ប្រមុខរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ​ជាគន្លឹះ និងជាអាទិភាពចំនួន៤ ដើម្បីលើកម្ពស់គុណភាពអប់រំ ចាប់ពីថ្នាក់មត្តេយ្យសិក្សា ដល់​មធ្យម​សិក្សា​ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។

ក្នុងឱកាសបើកបវេសនកាលឆ្នាំ​សិក្សា​២០២៣-២០២៤ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងដោយចាត់ទុកថ្ងៃបើកបវេសនការនេះ ថាជាថ្ងៃដំបូងសម្រាប់រដ្ឋាភិបាលថ្មីក្នុងការចាប់ផ្តើម​អនុវត្តគោល​នយោបាយ​អាទិភាពសំខាន់ៗសម្រាប់វិស័យអប់រំ ជាមួយនឹងគោលដៅលើកកម្ពស់គុណភាព។

លោកបន្តថា រដ្ឋាភិបាល បាន​ដាក់ចេញនូវគោលនយោបាយ​សំខាន់ៗ ដើម្បីពង្រឹងលើកកម្ពស់គុណភាពអប់រំតាមរយៈសកម្មភាពជាអាទិភាពចំនួន៤ ក្នុងនោះមានទី១ ការកែលម្អអភិបាលកិច្ចសាលារៀន ទី២ ការ​ពិនិត្យ កែ​សម្រួល និងរៀបចំកម្មវិធីសិក្សា និងសកម្មភាព​ក្រៅ​ម៉ោង​សិក្សាឱ្យស្របទៅតាមតម្រូវការ ទី៣ ការថែរក្សាសុខភាព​សិស្សតាមរយៈកម្មវិធី​អាហារូបត្ថម្ភ​របស់កុមារ និងការត្រួតពិនិត្យគុណភាពអាហារនៅក្នុងសាលារៀន និងទី៤ ការ​លើកទឹកចិត្ត​ឱ្យ​មាន​​ការចូលរួមពីមាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងវិស័យអប់រំ ស្របតាមពាក្យស្លោក «ភាពជា​ដៃគូ​រដ្ឋ និងសហគមន៍សម្រាប់ការអប់រំ»។

ជាងនេះទៅទៀត លោកថា ដើម្បីបង្កើនការយកចិត្តទុកដាក់ លើការពង្រឹងវិន័យ សីលធម៌ សុជីវធម៌ និងគុណធម៌របស់បុគ្គលិកអប់រំ និងសិស្សានុសិស្ស ក្រសួង​អប់រំ​បានដាក់ឱ្យអនុវត្តការផ្ដល់ពិន្ទុ ៨០​ភាគ​រយ លើចំណេះដឹង ១០​ភាគរយ លើ​បំណិន និង១០ភាគរយលើសីលធម៌ និងចរិយាធម៌។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្លែងថា៖ «នៅថ្ងៃនេះ[ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣]ដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមប្រកាសដាក់ចេញនូវ យុទ្ធនាការ​សាលា​រៀន​ស្អាត គ្មានសំរាម” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា២០២៣-២០២៤ តទៅ ដើម្បី​គាំទ្រដល់ការអនុវត្តចលនាប្រឡងប្រណាំងសាលាស្អាត ដែលកន្លងមក ក្រសួងអប់រំ យុវជន និង​កីឡា បានដាក់ចេញនូវគោលការណ៍ លក្ខណៈវិនិច្ឆ័យ និងនីតិវិធីនៃការ​វាយ​តម្លៃ​សាលា​ស្អាត​រួច​មក​ហើយ»។

ចំណែកការពង្រឹងអភិបាលកិច្ចសាលារៀនវិញ លោកថា រដ្ឋាភិបាលបាន​ផ្តោតលើវិស័យចំនួន៤ ក្នុងនោះមាន​​ សាលារៀន​ត្រូវតែ​មានការគ្រប់គ្រង និងភាពជាអ្នកដឹកនាំល្អ ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសមរម្យ និងអនាម័យ ព្រមទាំងប្រើប្រាស់​ថវិកាដើម្បីគាំទ្រដល់ការសិក្សា និងការបង្រៀន​ត្រឹមត្រូវ, គ្រូបង្រៀនត្រូវតែមានសមត្ថភាពខ្ពស់ មាន​ចំណេះ​ដឹងផ្នែកបច្ចេកវិទ្យា និងមានលក្ខខណ្ឌការងារ និងជីវភាព​សមរម្យ, សិស្ស​ត្រូវ​មាន​អាកប្បកិរិយា​​វិជ្ជមាន ហើយនៅតាម​សាលា​ជនបទ និង​តំបន់​ជួប​ការលំបាក​ត្រូវ​មាន​កម្មវិធី​អាហារូបត្ថម្ភ និងឪពុកម្តាយត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងការអប់រំ និងមើលថែពួកគេយ៉ាងដិតដល់ ខណៈពេល​ដែលផ្តល់ការគាំទ្រផ្នែកអារម្មណ៍ និងសម្ភារៈផងដែរ។

លោកថ្លែងបន្តថា៖ «រាជរដ្ឋាភិបាលកម្ពុជា បានឯកភាព​ជា​គោល​ការណ៍រួចហើយ ដើម្បី​ដាក់ឱ្យអនុវត្ដ “ស្តង់ដា សាលារៀនគំរូ” និង “ពានរង្វាន់ សាលាគំរូ សម្តេច​មហាបវរ​ធិបតី” នៅទូទាំងប្រទេស ចាប់ពីឆ្នាំសិក្សា ២០២៣-២០២៤ នេះតទៅ»។

ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នកស្រី អ៊ុក ឆាយ៉ាវី យល់ឃើញ​ថា ប្រព័ន្ធអប់រំនៅកម្ពុជា នៅមិនទាន់មានស្តង់ដា និងអាចទទួលយកបាននៅឡើយទេ ដែលជាកត្តាជំរុញ​ឱ្យរដ្ឋាភិបាលថ្មី ​គិតគូរ និងដាក់ចេញ​​នូ​វ​គោល​នយោបាយថ្មី ដែលតម្រូវឱ្យ​គ្រូទាំងអស់យកចិត្តទុកដាក់ជាមួយសិស្សានុសិស្ស ដើម្បីពង្រឹង​វិស័យ​អប់រំ​ឱ្យ​មាន​គុណភាពឡើងវិញ។

អ្នកស្រីបន្តថា៖ «ខ្ញុំចង់ឃើញសិស្សានុសិស្សដែលពួកគេខិតខំរៀនហើយទទួលបាននិទ្ទេសល្អ ឱ្យពួកគេបាន​ជាការលើក​ទឹកចិត្ត​ពីរដ្ឋាភិបាលស្មើៗគ្នា»

តែយ៉ាងណា លោក សេក សុជាតិ នាយកប្រតិបត្តិអង្គការអភិវឌ្ឍន៍ផ្នត់គំនិត បង្ហាញការគាំទ្រជាមួយ​គោលនយោបាយ​ថ្មីរបស់រដ្ឋាភិបាល ដែលនឹងធ្វើឱ្យគុណភាពវិស័យអប់រំនៅកម្ពុជា កាន់តែមានភាពល្អ​ប្រសើរ។ លោក សុជាតិ ចង់​ឃើញការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ដើម្បីឱ្យការដាក់ចេញនៅគោលនយបាយថ្មីទទួលបាន​ជោគជ័យ ជាពិសេសមិនឱ្យមានអំពើពុករលួយ ដូចជា ការយកលុយពីសិស្ស និងអាណាព្យាបាល ក្នុង​ការ​បង់​ប្រាក់​វិភាគទានក្រៅផ្លូវការជាដើម។ 

លោកបន្ថែមថា៖ «សូមបញ្ឈប់បន្តឱ្យមានការបង្រៀនក្រៅម៉ោង ព្រោះធ្វើឱ្យ​សិស្ស​ត្រូវចំណាយប្រាក់ច្រើនដើម្បីបានសិក្សា ដែលនឹងធ្វើឱ្យពួកគេមានការលំបាក»

លោកបន្តថា គុណភាពវិស័យអប់រំបច្ចុប្បន្ននៅកម្ពុជា មានលក្ខណៈ​ល្អប្រសើរតិចតួចណាស់ ហើយលោក​ចង់​ឃើញ​គុណភាពវិស័យអប់រំ​នៅកម្ពុជាមានភាពល្អប្រសើរឡើង ជាពិសេសត្រូវឱ្យសិស្ស និងគ្រូបង្រៀន​មាន​សេរី​ភាព​​ពេញលេញ ដែលធ្វើឱ្យពួកគេអាចស្រាវ​ជ្រាវ និងនិយាយពីបញ្ហាជាក់ស្តែងនៅក្នុងសង្គម។ 

លោកសេក សុជាតិ មានប្រសាសន៍​​ថា៖ «ផ្តល់សេរីភាពឱ្យសិស្សធ្វើការស្រាវជ្រាវទីតាំងប្រវត្តិសាស្រ្ត ឬព្រំដែន ដើម្បីឱ្យសិស្ស​បាន​យល់​ពីប្រវត្តិសាស្រ្តពិត និងមានសិទ្ធិបញ្ចេញមតិរបស់ពួកគេ»

យោងតាមការផ្សាយនៃអង្គការទិន្នន័យអំពីការអភិវឌ្ឍ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣​ បង្ហាញ​ថា រដ្ឋាភិបាលកម្ពុជា បានចំណាយថវិកា​ចំនួន​ ៨១០​ លាន​ដុល្លារ​អា​មេ​រិ​ក លើវិស័យអប់រំនៅឆ្នាំ២០២១​ និង​ ៧៩៧​ លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០២២។ដោយឡែកអត្រា​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​កម្រិត​បឋម​សិក្សា​មាន​ ៨៦.៨​ភាគរយ​សម្រាប់​ឆ្នាំ​សិក្សា​ ២០២១-២០២២​។​

អង្គការនេះក៏រកឃើញដែរថា សាលារៀន​នៅ​តាម​ទីក្រុង​ផ្តល់​នូវ​គុណភាព​អប់រំ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្ពស់​ជាង​សាលារៀន​នៅ​តាម​ជនបទ​ និង​តំបន់​ដាច់​ស្រយាល​ ខណៈលោកគ្រូអ្នកគ្រូក៏ប្រឈម​ផ្នែក​បច្ចេកវិទ្យា​ ដែលត្រូវ​ត្រៀមការបណ្តុះបណ្តាលផ្នែក​ឌី​ជី​ថ​លបន្ថែម៕​