មន្ត្រីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (ហៅកាត់ថាអង្គការលីកាដូ) បានចាត់ទុកសកម្មភាពរបស់មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ដែលចុះចាប់ខ្លួនមនុស្ស ៤នាក់ នៅក្នុងការិយាល័យរបស់ខ្លួន និងតម្រូវឱ្យបុគ្គលិកអង្គការនេះលុបរូបភាពពីសកម្មភាពនោះ ថាជាការរំលោភបំពានលើការបំពេញការងាររបស់ពួកគេ។
កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ អង្គការលីកាដូ បានចុះផ្សាយអត្ថបទខ្លីមួយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា មន្ត្រីនគរបាលចំនួន ៦នាក់ ដែលស្លៀកពាក់ស៊ីវិលបានចូលក្នុងបរិវេណការិយាល័យលីកាដូ ខេត្តបន្ទាយមានជ័យ ហើយបានចាប់ខ្លួនមនុស្សចំនួន ៤នាក់ ដែលពួកគេកំពុងទទួលការប្រឹក្សាយោបល់ផ្នែកច្បាប់ ទាក់ទងនឹងករណីសកម្មជនម្នាក់ លោក កង សារ៉ន ដែលកំពុងជាប់ក្នុងពន្ធនាគារ ខណៈលោក កង សារ៉ន ទទួលបានការការពារក្តីតាមផ្លូវច្បាប់ពីក្រុមមេធាវីរបស់អង្គការលីកាដូ។
អ្នកទាំង ៤នាក់នោះ រួមមានអ្នកស្រី ហង្ស ត្រឹប ជាភរិយាលោក កង សារ៉ន, កញ្ញា សេង ចន្ថា ជាកូនស្រីរបស់លោក កង សារ៉ន និងអ្នកជិតខាងពីរនាក់ផ្សេងទៀត ដែលជូនអ្នកទាំងពីរមកការិយាល័យអង្គការលីកា។ អ្នកទាំង៤ ត្រូវបានចាប់ខ្លួន ១០នាទី ក្រោយពេលចូលមកដល់ការិយាល័យរបស់អង្គការលីកាដូ បន្ទាប់ពីអ្នកទាំងនោះ បានទៅសួរសុខទុក្ខលោក កង សារ៉ន នៅក្នុងពន្ធនាគារ នាព្រឹកថ្ងៃដដែលនោះ។
ប្រភពដដែល បញ្ជាក់ទៀតថា មន្ត្រីនគរបាលទាំងនោះ បានបំពានចូលការិយាល័យហើយនាំមនុស្សទាំង ៤នាក់នោះទៅ ហើយបានបញ្ជាឱ្យបុគ្គលិកលីកាដូ លុបចោលរូបភាព ដែលបុគ្គលិកថតបាន អំពីវត្តមានរបស់មន្ត្រីនគរបាលទាំងនោះចូលក្នុងបរិវេណការិយាល័យ ដោយមិនមានបង្ហាញដីកា។
អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ប្រាប់ Newsroom Cambodia បន្ថែមថា នៅពេលដែលសមត្ថកិច្ចបានចុះទៅចាប់ខ្លួនមនុស្ស ៤នាក់ នៅក្នុងការិយាល័យរបស់ខ្លួននោះ បុគ្គលិកអង្គការលីកាដូ ក៏បានថតរូបភាពពីសកម្មភាពនោះ និងបានស្នើសុំបង្ហាញឯកសារពាក់ព័ន្ធ ប៉ុន្តែមន្ត្រីនគរបាលទាំងនោះមិនបានបង្ហាញនោះទេ និងថាពួកគេធ្វើតាមបទបញ្ជា។ លោកបានចាត់ទុកសកម្មភាពរបស់សមត្ថកិច្ចដែលចូលទៅចាប់ខ្លួនមនុស្សក្នុងការិយាល័យរបស់ខ្លួន ដោយមិនមានបង្ហាញដីកាថែមទៀតនោះ ថាជាការរំលោភបំពានទៅលើសិទ្ធិបុគ្គលិកដែលកំពុងបំពេញការងារតាមវិជ្ជាជីវៈ។
លោកអះអាងថា៖ «បុគ្គលិករបស់ខ្ញុំបានថតរូបអំពីសកម្មភាពនៃការចាប់ខ្លួនហ្នឹង។ គេ[អាជ្ញាធរ]បានមកបង្ខំឱ្យបុគ្គលិកខ្ញុំលុបរូបភាពចេញ បើសិនជាក្នុងករណីគាត់[បុគ្គលិក]មិនព្រម គេ[អាជ្ញាធរ]នឹងធ្វើការកោះហៅទាំងបុគ្គលិកខ្ញុំ យកទៅសួរនាំទៀត។ ចឹងរូបភាពនៃការធ្វើហ្នឹង វាមានការប៉ះពាល់ដល់អង្គការយើងខ្ញុំ ដែលបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន»។
លោក ភុន ឈិន បន្ថែមថា ក្រោយហេតុការណ៍នោះ ក៏មានស្នងការរងម្នាក់ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានស្នើសុំឱ្យខាងអង្គការលីកាដូកែសម្រួលអត្ថបទដែលចេញផ្សាយលើបណ្តាញសង្គម ក៏ប៉ុន្តែអង្គការលីកាដូបានបដិសេធចំពោះសំណើរនោះ ដោយសម្អាងលើហេតុការណ៍កើតឡើងពិតនៅក្នុងបរិវេណការិយាល័យរបស់ខ្លួន។
លោកបន្ថែមថា÷ «ដោយសារតែហេតុការណ៍ដែលមានការចាប់ខ្លួនហ្នឹង គឺវាកើតមានពិតមែន នៅក្នុងទីកន្លែងរបស់អង្គការលីកាដូ ចឹងយើងមិនមានអីដែលត្រូវកែតម្រូវទេ»។
លោកថា អង្គការកាលីដូ នៅតែប្រកាន់ជំហរថាសកម្មភាពកាលពីថ្ងៃទី៦ ដែលសមត្ថកិច្ចបានចូលមក និងនាំខ្លួនមនុស្សទាំង ៤នាក់ ចេញពីការិយាល័យអង្គការលីកាដូ គឺជាការចាប់ខ្លួនពិតប្រាកដមែន។ ជាមួយគ្នានេះ លោកក៏សំណូមពរឱ្យថ្នាក់លើ ជាពិសេសលោកស្នងការ ឬស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វើការពិនិត្យ និងណែនាំមន្ត្រីរបស់ខ្លួន ដែលបានធ្វើសកម្មភាពប៉ះពាល់ដល់អង្គការលីកាដូ និងប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះមន្ត្រីគនរបាលផងដែរ នេះប្រសិនបើមន្ត្រីអាជ្ញាធរទាំងនោះអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជាថ្នាក់លើ។
Newsroom Cambodia នៅពុំទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានទេ។
តែយ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដោយច្រានចោលថាករណីនេះមិនមែនជាការចាប់ខ្លួនមនុស្សនោះទេ។ ប្រភពដដែលបញ្ជាក់ថា នៅពេលទទួលដំណឹងថា ក្រុមគ្រួសារបានមកសួរសុខទុក្ខឈ្មោះ កង សារ៉ន នៅក្នុងពន្ធនាគារខេត្ត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នោះ កម្លាំងនគរបាលក៏បានទៅជួបអញ្ជើញប្រពន្ធរបស់លោក កង សារ៉ន និងកូនស្រីឈ្មោះ សេង ចន្ថា អាយុ២១ឆ្នាំ រួមជាមួយអ្នកជិតខាង ២នាក់ទៀត នៅចំណុចអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ មកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ តាមការសន្យារបស់លោកស្នងការ ក្នុងការជួយឧបត្ថម្ភផ្សេងៗ សំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារ។ ក្រោយពីសំណេះសំណាលរួចអាជ្ញាធរបាននាំយកអំណោយរបស់លោកស្នងការ ឧបត្ថម្ភដល់ក្រុមគ្រួសារលោកកង សារ៉ន ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។
ប្រភពដដែលបញ្ជាក់ថា÷ «ក្មុងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថាការជួបអញ្ជើញនេះ មិនដឹងថាពួកគាត់ទៅកនែ្លងអង្គការលីកាដូធ្វើអីដែរ មិនពាក់ព័ន្ធនឹងការចាប់ខ្លួននោះទេ ពេលជួបក៏អញ្ជើញតែម្ដង ហើយពុំមានចេតនាអាក្រក់ណាមួយឡើយ»។
ជាមួយគ្នានេះដែរ អ្នកស្រី ហង្ស ត្រឹប ជាភរិយាលោក កង សារ៉ន ប្រាប់តាមរយៈការLive ទៅកាន់អាស៊ីសេរីដែរថា កាលទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនោះ គឺជាការជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអំណោយប៉ុណ្ណោះ។ អ្នកស្រីបានបដិសេធចំពោះការចុះផ្សាយព័ត៌មានថា ស្នងការខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនអ្នកស្រី កូនស្រី និងអ្នកជិតខាងដែលជូនទៅនោះ។ជាមួយគ្នានេះ អ្នកស្រីអះអាងថា បន្ទាប់ពីបានជួបសួរសុខទុក្ខរួច រូបគាត់ និងមនុស្ស៣នាក់ទៀត បានត្រឡប់មកដល់ផ្ទះវិញ នៅប្រហែលម៉ោង ៦ និង៣០នាទីល្ងាចថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។
អ្នកស្រីបញ្ជាក់ថា៖ «អញ្ជើញទៅកន្លែងស្នងការខេត្តបន្ទាយមានជ័យ គេមិនចាប់ខ្ញុំទេ ទៅគេឱ្យអង្ករ ឱ្យជាលុយមកវិញ គាត់គ្មានចាប់អីណា»។
សូមបញ្ជាក់ថា លោក កង សារ៉ន ត្រូវបានឃុំខ្លួនក្នុងពន្ធនាគារចាប់តាំងពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៣ឆ្នាំ ទាក់ទងនឹងទស្សនៈនយោបាយរបស់លោក ដែលលោកបានបង្ហោះក្នុងគណនីហ្វេសប៊ុករបស់លោកអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតកាលពីខែកក្កដា ឆ្នាំ២០២៣៕