ប្រមុខរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាគន្លឹះ និងជាអាទិភាពចំនួន៤ ដើម្បីលើកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់មធ្យមសិក្សា ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។
ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៣-២០២៤ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងដោយចាត់ទុកថ្ងៃបើកបវេសនការនេះ ថាជាថ្ងៃដំបូងសម្រាប់រដ្ឋាភិបាលថ្មីក្នុងការចាប់ផ្តើមអនុវត្តគោលនយោបាយអាទិភាពសំខាន់ៗសម្រាប់វិស័យអប់រំ ជាមួយនឹងគោលដៅលើកកម្ពស់គុណភាព។
លោកបន្តថា រដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយសំខាន់ៗ ដើម្បីពង្រឹងលើកកម្ពស់គុណភាពអប់រំតាមរយៈសកម្មភាពជាអាទិភាពចំនួន៤ ក្នុងនោះមានទី១ ការកែលម្អអភិបាលកិច្ចសាលារៀន ទី២ ការពិនិត្យ កែសម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពក្រៅម៉ោងសិក្សាឱ្យស្របទៅតាមតម្រូវការ ទី៣ ការថែរក្សាសុខភាពសិស្សតាមរយៈកម្មវិធីអាហារូបត្ថម្ភរបស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅក្នុងសាលារៀន និងទី៤ ការលើកទឹកចិត្តឱ្យមានការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក្យស្លោក «ភាពជាដៃគូរដ្ឋ និងសហគមន៍សម្រាប់ការអប់រំ»។
ជាងនេះទៅទៀត លោកថា ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ សុជីវធម៌ និងគុណធម៌របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួងអប់រំបានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០ភាគរយ លើចំណេះដឹង ១០ភាគរយ លើបំណិន និង១០ភាគរយលើសីលធម៌ និងចរិយាធម៌។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា៖ «នៅថ្ងៃនេះ[ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣]ដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសដាក់ចេញនូវ “យុទ្ធនាការសាលារៀនស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ ដើម្បីគាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការវាយតម្លៃសាលាស្អាតរួចមកហើយ»។
ចំណែកការពង្រឹងអភិបាលកិច្ចសាលារៀនវិញ លោកថា រដ្ឋាភិបាលបានផ្តោតលើវិស័យចំនួន៤ ក្នុងនោះមាន សាលារៀនត្រូវតែមានការគ្រប់គ្រង និងភាពជាអ្នកដឹកនាំល្អ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមរម្យ និងអនាម័យ ព្រមទាំងប្រើប្រាស់ថវិកាដើម្បីគាំទ្រដល់ការសិក្សា និងការបង្រៀនត្រឹមត្រូវ, គ្រូបង្រៀនត្រូវតែមានសមត្ថភាពខ្ពស់ មានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងមានលក្ខខណ្ឌការងារ និងជីវភាពសមរម្យ, សិស្សត្រូវមានអាកប្បកិរិយាវិជ្ជមាន ហើយនៅតាមសាលាជនបទ និងតំបន់ជួបការលំបាកត្រូវមានកម្មវិធីអាហារូបត្ថម្ភ និងឪពុកម្តាយត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការអប់រំ និងមើលថែពួកគេយ៉ាងដិតដល់ ខណៈពេលដែលផ្តល់ការគាំទ្រផ្នែកអារម្មណ៍ និងសម្ភារៈផងដែរ។
លោកថ្លែងបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍រួចហើយ ដើម្បីដាក់ឱ្យអនុវត្ដ “ស្តង់ដា សាលារៀនគំរូ” និង “ពានរង្វាន់ សាលាគំរូ សម្តេចមហាបវរធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ»។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ឃើញថា ប្រព័ន្ធអប់រំនៅកម្ពុជា នៅមិនទាន់មានស្តង់ដា និងអាចទទួលយកបាននៅឡើយទេ ដែលជាកត្តាជំរុញឱ្យរដ្ឋាភិបាលថ្មី គិតគូរ និងដាក់ចេញនូវគោលនយោបាយថ្មី ដែលតម្រូវឱ្យគ្រូទាំងអស់យកចិត្តទុកដាក់ជាមួយសិស្សានុសិស្ស ដើម្បីពង្រឹងវិស័យអប់រំឱ្យមានគុណភាពឡើងវិញ។
អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឃើញសិស្សានុសិស្សដែលពួកគេខិតខំរៀនហើយទទួលបាននិទ្ទេសល្អ ឱ្យពួកគេបានជាការលើកទឹកចិត្តពីរដ្ឋាភិបាលស្មើៗគ្នា»។
តែយ៉ាងណា លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បង្ហាញការគាំទ្រជាមួយគោលនយោបាយថ្មីរបស់រដ្ឋាភិបាល ដែលនឹងធ្វើឱ្យគុណភាពវិស័យអប់រំនៅកម្ពុជា កាន់តែមានភាពល្អប្រសើរ។ លោក សុជាតិ ចង់ឃើញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីឱ្យការដាក់ចេញនៅគោលនយបាយថ្មីទទួលបានជោគជ័យ ជាពិសេសមិនឱ្យមានអំពើពុករលួយ ដូចជា ការយកលុយពីសិស្ស និងអាណាព្យាបាល ក្នុងការបង់ប្រាក់វិភាគទានក្រៅផ្លូវការជាដើម។
លោកបន្ថែមថា៖ «សូមបញ្ឈប់បន្តឱ្យមានការបង្រៀនក្រៅម៉ោង ព្រោះធ្វើឱ្យសិស្សត្រូវចំណាយប្រាក់ច្រើនដើម្បីបានសិក្សា ដែលនឹងធ្វើឱ្យពួកគេមានការលំបាក»។
លោកបន្តថា គុណភាពវិស័យអប់រំបច្ចុប្បន្ននៅកម្ពុជា មានលក្ខណៈល្អប្រសើរតិចតួចណាស់ ហើយលោកចង់ឃើញគុណភាពវិស័យអប់រំនៅកម្ពុជាមានភាពល្អប្រសើរឡើង ជាពិសេសត្រូវឱ្យសិស្ស និងគ្រូបង្រៀនមានសេរីភាពពេញលេញ ដែលធ្វើឱ្យពួកគេអាចស្រាវជ្រាវ និងនិយាយពីបញ្ហាជាក់ស្តែងនៅក្នុងសង្គម។
លោកសេក សុជាតិ មានប្រសាសន៍ថា៖ «ផ្តល់សេរីភាពឱ្យសិស្សធ្វើការស្រាវជ្រាវទីតាំងប្រវត្តិសាស្រ្ត ឬព្រំដែន ដើម្បីឱ្យសិស្សបានយល់ពីប្រវត្តិសាស្រ្តពិត និងមានសិទ្ធិបញ្ចេញមតិរបស់ពួកគេ»។
យោងតាមការផ្សាយនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ បង្ហាញថា រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាចំនួន ៨១០ លានដុល្លារអាមេរិក លើវិស័យអប់រំនៅឆ្នាំ២០២១ និង ៧៩៧ លានដុល្លារសម្រាប់ឆ្នាំ២០២២។ដោយឡែកអត្រាចុះឈ្មោះចូលរៀននៅកម្រិតបឋមសិក្សាមាន ៨៦.៨ភាគរយសម្រាប់ឆ្នាំសិក្សា ២០២១-២០២២។
អង្គការនេះក៏រកឃើញដែរថា សាលារៀននៅតាមទីក្រុងផ្តល់នូវគុណភាពអប់រំ និងហេដ្ឋារចនាសម្ព័ន្ធខ្ពស់ជាងសាលារៀននៅតាមជនបទ និងតំបន់ដាច់ស្រយាល ខណៈលោកគ្រូអ្នកគ្រូក៏ប្រឈមផ្នែកបច្ចេកវិទ្យា ដែលត្រូវត្រៀមការបណ្តុះបណ្តាលផ្នែកឌីជីថលបន្ថែម៕