ជារៀងរាល់ឆ្នាំ តំណាងសមាគម សហជីព និងអង្គការមិនមែនរដ្ឋាភិបាល តែងរៀបចំទិវាសិទ្ធិមនុស្សអន្តរ​ជាតិ ១០ធ្នូ ហើយឆ្នាំនេះ ក៏មិនខុសពីរាល់ឆ្នាំនោះ​ដែរ គឺតំណាង​សមាគម សហជីព និងអង្គការ​សង្គមស៊ីវិល​ជាង២០ រួមនឹងព្រះសង្ឃ និងយុវជន​ប្រមាណ ៤០អង្គ/នាក់ ក៏បានរៀបចំទិវានេះ​ក្រោមប្រធានបទ «សេចក្ដីថ្លៃថ្នូរ សេរីភាព និងយុត្តិធម៌ដល់ពលរដ្ឋគ្រប់រូប»។ នៅឆ្នាំនេះ ព្រះសង្ឃ ក្រុមអង្គការ សមា​គម​ទាំង​នោះ បាននាំគ្នា​​ធ្វើធម្មយាត្រាចេញពីសួនព្រះអង្គចេកព្រះអង្គចម នៃខេត្តសៀមរាប ឆ្ពោះមកកាន់រាជធានី​ភ្នំពេញ ចាប់ពីព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ដោយ​និមន្ត និងដើរ​ដោយថ្មើជើងយ៉ាងស្ងប់​ស្ងាត់​តាម​ផ្លូវ​ធម៌។

ព្រះកាយគ្រងស្បង់ចីពរ​ពណ៌លឿងទុំ និងមានព្រះជន្ម ២៥​វស្សា ព្រះតេជគុណ កាន ហេង ជាសមា​ជិក​យុវជន​នៃសមាគម​សម្ព័ន្ធនិស្សិតបញ្ញវន្ដខ្មែរ បានប្រាប់ Newsroom Cambodia ថា គោលបំណងនៃការចូលរួមធម្មយាត្រានេះ ព្រោះព្រះអង្គចង់ឱ្យពលរដ្ឋយល់ដឹ​ង​អំពី​សិទ្ធិ​មនុស្ស និងមើលឃើញពីភាពក្លាហានរបស់ក្រុមយុវជន។

ព្រះអង្គមានសង្ឈដីកាថា៖ «ចង់ឱ្យមើលឃើញពីគំរូភាព នៃភាពក្លាហានរបស់យុវជន ដើម្បីឱ្យពលរដ្ឋចេះងើបឈរទាម​ទារ​យុត្តិធម៌​ ហើយយល់ដឹងពីសិទ្ធិមនុស្ស ឬថាសិទ្ធិរបស់ខ្លួនឯង»។

ព្រះតេជគុណ បានកត់សម្គាល់ថា កន្លងមក ការគោរពសិទ្ធិមនុស្សនៅកម្ពុជា​មានការធ្លាក់ចុះ ហើយអំពើអយុត្តិធម៌​មានការកើនឡើង ដែលករណីនេះហើយបានជាព្រះតេជគុណចូលរួមក្នុងធម្មយាត្រា​ ​ដើម្បី​ផ្សព្វផ្សាយពីការ​​លើកកម្ពស់​សិទ្ធិ​មនុស្ស និងយុត្តិធម៌សង្គម។

អង្គការ​សង្គមស៊ីវិល និងសហជីព​ជាង២០ ដែលបានរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិ​ ១០ធ្នូ នេះរួមមាន សមាគមបណ្តាញយុវជនកម្ពុជា សមាគមសម្ព័ន្ធនិស្សិតបញ្ញវ័ន្តខ្មែរ សមាគមការពារសិទ្ធិមនុស្ស​​អាដហុក អង្គការសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ) ជាដើម។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា បានកត់សម្គាល់ដែរថាស្ថាន​ភាព​សិទ្ធិមនុស្សបច្ចុប្បន្នមានការថយចុះ ព្រមទាំងមានការគំរាមកំហែង ចាប់ខ្លួនសកម្មជននយោបាយថែមទៀតផង។

លោកលើកឡើងថា៖ «ស្ថានភាពសិទ្ធិមនុស្សកម្ពុជា បរិបទ​ចុងក្រោយ មិនថា អង្គការក្នុងស្រុក ឬអន្តរជាតិទេ របាយការណ៍​បានបញ្ជាក់ច្បាស់ហើយ មានច្រើន រួមទាំងសិទ្ធិនយោបាយ ការធ្វើសកម្មភាព ឬអនុវត្តសិទ្ធិសេរីភាពមូលដ្ឋាន ការជួបជុំ ការបញ្ចេញមតិជាដើម […] ចំពោះសកម្មជននយោបាយវិញមានការចាប់ខ្លួន មានការគម្រាមគំហែង មានការរត់ភៀសខ្លួនគេចចេញពីប្រទេសទៅនៅក្រៅប្រទេសបែកបាក់គ្រួសារ នេះជាស្ថានភាពសិទ្ធិនយោបាយធ្លាក់ចុះ មិនល្អប្រសើរទេ»។

លោកបន្ថែមថា អ្វីដែលក្រុមសង្គមស៊ីវិលចង់ឃើញ គឺការអនុវត្តតួនាទីរបស់រាជរដ្ឋាភិបាលនៅក្នុងការគោរព ការពារ បំពេញបន្ថែមទៅលិខិតលើ​តូបករណ៍​សិទ្ធិមនុស្សអន្តរជាតិ នោះកម្ពុជានឹងទទួលបានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ ដើម្បីជាប្រយោជន៍ដល់ប្រជាជាតិ ក៏ដូចជាសង្គមជាតិទាំងមូល។

ប្រធានកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក​ ហេង គឹមហុង សង្កេតឃើញថា ពលរដ្ឋដែលរស់នៅតាមដងផ្លូវមានការចាប់អារម្មណ៍ ទៅនឹងសារដែលដាក់ចេញដោយក្រុមអ្នកធ្វើធម្មយាត្រា ដែលនិយាយអំពីចំណុចសំខាន់ៗនៃសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

លោកថា៖ «វាជារឿងសំខាន់មែនទែនដែលយើងអាចធ្វើការស្វែងយល់ ហើយអាចផ្សព្វផ្សាយទៅប្រជាពលរដ្ឋផ្សេងទៀត ឱ្យលោកបានយល់អំពីអត្ថប្រយោជន៍នៃសិទ្ធិមនុស្ស»។

នាយកទទួលបន្ទុក​ចាត់ការទូទៅ ​នៃអង្គការ​លីកាដូ​ លោក អំ សំអាត លើកឡើងថា បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានការធ្លាក់ចុះ និងមានការរិះគន់ពីសហគមន៍អន្តរជាតិ ក៏ដូចជាក្រុមប្រឹក្សាសិទ្ធិមនុស្សនៅឡើយ។ លោកបន្តថា ដំណើរធម្មយាត្រានេះ អាចធ្វើឱ្យ​ប្រជាពលរដ្ឋរំលឹកអំពីការចងចាំអំពីទិវាសិទ្ធិមនុស្ស និងហ៊ានក្នុងការអនុវត្តសិទ្ធិសេរីភាពរបស់ខ្លួនឱ្យបានពេញលេញដូចមានក្នុងរដ្ឋធម្មនុញ្ញ និង​លិខិតតូបករណ៍ជាតិ-អន្តរជាតិ។

លោកបន្តថា៖«ខ្លឹមសារនៃធម្មយាត្រានេះ គឺសន្តិភាព យុត្តិធម៏ និងសិទ្ធិមនុស្ស និងចង់ឱ្យប្រជាពលរដ្ឋទាំងអស់រំលឹកអំពីទិវាសិទ្ធិមនុស្ស១០ធ្នូ ព្រោះរាជរដ្ឋាភិបាលលុប​ថ្ងៃនេះចេញពីបញ្ចីថ្ងៃឈប់សម្រាក​ហើយ[…] និងជាការរំលឹកដល់អាជ្ញាធរ រាជរដ្ឋាភិបាល​ឱ្យបំពេញកតាព្វកិច្ចរបស់ខ្លួនក្នុងការគោរព ការពារ និងបំពេញបន្ថែមសម្រាប់លើកកម្ពស់ទៅលើរបាយការណ៍សិទ្ធិមនុស្សនៅកម្ពុជា»។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ចុះថ្ងៃទី៥ ខែធ្នូ​ ឆ្នាំ២០២៣ លោក កែវ រ៉េមី បានលើកឡើងថា កម្ពុជានៅតែបន្តថែរក្សាសន្តិភាព ធានាសិទ្ធិមនុស្ស ជាពិសេសសិទ្ធិរស់រានមានជីវិត​។

លើសពីនេះទៅទៀត លោកក៏បានលើកអំពីចំណុចវិជ្ជមានរបស់កម្ពុជាផងដែរ ដោយកម្ពុជាមិនបានរឹតត្បិត ឬដាក់ទណ្ឌកម្មលើអ្នកស្រឡាញ់ភេទដូចគ្នានោះទេ។

ទោះបីជាយ៉ាងនេះក្តី ​យោងតាមគេហទំព័រការិយាល័យឧត្តម​ស្នងការសិទ្ធិមនុស្ស ​​នៃអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងថា អ្នក​ស្រ​ឡាញ់​ភេទ​ដូច​គ្នា ​មិន​ត្រូវ​បាន​ការ​ពារ ឬ​ទ​ទួល​ស្គាល់​ដោយ​ច្បាប់​កម្ពុ​ជាឡើយ ទោះ​បី​ជា​ទំ​នាក់​ទំនង​ផ្លូវ​ភេទ​ដូច​គ្នា ​មិន​ត្រូវ​បាន​ដាក់​ជា​ទោ​សព្រ​ហ្ម​ទណ្ឌ​ក្តី។ ​ ​

ចំណែកអ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា ថ្លែងប្រាប់ Newsroom Cambodia ថា​ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មិនមានការធ្លាក់ចុះនោះទេ បើគិតចាប់ពីឆ្នាំ១៩៧៩ មក។

លោកថា៖ «សិទ្ធិយើងចេញពីចំណុចសូន្យ​ មកពីខ្មែរក្រហមមកដល់ឥលូវនេះ យើងឡើងដល់ណា ដល់ណីហើយ ហេតុអ្វីបាន​​ជាទៅថាសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះ​ ធ្លាក់ចុះទៅណាទៀតបើ​អស់ត្រឹមខ្មែរក្រហមហើយ​»។ ងាកមក ព្រះតេជគុណ កាន ហេង វិញ ព្រះ​តេជគុណ​រំពឹងថា បន្ទាប់ពីការធ្វើធម្មយាត្រាផ្សព្វផ្សាយពីសិទ្ធិមនុស្សនេះ ប្រជាពលរដ្ឋនឹងមានការយល់ដឹងកាន់តែច្រើនពីសិទ្ធិរបស់ខ្លួន និងសង្ឈឹមថា អាជ្ញាធរ​ និងសហការជាមួយក្រុមយុវជនដើម្បីប្រយោជន៍ជាតិ។