ជារៀងរាល់ឆ្នាំ តំណាងសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល តែងរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ហើយឆ្នាំនេះ ក៏មិនខុសពីរាល់ឆ្នាំនោះដែរ គឺតំណាងសមាគម សហជីព និងអង្គការសង្គមស៊ីវិលជាង២០ រួមនឹងព្រះសង្ឃ និងយុវជនប្រមាណ ៤០អង្គ/នាក់ ក៏បានរៀបចំទិវានេះក្រោមប្រធានបទ «សេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប»។ នៅឆ្នាំនេះ ព្រះសង្ឃ ក្រុមអង្គការ សមាគមទាំងនោះ បាននាំគ្នាធ្វើធម្មយាត្រាចេញពីសួនព្រះអង្គចេកព្រះអង្គចម នៃខេត្តសៀមរាប ឆ្ពោះមកកាន់រាជធានីភ្នំពេញ ចាប់ពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយនិមន្ត និងដើរដោយថ្មើជើងយ៉ាងស្ងប់ស្ងាត់តាមផ្លូវធម៌។
ព្រះកាយគ្រងស្បង់ចីពរពណ៌លឿងទុំ និងមានព្រះជន្ម ២៥វស្សា ព្រះតេជគុណ កាន ហេង ជាសមាជិកយុវជននៃសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ដខ្មែរ បានប្រាប់ Newsroom Cambodia ថា គោលបំណងនៃការចូលរួមធម្មយាត្រានេះ ព្រោះព្រះអង្គចង់ឱ្យពលរដ្ឋយល់ដឹងអំពីសិទ្ធិមនុស្ស និងមើលឃើញពីភាពក្លាហានរបស់ក្រុមយុវជន។
ព្រះអង្គមានសង្ឈដីកាថា៖ «ចង់ឱ្យមើលឃើញពីគំរូភាព នៃភាពក្លាហានរបស់យុវជន ដើម្បីឱ្យពលរដ្ឋចេះងើបឈរទាមទារយុត្តិធម៌ ហើយយល់ដឹងពីសិទ្ធិមនុស្ស ឬថាសិទ្ធិរបស់ខ្លួនឯង»។
ព្រះតេជគុណ បានកត់សម្គាល់ថា កន្លងមក ការគោរពសិទ្ធិមនុស្សនៅកម្ពុជាមានការធ្លាក់ចុះ ហើយអំពើអយុត្តិធម៌មានការកើនឡើង ដែលករណីនេះហើយបានជាព្រះតេជគុណចូលរួមក្នុងធម្មយាត្រា ដើម្បីផ្សព្វផ្សាយពីការលើកកម្ពស់សិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។
អង្គការសង្គមស៊ីវិល និងសហជីពជាង២០ ដែលបានរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នេះរួមមាន សមាគមបណ្តាញយុវជនកម្ពុជា សមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ សមាគមការពារសិទ្ធិមនុស្សអាដហុក អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ជាដើម។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានកត់សម្គាល់ដែរថាស្ថានភាពសិទ្ធិមនុស្សបច្ចុប្បន្នមានការថយចុះ ព្រមទាំងមានការគំរាមកំហែង ចាប់ខ្លួនសកម្មជននយោបាយថែមទៀតផង។
លោកលើកឡើងថា៖ «ស្ថានភាពសិទ្ធិមនុស្សកម្ពុជា បរិបទចុងក្រោយ មិនថា អង្គការក្នុងស្រុក ឬអន្តរជាតិទេ របាយការណ៍បានបញ្ជាក់ច្បាស់ហើយ មានច្រើន រួមទាំងសិទ្ធិនយោបាយ ការធ្វើសកម្មភាព ឬអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាន ការជួបជុំ ការបញ្ចេញមតិជាដើម […] ចំពោះសកម្មជននយោបាយវិញមានការចាប់ខ្លួន មានការគម្រាមគំហែង មានការរត់ភៀសខ្លួនគេចចេញពីប្រទេសទៅនៅក្រៅប្រទេសបែកបាក់គ្រួសារ នេះជាស្ថានភាពសិទ្ធិនយោបាយធ្លាក់ចុះ មិនល្អប្រសើរទេ»។
លោកបន្ថែមថា អ្វីដែលក្រុមសង្គមស៊ីវិលចង់ឃើញ គឺការអនុវត្តតួនាទីរបស់រាជរដ្ឋាភិបាលនៅក្នុងការគោរព ការពារ បំពេញបន្ថែមទៅលិខិតលើតូបករណ៍សិទ្ធិមនុស្សអន្តរជាតិ នោះកម្ពុជានឹងទទួលបានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិ ក៏ដូចជាសង្គមជាតិទាំងមូល។
ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង សង្កេតឃើញថា ពលរដ្ឋដែលរស់នៅតាមដងផ្លូវមានការចាប់អារម្មណ៍ ទៅនឹងសារដែលដាក់ចេញដោយក្រុមអ្នកធ្វើធម្មយាត្រា ដែលនិយាយអំពីចំណុចសំខាន់ៗនៃសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
លោកថា៖ «វាជារឿងសំខាន់មែនទែនដែលយើងអាចធ្វើការស្វែងយល់ ហើយអាចផ្សព្វផ្សាយទៅប្រជាពលរដ្ឋផ្សេងទៀត ឱ្យលោកបានយល់អំពីអត្ថប្រយោជន៍នៃសិទ្ធិមនុស្ស»។
នាយកទទួលបន្ទុកចាត់ការទូទៅ នៃអង្គការលីកាដូ លោក អំ សំអាត លើកឡើងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានការធ្លាក់ចុះ និងមានការរិះគន់ពីសហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សនៅឡើយ។ លោកបន្តថា ដំណើរធម្មយាត្រានេះ អាចធ្វើឱ្យប្រជាពលរដ្ឋរំលឹកអំពីការចងចាំអំពីទិវាសិទ្ធិមនុស្ស និងហ៊ានក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនឱ្យបានពេញលេញដូចមានក្នុងរដ្ឋធម្មនុញ្ញ និងលិខិតតូបករណ៍ជាតិ-អន្តរជាតិ។
លោកបន្តថា៖«ខ្លឹមសារនៃធម្មយាត្រានេះ គឺសន្តិភាព យុត្តិធម៏ និងសិទ្ធិមនុស្ស និងចង់ឱ្យប្រជាពលរដ្ឋទាំងអស់រំលឹកអំពីទិវាសិទ្ធិមនុស្ស១០ធ្នូ ព្រោះរាជរដ្ឋាភិបាលលុបថ្ងៃនេះចេញពីបញ្ចីថ្ងៃឈប់សម្រាកហើយ[…] និងជាការរំលឹកដល់អាជ្ញាធរ រាជរដ្ឋាភិបាលឱ្យបំពេញកតាព្វកិច្ចរបស់ខ្លួនក្នុងការគោរព ការពារ និងបំពេញបន្ថែមសម្រាប់លើកកម្ពស់ទៅលើរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា»។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ រ៉េមី បានលើកឡើងថា កម្ពុជានៅតែបន្តថែរក្សាសន្តិភាព ធានាសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត។
លើសពីនេះទៅទៀត លោកក៏បានលើកអំពីចំណុចវិជ្ជមានរបស់កម្ពុជាផងដែរ ដោយកម្ពុជាមិនបានរឹតត្បិត ឬដាក់ទណ្ឌកម្មលើអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។
ទោះបីជាយ៉ាងនេះក្តី យោងតាមគេហទំព័រការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា អ្នកស្រឡាញ់ភេទដូចគ្នា មិនត្រូវបានការពារ ឬទទួលស្គាល់ដោយច្បាប់កម្ពុជាឡើយ ទោះបីជាទំនាក់ទំនងផ្លូវភេទដូចគ្នា មិនត្រូវបានដាក់ជាទោសព្រហ្មទណ្ឌក្តី។
ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងប្រាប់ Newsroom Cambodia ថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនមានការធ្លាក់ចុះនោះទេ បើគិតចាប់ពីឆ្នាំ១៩៧៩ មក។
លោកថា៖ «សិទ្ធិយើងចេញពីចំណុចសូន្យ មកពីខ្មែរក្រហមមកដល់ឥលូវនេះ យើងឡើងដល់ណា ដល់ណីហើយ ហេតុអ្វីបានជាទៅថាសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះ ធ្លាក់ចុះទៅណាទៀតបើអស់ត្រឹមខ្មែរក្រហមហើយ»។ ងាកមក ព្រះតេជគុណ កាន ហេង វិញ ព្រះតេជគុណរំពឹងថា បន្ទាប់ពីការធ្វើធម្មយាត្រាផ្សព្វផ្សាយពីសិទ្ធិមនុស្សនេះ ប្រជាពលរដ្ឋនឹងមានការយល់ដឹងកាន់តែច្រើនពីសិទ្ធិរបស់ខ្លួន និងសង្ឈឹមថា អាជ្ញាធរ និងសហការជាមួយក្រុមយុវជនដើម្បីប្រយោជន៍ជាតិ។