គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) កំពុងពិនិត្យ​លើពាក្យសុំចុះបញ្ជី និងបញ្ជីបេក្ខជនឈរឈ្មោះ​របស់​គណបក្សឆន្ទៈខ្មែរ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤។

គណបក្សឆន្ទៈខ្មែរ ដែលជាគណបក្សនយោបាយនៃសម្ព័ន្ធភាពឆ្ពោះទៅអនាគត កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ បានដាក់ពាក្យស្នើសុំចុះបញ្ជីគណបក្សឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរ​ឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ជាផ្លូវការ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

ជាការឆ្លើយតប គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី៥ ខែធ្នូ ថា គណៈកម្មាធិការនេះ បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យស្នើសុំចុះបញ្ជីរបស់គណបក្ស​ប្រជាជនកម្ពុជា នៅមណ្ឌលឈរឈ្មោះចំនួន ៨ភូមិភាគ ដែលមានបេក្ខជនសរុបចំនួន ១១៦រូប និងកំពុងពិនិត្យលើពាក្យសុំចុះបញ្ជីរបស់គណបក្សឆន្ទៈខ្មែរ នៅមណ្ឌលឈរឈ្មោះ​ចំនួន ៨ភូមិភាគ ដែលមានបេក្ខជនសរុបចំនួន ១១៦រូប។

អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា មានប្រសាសន៍​ប្រាប់ Newsroom Cambodia បន្ថែមលើសេចក្តីប្រកាសព័ត៌មាន​​ថា គណបក្សឆន្ទៈ​ខ្មែរ មាន​លក្ខណៈសម្បត្តិ និង​ឯកសារគ្រប់គ្រាន់់​ ដែលប្រកបទៅដោយភាពស្រប​ច្បាប់ និងត្រឹមត្រូវនៅក្នុងការដាក់ពាក្យ​ចុះបញ្ជីគណក្ស និងបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា​ នាពេល​ខាងមុខនេះ។

លោកថា៖«គណបក្សឆន្ទៈខ្មែរ លោកមានឯកសារគ្រប់គ្រាន់នៅក្នុងការដាក់ចុះបញ្ជីគណបក្ស និងបេក្ខជនប្រកួតប្រជែង»។

មន្ត្រីជាន់ខ្ពស់គណបក្សឆន្ទៈខ្មែរ លោក ផល ស៊ីថុន មានប្រសាសន៍ថា គណបក្សនេះ បានដាក់ពាក្យ​​ស្នើ ដោយភ្ជាប់ជាមួយ​នូវរាល់ឯកសារទាំងអស់ដែល​ គ.ជ.ប ត្រូវការ។ លោក​បន្តថា គណបក្សនឹងរងចាំមើល​ការ​សម្រេច​ចុងក្រោយរបស់ គ.ជ.ប បន្ទាប់ពីការស្នើរសុំរយៈពេល​៧ថ្ងៃ ទៅតាមច្បាប់ដែលបានកំណត់។

លោក​ថា៖«គេ[គ.ជ.ប]កំពុងតែពិនិត្យមើលបញ្ជីបេក្ខជន[ឈរឈ្មោះសម្រាប់ការបោះឆ្នោត]ព្រឹទ្ធ​សភារបស់គណបក្សឆន្ទៈខ្មែរ ហើយគាត់នឹងឆ្លើយតបនៅពេលខាងមុខ អានេះវាជាឆន្ទានុសិទ្ធិរបស់ គ.ជ.ប គាត់ឆ្លើយតបយ៉ាងណានោះ។ ប៉ុន្តែសម្រាប់គណបក្សឆន្ទៈខ្មែរយើង យើងបានដាក់គ្រប់ ៨ភូមិភាគ ហើយឯកសារដែលយើង​ដាក់ទៅហ្នឹងគឺគ្រប់ទម្រង់ ដោយមិនមានខ្វះឯកសារណាមួយទេ»។

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ គណបក្ស​នយោបាយ​ចំនួន​៤ ក្នុងនោះមាន គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្ស​កែទម្រង់កម្ពុជា បាន​រួមគ្នា​បង្កើត​ចំណង​នយោ​បាយ​ថ្មី​មួយ​ដោយ​ឱ្យ​ឈ្មោះ​ថា​ ​«សម្ព័ន្ធភាព​ឆ្ពោះ​ទៅ​អនាគត» ក្នុង​គោល​ដៅ​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត ​ជាមួយ​គណបក្ស​ប្រជាជនកម្ពុជា​ និងលើក​ស្ទួយ​ការ​គោរព​សិទ្ធិមនុស្ស​ និងដំណើរ​ការ​ប្រជាធិប​តេយ្យ​។

ការ​បង្កើត​សម្ព័ន្ធភាព​នេះ កើត​ឡើង​ក្រោយពី​​គណបក្ស​ភ្លើង​ទៀន ​ដែល​ជា​គណបក្ស​ជំទាស់​ដ៏​ធំ​មួយ ​មិន​ទាន់​មាន​ភាព​ប្រាកដ​ប្រជា​ថា​អាច​ចូលរួម​ការ​បោះ​ឆ្នោតព្រឹទ្ធសភា​ ​នា​ពេល​ខាង​មុខ ដោយសារ​មិន​មាន​ឯកសារ​ដើម​នៃ​ការ​ចុះ​បញ្ជី​គណបក្ស ដែល​បណ្តាល​ឱ្យ​គណបក្សនេះ​មិន​អាច​ចូលរួម​ការ​បោះ​ឆ្នោតជ្រើស​រើសតំណាងរាស្ត្រ​ ​កាល​ពី​ខែកក្កដា ឆ្នាំ២០២៣កន្លងទៅ។

សាស្រ្តាចារ្យផ្នែក​វិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ឃើញថា គណបក្ស​ឆន្ទៈខ្មែរ មាន​ទម្រង់ពេញលេញនៅក្នុងការដាក់ជាបេក្ខភាពឈរឈ្មោះ​បោះឆ្នោតព្រឹទ្ធសភាបាន។

លោកបន្តថា៖«នេះជាវិធីសាស្ត្រកាត់បន្ថយការប្រើប្រាស់កម្លាំង ដែលគណបក្សនយោបាយយកមកប្រើប្រាស់។ គណបក្សភ្លើងទៀន គឺយកគណបក្សឆន្ទៈខ្មែរជាគោល ជាតំណាងទៅមុខ គណបក្សភ្លើងទៀនគេស្គាល់ពេញប្រទេសហើយ»។

គួរបញ្ជាក់ថា ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ ២០២៤ មានរយៈ​ពេល ១៥ថ្ងៃ គិត​ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ ២០២៣៕