមបណ្តា​ខេត្ត និង​រាជធានី​ភ្នំពេញ​ច្រើនកុះករ បាន​ចូលរួម​ពិធីបុណ្យ​អុំទូក​ សំពះព្រះខែ បណ្តែត​ប្រទីប និង​អកអំបុក​នៅ​​មាត់​ទន្លេ​ខាង​​មុខ​ព្រះ​បរមរាជវាំង បន្ទាប់ពីផ្អាក​អស់​រយៈពេល​បី​ឆ្នាំដោយសារ​ជំងឺ​រាតត្បាត​កូវីដ​១៩។

ពិធីបុណ្យ​អុំទូកនៅ​ឆ្នាំនេះ​​បានប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី ២៦ ដល់ ២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅ​រាជធានីភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា។ នៅ​រាជធានី​ភ្នំពេញ​ឃើញ​​មាន​ការតុបតែង​តាម​ដង​ផ្លូវ និង​មាន​​​កម្មវិធី​នានា​ជាច្រើន​ទៀត។

ពិធី​បុណ្យអុំទូក​នេះ​​កើត​​មាន​​ឡើង​តាំង​ពីសម័យអង្គរ​រហូត​មក​ ហើយ​ប្រជាពលរដ្ឋ​ខ្មែរ​ទម្លាប់​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​នេះ​ ដើម្បី​​ប្រណាំងទូក​ដែលរចនា​តាម​បែបបុរាណសម័យ ទាំង​បុរស​ និង​ស្ត្រី​​មក​ពី​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេសកម្ពុជា​។

កញ្ញា ជូត ស៊ីមួយ ពលរដ្ឋ​ម្នាក់​មកពីខេត្តពោធិ៍សាត់ បាន​ចូលរួម​ពីធីបុណ្យ​អុំទូក​​នៅ​រាជធានី​ភ្នំពេញ​លើក​ឡើងថា ពិធីបុណ្យ​អុំទូក​លើកនេះ​មានការ​រៀប​ចំស្អាត និង​មានមនុស្ស​ច្រើនកុះករ​​ចូលរួម។

កញ្ញា​បន្តថា៖ «នេះជា​លើកទីមួយ​របស់ខ្ញុំ ដែល​ឃើញមនុស្ស​ចូលរួម​ច្រើនខ្លាំង​ក្រោយកម្ពុជា​មិនបាន​ប្រារព្ធពិធី​នេះ និង​មើលឃើញ​ការ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​គឺបានស្អាត​ល្អ ទាំង​ការតុប​តែង​តាមផ្លូវ»។

ចំណែក​លោកស្រី គីន សារី មក​ពី​ខេត្តកណ្តាល បាន​លើកឡើង​ពីបញ្ហាស្ទះ​ចរាចរណ៍​អំឡុងពេល​ពិធីបុណ្យ​អុំទូក។

លោកស្រីបន្តថា៖ «បុណ្យអ៊ុំទូក​លើកនេះ​សប្បាយ ហើយ​មនុស្សច្រើន ព្រោះខានដោយសារ​បញ្ហាកូវីដ អញ្ចឹង​ឆ្នាំនឹង​ក៏នាំគ្នា​មកលេង ប៉ុន្តែ​ក៏ពិបាក​ធ្វើដំណើរ​ផងដែរ ព្រោះមាន​ការកក​ស្ទះចរាចរណ៍​ខ្លាំង»។

កីឡាករទូក​ឈ្មោះ ឈឹម សុថុន មក​ពីខេត្ត​សៀមរាប បាន​លើកឡើង​ថា នេះជា​ឱកាសល្អ​ដែលលោក​បានមកអុំទូក​នៅរាជធានីភ្នំពេញ​ក្រោយពេល​អាក់ខាន៣ឆ្នាំមកនេះ។

លោក​បន្តថា៖ «នៅពេល​ខានអុំប៉ុន្មាន​ឆ្នាំហើយ ពេល​ប្រារព្ធវិញ​គឺសប្បាយ ព្រោះ​បានអុំទូក​ឱ្យមហាជន​ជាច្រើន​ទស្សនា និងឃើញមាន​ការតុបតែង​ប្លែក រួមទាំងអនាម័យ និងទីធ្លាស្អាត»។ 

​គិត​ចាប់​តាំង​២០២០​មក កម្ពុជា​បាន​ខកខាន​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក​នេះ​អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ ដោយ​រដ្ឋា​ភិបាល​បាន​លើកឡើងអំពីបញ្ហា​ប្រឈម​នានា​​​ដែល​កើតចេញ​ពីវិបត្តិជំងឺ​​កូវីដ១៩។ ហើយ​កាល​ពី​ឆ្នាំ​ ២០២២ ការ​អាក់​ខាន​ប្រារព្ធ​ពិធី​នេះ​ គឺ​ដោយ​សារ​កម្ពុជា​បាន​ធ្វើ​ជា​មា្ចស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​៕