មន្ត្រីអង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (ហៅកាត់ថាអង្គការ​លីកាដូ) បានចាត់ទុកសកម្មភាពរបស់​មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យ ដែលចុះចាប់ខ្លួនមនុស្ស​ ៤នាក់ នៅក្នុងការិយាល័យរបស់ខ្លួន និងតម្រូវឱ្យ​បុគ្គលិកអង្គការនេះលុបរូបភាពពីសកម្មភាពនោះ ថាជាការរំលោភបំពានលើការបំពេញការងាររបស់ពួកគេ។ ​

កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ អង្គការ​លី​កា​ដូ បាន​ចុះផ្សាយអត្ថបទខ្លីមួយនៅលើទំព័រហ្វេស​ប៊ុក​ផ្លូវការ​របស់ខ្លួនថា ​មន្ត្រី​នគរបាល​ចំនួន​ ៦នាក់​ ដែលស្លៀកពាក់ស៊ីវិលបាន​ចូលក្នុង​បរិវេណ​ការិយាល័យ​​លី​កា​ដូ ​ខេត្ត​​បន្ទាយ​​មាន​ជ័យ​ ​ហើយ​បាន​ចាប់​ខ្លួនមនុស្ស​ចំនួន​​ ៤នាក់​ ​ដែល​ពួកគេកំពុង​ទទួលការ​ប្រឹក្សា​យោបល់​ផ្នែក​ច្បាប់​ ​ទាក់ទង​នឹង​ករណី​សកម្មជនម្នាក់ ​លោក​ ​កង​ ​សារ៉ន ដែល​កំពុង​ជាប់​ក្នុង​ពន្ធ​នាគា​រ​​ ខណៈលោក កង សារ៉ន ទទួល​បានការ​ការពារ​ក្តី​តាម​ផ្លូវច្បាប់​ពី​ក្រុម​មេធាវី​របស់​អង្គការ​លី​កា​ដូ។​

​អ្នក​ទាំង ៤នាក់នោះ​ ​រួម​មាន​អ្នកស្រី​ ​ហង្ស​ ​ត្រឹប​ ​ជា​ភរិយា​លោក​ ​កង សារ៉ន, ​កញ្ញា​ ​សេង​ ​ចន្ថា​ ​ជា​កូនស្រី​របស់​លោក​ កង ​សារ៉ន​ ​និង​អ្នកជិតខាង​ពីរ​នាក់​ផ្សេងទៀត​ ​ដែល​ជូន​អ្នក​ទាំងពីរ​មក​ការិយាល័យ​​អង្គការ​លី​កា​។​ ​អ្នក​ទាំង៤​ ​ត្រូវ​បាន​ចាប់ខ្លួន​ ​១​០​នាទី​ ​ក្រោយពេល​ចូល​មកដល់​ការិយាល័យ​របស់​អង្គការ​លី​កា​ដូ ​បន្ទាប់ពី​អ្នក​ទាំងនោះ​ ​បាន​ទៅ​សួរសុខទុក្ខ​លោក​ ​កង សារ៉ន​ ​នៅ​ក្នុង​ពន្ធ​នាគា​រ​ នាព្រឹកថ្ងៃដដែលនោះ​។​

ប្រភពដដែល បញ្ជាក់ទៀត​ថា ​មន្ត្រី​នគរបាល​ទាំងនោះ​ បានបំពានចូលការិយាល័យហើយនាំមនុស្សទាំង ៤នាក់នោះទៅ ​ហើយបាន​បញ្ជា​ឱ្យ​បុគ្គលិក​​លី​កា​ដូ ​លុបចោល​រូបភាព​ ​ដែល​បុគ្គលិក​ថត​​បាន​ ​អំពី​វត្តមាន​របស់​មន្ត្រី​នគរបាល​ទាំងនោះ​ចូលក្នុង​បរិវេណ​​ការិយាល័យ​ ​ដោយ​មិន​មាន​បង្ហាញ​ដីកា​។​

អ្នកសម្របសម្រួលអង្គការលីកាដូប្រចាំខេត្តបន្ទាយមានជ័យ លោក ភុន ឈិន មានប្រសាសន៍ប្រាប់ Newsroom Cambodia បន្ថែមថា នៅពេលដែលសមត្ថកិច្ចបានចុះទៅចាប់ខ្លួនមនុស្ស​ ៤នាក់ នៅក្នុងការិយាល័យ​របស់ខ្លួននោះ បុគ្គលិក​អង្គការលីកាដូ ក៏បានថតរូបភាពពីសកម្មភាពនោះ និងបានស្នើសុំបង្ហាញឯកសារពាក់ព័ន្ធ ប៉ុន្តែមន្ត្រីនគរបាលទាំងនោះមិនបានបង្ហាញនោះទេ និងថាពួកគេធ្វើតាមបទបញ្ជា។ លោក​បាន​ចាត់ទុកសកម្មភាពរបស់សមត្ថកិច្ចដែលចូលទៅចាប់ខ្លួន​មនុស្ស​ក្នុងការិយាល័យរបស់ខ្លួន ដោយមិនមាន​បង្ហាញដីកាថែមទៀតនោះ ថាជាការរំលោភបំពានទៅលើសិទ្ធិបុគ្គលិកដែលកំពុងបំពេញការងារតាមវិជ្ជាជីវៈ។

លោកអះអាងថា៖ «បុគ្គលិករបស់ខ្ញុំបានថតរូបអំពីសកម្មភាពនៃការចាប់ខ្លួនហ្នឹង។ គេ[អាជ្ញាធរ]បានមកបង្ខំឱ្យបុគ្គលិកខ្ញុំលុបរូបភាពចេញ បើសិនជាក្នុងករណីគាត់[បុគ្គលិក]មិនព្រម គេ[អាជ្ញាធរ]នឹងធ្វើការកោះហៅទាំងបុគ្គលិកខ្ញុំ យកទៅសួរនាំទៀត។ ចឹងរូបភាពនៃការធ្វើហ្នឹង វាមានការប៉ះពាល់ដល់អង្គការយើងខ្ញុំ ដែលបំពេញការងារតាមវិជ្ជាជីវៈរបស់ខ្លួន»

លោក ភុន ឈិន បន្ថែមថា ក្រោយហេតុការណ៍នោះ ក៏មាន​ស្នងការរងម្នាក់​ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានស្នើសុំឱ្យខាងអង្គការលីកាដូកែសម្រួលអត្ថបទដែលចេញផ្សាយលើបណ្តាញសង្គម ក៏ប៉ុន្តែអង្គការលីកាដូបានបដិសេធចំពោះសំណើរនោះ ដោយសម្អាងលើហេតុការណ៍កើតឡើងពិតនៅក្នុងបរិវេណ​ការិយាល័យរបស់ខ្លួន។

លោកបន្ថែមថា÷ «ដោយសារតែហេតុការណ៍ដែលមានការចាប់ខ្លួនហ្នឹង គឺវាកើតមានពិតមែន នៅក្នុងទីកន្លែងរបស់អង្គការលីកាដូ ចឹងយើងមិនមានអីដែលត្រូវកែតម្រូវទេ»

លោកថា អង្គការកាលីដូ នៅតែប្រកាន់ជំហរថាសកម្មភាពកាលពីថ្ងៃទី៦ ដែលសមត្ថកិច្ចបានចូលមក និងនាំខ្លួនមនុស្សទាំង ៤នាក់ ចេញពីការិយាល័យអង្គការលីកាដូ គឺជាការចាប់ខ្លួនពិតប្រាកដមែន។ ជាមួយគ្នានេះ លោកក៏សំណូមពរឱ្យថ្នាក់លើ ជាពិសេសលោកស្នងការ ឬស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យធ្វើការពិនិត្យ និងណែនាំមន្ត្រីរបស់ខ្លួន ដែលបានធ្វើសកម្មភាពប៉ះពាល់ដល់អង្គការលីកាដូ និងប៉ះពាល់កិត្តិយសកេរ្តិ៍ឈ្មោះមន្ត្រីគនរបាលផងដែរ នេះប្រសិនបើមន្ត្រីអាជ្ញាធរទាំងនោះអនុវត្តមិនបានត្រឹមត្រូវតាមបទបញ្ជាថ្នាក់លើ។

Newsroom Cambodia នៅពុំទាន់អាចសុំការបញ្ជាក់ជុំវិញករណីនេះពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ បានទេ។ 

តែយ៉ាងណា ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បាន​ចេញសេចក្តីប្រកាសព័ត៌មានមួយ​កាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ដោយច្រានចោលថាករណីនេះមិនមែនជាការចាប់ខ្លួនមនុស្សនោះទេ។ ប្រភពដដែលបញ្ជាក់ថា នៅពេលទទួលដំណឹងថា ក្រុមគ្រួសារបាន​មកសួរសុខទុក្ខឈ្មោះ កង សារ៉ន នៅក្នុងពន្ធនាគារខេត្ត នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នោះ ​កម្លាំងនគរបាលក៏បានទៅជួបអញ្ជើញប្រពន្ធរបស់លោក​ កង សារ៉ន និងកូនស្រីឈ្មោះ សេង ចន្ថា អាយុ២១ឆ្នាំ រួមជាមួយអ្នកជិតខាង ២នាក់ទៀត នៅចំណុចអង្គការលីកាដូ ខេត្តបន្ទាយមានជ័យ មកស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ​ តាមការសន្យារបស់លោកស្នងការ ក្នុងការជួយឧបត្ថម្ភផ្សេងៗ សំណេះសំណាល និងសួរសុខទុក្ខក្រុមគ្រួសារ។ ក្រោយពីសំណេះសំណាលរួចអាជ្ញាធរ​បាន​នាំយ​ក​អំណោយ​របស់​លោក​ស្នងការ ឧបត្ថម្ភដល់ក្រុមគ្រួសារលោកកង សារ៉ន ទុកដោះស្រាយជីវភាពប្រចាំថ្ងៃ។

ប្រភពដដែលបញ្ជាក់ថា÷ «ក្មងនាមអ្នកនាំពាក្យនៃស្នងការដ្ឋាននរបាលខេត្តបន្ទាយមានជ័យ សូមបញ្ជាក់ថាការជួបអញ្ជើញនេះ មិនដឹងថាពួកគាត់ទៅកនែ្លងអង្គការលីកាដូធ្វើអីដែរ មិនពាក់ព័ន្ធនឹងការចាប់ខ្លួននោះទេ ពេលជួបក៏អញ្ជើញតែម្ដង ហើយពុំមានចេតនាអាក្រក់ណាមួយឡើយ»

ជាមួយគ្នានេះដែរ ​អ្នក​ស្រី ហង្ស ត្រឹប ជាភរិយាលោក កង សារ៉ន ប្រាប់តាមរយៈការLive ទៅកាន់អាស៊ីសេរីដែរ​ថា កាលទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនោះ​ គឺជាការជួបសំណេះសំណាល សួរសុខទុក្ខ និងទទួលអំណោយប៉ុណ្ណោះ។ អ្នកស្រីបានបដិសេធចំពោះការចុះផ្សាយព័ត៌មានថា ស្នងការខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនអ្នកស្រី កូនស្រី និងអ្នកជិតខាងដែលជូនទៅនោះ។ជាមួយគ្នានេះ អ្នកស្រីអះអាងថា បន្ទាប់ពីបានជួបសួរសុខទុក្ខរួច​ រូបគាត់ និងមនុស្ស៣នាក់ទៀត បានត្រឡប់មកដល់ផ្ទះវិញ នៅប្រហែលម៉ោង ៦ និង​៣០​នាទីល្ងាច​ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។

អ្នកស្រីបញ្ជាក់ថា៖ «អញ្ជើញទៅកន្លែងស្នងការខេត្តបន្ទាយមានជ័យ គេមិនចាប់ខ្ញុំទេ ទៅគេឱ្យអង្ករ ឱ្យជាលុយមកវិញ គាត់គ្មានចាប់អីណា»

សូមបញ្ជាក់ថា លោក​​ ​កង​ ​សារ៉ន​ ​ត្រូវ​បានឃុំ​ខ្លួន​ក្នុង​ពន្ធ​នាគា​រ​ចាប់តាំង​ពី​ថ្ងៃ​ទី​២​៥​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​៣​ ​ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធ​នាគា​រ​ចំនួន​ ​៣​​ឆ្នាំ​ ​ទាក់ទង​នឹង​ទ​ស្សនៈ​នយោបាយ​របស់​លោក​ ​ដែល​លោក​បាន​បង្ហោះ​ក្នុង​គណនី​ហ្វេសប៊ុក​របស់​លោក​អំឡុង​ពេល​យុទ្ធនា​ការឃោសនា​​បោះឆ្នោត​កាលពីខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​៕